ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានដកហូតតំណែងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពទន្ទ្រានដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ អ្នកវិភាគសង្គម និងសកម្មជនបរិស្ថាន ចង់ឃើញមន្រ្តីពាក់ព័ន្ធបង្កើនសកម្មភាពការងាររបស់ខ្លួនក្នុងការទប់ស្កាត់ការទន្រ្ទានដីព្រៃពីអ្នកមានអំណាច។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ នៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤នេះ ដោយព្រមានចាត់វិធានការផ្លូវច្បាប់ លើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពទន្ទ្រានដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
លោកថ្លែងថា៖ «សូមឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានការពាក់ព័ន្ធទៅលើកិច្ចការងារនេះ [ការទទន្រ្ទានដីព្រៃរដ្ឋ] ព្រោះត្រូវប្រឈមនឹងវិធាការអនុវត្តច្បាប់ ហើយអាចឈានទៅដល់ការបញ្ចប់តួនាទី ឬមួយក៏អាចដកក្របខណ្ឌចេញ បើសិនជាមានប្រព្រឹត្តិខុសធ្ងន់ធ្ងរ»។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ឬហៅកាត់ថា CYN សង្ឃឹមថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះ នឹងក្លាយជាគោលការណ៍សំខាន់មួយដើម្បីអនុវត្តលើអ្នកមានអំណាចពាក់ព័ន្ធនឹងបទល្មើលធនធានធម្មជាតិ។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងហ្នឹង នឹងក្លាយទៅជាវិធានមួយ ក្លាយទៅជាគោលការណ៍មួយ ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ […]។ យើងឃើញហើយថា ភាគច្រើននៃអ្នកពាក់ព័ន្ធជាមួយនឹងបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ធនធាន យកដីព្រៃហ្នឹង គឺមួយចំនួនពួកគាត់មានខ្សែ គ្នាខ្នង ជាអ្នករកស៊ី ឬជាអ្នកធ្វើការងារធំដុំ មានបុណ្យសក្តិ»។
ចំណែកលោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូ និងការអភិវឌ្ឍ ឬហៅកាត់ថា (PED) បានលើកឡើងពាក់ព័ន្ធនឹងការព្រមានសកម្មភាពទន្ទ្រានដីព្រៃរដ្ឋពីអ្នកមានអំណាចថា កម្ពុជាមិនគួរប្រើវប្បធម៌បែបអនុសាសន៍និយមនោះទេ ពួកគេគួរតែអនុវត្តទៅតាមតួនាទីរបស់ខ្លួន។
លោកថ្លែងប្រាប់ Newsroom Cambodia តាមរយៈប្រព័ន្ធតេឡេក្រោមថា៖ «ចំពោះខ្ញុំយល់ឃើញថា កម្ពុជាមិនគួរបណ្តែលបណ្តោយឱ្យមានវប្បធម៌តាមបែបអនុសាសន៍និយម អនុសាសន៍ជាធំនោះទេ។ […] អ្នកអនុវត្តច្បាប់ហាក់បីដូចជាប្រងើយកន្តើយ និងមិនធ្វើទៅតាមតួនាទីរបស់ខ្លួនដែលមានចែងក្នុងច្បាប់ […] តែងតែចុះប្រតិបតិ្តការ ឬក៏ដោះស្រាយបញ្ហាណាមួយ ដោយផ្អែក និងរងចាំអនុសាសន៍ពីសំណាក់ថា្នក់លើរបស់ខ្លួន»។
លោក បណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គមយល់ថា បញ្ហាទន្រ្ទានដីពីអ្នកមានអំណាចនេះ កើតមានយូរមកហើយ តែមិនទទួលបានការដោះស្រាយនៅឡើយ។
លោកបញ្ជាក់ថា៖ «យើងឃើញដីនៅតាមបណ្តោយព្រំដែន ដូចនៅរតនគីរី នៅមណ្ឌលគីរីអីហ្នឹង ដីភាគច្រើន វាកម្មសិទ្ធិរបស់អ្នកមានអំណាចធំ។ សូម្បីតែរដ្ឋាភិបាលពីអាណត្តិមុន ប្រកាសឈប់ជួបអី យើងក៏នៅតែបញ្ហាអត់មានប្រសិទ្ធភាព។ […] ដីនៅតាមព្រំដែនខ្មែរយើងមិនមានម្ចាស់ទេ ពីដើមមកជាដីរបស់រដ្ឋ តែដល់អីឥលូវវាក្លាយជាកម្មសិទ្ធិរបស់អ្នកត្រួតត្រានៅតាមតំបន់ហ្នឹង»។
លោកបន្ថែមថា វាជាមោទនភាពនៃរដ្ឋាភិបាលអាណត្តិថ្មីនេះប្រសិនបើអាចអនុវត្តបាន។
លោកថ្លែងថា៖ «បើធ្វើបានគឺល្អហើយ ក៏ប៉ុន្តែខ្ញុំព្រួយបារម្ភថាប៉ះធំធេងពេក អាទំហំហ្នឹងមើលទៅវាមិនតូចប៉ុន្មានទេ។ អ្នកដែលមានអំណាចកាន់ដីធ្លីតាមតំបន់មួយ ហើយអ៊ីចឹងទៅ បើធ្វើបានវាជាមោទនភាពធំសម្រាប់រដ្ឋាភិបាលអណ្តិតនេះ»។
Newsroom Cambodia បានទាក់ទងទៅលោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប៉ុន្តែអ្នកទទួលទូរស័ព្ទប្រាប់ថា លោក អេង ហ៊ី កំពុងជាប់រវល់។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់គេហទំព័រ Newsroom Cambodia កាលពីថ្ងៃចន្ទថា អ្នកដែលប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ បើទោះបីជាជនស៊ីវិល ឬមន្ត្រីរាជការ នឹងមិនអាចគេចផុតពីការទទួលខុសត្រូវផ្លូវច្បាប់បានឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងអាណត្តិលោក ហ៊ុន សែន បានចេញសេចក្តីសម្រេចសី្តពី «ការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ» មានគោលដៅសំខាន់ដើម្បិចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានជាតិក្នុងប្រទេសកម្ពុជាផ្ទាល់៕