ក្នុងពេលបច្ចុប្បន្ន គេសង្កេតឃើញសិស្សនិស្សិតរៀននៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យមួយចំនួនបានជ្រើសរើសការសិក្សាបណ្តើរ និងធ្វើការងារបណ្តើរដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ និងដើម្បិទទួលបានបទពិសោធន៍។
Newsroom Cambodia បានសម្ភាសយុវជនចំនួន៥នាក់អំពីការយល់ឃើងរបស់ពួកគាត់លើការសិក្សាផង និងធ្វើការងារផង។
កញ្ញា កេត ចរិយា ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជំនាញគណនេយ្យ យល់ឃើញថា ការធ្វើការងារផង និងការរៀនផងជារឿងល្អសម្រាប់ខ្លួនឯងបើទោះបីត្រូវហត់នឿយបន្តិច។
កញ្ញានិយាយថា៖ «បើចំពោះខ្ញុំអាហ្នឹងវាអត់អីបងគិតថាល្អវាទីមួយអាចជួយខ្លួនឯងនិងជួយគ្រួសារហើយណាមួយយើងអាចបទពិសោធន៍ថ្មីៗដែលយើងចូលធ្វើការបើចំពោះខ្ញុំធ្វើការផងនិងរៀនផងវាអាចហត់បន្តិចមែនប៉ុន្តែក៏យើងអាចជួយខ្លួនឯងបានច្រើនព្រោះអីយើងសិក្សាពីអ្នកជុំវិញខ្លួនបានច្រើនយើងអាចដឹងពីសង្គមបានច្រើន»។
លោក ខៀវ ថាវរី ជានិស្សិតបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យា យល់ឃើញថា ការធ្វើបែបនេះអាចជួយដោះស្រាយបញ្ហាជីវភាព ព្រមទាំងទទួលបានបទពិសោធន៍នៅលើការងារ ប៉ុន្តែអាចទទួលបានលទ្ធផលមិនល្អលើការសិក្សា។
លោកនិយាយថា៖ «សម្រាប់ខ្ញុំផ្ទាល់ធ្វើការតាំងឆ្នាំទី១រហូតដល់ឆ្នាំទី៤គឺខ្ញុំធ្វើការរហូត។ទីមួយដោយសារកត្តាជីវភាពបើពួកគាត់អត់ធ្វើការទេនោះពួកគាត់អត់មានថវិការដើម្បីរៀនត អាហ្នឹងក៏ជាបញ្ហាមួយសម្រាប់និស្សិតដែលព្យាយាមរៀនផងនិងធ្វើការងារផង»។
លោកបន្ថែមថា៖ «សម្រាប់ពួកគាត់រៀនផងធ្វើការផងក៏អត់បានជាលទ្ធផលល្អក្នុងការរៀនដោយសារតែគាត់អត់មានពេលរៀនស្វែងយល់ខ្លួនឯងស្វែងយល់អ្វីដែលថ្មីនៅលើsocial media (បញ្តាញសង្គម) ប៉ុន្តែដោយសារតែគាត់ជាប់រវល់ធ្វើការចឹងការរៀនរបស់គាត់ក៏ធ្លាក់ សម្រាប់ខ្ញុំផ្ទាល់ចាប់អត់សូវបាន»។
កញ្ញា អ៊ាម សុភៈវឌ្ឍតី ជាសិស្សបញ្ចប់ការសិក្សាផ្នែករូបវិទ្យា យល់ឃើញថា ការធ្វើបែបនេះមានទាំងផលលំបាក និងផលល្អ។
កញ្ញានិយាយថា៖ «នៅពេលខ្ញុំនៅជានិស្សិតឆ្នាំទីមួយក៏ខ្ញុំរៀនផងធ្វើការផងចឹងផលលំបាករបស់ខ្ញុំគឺអត់មានពេលស្វ័យសិក្សាខ្លួនឯងចឹងនៅពេលដែលខ្ញុំមករៀនគឺពេលដែលគ្រូដាក់កិច្ចការឱ្យធ្វើជុំមិត្តភក្តិ គឺភាគច្រើនខ្ញុំអត់សូវបាននៅទេ គឺខ្ញុំទៅផ្ទះទៅធ្វើការបន្តចឹងហា៎បង។ ចំណែកផលល្អគឺយើងទទួលបានបទពិសោធន៍ថ្មីយើងបានរកប្រាក់កម្រៃដើម្បីជួយផ្គត់ផ្គង់ការរៀនបន្ថែមទៀត»។
កញ្ញា រម៉ាស ប្យែង មកពីខេត្តរតនៈគីរី រៀនផ្នែកអភិវឌ្ឍន៍សហគមន៍ យល់ឃើញថា យុវជនអាចទទួលបានបទពិសោធន៍ប៉ុន្តែអាចប៉ះពាល់ដល់សុខភាព។
កញ្ញានិយាយថា៖ «សម្រាប់ខ្ញុំផ្ទាល់និស្សិតដែលកំពុងរៀនផងធ្វើការផងជួយអោយគាត់ទទួលបានពីការងារជួយទទួលបានបទពិសោធន៍ចំណេះដឹងហើយជួយបង្កើននៅសមត្ថភាពកាន់តែច្រើន។ ផលលំបាកទាក់ទងកន្លែងធ្វើការឆ្ងាយពីសាលា ពេលខ្លះយើងមកសាលាអត់ទាន់ ហើយពេលខ្លះហត់ ស្រេ្តសច្រើន ហើយសុខភាពខ្សោយបែបហ្នឹង»។
លោក យ៉ែម វិបុណ្យ មកពីខេត្តស្វាយរៀង សិក្សាផ្នែកអក្សសាស្រ្តខ្មែរយល់ឃើញថា ការសិក្សាផងធ្វើការផងមិនសូវលំបាកទេបើចេះបែងចែកពេលវេលា។
លោកនិយាយថា៖ «ទស្សនៈខ្ញុំសម្រាប់ធ្វើការផងរៀនផងទីមួយវាអត់សូវលំបាកប៉ុន្មានទេ យើងអាចរកលុយខ្លួនឯងបានហើយយើងចាយលុយខ្លួនឯងផ្ទាល់ មិនត្រូវការចាយលុយអ្នកផ្ទះហើយណាមួយទៀងយើងអាចស្វែងយល់ពីសមត្ថភាពរបស់យើងថាយើងធ្វើបានកម្រិតណាហើយណាមួយទៀតយើងអាចមានលុយចាយខ្លួលឯងផ្ទាល់អាចចង់ទិញអីក៏បានតាមចិត្ត។ហើយសម្រាប់ការរៀនគឺវាអត់សូវលំបាកប៉ុន្មានទេបងដោយសារតែយើងបែងចែងពេលវេលាច្បាស់លាស់សម្រាប់ពេលវាលារៀននិងធ្វើការ។ កិច្ចការសាលាដូចខ្ញុំធ្វើការពេលព្រឹករៀនពេលថ្ងៃចឹងខ្ញុំអាចធ្វើកិច្ចការសាលាពេលយប់»៕