ក្រសួងកសិកម្មកម្ពុជា ឱ្យដឹងថា តុលាការអាមេរិក បានសម្រេចលើកលែងការចោទប្រកាន់ទៅលើមន្ត្រីកសិកម្មកម្ពុជាមួយរូប គឺលោក គ្រី ម៉ះផល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។
លោក គ្រី ម៉ះផល ជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ត្រូវបានអាជ្ញាធរអាមេរិក ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ ក្នុងពេលលោកកំពុងរងចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពី អនុសញ្ញាពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកម្ពុជា ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គ្រី ម៉ះផល ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿង សមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិកនោះទេ។
ក្រសួងបញ្ជាក់ថា៖ «ការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក គឺជាយុត្តិធម៌ដែលតុលាការអាមេរិកផ្តល់ដល់លោក គ្រី ម៉ះផល។ នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន»។
ក្រសួងកសិកម្មកម្ពុជា បន្តថា ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជា ក្នុងរឿងជំនួញសត្វស្វាក្តាម តែងតែបានធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ និងផ្អែកតែលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ។ ក្រសួងបន្ថែមថា មកទល់ពេលនេះ សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពីកម្ពុជា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះ ក្រសួងកសិកម្មកម្ពុជា ក៏បានថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលចោទប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូល បានដោយការស៊ើបអង្កេតមិនត្រឹមត្រូវ លាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិ ក្នុងការអនុវត្តច្បាប់ឆ្លងដែន។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លោកស្រី អ៊ឹម រចនា បានបដិសេធអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ខណៈគេហទំព័រ Newsroom Cambodia ក៏មិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានផងដែរ។
នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា លោកហេង គឹមហុង មានប្រសាសន៍ថា ជារឿងល្អមួយ ដែលតុលាការអាមេរិក បានធ្វើការសិក្សាស្រាវជ្រាវ វិភាគ និងស៊ើបអង្កេត ហើយបានផ្តល់នូវយុត្តិធម៌ និងភាពស្អាតស្អំដល់មន្ត្រីកម្ពុជា ក្នុងសំណុំរឿងនេះ។
លោកថា៖ «នេះក៏ជាការស្វែងយល់មួយល្អដែរ ដែលធើ្វឱ្យអាជ្ញាធរកម្ពុជាអាចសប្បាយចិត្ត ដោយសារតែបានរកឃើញនូវភាពស្អាតស្អំរបស់ខ្លួន តាមរយៈនីតិវិធីតុលាការរបស់អាមេរិក។ ជាមួយគ្នានោះដែរ ខ្ញុំក៏សូមសំណូមពរ និងអំពាវនាវឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ដែរ ក្នុងការទប់ស្កាត់ការជួញដូរសត្វស្វា សត្វព្រៃ ព្រៃឈើដែលផ្ទុយអំពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គួរតែត្រូវបានសិក្សាឱ្យបានស៊ីជម្រៅ ហើយស្វែងយល់ជាពិសេសគឺឈានទៅរកការទប់ស្កាត់ការនាំចេញ និងការលួចរត់ពន្ធដោយខុសច្បាប់របស់ពួកឧក្រិដ្ឋកម្ម ពួកឧក្រិដ្ឋករ អីចឹងជុំវិញករណីនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីយុតិ្តធម៌សង្គម»។ បើតាមក្រសួងកសិកម្ម រយៈពេលជាង ១ឆ្នាំ៤ខែ ដែលលោក គ្រី ម៉ះផល ត្រូវបានតុលាការអាមេរិក បង្ខាំងមិនឱ្យចេញពីទឹកដីអាមេរិក ដោយសាររឿងក្តីក្តាំមួយនេះ បើទោះជាលោកត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំកាលពីអំឡុងខែធ្នូ ឆ្នាំ២០២២។ ក្រសួងបន្តថា ក្រោយការប្រកាសថាគ្មានទោស លោកគ្រី ម៉ះផល បានធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤៕