កម្មកររោងចក្រ Y&W និង R.G Footwear បានទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ក្រោយពីថៅកែរោងចក្រ Y&W រត់ចោលកម្មករ ខណៈរោងចក្រមួយទៀត បានក្ស័យធន់ដោយសារជួបគ្រោះអគ្គិភ័យ។
វិវាទរវាងនិយោជិត និងថៅកែរោងចក្រវ៉ាយ&ដាប់បែលយូហ្កាមិន (Y&W garment) បានកើតឡើងកាលពីថ្ងៃទី១ ខែមីនា បន្ទាប់ពីថៅកែរោងចក្ររត់ចោលកម្មករ និងប្រកាសបិទទ្វារដោយសារបញ្ហាបំណុល។ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ យោងតាមដីការបស់សាលាដំបូងដែលបានសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន ដែលអាចឱ្យកម្មករនិយោជិតទៅបើកប្រាក់ឈ្នួលចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។
អ្នកស្រី ស្វាយ សុគន្ធា អាយុ៣៥ឆ្នាំ ជាអតីតកម្មការិនីនៅរោងចក្រវ៉ាយ&ដាប់បែលយូ(Y&W) ហ្គាមេន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៥ មីនានេះថា គាត់បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរួចរាល់ហើយ កាលពីល្ងាចថ្ងៃទី២២ ខែមីនា។
អ្នកស្រីបានបន្តថា៖ «ចំពោះខ្ញុំ គេបើកឱ្យ៤ចំណុច អត់មានលុយជំងឺចិត្តដោយសារខ្ញុំកម្មករចាស់[…] សម្រាប់ខ្ញុំអត់មានពាក្យអីទេ មានតែពាក្យថាអរគុណដល់ក្រុមការងារក្រសួងដែលគាត់មបានជួយលឿន ពេលបើកប្រាក់ខែឱ្យកម្មករលឿនផងដែរ»។
អ្នកស្រី សុគន្ធា បន្ថែមថា រូបគាត់រកការងារថ្មីបានហើយ កាលពីថ្ងៃទី១៣ ខែមីនា ដោយធ្វើការនៅរោងចក្រឯកជនមួយកន្លែង។
ដោយឡែក កម្មករនិយោជិតរោងចក្រ អ.ជី ហ៊្វូតវែរ ក៏បានទទួលដំណោះស្រាយពីរោងចក្រដូចគ្នា ក្រោយមានគ្រោះអគ្គិភ័យឆេះរោងចក្រទាំងស្រុង ធ្វើឱ្យរោងចក្រមិនអាចស្តារអាជីវកម្មឡើងវិញ និងបានប្រកាសបិទដំណើរការរបស់ខ្លួនទាំងស្រុង ដែលនាំឱ្យកិច្ចសន្យាការងាររបស់កម្មករនិយោជិតទាំងអស់ ត្រូវបានរំលាយ។
តាមរយៈសេចក្តីជូនដំណឹង ស្តីពី ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដល់កម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ដោយរោងចក្រទើបដំណើរការបានក្នុងរយៈពេលខ្លី ហើយកម្មករនិយោជិតប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាកំណត់ (FDC) ដូច្នេះកម្មករនិយោជិតនឹងទទួលបានចំនួន ៣ចំណុច ដូចជា ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ(មាត្រា១១៦) ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់(មាត្រា១៦៦ និងមាត្រា១៦៧) និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥% (មាត្រា៧៣)។
ពាក់ព័ន្ធនឹងការផ្តល់ជូននេះ កម្មកររោងចក្រ អ.ជី ហ៊្វូតវែរ លោក ជឹម សុភា បង្ហាញការមិនពេញចិត្ត និងទាមទារឱ្យមានការដោះស្រាយតាមផ្លូវច្បាប់ដោយផ្តល់នូវអ្វីដែលជាអត្ថប្រយោជន៍ពិតប្រាកដដល់ក្រុមកម្មករ ក្នុងនោះក៏មានប័ណ្ណ ប.ស.ស សម្រាប់ស្ត្រីមានផ្ទៃពោះ និងអត្ថប្រយោជន៍ផ្សេងៗទៀត។
លោកបន្តថា៖ «វាអត់ទាន់មានលិខិតបញ្ជាក់ពីតុលាការ ឬក៏ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីបញ្ជាក់លើចំណុចហ្នឹងឱ្យផង រោងចក្រគាត់សម្រេចចិត្តប្រកាសបើកលុយឱ្យកម្មករទាំងគាត់នៅហ្នឹង បើគាត់រត់បាត់ទៅយើងមិនថាទេ ហើយគាត់មានរោងចក្រពីរនៅក្បែរហ្នឹងទៀតដែលកំពុងធ្វើការ»។
លោក សុភា បន្ថែមថា ក្រុមកម្មករដែលមិនពេញចិត្តនឹងដំណោះស្រាយដែលក្រសួងការងារ និងរោងចក្រសម្រេចឱ្យបានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រដែលមានចំនួនប្រមាណជាង ១០០នាក់ ជារៀងរាល់ថ្ងៃ ដើម្បីទាមទារការដោះស្រាយបញ្ហាបន្តពីភាគីរោងចក្រ។
លោកថា៖ «ជាសំណូមពររួម[សំណូមពរកម្មករផ្សេងទៀតរួមគ្នា] គាត់សំណូមពរឱ្យរោងចក្រ ប្រសិនជាមានសាខា គាត់អាចចូលទៅធ្វើការបាន គាត់នឹងស្ម័គ្រចិត្តចូលទៅធ្វើការ ហើយបើសិនជាអត់ទេសុំឱ្យគាត់ទូទាត់អត្ថប្រយោជន៏តាមផ្លូវច្បាប់»។
លោក សយ ចន្ធូ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ បានលើកឡើងថា ការដោះស្រាយប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ពីសំណាក់ក្រសួងការងារ គឺធ្វើឡើងសម្រាប់កម្មករដែលមានកិច្ចសន្យាកំណត់ប៉ុណ្ណោះ រីឯកម្មករដែលមានកិច្ចសន្យារយៈពេលវែង នៅមិនទាន់បានទទួលបានសំណងសមរម្យនៅឡើយទេ។
លោកថា៖ «យើងមើលជាក់ស្ដែង ប្រហែលជាក្រសួងលោកអត់បានដឹងពីកិច្ចសន្យាការងាររបស់កម្មករ នៅរោងចក្រហ្នឹង។ នៅរោងចក្រហ្នឹង គឺបងប្អូនកម្មករខ្លះគាត់មានកិច្ចសន្យាការងារគាត់រយៈពេល ១០ឆ្នាំក៏មាន ៥-៦ឆ្នាំក៏មាន ហើយខិលិតជូនដំណឹងនេះ គឺគេជូនដំណឹងពីកម្មករដែលមានកិច្ចសន្យាកំណត់(FDC) អ៊ីចឹងគាត់ត្រូវទទួលបានប៉ុណ្ណឹង គេទូទាត់អត្ថប្រយោជន៍ គេទូទាត់តែសម្រាប់កិច្ចសន្យាកំណត់ប៉ុន្មានហ្នឹងទេ»។
លោក សយ ចន្ធូ បានសំណូមពរដល់អ្នកបញ្ជារទិញ ជួយជំរុញទៅថៅកែរោងចក្រ ឱ្យដោះស្រាយសំណងដល់កម្មករនិយោជិតដែលមានកិច្ចសន្យាការងាររយៈវែង តាំងពីរោងចក្រមិនទាន់ដូរឈ្មោះ[រោងចក្រនេះមានឈ្មោះដើម រីជេនហ៊្វូតវែរ]។ លោកក៏បានសំណូមពរដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធ តាមដានពីការប្រកាសក្ស័យធនរបស់រោងចក្រអ.ជីហ៊ូតវែរថាតើជាការក្ស័យធន់ពិតប្រាកដឬយ៉ាងណា។
លោក ចន្ធូ ឱ្យដឹងបន្ថែមថា រោចក្រអ.ជី ហ្វ៊ូតវែរ នៅកំពុងដំណើរការរោងចក្រផ្សេងទៀតដែលជាសាខារបស់ខ្លួន ហើយរោងចក្រសាខានោះកំពុងរើសកម្មករពីរោចក្រ អ.ជី ចូលធ្វើការ ខណៈការរើសកម្មករចូលធ្វើការនេះ ក៏មានការរើសអើងមិនឱ្យសហជីពឯករាជ្យចូលធ្វើការឡើយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ជុំវិញករណីរោងចក្រ អ.ជី ហ៊្វូតវែរ ថា៖ «អត្ថប្រយោជន៍ដែលទទួលបានតែ៤ចំណុចទេក្នុងចំណោម៥ ហើយក្នុងហ្នឹងប្រាក់បណ្ដេញចេញតាមមាត្រា៩១ អត់បានទេ។ មាត្រា៩១ហ្នឹងលុយវាច្រើន ហើយក្រៅពីហ្នឹងមាត្រាផ្សេងៗទៀតលុយតិចៗហ្នឹង។ ខ្ញុំគិតថា ការសម្រេចវាបានតែមួយផ្នែក ហើយវាមិនអស់ចិត្តកម្មករដោយសារតាមច្បាប់ កាលណាបើក្រុមហ៊ុនបិទដោយកំហុសរបស់ខ្លួនឯង ហើយនៅក្នុងកំហុសខ្លួនឯងទោះបីក្រុមហ៊ុនក្ស័យធន ទោះបីក្រុមហ៊ុនបិទដោយឆេះភ្លើង ឬក៏ដោយមូលហេតុអីក៏ដោយឱ្យតែមិនមានហេតុផលសមរម្យបានន័យថា វាមិនអាចទទួលយកបាន[…]ក្ស័យធន់អីលឿនយ៉ាងហ្នឹង អត់ទាន់ដំណើរការតាមនីតិវិធី អ៊ីចឹងខ្ញុំគិតថា វានៅតែជាកំហុស»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការសម្រេចនេះ គឺផ្អែកទៅលើច្បាប់ និងមិនមានដំណោះស្រាយអ្វីហួសពីសេចក្តីជូនដំណឹងដែលច្បាប់ការងារបានកំណត់នោះទេ និងសំណូមពរឱ្យកម្មករនិយោជិតទទួលយកដំណោះស្រាយនេះ។
លោកថា៖ «ការដោះស្រាយអ្វីក៏ដោយ គឺឈរនៅលើច្បាប់ការងារ ចឹងក្នុងករណីបងប្អូនធ្វើការងារតាមកិច្ចសន្យានិងការកំណត់យើងទទួលបានតែ ៣ចំណុចទេ […] កន្លងមកនេះ ក៏យើងរោងចក្រវ៉ាយ&ដាប់បែលយូ ក៏បានឯកភាពដោះស្រាយតាមច្បាប់ការងារ ដែលនេះជាគំរូមួយដ៏ល្អ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាងរោងចក្រ Y&W និង R.G Footwear បានទេនៅថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល អស់ទាំងស្រុង កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ និងបង្កជាបញ្ហាប្រឈមដល់កម្មករនិយោជិតចំនួន ២ ២០៥នាក់ ដែលកំពុងបំពេញការងារ៕