លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ ម៉ាណែត បាន​ព្រមាន​ខ្លាំងៗ​ថា ​​អាច​នឹងឈានដល់​ការ​ដក​ហូត​តំណែងចំពោះ​​មន្ត្រី​​រាជ​​ការ​ ​និង​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុ​ធ​​​ទាំង​​ឡាយ​​ណា​ ​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ការ​ជាប់ពាក់​ព័ន្ធ​​ជាមួយ​​សកម្មភាព​​ទន្ទ្រាន​​ដី​​ព្រៃ​របស់​​រដ្ឋ ធ្វើ​​ជា​កម្ម​​សិទ្ធិ​​ដោយ​​ខុស​ច្បាប់​​នៅ​​តាម​​មូល​​ដ្ឋាន​​នានា។

ការព្រមាន​​នេះ ធ្វើ​ឡើង​នៅក្នុង​ឱកាស​សម្ពោធ​ឆ្លង​ព្រះ​បទុម​ចេតិយ និង​សមិទ្ធ​ផល​នានា នៅវត្តមណីរត​នា​រាម ក្នុងខេត្តពោធិ៍សាត់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន មាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ក៏មិនខុសពីនីតិកាល​ចាស់​នោះ​ទេ ពោល​គឺ​នៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងការ​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ យក​មក​ធ្វើ​ជាកម្មសិទ្ធិពីសំណាក់មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ​។

លោក​មានប្រសាសន៍ថា៖​ «ត្រូវពង្រឹង​ការ​អនុវត្ត​ច្បាប់ បន្តការអនុវត្តច្បាប់ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅលើអ្នកបំពាន។ […] សូមឱ្យ​មន្ដ្រី​រាជ​ការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យ​មាន​ការ​ពាក់​ព័ន្ធ​ទៅ​លើ​កិច្ចការ​ងារ​នេះ ព្រោះត្រូវប្រឈមជាមួយវិធានការអនុវត្តច្បាប់ ហើយ​អាចឈានទៅដល់ការបញ្ចប់តួនាទី ឬ​មួយ​​ក៏​ការ​ដក​ក្របខ័ណ្ឌចេញ ប្រសិនមានការប្រព្រឹត្តធ្ងន់ធ្ងរដោយមិនលើកលែង។ សូមរួមគ្នាថែរក្សា និងអនុវត្តច្បាប់យ៉ាងបានម៉ឺងម៉ា​ត់ចំពោះអ្នកប្រព្រឹត្តខុស អត់លើកលែងទេ»

លោក​ ហ៊ុន ម៉ាណែត សង្កេតឃើញថា ក្នុងចំណោមស្រុក ក្រុងទាំង២០៩នៅទូទាំងប្រទេស មានប្រហែល​១០ក្រុង​ស្រុកប៉ុណ្ណោះ ដែលជាតំបន់ក្ដៅខ្លាំងក្នុងការទន្ទ្រានដីព្រៃដោយខុសច្បាប់នេះ។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មានសេនារីយោចំនួន២ ដែលកន្លងមកអភិបាល​ក្រុង ស្រុក អនុវត្ត​មិន​ជោគ​ជ័យ គឺ​មិន​សូវ​សកម្ម និងសកម្មដែរតែគីឡូមិនគ្រប់ ឬអ្នកដែលមកទន្ទ្រានដីរដ្ឋ​មានឥទ្ធិពល​ជាង។

ក្នុងន័យនេះ លោកថា៖ «បញ្ហានេះ​ជាតំបន់ក្ដៅ មុខព្រួញក្ដៅ ត្រូវរើសមេទ័ពដែលខ្លាំង មេទ័ពដែលហ៊ាន​អារ​កាត់ មេទ័ពដែលអាចដឹកនាំ។ អ៊ីចឹងនៅតំបន់ក្ដៅដាច់ខាតត្រូវការតែង​តាំង ផ្លាស់ប្ដូរថែមទៀត ត្រូវគិតគូរអំពីប្រសិទ្ធភាពនៃការដោះស្រាយបញ្ហា។ នៅតាមបណ្ដាតំបន់ក្ដៅ ដែលត្រូវមើលបើកន្លែង​ហ្នឹងរឿង​ដដែលៗ ត្រូវពិនិត្យយន្ដការនៃការអនុវត្ត ជាពិសេសមេទ័ពតែម្ដង[អភិបាលក្រុង ស្រុក]។ ការតែងតាំង ឬការផ្លាស់ប្ដូរត្រូវធ្វើទៅតាមពេលវេលាដែលចាំបាច់ តាមស្ថានភាព និងតម្រូវការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាព និងកាតព្វកិច្ចរបស់យើង»

ថ្លែងនៅក្នុងឱកាសដដែលនោះ លោកនាយករដ្ឋមន្ត្រីបានដាក់ចេញនូវវិធានការថ្មី ដោយប្រគល់ការទទួលខុសត្រូវលើការងារបង្ការ ទប់ស្កាត់បទល្មើសនេះ ទៅគណៈអភិបាលក្រុងស្រុក តែម្ដង ហើយប្រសិនបើអនុវត្តមិនមានប្រសិទ្ធភាពទេនោះ លោកនឹងពិចារណាក្នុងការផ្លាស់ប្ដូរ ឬតែងតាំងអភិបាលក្រុងស្រុកថ្មីតែម្តង។

លោកក៏បានគូសបញ្ជាក់បន្ថែមទៀតដែរថា ក្រៅពីគណៈអភិបាលក្រុងស្រុក ដែលនៅ​ជាប់មូលដ្ឋាននោះ គណៈអភិបាល​ខេត្ត ក៏​ត្រូវតែជួយគាំទ្រ និងចាត់កម្លាំងដោះស្រាយបញ្ហានេះ ពោលគឺ​ត្រូវទទួលខុសត្រូវតាំងពីថ្នាក់​ក្រោម ដល់ថ្នាក់​លើ ហើយក្នុងករណីថ្នាក់ខេត្តនៅតែទប់មិនជាប់ទៀត ត្រូវស្នើសុំថ្នាក់​ជាតិ​ដោះស្រាយ​​បន្ទាន់ ឬត្រូ​​​វរាយការណ៍មកកាន់នាយករដ្ឋមន្ដ្រីតែម្ដង។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យ​ដាក់កម្លាំងថ្នាក់ជាតិប្រមាណ ៥០០នាក់ ដើម្បីចុះប្រតិបត្តិការឃ្លុំដីនៃតំបន់ក្តៅនៅខេត្តពោធិ៍សាត់ ក្នុងនោះមាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៥០នាក់ អគ្គស្នងការនគរបាលជាតិចំនួន ២៥០នាក់ និង​​កម្លាំងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ៧៨៦នាក់។​

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia ថាមិនថាអ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិជាជនស៊ីវិល ឬមន្ត្រីរាជការនោះទេ គឺនឹងមិនអាចគេចផុតពីការទទួលខុសត្រូវផ្លូវច្បាប់បានឡើយ។

លោក​ថា៖ «ប្រសាសន៍របស់រាជរដ្ឋាភិបាលបានបញ្ជាក់មកច្បាស់ ចំពោះអ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ មិនមានការលើកលែងទេ ទោះជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឱ្យ​តែប្រព្រឹត្តិខុសច្បាប់​ ទៅរុករានដីព្រៃមកធ្វើជាកម្មសិទ្ធិ គឺមិនអាចគេចផុតពីការដាក់ទោសទណ្ឌនោះទេ។ […] ជាពិសេសនោះគឺប្រមុខរាជរដ្ឋា​ភិបាលបានបញ្ជាក់ច្បាស់ហើយថា នឹងឈានទៅដល់ការបញ្ចប់មុខតំណែង និងដក​តួនាទី​»។

លោកបានបន្ថែមទៀតថា ទីតាំងភូមិសាស្ត្រនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញនៃខេត្តពោធិ៍សាត់ជាទីតាំងក្តៅគគុកជាងគេ ហើយកងកម្លាំងបានចុះធ្វើសកម្មភាពឃ្លុំដីបានមកជាបន្តបន្ទាប់ និងឃាត់ខ្លួនជនល្មើសបានជាច្រើននាក់ផងដែរ។

លោកថា៖ «កងកម្លាំងបានចុះប្រតិបត្តិការដ៏ក្តៅគគុកមួយនៅក្នុងទីតាំងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលគិតចាប់តាំងពីពេលចាប់ផ្តើមមក កងកម្លាំងបានឃ្លុំដីប្រមាណជិតមួយម៉ឺន​ហិកតា ឃាត់​បាន​ជនល្មើសប្រមាណ​ ៣០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១២ករណី និងមានការដកហូតវត្ថុតាងជាច្រើនរួមមាន ខ្ទម កាំបិត និងសម្ភារៈផ្សេងៗទៀត ដែលជនបង្កបានប្រើប្រាស់នៅក្នុងការប្រ​ព្រឹត្តិ​សកម្មភាពខុសច្បាប់បំផ្លាញធនធានធម្មជាតិ។ […] ក្នុងករណីដែលមានជាប់ពាក់ព័ន្ធនឹងកងកម្លាំង​ប្រដាប់​អាវុធ និងមន្ត្រីរាជការ តុលាការនឹងធ្វើការសម្រេចក្រោយពីមានការបញ្ជូនសំណុំរឿងទៅ»។

ទាក់ទិននឹងករណីដដែលនេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏ធ្លាប់បានថ្លែងដែរថា រាល់ការចាប់បានជនល្មើសគឺត្រូវតែអនុវត្តច្បាប់ ដោយសារតែទំហំនៃការខូចខាតគឺធ្ងន់ធ្ងរខ្លាំង មិនអាចមានការយោគយល់បានទេ។

លោក ហេង គីមហុង នាយកប្រតិបត្តិអង្គការបណ្តាញយុវជនកម្ពុជា បានសាទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនៅក្នុងការចាត់ការទៅលើមន្ត្រីខិលខូច ទាក់ទងនឹងការលួចទន្ទ្រានដីកម្មសិទ្ធិរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជនបែបនេះ។ លោកកត់សម្គាល់ឃើញថា កន្លង​មក មានមន្ត្រីមួយចំនួនដែលមាន​តួនាទីផ្សេងៗ ខ្លះមាន​ទៅ​ជាប់ជំពាក់​វាក់​វិន​ទៅ​នឹង​ការបំផ្លាញធនធានធម្មជាតិ និងបទល្មើសព្រៃឈើជាហូរហែរ។​

លោក​ថា៖ «មន្ត្រីហ្នឹងជាអ្នកដែលដឹងច្បាប់ទម្លាប់ ដឹងអីច្រើនជាងពលរដ្ឋទូទៅ អ៊ីចឹងបើមានមន្ត្រីទៅពាក់ព័ន្ធបែបហ្នឹង វាមិនមានជាការបង្ហាញពីគំរូភាពទៅដល់សាធារណជនឱ្យ​​ពួក​គេមាន​ការ​គោរព​ច្បាប់​​ទម្លាប់​ដែរ​ហ្នឹង ពួក​គាត់​គួរ​តែ​ជា​បុគ្គល​គំរូនៅក្នុងការគោរពទៅតាមច្បាប់​នៅ​ក្នុងការ​ថែរ​ក្សាទ្រព្យសម្បត្តិ និងធនធានធម្មជាតិជាតិ»។

លោក ហេង គីមហុង បន្ថែមថា​ ការ​​ទ​ប់​​ស្កាត់​​បទ​​ល្មើស​​ធនធានធម្មជាតិនេះ ត្រូវតែធ្វើឡើងជាប្រចាំ​ និង​ញឹក​ញាប់ ដោយ​មិន​មានការលើកលែងទាំង​អ្នក​ប្រព្រឹត្តបទ​ល្មើស​ និង​​បុគ្គល ឬ​ក្រុម​ណាដែ​ល​នៅពីខាងក្រោយសកម្មភាព​បំផ្លិចបំផ្លាញធនធានធម្មជាតិនេះ។

លោកថា៖ «ខ្ញុំយល់ថា ដល់ពេលហើយដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវចាត់វិធានការយ៉ាងមុត​មាំ ចំពោះ​ក្រុមអ្នកប្រព្រឹត្តិបទ​ល្មើស​ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ច្រើនឆ្នាំមកនេះ បញ្ហា​ធនធានធម្មជាតិក្លាយ​ជាប្រធានបទដ៏គួរឱ្យ​ចាប់អារម្មណ៍ ដោយសារតែវាកើតឡើងដដែលៗនៅក្នុងរយៈពេលវែង ហើយព្រៃឈើចេះតែបន្តបាត់បង់បន្តិចម្តងៗជារៀងរាល់ថ្ងៃ»