លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានខ្លាំងៗថា អាចនឹងឈានដល់ការដកហូតតំណែងចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលត្រូវបានរកឃើញមានការជាប់ពាក់ព័ន្ធជាមួយសកម្មភាពទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅតាមមូលដ្ឋាននានា។
ការព្រមាននេះ ធ្វើឡើងនៅក្នុងឱកាសសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន មាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ក៏មិនខុសពីនីតិកាលចាស់នោះទេ ពោលគឺនៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិពីសំណាក់មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ត្រូវពង្រឹងការអនុវត្តច្បាប់ បន្តការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅលើអ្នកបំពាន។ […] សូមឱ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានការពាក់ព័ន្ធទៅលើកិច្ចការងារនេះ ព្រោះត្រូវប្រឈមជាមួយវិធានការអនុវត្តច្បាប់ ហើយអាចឈានទៅដល់ការបញ្ចប់តួនាទី ឬមួយក៏ការដកក្របខ័ណ្ឌចេញ ប្រសិនមានការប្រព្រឹត្តធ្ងន់ធ្ងរដោយមិនលើកលែង។ សូមរួមគ្នាថែរក្សា និងអនុវត្តច្បាប់យ៉ាងបានម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តខុស អត់លើកលែងទេ»។
លោក ហ៊ុន ម៉ាណែត សង្កេតឃើញថា ក្នុងចំណោមស្រុក ក្រុងទាំង២០៩នៅទូទាំងប្រទេស មានប្រហែល១០ក្រុងស្រុកប៉ុណ្ណោះ ដែលជាតំបន់ក្ដៅខ្លាំងក្នុងការទន្ទ្រានដីព្រៃដោយខុសច្បាប់នេះ។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មានសេនារីយោចំនួន២ ដែលកន្លងមកអភិបាលក្រុង ស្រុក អនុវត្តមិនជោគជ័យ គឺមិនសូវសកម្ម និងសកម្មដែរតែគីឡូមិនគ្រប់ ឬអ្នកដែលមកទន្ទ្រានដីរដ្ឋមានឥទ្ធិពលជាង។
ក្នុងន័យនេះ លោកថា៖ «បញ្ហានេះជាតំបន់ក្ដៅ មុខព្រួញក្ដៅ ត្រូវរើសមេទ័ពដែលខ្លាំង មេទ័ពដែលហ៊ានអារកាត់ មេទ័ពដែលអាចដឹកនាំ។ អ៊ីចឹងនៅតំបន់ក្ដៅដាច់ខាតត្រូវការតែងតាំង ផ្លាស់ប្ដូរថែមទៀត ត្រូវគិតគូរអំពីប្រសិទ្ធភាពនៃការដោះស្រាយបញ្ហា។ នៅតាមបណ្ដាតំបន់ក្ដៅ ដែលត្រូវមើលបើកន្លែងហ្នឹងរឿងដដែលៗ ត្រូវពិនិត្យយន្ដការនៃការអនុវត្ត ជាពិសេសមេទ័ពតែម្ដង[អភិបាលក្រុង ស្រុក]។ ការតែងតាំង ឬការផ្លាស់ប្ដូរត្រូវធ្វើទៅតាមពេលវេលាដែលចាំបាច់ តាមស្ថានភាព និងតម្រូវការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាព និងកាតព្វកិច្ចរបស់យើង»។
ថ្លែងនៅក្នុងឱកាសដដែលនោះ លោកនាយករដ្ឋមន្ត្រីបានដាក់ចេញនូវវិធានការថ្មី ដោយប្រគល់ការទទួលខុសត្រូវលើការងារបង្ការ ទប់ស្កាត់បទល្មើសនេះ ទៅគណៈអភិបាលក្រុងស្រុក តែម្ដង ហើយប្រសិនបើអនុវត្តមិនមានប្រសិទ្ធភាពទេនោះ លោកនឹងពិចារណាក្នុងការផ្លាស់ប្ដូរ ឬតែងតាំងអភិបាលក្រុងស្រុកថ្មីតែម្តង។
លោកក៏បានគូសបញ្ជាក់បន្ថែមទៀតដែរថា ក្រៅពីគណៈអភិបាលក្រុងស្រុក ដែលនៅជាប់មូលដ្ឋាននោះ គណៈអភិបាលខេត្ត ក៏ត្រូវតែជួយគាំទ្រ និងចាត់កម្លាំងដោះស្រាយបញ្ហានេះ ពោលគឺត្រូវទទួលខុសត្រូវតាំងពីថ្នាក់ក្រោម ដល់ថ្នាក់លើ ហើយក្នុងករណីថ្នាក់ខេត្តនៅតែទប់មិនជាប់ទៀត ត្រូវស្នើសុំថ្នាក់ជាតិដោះស្រាយបន្ទាន់ ឬត្រូវរាយការណ៍មកកាន់នាយករដ្ឋមន្ដ្រីតែម្ដង។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យដាក់កម្លាំងថ្នាក់ជាតិប្រមាណ ៥០០នាក់ ដើម្បីចុះប្រតិបត្តិការឃ្លុំដីនៃតំបន់ក្តៅនៅខេត្តពោធិ៍សាត់ ក្នុងនោះមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៥០នាក់ អគ្គស្នងការនគរបាលជាតិចំនួន ២៥០នាក់ និងកម្លាំងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ៧៨៦នាក់។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia ថាមិនថាអ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិជាជនស៊ីវិល ឬមន្ត្រីរាជការនោះទេ គឺនឹងមិនអាចគេចផុតពីការទទួលខុសត្រូវផ្លូវច្បាប់បានឡើយ។
លោកថា៖ «ប្រសាសន៍របស់រាជរដ្ឋាភិបាលបានបញ្ជាក់មកច្បាស់ ចំពោះអ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ មិនមានការលើកលែងទេ ទោះជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឱ្យតែប្រព្រឹត្តិខុសច្បាប់ ទៅរុករានដីព្រៃមកធ្វើជាកម្មសិទ្ធិ គឺមិនអាចគេចផុតពីការដាក់ទោសទណ្ឌនោះទេ។ […] ជាពិសេសនោះគឺប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ហើយថា នឹងឈានទៅដល់ការបញ្ចប់មុខតំណែង និងដកតួនាទី»។
លោកបានបន្ថែមទៀតថា ទីតាំងភូមិសាស្ត្រនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញនៃខេត្តពោធិ៍សាត់ជាទីតាំងក្តៅគគុកជាងគេ ហើយកងកម្លាំងបានចុះធ្វើសកម្មភាពឃ្លុំដីបានមកជាបន្តបន្ទាប់ និងឃាត់ខ្លួនជនល្មើសបានជាច្រើននាក់ផងដែរ។
លោកថា៖ «កងកម្លាំងបានចុះប្រតិបត្តិការដ៏ក្តៅគគុកមួយនៅក្នុងទីតាំងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលគិតចាប់តាំងពីពេលចាប់ផ្តើមមក កងកម្លាំងបានឃ្លុំដីប្រមាណជិតមួយម៉ឺនហិកតា ឃាត់បានជនល្មើសប្រមាណ ៣០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១២ករណី និងមានការដកហូតវត្ថុតាងជាច្រើនរួមមាន ខ្ទម កាំបិត និងសម្ភារៈផ្សេងៗទៀត ដែលជនបង្កបានប្រើប្រាស់នៅក្នុងការប្រព្រឹត្តិសកម្មភាពខុសច្បាប់បំផ្លាញធនធានធម្មជាតិ។ […] ក្នុងករណីដែលមានជាប់ពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ តុលាការនឹងធ្វើការសម្រេចក្រោយពីមានការបញ្ជូនសំណុំរឿងទៅ»។
ទាក់ទិននឹងករណីដដែលនេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏ធ្លាប់បានថ្លែងដែរថា រាល់ការចាប់បានជនល្មើសគឺត្រូវតែអនុវត្តច្បាប់ ដោយសារតែទំហំនៃការខូចខាតគឺធ្ងន់ធ្ងរខ្លាំង មិនអាចមានការយោគយល់បានទេ។
លោក ហេង គីមហុង នាយកប្រតិបត្តិអង្គការបណ្តាញយុវជនកម្ពុជា បានសាទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនៅក្នុងការចាត់ការទៅលើមន្ត្រីខិលខូច ទាក់ទងនឹងការលួចទន្ទ្រានដីកម្មសិទ្ធិរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជនបែបនេះ។ លោកកត់សម្គាល់ឃើញថា កន្លងមក មានមន្ត្រីមួយចំនួនដែលមានតួនាទីផ្សេងៗ ខ្លះមានទៅជាប់ជំពាក់វាក់វិនទៅនឹងការបំផ្លាញធនធានធម្មជាតិ និងបទល្មើសព្រៃឈើជាហូរហែរ។
លោកថា៖ «មន្ត្រីហ្នឹងជាអ្នកដែលដឹងច្បាប់ទម្លាប់ ដឹងអីច្រើនជាងពលរដ្ឋទូទៅ អ៊ីចឹងបើមានមន្ត្រីទៅពាក់ព័ន្ធបែបហ្នឹង វាមិនមានជាការបង្ហាញពីគំរូភាពទៅដល់សាធារណជនឱ្យពួកគេមានការគោរពច្បាប់ទម្លាប់ដែរហ្នឹង ពួកគាត់គួរតែជាបុគ្គលគំរូនៅក្នុងការគោរពទៅតាមច្បាប់នៅក្នុងការថែរក្សាទ្រព្យសម្បត្តិ និងធនធានធម្មជាតិជាតិ»។
លោក ហេង គីមហុង បន្ថែមថា ការទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះ ត្រូវតែធ្វើឡើងជាប្រចាំ និងញឹកញាប់ ដោយមិនមានការលើកលែងទាំងអ្នកប្រព្រឹត្តបទល្មើស និងបុគ្គល ឬក្រុមណាដែលនៅពីខាងក្រោយសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនេះ។
លោកថា៖ «ខ្ញុំយល់ថា ដល់ពេលហើយដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវចាត់វិធានការយ៉ាងមុតមាំ ចំពោះក្រុមអ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ច្រើនឆ្នាំមកនេះ បញ្ហាធនធានធម្មជាតិក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ ដោយសារតែវាកើតឡើងដដែលៗនៅក្នុងរយៈពេលវែង ហើយព្រៃឈើចេះតែបន្តបាត់បង់បន្តិចម្តងៗជារៀងរាល់ថ្ងៃ»៕