ស្នងការនគរបានរាជធានីភ្នំពេញ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមបង្កភាពអនាធិបតេយ្យ ដែលលេងប៉ាតម្សៅ បាញ់ទឹក និងគប់ទឹកនៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការព្រមានជាសាធារណៈ និងណែនាំឱ្យ «បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក និងបាញ់ទឹករបស់ក្មេងសិស្សសាលា បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋ»។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមានការរៀបចំសង្ក្រានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី និងសិស្សតាមបណ្តាសាលាមួយចំនួនទៀត បានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ កាលពីថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់និងនាំយកមកអប់រំ នូវរាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឈរជាក្រុមៗ បង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ។
ប្រភពដដែល បន្តទៀតថា បើសិនជានៅតែបន្តធ្វើសកម្មភាពដែលខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ជនទាំងនោះនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ។
ជុំវិញករណីនេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី០២ ខែមេសានេះថា ការលេងប៉ាតម្សៅ គប់ទឹកនេះ មិនមែនជាល្បែងប្រពៃណីខ្មែរទេ ហើយវាបានបង្ហាញនូវរូបភាពមិនសូវល្អនៅក្នុងសង្គម ដោយសារជនមួយចំនួនសប្បាយភ្លេចខ្លួន លើសដែនកំណត់ពីសីលធម៌សង្គម។ លោកថា អ្នកណាធ្វើលើសពីដែនកំណត់ច្បាប់ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។
លោកបានគូសបញ្ជាក់ថា៖ «រូបភាពនេះ វាបង្កឱ្យមានភាពអនាធិបតេយ្យ ហើយយើងមើលទៅវាមិនមែនជាល្បែងប្រពៃណីខ្មែរយើង វាជាល្បែងបរទេស ពួកគាត់ស្រូបយកមកលេងយ៉ាងសប្បាយរីករាយ […] មិនត្រឹមតែប៉ុណ្ណោះ វាមើលទៅហាក់បីដូចជាមិនសមជាយុវជនទំពាំងស្នងឬស្សី ច្រឡឺម ព្រហើន។ កិច្ចការនេះយើងត្រូវការដោះស្រាយជាបន្ទាន់ ចំពោះយុវជនទាំងឡាយណាដែលមានជាសកម្មភាពមិនល្អ»។
លោកបន្តថា៖ «យើងពិនិត្យមើលតាមស្ថានភាពជាក់ស្តែង បើសិនជាពួកគាត់នៅតែរឹងទទឹង មិនស្តាប់ការហាមឃាត់របស់អាជ្ញាធរ យើងនឹងមានវិធានការទៅផ្លូវច្បាប់។ […] ហើយក្នុងករណីដែលគាត់លេងហួសនឹងដែនកំណត់ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់រូបរាងកាយ ពាក់ព័ន្ធនឹងអសីលធម៌សង្គមក៏យើងនឹងធ្វើការត្រួតពិនិត្យ ហើយពិចារណាថាតើត្រូវចាត់ការតាមច្បាប់ឬយ៉ាងណា។ អ្វីដែលគាត់ប្រព្រឹត្តិបទល្មើស យើងនឹងចាត់វិធានការច្បាប់»។
អ្នកនាំពាក្យស្នងការនគរបាលរូបនេះ បានប្រាប់ថា ស្នងការនគរបាលបានចាប់ផ្តើមធ្វើការងារមួយជំហានហើយ សម្រាប់កម្លាំងអធិការនគរបាលខណ្ឌទាំង១៤ សហការជាមួយខាងនាយកសាលាដែលនឹងរៀបចំសង្ក្រានឆ្នាំថ្មីនៅតាមសាលារៀនរបស់ខ្លួន ដោយមានការរៀបចំជាផែនការសកម្មភាពឱ្យបានសមស្រប។ លោកបានអំពាវនាវដល់សាធារណជន ដែលនឹងចូលរួមការលេងសង្ក្រាននេះ ឱ្យលេងប្រកបដោយក្រមសីលធម៌ មានភាពសប្បាយរីករាយទៅតាមទំនៀមទម្លាប់ខ្មែរ និងចូលរួមនៅក្នុងការលើកស្ទួយវប្បធម៌ខ្មែរផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលខណ្ឌទួលគោក បានចុះឃាត់ខ្លួនក្រុមក្មេងសិស្សសាលាប្រុសស្រីជាង ១០០នាក់ យកទៅអប់រំណែនាំ បន្ទាប់ពីបង្កភាពអាណាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយប្រមូលផ្តុំគ្នាជិះម៉ូតូប្រដេញគ្នាគប់ទឹក បាញ់ទឹក ជក់បារី និងបារីអេឡិចត្រូនិក នៅជាប់វិទ្យាល័យជាស៊ីមសាមគ្គី នៅសង្កាត់បឹងសាឡាង។ បន្ទាប់ពីការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងសិស្សសាលាទាំងនោះ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអប់រំណែនាំ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា និងធានាយកទៅផ្ទះវិញ។
លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់គេហទំព័រ Newsroom Cambodia ថា ករណីនេះ មិនគួរបន្ទោសតែយុវជនតែឯងនោះទេ គួរតែត្រួតពិនិត្យដូចគ្នាទៅលើអ្នកដែលគ្រប់គ្រងយុវជនទាំងនោះ និងអ្នករៀបចំកម្មវិធីជាដើម។
លោកថា៖ «ជុំវិញបញ្ហានេះ ខ្ញុំគិតថា ស្នងការគួរតែមានការរៀបចំឱ្យមានសណ្តាប់ធ្នាប់ឱ្យបានប្រសើរដែរ គឺមិនត្រូវតែទៅដាក់បន្ទុកទៅលើក្មេងៗហ្នឹងដែរ ត្រូវស៊ើបមើលឱ្យបានច្បាស់ ថាការលេងបែបហ្នឹងជាការរៀបចំដោយខាងសាលា ឬក៏ជាសកម្មភាពដែលពួកគាត់រៀបចំដោយខ្លួនឯង។ […] ប៉ុន្តែបើគាត់រៀបចំដោយខ្លួនឯងហេតុអីបានជាមានការដឹងលឺមកបានច្រើនគ្នាម្ល៉េះ? បើយើងដាក់ទោសក្មេងៗ ក៏មិនកើតដែរ ត្រូវមើលទៅលើអ្នកគ្រប់គ្រងពួកគាត់ដែរ»។
លោក យង់ គិមអេង បានបន្ថែមទៀតថា គួរតែមានការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ហើយយុវជនគួរតែទទួលបាននូវការណែនាំ ជៀសវាងការធ្វើឱ្យមានការប៉ះពាល់ទៅដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ។ លើសពីនេះទៅទៀត លោកក៏បានបង្ហាញពីក្តីកង្វល់ចំពោះការបាត់បង់នូវល្បែងប្រពៃណីខ្មែរ ដោយសារតែលំហូរចូលនៃការលេងតាមបែបទំនើបមានច្រើនពេក។
លោកថា៖ «ការលេងចឹងទៅវាផ្តល់រូបភាពកាន់តែមិនល្អចំពោះបុណ្យទានប្រពៃណីជាតិយើង ល្បែង របាំប្រជាប្រិយរបស់យើងហ្នឹងវាកាន់តែបាត់បង់ទៅ។ […] មិនសូវមានអ្នកយកមកលេង មកកម្សាន្ត វាធ្វើឱ្យកូនចៅជំនាន់ក្រោយលែងដឹងថាស្អីជាល្បែង របាំប្រជាប្រិយប្រពៃណីជាតិ ដែលគេតែងតែយកមកលេងនៅក្នុងពេលចូលឆ្នាំ។ ជារឿងមួយដែលអាចធ្វើឱ្យមានជាបញ្ហានៅថ្ងៃក្រោយដែរ»។
ជុំវិញរឿងនេះ លោក យង់ គិមអេង បានជំរុញឱ្យមានការលេងកម្សាន្តក្នុងកម្រិតមួយសមល្មម មិនមានបង្កការរំខានដល់សាធារណជន ព្រមទាំងមានការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបុណ្យប្រពៃណីខ្មែរ និងកាត់បន្ថយការផ្សាយព័ត៌មានដែលមិនមានប្រយោជន៍ ហើយប៉ះពាល់ដល់សង្គមជាតិ៕