ភ្នំពេញ៖ កម្ពុជា និងឡាវ ប្តេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុង​ដំណើរ​​​ទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងនោះ មេដឹកនាំនៃប្រទេសទាំងពីរបាន​ពិភាក្សាលើ​សហប្រតិបត្តិ​ការ​​ក្នុងវិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចការ​ព្រំដែន ក្នុងជំនួបផ្លូវការរវាងប្រទេសទាំងពីរ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួង​​​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ​​ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និង ប្រធានាធិបតីឡាវ លោក Thongloun Sisoulith​ បានឯកភាពបន្តពង្រឹង​​វិស័យសន្តិសុខ និងការពារជាតិ ដោយជំរុញអាជ្ញាធរ​ប្រទេស​​​ទាំងពីរ​​ឱ្យបន្តរក្សា​សន្តិសុខតាមព្រំដែន​ដោយ​ផ្អែកលើ​ច្បាប់ និងកិច្ចព្រមព្រៀងនានា។ បន្ថែមពីនេះ​ មេដឹកនាំនៃប្រទេសទាំងពីរ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំង និងអាជ្ញាធរ​ពាក់ព័ន្ធ តាមរយៈ ការផ្លាស់ប្តូរ​ព័ត៌មានគ្នាជាប្រចាំ និងរួមគ្នាចាត់វិធានការឱ្យបានទាន់ពេលប្រឆាំងនឹងសកម្មភាព ដែល​អាច​បង្ក​អស្ថិរភាព​ដល់​នយោបាយ និង​សន្តិសុខជាតិ ជាពិសេសការបទល្មើសឆ្លងដែន ដូចជា ការរត់ពន្ធ និងជួញ ដូរគ្រឿងញៀន និងមនុស្ស​ឆ្លងដែន​ជាដើម។

ជាមួយគ្នាផងដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចការងារសីមាព្រំដែនដែលសម្រេចបាន ៨៦% និងបាន​ប្ដេជ្ញា​បន្តប្រឹងប្រែងដោះស្រាយការងារសេសសល់ឱ្យបានឆាប់ចប់។

សេចក្កី​​ប្រកាសព័ត៌មាន​បញ្ជាក់​ថា៖ «នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាសាក្សីលើការផ្លាស់ប្តូរលិខិតបករណ៍នៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ​កម្ពុជា-ឡាវ ដែល​បានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ និងការចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័ននេះ សម្រាប់ការ​អនុវត្ត​​ឱ្យមាន ប្រសិទ្ធភាព ដើម្បីរួមចំណែកដល់កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរ»​។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និង ប្រធានាធិបតីឡាវ លោក Thongloun Sisoulith ក៏បានពិភាក្សាលើ​សហប្រតិបត្តិការក្នុងវិស័យ​ជា​ច្រើន​​​​ទៀត​​រួមមាន នយោបាយ ពាណិជ្ជកម្ម និងវិនិយោគ ថាមពល សាធារណការ​ និងដឹក​ជញ្ជូន ទេសចរណ៍ អប់រំ និងកិច្ចសហប្រតិបត្តិការ​ក្នុងក្របខ័ណ្ឌពហុភាគី និងបានឯកភាពគ្នាលើវិធានការជាច្រើន​សំដៅ​ធានា​សុខសន្តិភាព​សម្រាប់​ប្រទេសទាំងពីរ។​

គួរកត់សម្គាល់ថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្ពុជានិងឡាវបានចុះហត្ថលេខាលើកំណត់​ហេតុស្តីពីកិច្ចសហប្រតិបត្តិ​ការសម្រាប់​ឆ្នាំ២០២៤ ទាក់ទងនឹងការបន្តបង្រាបបទល្មើសឆ្លងដែន និងសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន រវាងរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាផងដែរ៕