កម្មករ​រោងចក្រ Y&W និង R.G Footwear បានទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ក្រោយពីថៅកែរោងចក្រ Y&W រត់ចោលកម្មករ​​ ខណៈ​រោង​ចក្រ​មួយទៀត បានក្ស័យធន់ដោយសារជួបគ្រោះអគ្គិភ័យ។

វិវាទរវាងនិយោជិត និងថៅកែរោងចក្រវ៉ាយ&ដាប់បែលយូហ្កាមិន (Y&W garment) បានកើតឡើងកាលពីថ្ងៃទី១ ខែមីនា បន្ទាប់ពីថៅកែរោងចក្ររត់ចោលកម្មករ និង​ប្រកាសបិទទ្វារដោយសារបញ្ហាបំណុល។ កាល​ពី​ថ្ងៃទី២០ ខែ​មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ យោងតាមដីការបស់​សាលាដំបូងដែលបាន​សម្រេចរឹបអូស​ជាបណ្តោះអាសន្ន​នូវទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុនវ៉ាយ & ដាប់​បែល​យូ ហ្គាមេន ដែលអាចឱ្យកម្មករនិយោជិតទៅបើកប្រាក់ឈ្នួលចាប់ពីថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៤។

អ្នកស្រី ស្វាយ សុគន្ធា អាយុ៣៥ឆ្នាំ ជាអតីតកម្មការិនី​នៅ​រោង​ចក្រ​វ៉ាយ&​ដាប់បែល​យូ(Y&W) ហ្គាមេន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៥ មីនានេះថា គាត់បានបើកប្រាក់ឈ្នួល និង​ប្រាក់បំណាច់ផ្សេងៗ​រួច​រាល់​ហើយ​ កាលពីល្ងាចថ្ងៃទី២២ ខែមីនា។

អ្នកស្រីបានបន្តថា៖ «ចំពោះខ្ញុំ គេបើកឱ្យ៤ចំណុច អត់មានលុយជំងឺចិត្តដោយសារខ្ញុំកម្មករចាស់[…]​ សម្រាប់​ខ្ញុំអត់​មាន​ពាក្យ​អី​ទេ​ មានតែពាក្យថាអរគុណដល់ក្រុមការងារក្រសួងដែលគាត់មបានជួយលឿន ពេល​បើក​ប្រាក់​ខែឱ្យ​​កម្មករលឿនផងដែរ»។

អ្នកស្រី សុគន្ធា បន្ថែមថា រូបគាត់​រក​​ការងារថ្មីបាន​​ហើយ កាលពីថ្ងៃទី១៣ ខែមីនា ដោយ​ធ្វើការនៅរោងចក្រឯកជនមួយកន្លែង។

ដោយឡែក កម្មករនិយោជិតរោងចក្រ អ.ជី ហ៊្វូតវែរ ក៏បានទទួលដំណោះស្រាយពីរោងចក្រដូចគ្នា ក្រោយ​មាន​គ្រោះ​អគ្គិភ័យ​ឆេះ​រោង​ចក្រ​ទាំង​ស្រុង ធ្វើឱ្យរោងចក្រមិនអាចស្តារអាជីវកម្ម​ឡើង​វិញ និង​បាន​ប្រកាស​បិទ​ដំណើរ​ការរបស់ខ្លួនទាំងស្រុង ដែលនាំឱ្យកិច្ចសន្យាការងាររបស់កម្មករ​និយោជិតទាំងអស់ ត្រូវបានរំលាយ។

តាមរយៈ​សេចក្តីជូនដំណឹង ស្តីពី ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដល់កម្មករនិយោជិត​នៃរោងចក្រ​ស្បែក​ជើង អ.ជី ហ៊្វូតវែរ​ ចុះ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​លើក​ឡើង​ថា ដោយ​រោងចក្រទើបដំណើរការបានក្នុងរយៈពេលខ្លី ហើយ​កម្មករនិយោជិត​ប្រើប្រាស់​កិច្ចសន្យា​ការ​ងារមាន​ថេរវេលា​កំណត់ (FDC) ដូច្នេះ​ក​ម្មករនិយោជិតនឹងទទួលបាន​ចំនួន ៣ចំណុច ដូច​ជា ប្រាក់​ឈ្នួលដែល​មិនទាន់​​បាន​បើកក្នុងខែចុង​ក្រោយ(មាត្រា១១៦) ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់(មាត្រា១៦៦ និង​មាត្រា​១៦៧) និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការ​ងារ ៥% (មាត្រា៧៣)។

ពាក់ព័ន្ធនឹង​ការផ្តល់ជូននេះ កម្មកររោងចក្រ អ.ជី ហ៊្វូតវែរ លោក ជឹម សុភា បង្ហាញការមិនពេញចិត្ត និង​ទាមទារ​ឱ្យមាន​ការដោះស្រាយតាមផ្លូវច្បាប់ដោយផ្តល់នូវអ្វីដែលជាអត្ថប្រយោជន៍ពិតប្រាកដ​ដល់ក្រុមកម្មករ ក្នុងនោះក៏​មាន​ប័ណ្ណ ប.ស.ស សម្រាប់ស្ត្រីមានផ្ទៃពោះ និងអត្ថប្រយោជន៍ផ្សេងៗទៀត។

លោក​បន្ត​​ថា៖​​ «វា​អត់​ទាន់​មាន​លិខិត​បញ្ជាក់​ពី​តុលាការ​ ឬ​ក៏​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ដើម្បី​បញ្ជាក់​លើ​ចំណុច​ហ្នឹង​ឱ្យ​ផង​ រោងចក្រគាត់សម្រេចចិត្តប្រកាសបើកលុយឱ្យកម្មករទាំងគាត់នៅហ្នឹង បើគាត់រត់​បាត់​ទៅ​​យើង​​មិន​ថាទេ ហើយ​គាត់​មាន​រោងចក្រពីរនៅក្បែរហ្នឹងទៀត​ដែលកំពុងធ្វើការ»។

លោក សុភា បន្ថែមថា ក្រុមកម្មករ​ដែលមិនពេញចិត្ត​នឹងដំណោះស្រាយ​ដែលក្រសួងការងារ ​និង​រោង​ចក្រ​សម្រេច​​ឱ្យ​​បាន​​ប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រដែលមានចំនួនប្រមាណជាង ១០០​នាក់ ជារៀងរាល់ថ្ងៃ ដើម្បី​ទាម​ទារ​​ការ​​ដោះស្រាយ​បញ្ហាបន្តពីភាគីរោងចក្រ។

លោកថា៖ «ជាសំណូមពររួម[សំណូមពរកម្មករផ្សេងទៀតរួមគ្នា] គាត់​សំណូមព​រឱ្យរោងចក្រ​ ប្រសិន​ជា​មាន​សាខា​ គាត់​អាច​ចូល​ទៅ​ធ្វើការ​បាន គាត់នឹងស្ម័គ្រចិត្តចូលទៅធ្វើការ ហើយបើសិនជាអត់ទេ​សុំ​ឱ្យ​គាត់​​ទូទាត់​អត្ថប្រយោជន៏តាមផ្លូវច្បាប់»។

លោក សយ ចន្ធូ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ បានលើកឡើង​ថា ការដោះស្រាយប្រាក់ឈ្នួល និងប្រាក់បំណាច់​ផ្សេងៗ​ ពីសំណាក់ក្រសួង​ការ​ងារ គឺធ្វើឡើង​សម្រាប់​កម្មករ​ដែលមានកិច្ចសន្យាកំណត់ប៉ុណ្ណោះ រីឯ​កម្មករ​​ដែល​មាន​កិច្ច​សន្យារ​យៈពេ​ល​វែង នៅមិនទាន់​បានទទួលបានសំណងសមរម្យនៅឡើយទេ។

លោកថា៖ «យើងមើលជាក់ស្ដែង ប្រហែលជាក្រសួងលោកអត់បានដឹងពីកិច្ចសន្យាការងាររបស់កម្មករ នៅរោងចក្រ​ហ្នឹង។ នៅរោងចក្រហ្នឹង គឺបងប្អូនកម្មករខ្លះគាត់មានកិច្ចសន្យាការងារគាត់រយៈពេល ១០ឆ្នាំ​ក៏មាន ៥-៦ឆ្នាំក៏មាន ហើយខិលិតជូនដំណឹងនេះ គឺគេជូនដំណឹងពីកម្មករដែលមានកិច្ចសន្យាកំណត់(FDC) អ៊ីចឹងគាត់ត្រូវទទួលបានប៉ុណ្ណឹង គេទូទាត់អត្ថប្រយោជន៍ គេទូទាត់តែសម្រាប់កិច្ចសន្យាកំណត់ប៉ុន្មានហ្នឹងទេ»។

លោក សយ ចន្ធូ បានសំណូមពរដល់អ្នកបញ្ជារទិញ ជួយ​ជំរុញ​ទៅ​ថៅកែរោងចក្រ ឱ្យ​ដោះស្រាយសំណងដល់កម្មករនិយោជិតដែលមានកិច្ចសន្យាការងាររយៈវែង តាំងពីរោងចក្រមិនទាន់ដូរឈ្មោះ[រោងចក្រនេះមាន​ឈ្មោះ​ដើម រីជេនហ៊្វូតវែរ]។ លោក​ក៏​បានសំណូមពរដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធ តាមដានពីការប្រកាសក្ស័យធនរបស់រោងចក្រអ.ជីហ៊ូតវែរថាតើជាការក្ស័យធន់ពិតប្រាកដឬយ៉ាងណា។

លោក ចន្ធូ ឱ្យដឹងបន្ថែមថា រោចក្រអ.ជី ហ្វ៊ូតវែរ នៅកំពុងដំណើរការរោងចក្រផ្សេងទៀតដែលជាសាខារបស់ខ្លួន ហើយរោងចក្រសាខានោះកំពុងរើសកម្មករពីរោចក្រ អ.ជី ចូលធ្វើការ ខណៈការរើសកម្មករ​ចូល​ធ្វើ​ការនេះ ក៏មានការរើសអើងមិនឱ្យសហជីពឯករាជ្យចូលធ្វើការឡើយ។

ប្រធាន​សហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ជុំវិញករណីរោងចក្រ អ.ជី ហ៊្វូតវែរ ថា៖ «អត្ថប្រយោជន៍ដែលទទួលបានតែ៤ចំណុចទេក្នុងចំណោម៥ ហើយក្នុងហ្នឹងប្រាក់បណ្ដេញចេញតាមមាត្រា៩១ អត់បានទេ។ មាត្រា៩១ហ្នឹងលុយវាច្រើន ហើយក្រៅពីហ្នឹងមាត្រាផ្សេងៗទៀតលុយតិចៗហ្នឹង។ ខ្ញុំគិតថា ការសម្រេច​វាបានតែមួយផ្នែក ហើយវាមិនអស់ចិត្តកម្មករដោយសារតាមច្បាប់ កាលណាបើក្រុមហ៊ុនបិទដោយកំហុស​របស់ខ្លួនឯង ហើយនៅក្នុងកំហុសខ្លួនឯង​ទោះបីក្រុមហ៊ុនក្ស័យធន ទោះបីក្រុមហ៊ុនបិទដោយឆេះភ្លើង ឬក៏ដោយមូលហេតុអីក៏ដោយឱ្យតែមិនមានហេតុផលសមរម្យបានន័យថា វាមិនអាចទទួលយកបាន[…]ក្ស័យធន់អីលឿនយ៉ាងហ្នឹង អត់ទាន់ដំណើរការតាមនីតិវិធី អ៊ីចឹងខ្ញុំគិតថា វានៅតែជាកំហុស»។

លោក កត្តា អ៊ន អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍​ថា​ ការ​សម្រេច​នេះ គឺ​ផ្អែក​ទៅ​លើ​ច្បាប់​ និង​​មិន​មាន​ដំណោះស្រាយ​​អ្វីហួស​ពី​សេចក្តីជូនដំណឹង​​ដែលច្បាប់​ការងារ​បានកំណត់នោះ​ទេ និង​សំណូមពរ​ឱ្យកម្មករ​និយោជិតទទួលយក​ដំណោះស្រាយ​នេះ។

លោកថា៖ «ការដោះស្រាយអ្វីក៏ដោយ គឺឈរនៅលើច្បាប់ការងារ​ ចឹងក្នុងករណីបងប្អូន​ធ្វើការងារតាម​កិច្ចសន្យា​និងការកំណត់យើងទទួលបានតែ ៣ចំណុចទេ […] កន្លងមកនេះ ​ក៏យើងរោងចក្រវ៉ាយ&ដាប់បែលយូ​ ក៏​បាន​ឯក​ភាព​​ដោះស្រាយតាម​ច្បាប់ការងារ ដែល​នេះជាគំរូមួយ​ដ៏ល្អ»​។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាង​រោងចក្រ Y&W និង R.G Footwear បានទេនៅថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល អស់ទាំងស្រុង​ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ និង​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​កម្មករនិយោជិតចំនួន ២ ២០៥នាក់ ដែលកំពុងបំពេញការងារ៕