ស្នងការនគរបានរាជធានីភ្នំពេញ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​​ចំពោះ​ក្រុ​ម​​បង្ក​ភាពអនាធិបតេយ្យ ដែល​លេង​ប៉ាតម្សៅ បាញ់ទឹក និងគប់ទឹកនៅតាមទីសាធារណៈ ដែលនាំឱ្យ​ប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាព​សាធារណៈ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៤​នេះ ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានីភ្នំ​ពេញ បាន​ធ្វើការព្រមានជាសាធារណៈ និងណែនាំឱ្យ​ «បញ្ឈប់ជាបន្ទាន់​រាល់សកម្មភាពលេងប៉ាតម្សៅ គប់​ទឹក និ​ង​បាញ់ទឹករបស់ក្មេងសិស្ស​សាលា​ បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យ​ប៉ះពាល់សណ្តាប់​ធ្នាប់ សុវត្ថិភាពសាធារណៈ និងនាំឱ្យ​រងការរិះគន់ពីប្រជាពលរដ្ឋ»។

ការព្រមាន​នេះ បានធ្វើឡើង​បន្ទាប់ពីមានការរៀបចំសង្ក្រាន​ឆ្នាំថ្មី​ ដែលមានសិស្សនៅវិទ្យា​ល័យ ជា ស៊ីម សាមគ្គី និងសិស្សតាមបណ្តាសាលាមួយចំនួនទៀត បានចូលរួមលេងសប្បាយរីក​រាយ​នៅ​ក្នុង​សាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់​ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបាន​ជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ កាលពីថ្ងៃទី៣០​ និងថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ស្នងការនគរបាលរាជធានីភ្នំពេញ។

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ​អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុក​ដាក់​ពង្រឹង​សន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់និង​នាំយក​មក​អប់រំ នូវ​រាល់សកម្មភាពក្មេងសិស្សសាលា​ដែល​ជិះម៉ូតូឈូឈរ​ជាក្រុមៗ បង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ។​

ប្រភពដដែល បន្តទៀត​ថា បើសិន​ជានៅតែបន្តធ្វើសកម្មភាពដែលខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ជនទាំងនោះនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ដោយមិនមានការលើកលែង​ឡើយ។

ជុំវិញ​ករណី​នេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែង​នៅថ្ងៃទី០២ ខែមេសានេះ​ថា ការលេង​ប៉ាត​ម្សៅ គប់​ទឹក​នេះ មិនមែនជាល្បែងប្រពៃណីខ្មែរទេ ហើយវាបានបង្ហាញនូវរូបភាពមិនសូវល្អនៅក្នុងសង្គម ដោយសារជនមួយចំនួនសប្បាយភ្លេចខ្លួន លើសដែនកំណត់​ពី​សីល​ធម៌​សង្គម។ លោក​ថា អ្នកណាធ្វើលើស​ពីដែនកំណត់ច្បាប់ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។

លោកបានគូសបញ្ជាក់​ថា៖ «រូបភាពនេះ​ វាបង្កឱ្យ​មាន​ភាព​អនាធិប​តេយ្យ ហើយយើងមើលទៅវាមិនមែន​ជា​ល្បែងប្រពៃណីខ្មែរយើង វាជាល្បែងបរទេស ពួកគាត់ស្រូបយកមកលេងយ៉ាង​សប្បាយ​រីក​រាយ​ […] មិនត្រឹមតែប៉ុណ្ណោះ វាមើលទៅហាក់បីដូចជាមិនសមជាយុវជន​ទំពាំង​ស្នង​ឬស្សី ច្រឡឺម ព្រហើន។ កិច្ចការនេះយើងត្រូវការដោះស្រាយជាបន្ទាន់ ចំពោះយុវជនទាំងឡាយណាដែលមានជាសកម្ម​ភាព​មិន​ល្អ»។

លោកបន្តថា៖ «យើងពិនិត្យមើលតាមស្ថានភាពជាក់ស្តែង បើសិនជាពួកគាត់នៅតែរឹងទទឹង មិនស្តាប់ការហាមឃាត់របស់អាជ្ញាធរ យើងនឹងមានវិធានការទៅផ្លូវច្បាប់។ […] ហើយក្នុងករណីដែលគាត់លេងហួសនឹងដែនកំណត់ ជាពិសេសធ្វើឱ្យ​ប៉ះពាល់ដល់រូបរាងកាយ ពាក់ព័ន្ធនឹងអសីលធម៌សង្គមក៏យើងនឹងធ្វើការត្រួតពិនិត្យ ហើយពិចារណាថាតើត្រូវចាត់ការតាមច្បាប់ឬយ៉ាងណា។ អ្វីដែលគាត់ប្រព្រឹត្តិ​បទល្មើស យើងនឹងចាត់វិធានការច្បាប់»។

អ្នកនាំពាក្យស្នងការនគរបាលរូបនេះ បានប្រាប់ថា ស្នងការនគរបាលបានចាប់ផ្តើមធ្វើការងារមួយជំហាន​ហើយ សម្រាប់កម្លាំងអធិការនគរបាលខណ្ឌទាំង១៤ សហការជាមួយខាងនាយកសាលាដែលនឹងរៀបចំសង្ក្រានឆ្នាំថ្មីនៅតាមសាលារៀនរបស់ខ្លួន ដោយមានការរៀបចំ​ជាផែនការសកម្មភាពឱ្យ​បានសមស្រប។ លោក​បានអំពាវនាវដល់សាធារណជន ដែលនឹងចូលរួមការលេងសង្ក្រាននេះ ឱ្យ​លេងប្រកប​ដោយ​ក្រម​សីល​ធម៌ មានភាពសប្បាយរីករាយទៅតាមទំនៀមទម្លាប់ខ្មែរ និងចូលរួមនៅក្នុងការលើកស្ទួយវប្បធម៌ខ្មែរផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលខណ្ឌទួលគោក បានចុះឃាត់ខ្លួនក្រុមក្មេងសិស្សសាលាប្រុសស្រី​ជាង ១០០នាក់ យកទៅអប់រំណែនាំ បន្ទាប់​ពីបង្ក​ភាព​អាណាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយប្រមូលផ្តុំគ្នា​ជិះម៉ូតូប្រដេញគ្នា​គប់ទឹក បាញ់ទឹក ជក់បារី និងបារីអេឡិចត្រូនិក នៅ​ជាប់វិទ្យាល័យជាស៊ីមសាមគ្គី នៅសង្កាត់បឹងសាឡាង។ បន្ទាប់ពីការ​ឃាត់​ខ្លួន កម្លាំងសមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងសិស្សសាលា​ទាំង​នោះ ទៅអធិការដ្ឋាននគរបាលខណ្ឌ​ទួល​គោក ដើម្បីអប់រំណែនាំ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា និង​ធានាយកទៅផ្ទះវិញ។

លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់គេហទំព័រ​ Newsroom Cambodia ថា ករណីនេះ មិនគួរបន្ទោសតែយុវជនតែឯងនោះទេ គួរតែត្រួតពិនិត្យដូចគ្នាទៅលើអ្នកដែលគ្រប់គ្រងយុវជនទាំងនោះ និងអ្នករៀបចំកម្មវិធីជាដើម។

លោកថា៖ «ជុំវិញបញ្ហានេះ ខ្ញុំគិតថា ស្នងការគួរតែមានការរៀបចំឱ្យ​មានសណ្តាប់ធ្នាប់ឱ្យ​​បានប្រសើរដែរ គឺមិនត្រូវតែទៅដាក់បន្ទុកទៅលើក្មេងៗហ្នឹងដែរ ត្រូវស៊ើបមើលឱ្យ​បានច្បាស់ ថាការលេងបែបហ្នឹងជាការរៀបចំដោយខាងសាលា ឬក៏ជាសកម្មភាពដែលពួកគាត់រៀបចំដោយខ្លួនឯង។ […] ប៉ុន្តែបើគាត់រៀបចំដោយខ្លួនឯងហេតុអីបានជា​មានការដឹងលឺមកបានច្រើនគ្នាម្ល៉េះ? បើយើងដាក់ទោសក្មេងៗ​ ក៏មិនកើតដែរ ត្រូវមើលទៅលើអ្នកគ្រប់គ្រងពួកគាត់ដែរ»។

លោក យង់ គិមអេង បានបន្ថែមទៀតថា គួរតែមានការផ្សព្វផ្សាយព័ត៌មានឱ្យ​បានទូលំទូលាយ ហើយយុវជនគួរតែទទួលបាននូវការណែនាំ ជៀសវាងការធ្វើឱ្យ​មានការប៉ះពាល់ទៅដល់អ្នកធ្វើដំណើរនៅតាម​ដងផ្លូវ។ លើសពីនេះទៅទៀត លោកក៏បានបង្ហាញពីក្តីកង្វល់ចំពោះការបាត់បង់នូវល្បែងប្រពៃណីខ្មែរ ដោយសារតែលំហូរចូលនៃការលេងតាមបែបទំនើបមានច្រើនពេក។

លោកថា៖ «ការលេងចឹងទៅវាផ្តល់រូបភាពកាន់តែមិនល្អចំពោះបុណ្យទានប្រពៃណីជាតិយើង ល្បែង របាំប្រជាប្រិយរបស់យើងហ្នឹងវាកាន់តែបាត់បង់ទៅ។ […] មិនសូវមានអ្នកយកមកលេង មកកម្សាន្ត វាធ្វើ​ឱ្យ​កូនចៅជំនាន់ក្រោយលែងដឹងថាស្អីជាល្បែង​ របាំប្រជាប្រិយ​ប្រពៃណីជាតិ ដែលគេតែងតែយកមក​លេង​នៅ​ក្នុង​ពេល​ចូល​ឆ្នាំ។ ជារឿងមួយ​ដែល​អាចធ្វើឱ្យ​មានជាបញ្ហានៅថ្ងៃក្រោយដែរ»។

ជុំវិញ​រឿង​នេះ លោក យង់ គិមអេង បានជំរុញ​ឱ្យ​មាន​ការ​លេង​កម្សាន្ត​ក្នុង​កម្រិត​មួយ​សម​ល្មម មិនមាន​បង្ក​ការ​រំខានដល់សាធារណជន ព្រមទាំងមានការផ្សព្វផ្សាយឱ្យ​​បានកាន់តែទូលំទូលាយអំពីបុណ្យប្រ​ពៃណី​ខ្មែរ និងកាត់បន្ថយការផ្សាយព័ត៌មានដែលមិនមានប្រយោជន៍ ហើយប៉ះពាល់ដល់សង្គមជាតិ៕