គណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀន ស្នើដល់តុលាការទម្លាក់បទចោទ និងដោះលែងថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សខ្លួនជាង ១០នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងមានការឃុំខ្លួនបន្តបន្ទាប់ ក្នុងរយៈពេលជាង ១ឆ្នាំចុងក្រោយនេះ ដោយពួកគេចាត់ទុកករណីចាប់ខ្លួនទាំងនោះថាជាការរើសអើងនយោបាយ និងបានរឹតត្បិតសិទ្ធិនយោបាយ។
អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍នៅថ្ងៃទី១ ខែមេសានេះថា ការចាប់ខ្លួនលោក អ៊ំ វីរៈរដ្ឋ អគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ជាការរើសអើងផ្នែកនយោបាយ ដោយសារករណីចាប់ខ្លួននេះ ជាបណ្ដឹងចាស់ដែលកើតឡើងតាំងពីឆ្នាំ២០១៩។
លោកថា៖ «សម្រាប់រឿងរ៉ាវទាំងអស់ហ្នឹង គឺជារឿងរ៉ាវចាស់ៗជាបណ្ដឹងចាស់ក្នុងឆ្នាំ២០១៩អីមក។ល។ ប៉ុន្តែនៅក្នុងខែ៣កន្លងមកនេះ គឺមានការចាប់ខ្លួនថ្នាក់ដឹកនាំកំពូលរបស់គណបក្សកម្លាំងជាតិមួយរូប គឺលោក អ៊ំ វីរៈរដ្ឋ។ អ៊ំ វីរៈរដ្ឋ គឺអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយការដែលគេចាប់ខ្លួនហ្នឹង គឺសំអាងថាមានការឆ្លើយឆ្លងគ្នានៅក្នុងគ្រុបៗខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួនរបស់គណបក្សប្រឆាំងទាំងភ្លើងទៀនក្ដី ទាំងកម្លាំងជាតិក្ដី គឺមានលក្ខណៈរើសអើងនយោបាយ រើសអើងអ្នកជំទាស់ភាគច្រើន»។
លោកបានបន្តថា ការចោទប្រកាន់ទៅលើសមាជិកនិងថ្នាក់ដឹកនាំបក្សប្រឆាំងទាំងនោះ មិនមានភស្តុតាងជាក់ស្ដែង ហើយការចោទនេះមានលក្ខណៈនយោបាយដោយអ្នកដែលចុះចូលជាមួយបក្សកាន់អំណាច ត្រូវបានរួចផុតពីការចោទប្រកាន់។
លោកបន្ថែមថា៖ «ការចាប់ខ្លួននេះ បានខ្ញុំថាជាលក្ខណៈនយោបាយ ដោយសារតែនៅក្នុងសំណុំរឿងតែមួយទេ ប៉ុន្តែមានអ្នកខ្លះឡើងរដ្ឋលេខាធិការ អ្នកខ្លះឡើងទីប្រឹក្សាអ៊ីចឹងទៅ អត់ចាប់ខ្លួនទេ។ តែអ្នកខ្លះទៀត ដែលមិនចូលរួមនយោបាយជាមួយគណបក្សផ្សេងត្រូវបានចាប់ខ្លួន»។
ចំណែក អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣ រហូតមកដល់ពេលនេះ សមាជិក និងថ្នាក់ដឹកនាំគណបក្សនេះចំនួន ១៤រូបហើយ ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ ដែលក្នុងនោះ រួមមានទាំង លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សនេះផងដែរ។ លោកថា ករណីចាប់ខ្លួនទាំងនោះ ជាការរឹតត្បិត និងបំភិតបំភ័យផ្នែកនយោបាយទៅលើសកម្មជន និងថ្នាក់ដឹកនាំគណបក្សដែលមិនស្របនឹងរដ្ឋាភិបាល។
ករណីនេះ លោកស្នើដល់តុលាការ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសមាជិក និងថ្នាក់ដឹកនាំគណបក្សនេះដោយគ្មានលក្ខខណ្ឌ។
លោកថា៖ «ស្នើសុំឱ្យរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ហ្នឹងដែលអ្នកផងទាំងពួងចាត់ទុកថាលោកគឺជាបញ្ញជន បញ្ញាវន្តដែលទទួលការសិក្សាខ្ពង់ខ្ពស់មកពីក្រៅប្រទេសហ្នឹង ស្នើសុំឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគាត់ ពិចារណាក្នុងការដោះលែងអ្នកទោសនយោបាយទាំងអស់ ដោយមិនកំណត់នូវលក្ខខណ្ឌ ហើយប្រគល់សេរីភាពជូនពួកគាត់ឱ្យគាត់មានសេរីភាព ក្នុងការចូលរួមនៅក្នុងសកម្មភាពនយោបាយក្នុងគណបក្សនយោបាយណាមួយដែលគាត់ពេញចិត្ត»។
លោក លី សុធារ៉ាយុត្តិ ចង់ឱ្យរដ្ឋាភិបាលបើកលំហសេរីភាពឡើងវិញដូចកាលចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ឱ្យស្របនឹងច្បាប់កំពូលរបស់កម្ពុជា ក៏ដូចជាអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិនយោបាយ។
ជុំវិញរឿងនេះ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ នៅថ្ងៃទី១ ខែមេសានេះ។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មិនអធិប្បាយចំពោះរឿងនេះទេ ដោយលោកថា៖ «សួរទៅសមត្ថកិច្ច បើគេចាប់ច្បាស់ជាមានបទល្មើសហើយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការចាប់ខ្លួនសមាជិកបក្សប្រឆាំងភាគច្រើន កើតឡើងនៅមុនការបោះឆ្នោតជាតិ បោះឆ្នោតអសកល និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម ដែលករណីនេះ លោកចាត់ទុកថាជារឿងដដែលៗ។
លោកបន្ដថា៖ «យើងជាអង្គការសសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត យើងមិនចង់ឃើញបញ្ហាហ្នឹងវាកើតឡើងជាដដែលៗទេ ចង់ឃើញអ្នកនយោបាយទាំងអស់ ត្រូវឈរលើឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយធ្វើម៉េចបើកលំហនៃសេរីភាពនយោបាយ ធ្វើម៉េចយើងកែលំអលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយើងហ្នឹងឱ្យកាន់តែល្អប្រសើរ ដែលកន្លងមក មានការរិះគន់ហើយគេនៅតែទទូចឱ្យសុំឱ្យប្រទេសកម្ពុជាយើង ស្ដារឡើងវិញលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
លោកស្នើឱ្យអ្នកនយោបាយទាំងអស់នៅកម្ពុជា ប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ និងគិតពីប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាធំ។
គួរជម្រាបជូនថា សមាជិក និងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលត្រូវបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០២៣នោះ មានដូចជា លោកថាច់ សេដ្ឋា អនុប្រធានគណបក្ស, លោក តូច ថឹង សមាជិកគណៈកម្មាធិការនាយក និងជាប្រធានប្រតិបត្តិគណបក្សខេត្តកំពង់ចាម, លោកអេង ស្រូយ សមាជិកគណៈកម្មាធិការនាយក និងប្រធានប្រតិបត្តិខេត្តត្បូងឃ្មុំ, លោកខឿន វីរ៉ាត់ សមាជិកគណៈកម្មាធិការនាយក និងជាប្រធានចលនាយុវជនគណបក្សថ្នាក់ជាតិ, លោក ចៅ វាសនា សមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ, លោកស្រី នូ សិទ្ធារី ជាអនុប្រធានចលនាស្រ្តីថ្នាក់ជាតិគណបក្សភ្លើងទៀន និងលោកបេន ប៊ុន្ថិន ប្រធានប្រតិបត្តិស្រុកបសេដ្ឋ។
ក្រៅពីនោះ សកម្មជនបក្សភ្លើងទៀនមួយចំនួនទៀត ត្រូវបានចាប់ខ្លួននៅអំឡុងដើមឆ្នាំ២០២៤នេះ រួមមាន លោកខឹម ចាន់វណ្ណៈ ប្រធានប្រតិបត្តិស្តីទីគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ, លោកស្រី ឆាយ ចិន្តា ប្រធានចលនាស្រ្តី និងជាហេរញ្ញិកខណ្ឌជ្រោយចង្វារ, លោកហាក់ កុសល ជាលេខាគណៈកម្មាធិការប្រតិបត្តិខណ្ឌជ្រោយចង្វារ, លោកម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិខណ្ឌដូនពេញ,លោក សរ សុខា ប្រធានប្រតិបត្តិស្រុកស្ទឹងហាវ, លោក ស៊ុន ស៊ន សកម្មជននៅឃុំកែវផុះ ស្រុកស្ទឹងហាវ និងលោក ឯក បេន អតីតប្រធានស្តីទីប្រតិបត្តិខេត្តកំពង់ស្ពឺ៕