គណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀន ស្នើដល់តុលាការទម្លាក់បទចោទ និង​​​ដោះលែងថ្នាក់ដឹក​នាំ និង​សមាជិក​របស់គណបក្សខ្លួន​ជាង ១០នាក់​ ដែល​ត្រូវបានអាជ្ញាធរ​​ចាប់ខ្លួន និងមានការ​​ឃុំខ្លួន​បន្តបន្ទាប់ ក្នុងរយៈពេលជាង ​១ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​​ពួ​ក​គេ​ចាត់ទុកករណីចាប់ខ្លួនទាំងនោះថា​​ជាការរើសអើងនយោបាយ និង​បាន​រឹតត្បិត​សិទ្ធិនយោបាយ។

អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍​នៅថ្ងៃទី១ ខែ​មេសា​នេះ​ថា ការ​ចាប់​ខ្លួន​លោក អ៊ំ វីរៈរដ្ឋ អគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ជា​ការរើស​អើង​ផ្នែក​នយោបាយ​ ដោយសារករណីចាប់ខ្លួននេះ ជាបណ្ដឹងចាស់ដែលកើតឡើងតាំងពីឆ្នាំ២០១៩។

លោកថា៖ «សម្រាប់រឿងរ៉ាវទាំងអស់ហ្នឹង គឺជារឿងរ៉ាវចាស់ៗជាបណ្ដឹងចាស់ក្នុងឆ្នាំ២០១៩អីមក។ល។ ប៉ុន្តែនៅក្នុងខែ៣កន្លងមកនេះ គឺមានការចាប់ខ្លួនថ្នាក់ដឹកនាំកំពូលរបស់គណបក្សកម្លាំងជាតិមួយរូប គឺលោក អ៊ំ វីរៈរដ្ឋ។ អ៊ំ វីរៈរដ្ឋ គឺអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយការដែលគេចាប់ខ្លួនហ្នឹង គឺសំអាងថាមានការឆ្លើយឆ្លងគ្នានៅក្នុងគ្រុបៗខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួនរបស់គណបក្សប្រឆាំងទាំងភ្លើងទៀនក្ដី ទាំងកម្លាំងជាតិក្ដី គឺ​មានលក្ខណៈ​រើស​អើង​នយោបាយ រើសអើងអ្នកជំទាស់ភាគច្រើន»។

លោកបានបន្តថា ការចោទប្រកាន់ទៅលើសមាជិកនិងថ្នាក់ដឹកនាំបក្សប្រឆាំងទាំងនោះ មិនមានភស្តុតាងជាក់ស្ដែង ហើយ​ការចោទនេះមានលក្ខណៈនយោបាយដោយអ្នកដែលចុះចូលជាមួយបក្សកាន់អំណាច ត្រូវបានរួចផុតពីការចោទប្រកាន់។

លោក​បន្ថែមថា៖ «ការចាប់ខ្លួននេះ បានខ្ញុំថាជាលក្ខណៈនយោបាយ ដោយសារតែនៅក្នុងសំណុំរឿងតែមួយទេ ប៉ុន្តែមានអ្នកខ្លះឡើងរដ្ឋលេខាធិការ អ្នកខ្លះឡើងទីប្រឹក្សាអ៊ីចឹងទៅ អត់ចាប់ខ្លួនទេ។ តែអ្នកខ្លះទៀត ដែល​មិនចូល​រួម​នយោបាយ​ជាមួយ​គណបក្សផ្សេង​ត្រូវ​បាន​ចាប់​ខ្លួន»។

ចំណែក អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន ​លោក ​លី សុធារ៉ាយុត្តិ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣ រហូតមកដល់ពេលនេះ សមាជិក និង​ថ្នាក់​ដឹកនាំ​គណបក្សនេះ​ចំនួន ១៤រូបហើយ ត្រូវបានចាប់ខ្លួន និង​ឃុំខ្លួន​នៅពន្ធនាគារ ដែល​ក្នុងនោះ​ រួមមានទាំង ​លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សនេះ​ផងដែរ។ លោកថា ករណីចាប់ខ្លួនទាំងនោះ ជាការរឹតត្បិត និង​បំភិតបំភ័យ​ផ្នែកនយោបាយទៅលើសកម្មជន និងថ្នាក់ដឹកនាំគណបក្សដែលមិនស្របនឹងរដ្ឋាភិបាល។

ករណីនេះ លោកស្នើដល់តុលាការ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទម្លាក់ចោលការចោទប្រកាន់ និង​​​ដោះ​លែងសមាជិក និងថ្នាក់ដឹកនាំគណបក្សនេះ​ដោយគ្មានលក្ខខណ្ឌ។

លោកថា៖ «ស្នើសុំឱ្យរាជរដ្ឋាភិបាលថ្មី​ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ហ្នឹងដែលអ្នកផងទាំងពួងចាត់ទុកថាលោកគឺជាបញ្ញជន បញ្ញាវន្ត​ដែលទទួលការសិក្សាខ្ពង់ខ្ពស់មកពីក្រៅប្រទេសហ្នឹង ស្នើសុំឱ្យរាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គាត់ ពិចារណាក្នុងការដោះលែងអ្នកទោសនយោបាយទាំងអស់ ដោយមិនកំណត់នូវលក្ខខណ្ឌ ហើយ​ប្រគល់​សេរីភាពជូនពួកគាត់ឱ្យគាត់មានសេរីភាព ក្នុងការចូលរួមនៅក្នុងសកម្មភាពនយោបាយក្នុងគណបក្សនយោបាយណាមួយដែលគាត់ពេញចិត្ត»។

លោក លី សុធារ៉ាយុត្តិ ចង់ឱ្យរដ្ឋាភិបាលបើកលំហសេរីភាពឡើងវិញ​ដូច​កាលចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ឱ្យស្រប​នឹងច្បាប់កំពូលរបស់កម្ពុជា ក៏ដូចជាអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិនយោបាយ។

ជុំវិញរឿងនេះ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ នៅថ្ងៃទី១ ខែមេសានេះ។

ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មិនអធិប្បាយចំពោះរឿងនេះទេ ដោយលោកថា៖ «សួរទៅសមត្ថកិច្ច បើគេចាប់ច្បាស់ជាមានបទល្មើសហើយ»។

នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត សង្កេតឃើញថា ការចាប់ខ្លួនសមា​ជិក​បក្សប្រឆាំង​ភាគច្រើន កើតឡើង​​​​នៅមុនការ​​បោះឆ្នោតជាតិ បោះឆ្នោត​អសកល និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង​ ស្រុក ​ខណ្ឌ ​ជាដើម ដែលករណីនេះ ​លោកចាត់ទុកថា​ជារឿង​ដដែលៗ។

លោកបន្ដថា៖ «យើងជាអង្គការសសង្គមស៊ីវិល​ដែលធ្វើការផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការ​បោះឆ្នោត យើងមិ​នច​ង់​ឃើញ​​បញ្ហាហ្នឹងវាកើតឡើងជាដដែលៗទេ ចង់ឃើញអ្នកនយោបាយទាំងអស់​ ត្រូវឈរលើឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយ​ធ្វើម៉េចបើកលំហនៃសេរីភាពនយោបាយ ធ្វើម៉េចយើងកែលំអលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយើងហ្នឹង​ឱ្យកាន់តែល្អប្រសើរ ដែលកន្លងមក មានការរិះគន់ហើយគេនៅតែទទូចឱ្យសុំឱ្យប្រទេសកម្ពុជាយើង ស្ដារឡើងវិញលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។

លោកស្នើឱ្យអ្នកនយោបាយទាំងអស់​នៅកម្ពុជា ប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ និងគិតពី​ប្រយោជន៍ប្រទេស​ជាតិ និងប្រជាពលរដ្ឋ​ជាធំ។

គួរជម្រាបជូនថា សមាជិក និងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន​ដែលត្រូវបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០២៣​នោះ ​មាន​ដូចជា លោកថាច់ សេដ្ឋា អនុប្រធានគណបក្ស, លោក តូច ថឹង សមាជិកគណៈកម្មាធិការនាយក និងជាប្រធានប្រតិបត្តិគណបក្សខេត្តកំពង់ចាម, លោកអេង ស្រូយ សមាជិកគណៈកម្មាធិការនាយក និងប្រធានប្រតិបត្តិខេត្តត្បូងឃ្មុំ, លោកខឿន វីរ៉ាត់ សមាជិកគណៈកម្មាធិការនាយក និងជាប្រធានចលនាយុវជនគណបក្សថ្នាក់ជាតិ, លោក ចៅ វាសនា សមាជិកគណៈកម្មាធិការនាយក និងជា​អនុប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ, ​លោកស្រី នូ សិទ្ធារី ជាអនុប្រធានចលនាស្រ្តីថ្នាក់ជាតិគណបក្សភ្លើងទៀន និង​លោកបេន ប៊ុន្ថិន ប្រធានប្រតិបត្តិស្រុកបសេដ្ឋ។

ក្រៅពីនោះ សកម្មជនបក្សភ្លើងទៀនមួយចំនួនទៀត ត្រូវបានចាប់ខ្លួននៅអំឡុង​ដើមឆ្នាំ២០២៤នេះ រួមមាន លោកខឹម ចាន់វណ្ណៈ ប្រធានប្រតិបត្តិស្តីទីគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ, លោកស្រី ឆាយ ចិន្តា ប្រធានចលនាស្រ្តី និងជាហេរញ្ញិកខណ្ឌជ្រោយចង្វារ, លោកហាក់ កុសល ជាលេខាគណៈកម្មាធិការប្រតិ​បត្តិ​ខណ្ឌ​ជ្រោយ​ចង្វារ, លោកម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិខណ្ឌដូនពេញ,លោក សរ សុខា ប្រធាន​ប្រតិបត្តិ​ស្រុកស្ទឹងហាវ, លោក ស៊ុន ស៊ន សកម្មជននៅឃុំកែវផុះ ស្រុកស្ទឹងហាវ និង​លោក ឯក បេន អតីតប្រធាន​ស្តីទី​ប្រតិបត្តិខេត្តកំពង់ស្ពឺ៕