ក្រសួងកសិកម្មកម្ពុជា ឱ្យដឹងថា តុលាការ​អាមេរិក បានសម្រេចលើកលែងការចោទប្រកាន់ទៅលើមន្ត្រីកសិកម្មកម្ពុជាមួយរូប គឺលោក គ្រី ម៉ះផល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងសំណុំរឿងសមគំនិត​ក្នុងការ​រត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។

លោក គ្រី ម៉ះផល ជាប្រធាន​នាយកដ្ឋាន​សត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ត្រូវបាន​អាជ្ញាធរអាមេរិក ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយាន​ដ្ឋាន​អន្តរជាតិ ចន អេហ្វ ក្នុងពេលលោកកំពុងរងចាំបន្តដំណើរ​ទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពី អនុសញ្ញាពាណិជ្ជកម្ម​អន្តរជាតិ លើប្រភេទ​សត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកម្ពុជា ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គ្រី ម៉ះផល ត្រូវបានតុលាការ​រដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចថាគ្មានទោស​ដូច​ការ​ចោទប្រកាន់​នៅក្នុងសំណុំរឿង សមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក​នោះទេ។

ក្រសួងបញ្ជាក់ថា៖ «ការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆ​ជាតិ និង​សត្វ​ព្រៃអា​មេរិក គឺជាយុត្តិធម៌​ដែល​តុលាការ​អាមេរិកផ្តល់ដល់លោក គ្រី ម៉ះ​ផល។ នេះ​ស​​រប​ញ្ជាក់​ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន»។

ក្រសួងកសិកម្មកម្ពុជា បន្តថា ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជា ក្នុងរឿងជំនួញសត្វស្វាក្តាម តែង​តែបានធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ និងផ្អែកតែលើការអះអាងរបស់បុគ្គល ឬបុគ្គលិក​អង្គការ​ក្រៅរដ្ឋាភិបាល​ខ្លះ។ ក្រសួងបន្ថែមថា មកទល់ពេលនេះ សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពីកម្ពុជា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និង​អនុសញ្ញាអន្តរជាតិ​យ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ ក្រសួងកសិកម្មកម្ពុជា​ ក៏​បាន​ថ្កោ​ល​ទោស​ចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិ និង​​សត្វព្រៃអាមេរិក ដែលចោទ​ប្រកាន់ខុសលើមន្ត្រីកម្ពុជា តាម​រយៈ​ភស្តុតាង​ដែល​ប្រមូល បាន​ដោយ​ការ​ស៊ើប​អង្កេត​មិន​ត្រឹម​ត្រូវ លាក់​បាំង​ពីអាជ្ញាធរ​កម្ពុជា និង​ពុំគោរព​តាម​ឧត្តមានុវត្តអន្តរ​ជាតិ ក្នុង​ការ​អនុវត្តច្បាប់​ឆ្លង​ដែន។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លោកស្រី អ៊ឹម រចនា បានបដិ​សេធ​​​អត្ថា​ធិប្បាយ​បន្ថែម​​ជុំវិញករណីនេះ ខណៈ​គេហទំព័រ Newsroom Cambodia ក៏​​មិន​អាច​សុំ​ការអត្ថាធិប្បាយពីមន្ត្រីតំណាង​ស្ថាន​ទូតអាមេរិកប្រចាំនៅកម្ពុជា បាន​ផងដែរ។

នាយក​ប្រតិបត្តិ​បណ្តាញ​យុវជន​កម្ពុជា លោកហេង គឹមហុង មានប្រសាសន៍​ថា ជារឿងល្អមួយ ដែល​តុលាការ​អាមេរិក បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ វិភាគ និង​ស៊ើបអង្កេត​ ហើយ​​បាន​ផ្តល់​នូវ​យុត្តិ​​ធម៌ និងភាពស្អាតស្អំដល់​​​មន្ត្រីកម្ពុជា ក្នុងសំណុំរឿងនេះ។   

លោក​ថា៖ «នេះក៏ជា​ការ​ស្វែង​យល់​មួយ​ល្អដែរ ដែល​ធើ្វឱ្យ​អាជ្ញាធរ​កម្ពុជា​អាច​សប្បាយ​ចិត្ត ដោយសារ​តែបាន​រកឃើញនូវ​ភាព​​ស្អាត​ស្អំ​របស់​ខ្លួន​​ តាម​រយៈ​នីតិ​វិធី​តុលាការ​របស់​អាមេរិក​។ ជាមួយគ្នានោះដែរ ខ្ញុំ​​ក៏សូម​សំណូមពរ និង​​អំពាវនាវឱ្យ​អ្នកពាក់ព័ន្ធយកចិត្តទុក​ដាក់​ខ្ពស់​ដែរ ក្នុងការ​​ទប់ស្កាត់​ការជួញដូរសត្វស្វា សត្វព្រៃ ព្រៃឈើដែលផ្ទុយអំ​ពីច្បាប់នៃ​ព្រះរាជាណាចក្រកម្ពុជា គួរតែត្រូវបានសិក្សា​ឱ្យ​បាន​​ស៊ីជម្រៅ​ ហើយ​ស្វែងយល់ជាពិសេសគឺឈានទៅរកការទប់ស្កាត់​ការនាំចេញ និងការលួចរត់​ពន្ធដោយ​ខុសច្បាប់របស់ពួកឧក្រិដ្ឋកម្ម​ ពួក​ឧក្រិដ្ឋករ អីចឹង​ជុំវិញ​ករ​ណីនេះ ជាការ​​ឆ្លុះបញ្ចាំង​ឱ្យ​​​ឃើញពី​​យុតិ្ត​ធម៌សង្គម​»។ បើតាមក្រសួងកសិកម្ម រយៈពេលជាង ១ឆ្នាំ៤ខែ ដែល​​លោក គ្រី ម៉ះផល ត្រូវ​បានតុលាការអាមេរិក ​បង្ខាំង​មិន​ឱ្យចេញពីទឹកដីអាមេរិក ដោយសាររឿងក្តីក្តាំមួយ​នេះ បើទោះជាលោក​ត្រូវបាន​តុលាការ​អនុញ្ញាតឱ្យនៅក្រៅឃុំកាលពីអំឡុងខែធ្នូ ឆ្នាំ​២០២២។ ក្រសួងបន្តថា ក្រោយការ​ប្រកាសថាគ្មានទោស ​លោកគ្រី ម៉ះផល ​បានធ្វើដំណើរត្រឡប់​មក​ដល់ប្រទេសកម្ពុជាវិញ ​នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤៕