រោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ(ខេមបូឌា)ឯ.ក បានប្រកាសក្ស័យធន និងបិទទ្វាររោងចក្រ ក្រោយជួបគ្រោះអគ្គិភ័យឆេះរោងចក្រទាំងស្រុង ដោយក្រុមហ៊ុនសន្យាបើកលុយនៅសល់ជូនកម្មករទាំងអស់ ត្រឹមថ្ងៃទី១០ ខែមេសាខាងមុខ។
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ រោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ(ខេមបូឌា)ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) បានឱ្យដឹងថា ក្រុមហ៊ុនបានក្ស័យធនដោយសារមិនអាចស្ដាររោងចក្រឡើងវិញបានទេ ក្រោយភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយខាងរោងចក្របានទូទាត់ប្រាក់ឈ្នួល៥%ឱ្យកម្មករនិយោជិតរួចរាល់ដែលមានចំនួន ៩១៨នាក់ តាមប្រព័ន្ធធនាគារវីង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
សេចក្តីជូនដំណឹងបន្តថា៖ «ក្រុមហ៊ុននឹងរៀបចំទូទាត់ប្រាក់ឈ្នួលដែលនៅសេសសល់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ជូនកម្មករនិយោជិតទាំងអស់មិនលើសពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឡើយ[…] ក្រុមហ៊ុននៅតែស្វះស្វែងរកដំណោះស្រាយគ្រប់វិធីសាស្ត្រ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ដូច្នេះហើយកម្មករនិយោជិតទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីប្រាក់ឈ្នួល»។
អ្នកស្រី គីម ច័ន្ទលក្ខិណា អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ អ.ជី ហ៊ូតវែរ និងកំពុងមានផ្ទៃពោះ៩ខែផងនោះបានប្រាប់ Newsroom Cambodia ថា គាត់ចង់ឱ្យរោងចក្របើកប្រាល់ខែឱ្យគាត់បានលឿនជាងនេះ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ខណៈរូបគាត់ក៏អាចនឹងសម្រាលកូននៅចុងខែមីនានេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្វះតែរឿងលុយ យើងអត់មានលុយបង់អង្គការផង ហើយណាមួយជិតដល់ថ្ងៃសម្រាលផង អត់មានលុយទិញសំភារៈទុក ហើយទុកចាយនៅផ្ទះ[…] សំណូមពរចង់ឱ្យគាត់[រោងចក្រ]បើកលុយឱ្យឆាប់រហ័សឱ្យបន្ដិចមក»។
លោក ចឹម សុធា ជាកម្មករមានតួនាទីជាអ្នកពិនិត្យទំនិញនៅរោងចក្រ អ.ជី ហ៊្វូតវែរ បានប្រាប់ថា៖ «គាត់[ខាងរោងចក្រ]សម្រេចចិត្តបែបហ្នឹងក៏កម្មករក៏ត្រូវតែយកដែរ ព្រោះក្រុមហ៊ុនគិតឱ្យតែ១៨ថ្ងៃ ចុះបំណាច់ឆ្នាំក្រុមហ៊ុនអត់គិតឱ្យ? បំណាច់ឆ្នាំហើយលុយកុងត្រារយៈពេល៣ខែហ្នឹង ក្រុមហ៊ុនអត់គិតឱ្យ»។
ការក្ស័យធនរបស់រោងចក្រ អ.ជី ហ៊្វូតវែរ បានធ្វើឱ្យកម្មករដែលមានកូនចំនួន២នាក់ក្នុងបន្ទុករូបនេះ ជួបការលំបាកខាងជីវភាព ខណៈលោកកំពុងជំពាក់បំណុលធនាគារផងនោះ។
លោកថា៖ «ដោយសាររោងចក្របិទទ្វារ អញ្ចឹងវាប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ខ្ញុំ ជំពាក់ធនាគារហើយអត់លុយបង់ថ្លៃបន្ទប់ជួល[…] យើងអត់មានការងារធ្វើអត់មានអត្ថប្រយោជន៍ចូល ដើម្បីចិញ្ចឹមគ្រួសារយើង ណាមួយថ្លៃធនាគារណាមួយថ្លៃហូបចុកប្រចាំថ្ងៃទៀត»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ចង់ឱ្យមានការស៊ើបអង្កេតច្បាស់លាស់ចំពោះការប្រកាសក្ស័យធនរបស់រោងចក្រ អ.ជី ហ៊្វូតវែរនេះ។
លោកថា៖ «នៅក្នុងលក្ខខណ្ឌនេះ លុះត្រាតែមានការស៊ើបអង្កេតដោយតម្លាភាពដោយអាចទុកចិត្តបាន ពីព្រោះក្រុមហ៊ុន អ.ជី នេះ បើនិយាយទៅក្រុមហ៊ុនមេដែលជាឡីជេនគ្រុបហ្នឹង នៅតែបន្តនូវសាខារបស់ខ្លួន មានន័យថាក្រុមហ៊ុនសហគ្រាសដាច់ដោយឡែកមួយទៀតដែលនៅតែប្រតិបត្តិការដដែល។ អ៊ីចឹងករណីចំពោះ អ.ជី ដែលជាសហគ្រាសដាច់ដោយឡែកនេះ ខ្ញុំគិតថា វាគួរតែមានការស៊ើបអង្កេត ធ្វើអធិការកិច្ច ហើយអនុវត្តនីតិវិធីតុលាការ»។
លោកបានបន្តថា បើមិនមានការស៊ើបអង្កេត និងអនុវត្តវិធានប្រកាសក្ស័យធនត្រឹមត្រូវទេ នោះនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់រោងចក្រផ្សេងទៀត ដែលមានស្ថានភាពប្រហាក់ប្រហែលនឹងរោងចក្រនេះ។
ជុំវិញរឿងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ថៅកែរោងចក្រហ៊្វូតវែរ មានការទទួលខុសត្រូវចំពោះការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត។
លោកថា៖ «ដូច្នេះហើយទោះបីជាថៅកែប្រកាសក្ស័យធនយ៉ាងណាក៏ដោយ យើងឃើញថា កម្មករនិយោជិតយើងនឹងបានទទួលប្រាក់សំណង ប្រាក់បំណាច់ដែលជាការទទួលខុសត្រូវរបស់ថៅកែរោងចក្រ»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បន្តថា ក្រសួងក៏បានសម្របសម្រួលផ្តល់ឱកាសការងារដល់កម្មករនៅរោងចក្រផ្សេងដែលនៅជិតនោះ តាំងពីក្រោយពេលរោងចក្រឆេះមកម៉្លេះ។
លោកថា៖ «ក្រសួងការងារយើងបានបញ្ជូនទៅមជ្ឈមណ្ឌលចល័តការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារយើងបានទៅកាន់ទីនោះចាប់តាំងពីក្រោយថ្ងៃកើតហេតុមកម្ល៉េះ ដើម្បីស្វែងរកផ្តល់ឱកាសការងារជូនបងប្អូននិយោជិតដែលមានបំណងចង់ទៅធ្វើការនៅទីតាំងក្រុមហ៊ុនរោងចក្រផ្សេងៗនៅក្បែរតំបន់នោះ។ នេះជាការបង្កការងាយស្រួលដល់បងប្អូននឹងការស្វែងរកការងារថ្មី»។
គួរជម្រាបជូនថា រោងចក្រស្បែកជើង អ.ជី ហ៊្វូតវរ(ខេមបូឌា)ឯ.ក ដែលមានកម្មករនិយោជិតចំនួន ២ ២០៥ នាក់ ក្នុងនោះមានស្ត្រីចំនួន១ ០៣៦ នាក់ មានទីតាំងនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានឆេះទាំងស្រុងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅម៉ោង ១៦:៥០នាទី ប៉ុន្តែមិនបណ្ដាលឱ្យមនុស្សរងរបួសឡើយ ដោយសារចំពេលកម្មករសំរាក៕