សមភាព​យេនឌ័រ​​ នៅតែជាប្រធានបទ​ដែល​មានការ​ជជែក​ច្រើននៅកម្ពុជា។ ​បើតាម​គោលដៅ​អភិឌ្ឍន៍ប្រកបដោយ​ចីរភាព​ទី៥ (SDG5) បង្កើតឡើង​ដើម្បី «​សម្រេច​សមភាព​យេនឌ័រ​ និង​បង្កើត​ភាព​អង់អាច​ដល់ស្រ្តី និង​ក្មេង​ស្រី​ទាំងអស់ដោយ​មិនលើសពី​ឆ្នាំ២០៣០​​» តាមរយ:​​​ការ​លុប​បំបាត់​រាល់​ទម្រង់នៃ​ការ​រើស​អើង​ប្រឆាំងនឹង​ស្រ្តី ​និង​ក្មេង​ស្រី​។ ការ​លើក​កម្ពស់សមភាព​យេនឌ័រ ​និង​បង្កើត​ភាព​អង់អាច​ដល់ស្រី្ត​ តាមរយ:ការអប់រំ​ ការងារ ​និងភាព​ជាតំណាង​របស់ស្រី្ត​នៅ​ក្នុង​វិស័យនយោបាយ​ គឺជាជំហ៊ាន​ដ៏សំខាន់មួយ​ដើម្បី​ជួយ​ពន្លឿន​ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​។​

ខាង​ក្រោម​នេះ​ជាកិច្ច​​សម្ភាស​រវាង​អ្នកស្រី ប្រាក់ ច័ន្ទភស្តា ​មន្រ្ដី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​តស៊ូមតិ ​និងបណ្ដាញ​នៅ​អង្គការ​យេនឌ័រ​ និងអភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហៅកាត់ថា GADC ជាមួយ​កញ្ញា ណឺ មិនា ជាសិក្ខា​កាមរបស់ Newsroom Cambodia៖

Q៖ ជម្រាបសួរអ្នកស្រី!

A៖ ចាស ជម្រាបសួរ!

Q៖ ជាដំបូង​នាងខ្ញុំសុំឱ្យ​អ្នកស្រី​ពន្យល់ថា​ ​តើអ្វីជាសមភាពយេនឌ័រ?

A៖ សមភាពយេនឌ័រគឺជាអ្វី​ដែលមនុស្ស​គ្រប់​ចម្រុះភាព​​ទទួលបានឱកាស​ ការទទួលបាន និង​លទ្ធផល​។

Q៖ តើសមភាពយេនឌ័រនៅកម្ពុជាមាន​ស្ថានភាព​បែបណា?

A៖ បើតាមមើលឃើញនិង​ធ្វើការ​​ សមភាព​យេនឌ័រនៅកម្ពុជា​ ​រាជ​រដ្ឋាភិ​បាលបាន​​ខិតខំ និង យក​ចិត្ត​ទុកដាក់​ពីមួយ​ជំនាន់​ទៅ​មួយជំនាន់មានភាពប្រសើរ។ ​តែភាពប្រសើរជាងមុនហ្នឹង​ឃើញ​ថា​នៅតែមានបញ្ហាប្រឈម ​ជាពិសេសជន​ដែលងាយ​រងគ្រោះ​ដូចជាស្រ្តី​ កុមារ និង​មនុស្ស​​គ្រប់ចម្រុះ​ភាព​មួយចំនួន​នៅតែមានការរើសអើង​ តែយើងក៏សរសើរចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដែលទាក់ទងទៅនឹង​រដ្ឋាភិ​បាល។ ហើយថ្មីៗនេះ​ ​បើយើងមើល​ពីលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់រដ្ឋាភិបាល​ឃើញថា​ចំនួន​ស្រ្តី​ដែល​ជាថ្នាក់​ដឹកនាំ​មានការ​ថយ​ចុះ​ ប៉ុន្តែរដ្ឋា​​ភិបាល​​​​​​​​​​​នៅតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឆ្លើយតប​ មួយវិញ​ទៀត​តាម​គោលការណ៍​រដ្ឋាភិបាល​ទាក់ទងនឹងអភិបាល​រង​​ស្រុក ​ឬខេត្ត​​ មិនថា​ស្រី្ត​ និង​បុរស​អាណត្តិពីរឆ្នាំត្រូវការ​ផ្លាស់ប្តូរ​​​ ដើម្បី​កុំ​ឱ្យ​អត្រា​បោះ​បង់ជាថ្នាក់​ដឹកនាំ​​របស់​ស្រ្តី​មាន​ការកើន​ឡើង។​

Q៖ បើ​និយាយ​ពី​សមភាពយេន​ឌ័រ​ តើមាន​បញ្ហាអ្វី​ខ្លះដែលកំពុង​​កើត​ឡើង​នៅកម្ពុជា​?

A៖ បើយើង​មើលពីរូបភាព​ទាក់ទង​នឹងការ​ចូលរួម​របស់ស្រី្ត​​ និងមនុស្ស​គ្រប់​ចម្រុះភាព​នៅក្នុង​ប្រទេស​កម្ពុជា ​គឺពិតជាស្មើគ្នាមែន បើយើងមើល​ទៅ​លើឱកាស​ គឺមានឱកាសស្មើគ្នា​ បើយើង​មើលទៅលើ​ការទទួលបាន​កន្លែងខ្លះក៏យើង​ឃើញថាទទួលបាន​ឱកាស​ តែបើយើង​មើលពី​លទ្ធផល​យើងអត់ដឹង​ថា​តើ​ប្រាកដ​ថា​ការដែលគាត់​ទទួលបាន​ឱកាស​ ការដែលគាត់​ទទួល​ធ្វើ​ហ្នឹង​​លទ្ធផល​​​វា​យ៉ាងម៉េច។​

ឧទាហរណ៍ឥឡូវហ្នឹង​ទាក់ទងនឹងចំនួន​ស្រ្តី​ចូលរួមក្នុងវិស័យ​ការងារបើ​មើល​ពីសន្ទុះ​គឺ​មាន​ការកើន ជាក់ស្ដែង​ក្នុងវិស័យ​រោង​ចក្រវាយនភ​ណ្ឌ​ស្រ្តីមាន​ច្រើន​ណាស់​ ហេតុអ្វី​យើងថា​អត់​ទាន់​​មាន​សមភាព​យេនឌ័រ​ ប៉ុន្តែ​បើយើង​មើល​ស្រ្តីមាន​ចំនួន​ច្រើន​មានទាំង​ឱកាស​ ការទទួល​បាន ​និ​ងមើ​លទៅលើ​លទ្ធផលថា តើ​ចំនួនស្រ្តី​ដែល​ច្រើន​ហ្នឹង​មានតួរនាទី​ទៅ​លើ​អី ​ហើយ​បើ​យើងមើលពី​តួ​នាទីដែលជា​ថ្នាក់​សម្រេចចិត្ត ​ឬក៏ជាថ្នាក់ដែលធំៗ​ជានរណា។ អ៊ីចឹង​កន្លែង​ហ្នឹង​យើង​មើល​ឃើញ​ថា​ភាគច្រើនស្រ្តីដែលគាត់ចូលក្នុង​វិស័យកាត់ដេរ​មានច្រើនមែន តែ​បើ​យើង​មើល​​​ពីថ្នា​ក់​​សម្រេចចិត្តធំៗ ជាផ្នែក​​​បច្ចេកទេស ឬជា​ប្រធានភាគ​ច្រើន​ជា​បុរស ​​​ត្រង់​​​កន្លែង​ហ្នឹង​​យើង​មិនបាច់​មើល​អី​ច្រើន ​មើលតែកន្លែងតូចៗហ្នឹង​​ ទាក់ទង​​នឹង​​ស្រ្តីក្នុងភាពជាអ្នក​ដឹកនាំ​វិស័យ​នយោបាយ​គឺ​នៅមានកម្រិតនៅឡើយ។​​

Q៖ តើ​នៅ​ពេល​ដែល​​​មាន​​បញ្ហា​ប្រឈម​ពាក់​ព័ន្ធនឹងសមភាព​យេន​ឌ័រ​នៅតែបន្ត​កើត​មាន​តើវា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​សង្គម​?​

A៖ បញ្ហា​ដែល​ប្រឈម​ពាក់​ពន្ធ័​នឹង​សមភាព​យេន​ឌ័រ​នៅ​កម្ពុជា​ ​នៅតែមាន​ហើយ​បើ​និយាយ​គឺមិនសំដៅ​លើតែ​បុរស​ស្រ្តី​នៅក្នុង​សង្គម​ទេ​តែយើង​និយាយពីមនុស្ស​គ្រប់​ចម្រុះភាព​ ចំពោះ​ការ​ឆ្លើយ​តបនិងកំណត់តម្រូវការ​​មិនទាន់​មាន​ភាព​ទូលំ​ទូលាយ​ទេ ​​ការងារ​ដែល​ទាក់​ទង​ទៅ​នឹងសមភាព​យេនឌ័រ​ជាការងារ​ដែលត្រូវ​ការ​ពេលវេលា​ហើយ​ត្រូវ​​ធ្វើ​រារហូត​មិនមែន​ដូច​ការងារ​​​​​​​​​ធម្មតា​ដែលដាក់​គោល​ដៅ​ទៅបាន​ផលនោះទេ​។​ ការងារនេះ​វា​ទាក់ទង​នឹងការ​កែ​ប្រែ​ឥរិយា​បទ​និងការគិត​របស់​មនុស្ស​ហើយ​ត្រូវ​ការ​ពេល​វេលា​ គ្រប់​ពេលដែលយើង​ចាប់​ផ្តើម​ធ្វើ ​បញ្ហា​ថ្មីៗចូល​មករហូត​ អ៊ីចឹងយើងត្រូវ​សិក្សា​ពី​បញ្ហាហ្នឹង​ហើយត្រូវដឹងថា​ដោះស្រាយ​បែបណា​។​

Q៖​ តើ​អ្នកស្រី​គិត​ ថា​អ្នក​ពាក់​ព័ន្ធ​ ជាពិសេស​រដ្ឋាភិបាល​គួរ​ធ្វើ​បែប​ណា​ដើម្បី​​ជំរុញ​ឱ្យ​សមភាព​យេនឌ័រ​​នៅ​កម្ពុជា​កាន់​តែប្រសើរ​ឡើង​?​​

A៖ បើ​និយាយ​ពី​តួរ​នាទី​របស់​រដ្ឋាភិបាល​ មើល​ពីកាតព្វកិច្ច​រដ្ឋ​ភាគីគឺមាន​បី​ចំណុច​ ការ​ការពារ ​ការ​គោរព ​និង​បំពេញ។​ អ៊ីចឹង​​យើង​​ជាប្រទេស​រដ្ឋហត្ថលេខី​​នៃអនុសញ្ញា ​ឬក៏កតិកាសញ្ញា​ជាច្រើន​​​​​ ជាក់​​​ស្តែង​​​ពាក់​ព័ន្ធ​នឹង​អនុ​សញ្ញា​ស្តី​ពី​ការ​លុប​បំ​បាត់​ការរើស​អើង​​លើ​ស្រ្តី​ និង​ក្មេង​ស្រី​ ទោះ​បី​​រដ្ឋា​ភិបាលបាន​​ខិតខំ​ប្រឹង​ប្រែង​ប៉ុន្តែ​គម្លាត​រវាង​សមភាព​​ក្នុង​សង្គម​នៅតែជា​បញ្ហា។​ ដូចនេះ​យើង​ត្រូវ​ការ​ធ្វើការ​ទាំងអស់គ្នា​ព្រោះពាក់ព័ន្ធ​ទាំង​សង្គម​ស៊ីវិល​ទាំង​យុវជន ​និង​​រាជរដ្ឋា​ភិបាល ហើយ​​ត្រូវ​ធ្វើ​ការរួម​​គ្នា​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​សម្រេច​គោល​ដៅ​ដែល​យើង​បាន​កំណត់​តាម​គោល​ការណ៍អភិវឍ្ឍន៍​ប្រកប​ដោយ​ចីរភាព​​ អេស​​​ ឌី​ ជី​ (SDG)​ ដែលសម្រេចបាន​សមភាព​យេនឌ័រ​និង​ផ្តល់​​សិទ្ធិ​អំណាច​ដល់ស្រ្តី ​និង​ក្មេង​ស្រី​ ​នៅ​ក្នុង​ឆ្នាំ​២០៣០​ ហើយ​ភាគីទាំង​អស់​គឺ​សំខាន់​។​

Q៖ ជា​ចុង​ក្រោយ​ ក្នុង​នាមអ្នកស្រី​ជាអ្នក​លើកកម្ពស់​ខាងសមភាព​យេនឌ័រ​ តើអ្នកស្រី​ចង់​ឃើញ​​ស្ថានភាពសមភាព​យេនឌ័រ​នៅកម្ពុជា​ទៅជា​យ៉ាង​ណាវិញ?

A៖ ចំពោះ​ខ្ញុំផ្ទាល់​ពិតជា​ចង់់​ឱ្យ​ប្រទេស​​កម្ពុជា​យើង​គឺជា​ប្រទេស​ដែល​មាន​សមភាព​យេនឌ័រ​ បាន​​ន័យ​ថា​ដឹងពី​បញ្ហា​របស់​មនុស្ស​គ្រប់​ចម្រុះ​ភាព​ ដឹងពី​តម្រូវ​ការ​ហើយ​ធ្វើការ​ដោះស្រាយ​ឆ្លើយ​​ត​ប​​ទាំង​អស់​គ្នា​​​ ​នៅ​ពេល​ដែល​ប្រទេស​យើង​មាន​សមភាព​យេន​ឌ័រ ​ទាក់ទង​នឹងការ​​អភិវឌ្ឍ​​​​ធនធានមនុស្ស​​ ទាំងការងារ​ក៏មាន​ភាព​ប្រសើរឡើងតាម​ហ្នឹងដែរ។​ ឥឡូវនេះ​ពី​សម័យ​កាល​​មួយ​ទៅ​សម័យកាល​មួយ​ឃើញថា​មាន​ការ​ផ្លាស់​ប្តូរ​​​​ ហើយសង្ឃឹមថា​ប្រទេស​កម្ពុជា​យើង​នឹង​សម្រេច​សមភាព​យេនឌ័រ​ឆាប់ៗ។

Q៖ អរគុណអ្នកស្រី!

A៖ ចា៎ អរគុណ៕