រោងចក្រ​ស្បែក​ជើង អ.ជី ហ៊្វូតវែរ(ខេមបូឌា)ឯ.ក បានប្រកាសក្ស័យធន និង​បិទទ្វាររោង​ចក្រ​​ ក្រោយ​ជួបគ្រោះអគ្គិភ័យ​ឆេះ​រោង​ចក្រ​​ទាំងស្រុង ដោយ​​​ក្រុមហ៊ុនសន្យាបើក​លុយ​​នៅ​​សល់​ជូនកម្មករទាំងអស់ ត្រឹមថ្ងៃទី១០ ខែមេសាខាងមុខ។

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ រោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ(ខេមបូឌា)ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) បានឱ្យដឹងថា ក្រុមហ៊ុនបាន​ក្ស័យធនដោយសារមិនអាចស្ដាររោងចក្រឡើងវិញបានទេ ក្រោយភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយ​ខាង​រោងចក្របាន​​ទូទាត់ប្រាក់ឈ្នួល៥%​ឱ្យ​កម្មករ​និយោជិតរួចរាល់ដែលមានចំនួន ៩១៨នាក់ តាមប្រព័ន្ធធនាគារវីង កាល​ពីថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ២០២៤។

សេចក្តីជូនដំណឹងបន្តថា៖ «ក្រុមហ៊ុននឹងរៀបចំទូទាត់ប្រាក់ឈ្នួលដែលនៅសេសសល់​ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ជូន​កម្មករ​និយោជិតទាំង​អស់​មិន​លើស​ពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឡើយ[…] ក្រុមហ៊ុន​នៅ​តែស្វះស្វែងរកដំណោះស្រាយគ្រប់វិធីសាស្ត្រ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ដូច្នេះហើយ​កម្មករនិយោជិតទាំងអស់ សូមកុំមានការព្រួយបារម្ភ​អំពីប្រាក់ឈ្នួល»។

អ្នកស្រី គីម ច័ន្ទលក្ខិណា អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ អ.ជី ហ៊ូតវែរ និងកំពុងមានផ្ទៃពោះ៩ខែផងនោះបាន​ប្រាប់ Newsroom Cambodia ថា គាត់ចង់ឱ្យរោងចក្របើកប្រាល់ខែឱ្យគាត់បានលឿនជាងនេះ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ខណៈរូបគាត់ក៏​អាចនឹង​សម្រាលកូននៅចុងខែមីនានេះ។

អ្នកស្រីមានប្រសាសន៍ថា៖ «ខ្វះតែរឿងលុយ យើងអត់មានលុយបង់អង្គការផង ហើយណាមួយ​​ជិតដ​ល់​ថ្ងៃសម្រាល​ផង អត់មានលុយទិញសំភារៈទុក ហើយទុកចាយនៅផ្ទះ[…] សំណូមពរចង់ឱ្យគាត់[រោងចក្រ]បើកលុយ​ឱ្យឆាប់រហ័សឱ្យបន្ដិចមក»។

លោក ចឹម សុធា ជាក​ម្មករមានតួនាទីជាអ្នកពិនិត្យទំនិញនៅរោងចក្រ អ.ជី ហ៊្វូតវែរ បានប្រាប់ថា៖ «គាត់[ខាងរោង​ចក្រ​​]សម្រេចចិត្តបែបហ្នឹងក៏កម្មករក៏ត្រូវតែយកដែរ ព្រោះក្រុមហ៊ុនគិតឱ្យតែ១៨ថ្ងៃ ចុះបំណាច់ឆ្នាំក្រុមហ៊ុនអត់គិតឱ្យ? បំ​ណាច់ឆ្នាំហើយ​លុយ​កុងត្រារយៈពេល៣ខែហ្នឹង ក្រុមហ៊ុនអត់គិតឱ្យ»។

ការក្ស័យធនរបស់រោងចក្រ អ.ជី ហ៊្វូតវែរ បានធ្វើឱ្យកម្មករ​ដែលមានកូនចំនួន២នាក់​ក្នុងបន្ទុករូបនេះ ជួប​ការលំបាក​ខាង​ជីវភាព ខណៈ​លោកកំពុងជំពាក់បំណុល​ធនាគារផងនោះ​។

លោកថា៖ «ដោយសាររោងចក្របិទទ្វារ អញ្ចឹង​វាប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ខ្ញុំ ជំពាក់ធនាគារហើយអត់លុយបង់ថ្លៃបន្ទប់ជួល[…] យើងអត់មានការងារធ្វើអត់មានអត្ថប្រយោជន៍ចូល ដើម្បីចិញ្ចឹមគ្រួសារយើង​ ណាមួយ​ថ្លៃធនាគារណាមួយថ្លៃហូបចុកប្រចាំថ្ងៃទៀត»។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​ លោក​ ឃុន ថារ៉ូ ចង់ឱ្យមានការស៊ើបអង្កេតច្បាស់លាស់ចំពោះការប្រកាសក្ស័យធនរបស់រោងចក្រ អ.ជី ហ៊្វូត​វែរនេះ។

លោកថា៖ «នៅក្នុងលក្ខខណ្ឌនេះ លុះត្រាតែមានការស៊ើបអង្កេតដោយតម្លាភាពដោយអាចទុកចិត្តបាន ពីព្រោះក្រុមហ៊ុន អ.ជី នេះ បើនិយាយទៅក្រុមហ៊ុនមេដែលជាឡីជេនគ្រុប​ហ្នឹង នៅតែបន្តនូវសាខារបស់ខ្លួន មានន័យថាក្រុមហ៊ុនសហគ្រាសដាច់ដោយឡែកមួយទៀតដែលនៅតែប្រតិបត្តិការដដែល។ អ៊ីចឹងករណីចំពោះ អ.ជី ដែលជាសហគ្រាសដាច់ដោយឡែកនេះ ខ្ញុំគិតថា វាគួរតែមានការស៊ើបអង្កេត ធ្វើអធិការកិច្ច ហើយអនុវត្តនីតិវិធីតុលាការ»។

លោកបានបន្តថា បើមិនមានការស៊ើបអង្កេត និងអនុវត្តវិធានប្រកាសក្ស័យធនត្រឹមត្រូវទេ នោះ​នឹងបង្កផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​រោងចក្រផ្សេងទៀត ដែលមានស្ថានភាព​ប្រហាក់ប្រហែលនឹងរោងចក្រនេះ។

ជុំវិញរឿងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ថៅ​កែ​​រោងចក្រហ៊្វូត​​វែរ មានការទទួលខុសត្រូវចំពោះការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត។

លោកថា៖ «ដូច្នេះហើយទោះបីជាថៅកែប្រកាសក្ស័យធនយ៉ាងណាក៏ដោយ យើងឃើញថា កម្មករនិយោជិតយើងនឹងបានទទួលប្រាក់សំណង ប្រាក់បំណាច់ដែលជាការទទួលខុសត្រូវរបស់ថៅកែរោងចក្រ»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បន្ត​ថា ក្រសួងក៏បានសម្របសម្រួលផ្តល់​ឱកាស​​ការងារ​ដល់កម្មករនៅរោងចក្រផ្សេងដែលនៅជិតនោះ តាំងពីក្រោយពេលរោងចក្រឆេះមកម៉្លេះ។

លោកថា៖ «ក្រសួងការងារយើងបានបញ្ជូនទៅមជ្ឈមណ្ឌលចល័តការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារយើងបានទៅកាន់ទីនោះចាប់តាំងពីក្រោយថ្ងៃកើតហេតុមកម្ល៉េះ ដើម្បីស្វែងរកផ្តល់ឱកាសការងារជូនបងប្អូននិយោ​​ជិតដែលមានបំណងចង់ទៅធ្វើការនៅទីតាំងក្រុមហ៊ុនរោងចក្រផ្សេងៗនៅក្បែរតំបន់នោះ។ នេះជាការបង្កការងាយស្រួលដល់បងប្អូននឹងការស្វែងរកការងារថ្មី»។

គួរជម្រាបជូនថា រោងចក្រស្បែកជើង អ.ជី ហ៊្វូតវរ(ខេមបូឌា)ឯ.ក ដែលមានកម្មករនិយោជិតចំនួន ២ ២០៥ នាក់ ក្នុងនោះ​មាន​ស្ត្រីចំនួន១ ០៣៦ នាក់ មានទីតាំងនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានឆេះទាំងស្រុងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅម៉ោង ១៦:៥០នាទី ប៉ុន្តែមិនបណ្ដាលឱ្យមនុស្សរងរបួសឡើយ ដោយសារចំពេលកម្មករសំរាក​៕