កម្ពុជាបានផ្ដល់សច្ចាប័នជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ រួមមានសេចក្ដីប្រកាសជាសាកលស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គមកិច្ច សិទ្ធិវប្បធម៌ និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ជាមួយ កញ្ញា សេង សុខហ៊ុន ជាសិក្ខាកាមសារព័ត៌មានមកពីញូសន៍រូមខេមបូឌា ( Newsroom Cambodia)។
Q: ជម្រាបសួរលោក អំ សំអាត!
A: បាទជម្រាបសួរ!
Q: សំណួរដំបូងដែលនាងខ្ញុំចង់សួរតើការគោរពសិទ្ធិមនុស្សជាអ្វី?
A: បើយើងនិយាយអំពីការគោរពសិទ្ធិមនុស្សបានន័យថាជាការចេះអត់ឱន ការចេះឱ្យតម្លៃផ្ដល់តម្លៃទៅលើបុគ្គលគ្រប់រូប គោរពនូវសេចក្ដីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក។
Q: តើការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានស្ថានភាពបែបណា?
A: បើយើងនិយាយអំពីការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើងវាមិនទាន់មានលក្ខណៈល្អប្រសើរទាំងអស់នោះទេ ពីព្រោះយើងឃើញហើយថាបញ្ហាសិទ្ធិមនុស្សនេះនៅកម្ពុជាយើងមានការរំលោភសិទ្ធិជាច្រើនជាពិសេសការរំលោភទៅលើសេរីភាព និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ ហើយកន្លងមកយើងថាបញ្ហាសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្សនៅតែបន្ដកើតមានសម្រាប់កម្ពុជាអញ្ចឹងហើយបានជាមានការរិះគន់ជាច្រើនថា សេរីភាពសិទ្ធិមនុស្សនៅកម្ពុជានេះនៅមានកម្រិតទាបមានន័យថាការធ្លាក់ចុះ។
Q: តើមានអង្គការចំនួនប៉ុន្មានដែលធ្វើការងារទៅលើការគោរពសិទ្ធិមនុស្សនៅកម្ពុជា?
A: បើយើងនិយាយអំពីអង្គការក្រៅរដ្ឋាភិបាលដែលធ្វ់ទៅលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាយើងឃើញថាមានចំនួនតិចទេបើធៀបជាមួយនឹងអង្គការ និងសមាគមដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាយើងជាង៤ពាន់អង្គការ/សមាគម យើងឃើញថាមានតិចតួចបំផុតដែលធ្វើការទៅលើវិស័យសិទ្ធិមនុស្ស។ អង្គការដែរធ្វើទៅលើវិស័យសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យនេះភាគច្រើនគេចាត់ទុកថាប្រឆាំង។
Q: តើមានបញ្ហាប្រឈមបែបណាខ្លះក្នុងការអនុវត្តការងាររបស់អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា?
A: បើយើងនិយាយអំពីអង្គការដែលធ្វើការការពារសិទ្ធិមនុស្សនៅកម្ពុជាមានការប្រឈមច្រើន ទី១ គឺការលាបពណ៌ទៅលើអង្គការ ឬក៏បុគ្គលដែលធ្វើការអង្គការលើអង្គការសង្គមស៊ីវិលនៅកម្ពុជានឹងជាអ្នកប្រឆាំង។ ទី២ គឺកិច្ចសហការរវាងអង្គការសង្គមជាមួយនឹងអាជ្ញាធរហាក់ដូចជាមិនមានភាពមិនល្អ ហើយទី៣គឺបុគ្គលដែលធ្វើការទាក់ទងនឹងអង្គការសង្គមរងនូវគម្លាតការគំរាមកំហែង និងការបំភិតបំភ័យគ្រប់រូបភាពជាពិសេសគឺថ្មីៗនេះបុគ្គលិកអង្គការសិទ្ធិមនុស្សត្រូវបានជាប់បណ្ដឹងពីតុលាការផងដែរ។
Q: តើការគោរពសិទ្ធិមនុស្សផ្ដល់អត្ដប្រយោជន៍បែបណាខ្លះដល់កម្ពុជា?
A: បាទ! ការពិតទៅអង្គការសិទ្ធិមនុស្សដែលយើងធ្វើការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាគឺជាដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាល ប៉ុន្ដែអង្គការសិទ្ធិមនុស្សដែលយើងធ្វើការនេះអភិវឌ្ឍទៅលើផ្នែកសិទ្ធិមនុស្សក្នុងនាមប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបើសិនឱ្យមានការគោរពសិទ្ធិមនុស្សឱ្យមានល្អ កម្ពុជាយើងនឹងមានផលចំណេញច្រើនអាចនឹងសហគមន៍អន្តរជាតិទទួលស្គាល់ពេញលេញ ហើយនឹងអាចទទួលនូវជំនួញអភិវឌ្ឍផ្សេងៗ។ ដោយសារបញ្ហាសិទ្ធិមនុស្សហើយដែលយើងឃើញថា កន្លងមកមានការផ្ដាច់ការពិគ្រោះពន្ធ EBA ២០% ហើយនឹងទាក់ទង GSPរបស់សហរដ្ឋអាមេរិក គឺការអនុគ្រោះពន្ធពាណិជ្ជកម្មនឹងនៅមិនទាន់មានការបន្តគឺលក្ខខណ្ខរបស់គេនឹងសុំឱ្យស្ដារឡើងវិញនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
Q: តើរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវចូលរួមសកម្មភាពបែបណាខ្លះទើបធ្វើឱ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើង?
A: ខ្ញុំយល់ឃើញថាប្រទេសយើងបានផ្ដល់សច្ចាប័នច្រើនទៅលើបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស អញ្ចឹងរដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចទី១ គឺការគោរព គឺធ្វើម៉េចឱ្យមានការគោរពទៅលើបញ្ហាសិទ្ធិមនុស្ស។ ទី២ការពារ បានន័យថា បើមានការរំលោភបំពានទៅលើបញ្ហាសិទ្ធិមនុស្សរដ្ឋាភិបាលត្រូវចាត់វិធានការដើម្បីធ្វើការការពារ។ ទី៣ គឺការបំពេញបន្ថែម បើសិនជាពលរដ្ឋមិនទាន់យល់ដឹងអំពីបញ្ហាសិទ្ធិមនុស្សពុំបានគ្រប់គ្រាន់រដ្ឋត្រូវមានការផ្សព្វផ្សាយ ការអប់រំដើម្បីឱ្យពលរដ្ឋមានការយល់ដឹងហើយច្បាប់ដែលត្រូវបង្កើតឡើងធ្វើយ៉ាងម៉េចត្រូវស្របតាមបទដ្ឋានអន្តរជាតិដើម្បីជំរុញនិងការពារឱ្យពលរដ្ឋហ៊ានអនុវត្តសិទ្ធិរបស់ខ្លួនឱ្យពេញលេញ។
Q: ជាចុងក្រោយតើលោកមានអ្វីជាការបន្ថែមពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជា?
A: ទី១ទាមទារឱ្យគ្រប់ភាគីរាជរដ្ឋាភិបាលមានកាតព្វកិច្ចមុនគេនៅក្នុងការធានាក្នុងការអនុវត្តសិទ្ធិ គោរពសិទ្ធិទៅលើពលរដ្ឋ និងការពារនៅក្នុងការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។ ទី២ អង្គការសង្គមស៊ីវិលជួយចូលរួមជំរុញធ្វើម៉េចឱ្យមានការគោរព និងអនុវត្តសិទ្ធិឱ្យបានពេញលេញ។ ទី៣ ភាគីដែលពាក់ព័ន្ធ អ្នកជំនាញ ឬក៏ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាចជួយបន្ថែមដើម្បីជំរុញឱ្យរដ្ឋាភិបាលមានការលើកកម្ពស់ទៅលើបញ្ហាសិទ្ធិមនុស្ស ជំរុញឱ្យមានយន្ដការក្នុងការពារ ក៏ដូចជាអនុវត្តសិទ្ធិរបស់ពលរដ្ឋឱ្យបានពេញលេញ។
Q: ចាស អរគុណច្រើនសម្រាប់ការផ្ដល់បទសម្ភាស។
A: បាទ!៕