អាជ្ញាធរខេត្តព្រះវិហារ បានឱ្យដឹងថា គិត​មកដល់​ដើមខែមេសានេះ តុលាការ​ខេត្ត ​បានសម្រេច​​ឃុំខ្លួនពលរដ្ឋជាង ៣០នាក់ហើយ ពាក់ព័ន្ធនឹងករណីទន្ទ្រានដីរដ្ឋ នៅ​​ឃុំ​ត្រយង់ ស្រុកគូលែន ​ខណៈក្រុម​​ប្រជា​​ពលរដ្ឋអះអាងថា ពួកគាត់​​ជាច្រើននាក់ កំពុង​បន្ត​រត់គេចពីការតាមចាប់ខ្លួន ពីសំណាក់អាជ្ញាធរ។

អភិបាល​រង​ខេត្តព្រះវិហារ លោក ណុប វុទ្ធី បានប្រាប់ Newsroom Cambodia នៅរសៀលថ្ងៃទី២ ខែមេសានេះថា ចៅក្រមស៊ើបសួរនៃសាលា​ដំបូងខេត្ត បានសម្រេច​ឃុំខ្លួនជាបណ្តោះអាសន្ននូវ​ពលរដ្ឋសរុបចំនួន ៣៣នាក់ ដែលជាមុខសញ្ញា​​ប្រឆាំងវិធានការ​​អនុវត្ត​ច្បាប់​​ និង​ទន្ទ្រានដីរដ្ឋ​។ លោកបន្តថា ការឃាត់ខ្លួនពលរដ្ឋចុងក្រោយចំនួន ២នាក់ ក្នុងចំណោម​ ៣៣នាក់​​ កាលពីថ្ងៃទី៣១ ខែមីនានោះ គឺដោយសារពួកគេបានចូលធ្វើសកម្មភាពក្នុង​ដី​ដែល​ពួក​គេធ្លាប់រស់នៅ និង​មាន​គ្រឿងញៀននៅ​ជាប់​​ខ្លួន។

លោក​ថា៖ «ដោយសារមួយរយៈចុងក្រោយហ្នឹងគាត់មានការពាក់ព័ន្ធ គាត់មា​នការពាក់ព័ន្ធជាមួយមេខ្យល់មេ​អីហ្នឹង ហើយគាត់មក​ គាត់ចូលក្នុងហ្នឹង គាត់ធ្វើសកម្មភាពផ្សេងៗទៀត គាត់មិនមែនមកក្នុងនាមប្រជាពលរដ្ឋធម្មតា គាត់ចូលទៅធ្វើសកម្មភាពផ្សេងៗ គាត់ទៅថតគាត់ទៅអី[…] យើងមិនមែនទៅចាប់គាត់ទេ យើង​សាក​សួរព័ត៌​មាន​ តើមាននរណានៅពីក្រោយអីអត់អ៊ីចឹង ហើយហេតុអីបានគាត់នាំគ្នាធ្វើអ៊ីចឹង ហើយបើគាត់ចាញ់បោកគេទេ មានន័យថា យើងមិនយកទោសពៃគាត់ទេ បើករណីគាត់ចាញ់បោកគេពិតប្រាកដ[…] តែ​កូនគាត់មានស្បោងគ្រឿង​ញៀន គេឃាត់ខ្លួនរឿងបញ្ហាគ្រឿងញៀនជាសំខាន់»។

ជាមួយគ្នានេះ លោក ណុប វុទ្ធី បានគូសបញ្ជាក់​​ថា មិនមានករណីដេញចាប់ពលរដ្ឋរហូតដល់ពួកគេរត់គេចទៅសំងំនៅព្រៃ ដូចការផ្សព្វផ្សាយនោះទេ។

លោកបន្ថែម​ថា៖ «បងប្អូនប្រជាពលរដ្ឋទាំងនោះមិនមានទោសពៃចឺងគាត់ម៉េចត្រូវទោស? គាត់ធ្វើម៉េចជាសិទ្ធិសេរីភាពរបស់គាត់ គាត់ចូលម៉ោងប៉ុន្មានក៏បានដែរ អត់មានរណាថាអីគាត់ទេ មានតែខ្លួនគាត់ គាត់​ចូលចិត្តធ្វើអ៊ីចឹងដោយសារគាត់មាននៅពីក្រោយបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ហើយគាត់ចាញ់បោកការឃោសនារបស់​គេ អ៊ីចឹងគាត់ចេះតែដើរគេចខ្លួន គាត់អីខ្លួនគាត់ ដើម្បីគាត់ចង់ទៅនៅប្រទេសនេះប្រទេសនោះអាហ្នឹង ជាសិទ្ធិសេរីភាពរបស់គាត់ គាត់​ធ្វើម៉េចធ្វើទៅ ព្រោះគាត់អត់មានទោស [បើគាត់ប្រព្រឹត្តខុស​​]យើងអត់ឱ្យគាត់រួចខ្លួនទេ ព្រោះ​ប្រទេស​យើង​មាន​ច្បាប់»។

បើតាមរបាយការណ៍របស់​អាជ្ញាធរខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរ​បាន​រុះរើខ្ទម​ នងិសំណង់មិនរៀបរយចំនួន ១៦៥កន្លែង នៅក្នុងតំបន់មួយចំនួន នៃក្រុមហ៊ុន​សម្បទាន​ដីសេដ្ឋកិច្ចក្រុមហ៊ុន លីលាដាម៉ិច ខូអិលធីឌី និងបានឃាត់ខ្លួន​បណ្តោះអាសន្ន​មុខសញ្ញា​ប្រឆាំងវិធានការ​អនុវត្តច្បាប់ចំនួន ៣៣នាក់។ របាយការណ៍ដដែលបន្តថា ក្នុងការចុះទៅអនុវត្តវិធានការច្បាប់នោះ សមត្ថកិច្ច​ក៏បាន​ចាប់ឃាត់ទុក​ម៉ូតូចំនួន ៣២គ្រឿង គោយន្តកន្ត្រៃយ៍ចំនួន ៦គ្រឿង រណារយន្តចំនួន ២គ្រឿង ម៉ាស៊ីនកាត់ស្មៅចំនួន ២គ្រឿង កន្ទុយរ៉ឺម៉ក​ធ្វើពីដែក​ចំនួន ១គ្រឿង និង​ឧបករណ៍សម្ភារៈបន្ទាប់បន្សំមួយចំនួនទៀត។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែម​ជុំវីញករណីនេះពីអ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានទេនៅថ្ងៃអង្គារនេះ។

ប្រជា​ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានអះអាងថា រូបគាត់ រួមជាមួយនឹង​ពលរដ្ឋ​មួយចំនួន​ទៀត កំពុងរត់គេចទៅសំងំលាក់ខ្លួន​នៅក្នុង​ព្រៃ ដោយ​មិនហ៊ានត្រឡប់ទៅភូមិវិញទេ ព្រោះគ្មានការប្រកាសជាផ្លូវការពីអាជ្ញាធរថាឈប់ចាប់ពួកគាត់​។

អ្នកស្រីនិយាយ​ថា៖ «ចូលភូមិឯណាបាន ចូលមិនបានទេ បើវានៅតែតាមចាប់រាល់ថ្ងៃ ម្សិលម្ងៃចាប់បាន ២នាក់ទៀត​ហើយ ខ្ញុំហ៊ានចូលភូមិទេ​​ បើគ្មានអីប្រកាសជាផ្លូវការ ពួកខ្ញុំមិនហ៊ានចូលទេ[…] មិនទាន់មានដំណោះស្រាយអីផង​ ចូលទៅនាំតែពិបាក»។

ពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដែរនោះ បាន​លើកឡើង​ដែរថា គាត់បានលឺព័ត៌មានថាអាជ្ញាធរឈប់ចាប់​ពលរដ្ឋ​ហើយ តែជាក់ស្ដែងអាជ្ញាធរនៅតែបន្ត​ចាប់ខ្លួន​ពលរដ្ឋជាបន្តបន្ទាប់។

អ្នកស្រី​និយាយថា៖ «​​គាត់និយាយ​តាម​​កាសែតសម្ភាសន៍​ថា​ឈប់​ចាប់​​ហើយ​ ប៉ុន្តែ​ជាក់​ស្ដែង​គាត់​នៅចាប់ ​នៅ​តែ​​រក ហើយ​គ្មាន​ការ​ដោះ​ស្រាយ​ ហើយ​ពួក​​ខ្ញុំ​ត្រូវ​រស់របៀបម៉េច ត្រូវ​តស៊ូ​របៀបម៉េច​ បើ​ពួក​គាត់​នៅ​តែ​ធ្វើ​បន្ត​ ហើយ​ឱ្យ​ឈប់ចាប់ ហើយ​មាន​ការ​ដោះ​ស្រាយ​អត់ បើពួក​ខ្ញុំ​ផ្ទះ​ក៏​ដុត​ឆេះអស់​ហើយ​ ហើយ​គ្មាន​កន្លែង​ដែល​ត្រូវ​ទៅ​ គ្មាន​ការ​ដោះស្រាយ​ហើយ​កន្លែង​ដី​ដែល​ខ្ញុំ​រស់នៅ​ពេញ​ព្រៃ ឱ្យ​ខ្ញុំ​គិត​ធ្វើយ៉ាង​ម៉េច?»។

អ្នកស្រី​បាន​អំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការតាមចាប់ខ្លួន​ប្រជា​ពលរដ្ឋបន្តទៀត និង​ដោះស្រាយបញ្ហាដីធ្លីឱ្យពួក​គាត់​មានកន្លែងរស់​នៅ​សមរម្យ។

អ្នកស្រីនិយាយថា៖ «ខ្ញុំឥឡូវនេះ គឺពិបាកគ្មានកន្លែងជ្រកកោនរស់នៅឱ្យបានសមរម្យ ហើយនិងគ្មានអីហូបចុកឱ្យបានគ្រប់គ្រាន់ ហើយកន្លែងដេកក៏គ្មានពេលមេឃភ្លៀង គឺវាពិបាកខ្លាំង ហើយខ្ញុំអំពាវនាវសុំថាឱ្យមានការដោះលែង​បងប្អូនខ្ញុំ​ហើយឈប់​ដើរ​តាម​ចាប់​ ហើយនឹងដោះស្រាយឱ្យពួកខ្ញុំ បញ្ចប់រឿងទៅ ខ្ញុំសុំតែប៉ុណ្ណេះឯង ហើយដោះស្រាយឱ្យពួកខ្ញុំ មានកន្លែងរស់នៅដូចគេដូចឯង​ផង ព្រោះពួកខ្ញុំមិនអាចរស់នៅបន្តក្នុងព្រៃបាន​រហូត​ទេព្រោះ​ស្រណោះ​ក្មេងៗ គាត់ត្រូវការរៀបសូត្រ គាត់ត្រូវការជួបឪពុកម្ដាយ»។

នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា ការចាប់ និងឃុំខ្លួន​ពលរដ្ឋទាំងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ពួកគេ ជាពិសេសប៉ះពាល់ដល់ការសិក្សារបស់កុមារ។ លោកបាន​ស្នើឱ្យអាជ្ញាធរផ្ដល់ដំណោះស្រាយសមរម្យ​ដល់ពលរដ្ឋទាំងនោះ។

លោកមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងបញ្ហាដីរបស់ក្រុមហ៊ុននៅស្រុកគូលែន ដែល​មានការចាប់ខ្លួនជាច្រើនរហូតដល់​ជាង​៣០នាក់ ហើយធ្វើការឃុំខ្លួនបណ្ដោះអាសន្ននោះ ខ្ញុំយល់ថា អាហ្នឹងគឺជារឿងមួយដែលប៉ះពាល់ធ្ងន់ធ្ង​រ​ដែរ សម្រាប់សិទ្ធិរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធរគួរតែធ្វើការសិក្សាស្វែងយល់ឱ្យបានច្បាស់​លាស់ ព្រោះប្រ​ជាពលរដ្ឋមិន​មាន​ដីធ្លីក្នុងការបង្កបង្កើនផលទេ សុំឱ្យមានការដោះស្រាយជាដីសម្បទាន​​ដី​សង្គមកិច្ច​​សម្រាប់គាត់ បើសិនជាគាត់ជាជនក្រីក្រ ហើយមិនមានដី​​មិនមានធ្លីរស់នៅពិតប្រាកដ»។

គួរជម្រាបជូនថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ មានករណីប៉ះទង្គិចគ្នាដោយហិង្សា និងមានការ​បាញ់គ្រាប់ពិត រវាងកងកម្លាំងប្រដាប់ដោយ​អាវុធ និង​មន្ត្រីរដ្ឋបាលព្រៃឈើ ជាមួយនិងប្រជាពលរដ្ឋ ក្នុងករណីវិវាទដីធ្លី ស្ថិតក្នុងភូមិ​សាស្ត្រ​​ឃុំ​ត្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយក្នុងហេតុការណ៍នោះ សមត្ថកិច្ច​ក៏បានចាប់ឃាត់ខ្លួន​ពលរដ្ឋ​ប្រមាណ ៣០​​នាក់​ផងដែរ។ នេះបើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ ហើយពួកគេបញ្ជាក់ថា ពលរដ្ឋ​ដែល​ត្រូវបានចាប់ខ្លួននោះ ភាគច្រើន​ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន​​ទៅសាលាដំបូង​ខេត្ត និងត្រូវបានតុលាការ​សម្រេច​ឃុំខ្លួនជាបណ្តោះអាសន្ន​នៅពន្ធនាគារ​ខេត្ត ខណៈពលរដ្ឋ​​មួយ​ចំនួន​តូច​ត្រូវ​បាន​​ដោះលែងវិញ៕