អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកសិក្សាការអភិវឌ្ឍន៍សង្គមបានសាទរចំពោះការបង្កើតគណៈកម្មាធិការជំរុញការដោះ​​ស្រា​​យ​ប​ញ្ហាវិស័យឯកជន ដោយចាត់ទុកថាការបង្កើតគណៈកម្មាធិការនេះឡើងចំពេលវិវាទក្នុងវិស័យឯកជ​​នកំ​ពុងតែផ្ទុះឡើងដែលនឹងប៉ះពាល់ទៅដល់ទំនុកចិត្តនៃការបោះទុនវិនិយោគរបស់អ្នកវិនិយោគិន​ទាំងក្នុង និងក្រៅប្រ​​ទេស។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះថាគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជននេះជាអាជ្ញាកណ្ដាលមួយ ដែលអាចជួ​យ​​​ដោះស្រាយបញ្ហាផ្សេងៗ និងអាចមានភាពងាយស្រួល ហើយឆាប់រហ័សក៏អាចថាបានដែរ។

លោកបន្តថា៖«ពាក់ព័ន្ធជាមួយដំណោះស្រាយវិវាទផ្នែកវិស័យឯកជននេះជាគណៈកម្មាធិការមួយដែលនៅក្រៅប្រព័ន្ធតុលាការហើយការដោះស្រាយនេះ គឺគេហៅថាជាមជ្ឈឹមករ គឺជាអ្នកសម្របសម្រួលអាជ្ញាកណ្ដាលដើម្បីដោះស្រាយដូច្នេះគណកម្មការធិកានេះនឹងរួមចំណែកជួយឱ្យវិបត្តិនានាត្រូវបានដោះស្រាយដោយងាយស្រួលហើយ និងលឿន»។

បន្ថែមពីលើនេះ លោកចាត់ទុកថាកាលណាបញ្ហាក្នុងវិស័យឯកជនត្រូវបានដោះស្រាយដោយឆាប់រហ័ស វាអាចទា​ក់​ទាញវិនិយោគិនពីក្រៅប្រទេសបានដោយងាយ ខណៈដែលតុលាការពាណិជ្ជកម្មនៅមិនទាន់លិចជារូបរាងនៅឡើយ។តុលាការពាណិជ្ជកម្មនេះ នឹងអាច​​ប​​ម្រើឱ្យសេចក្តីត្រូវការជាចាំបាច់ សម្រាប់វិស័យដ៏សំខាន់មួយនេះ ​និ​ង​ការផ្តល់ទំនុកចិត្តមួយផ្នែកដែរ សម្រាប់វិនិយោគិនបរទេស។

លោកបន្តថា៖«ការដោះស្រាយដោយងាយស្រួលនិងលឿននោះវាទាមទារឈរលើឆន្ទៈនៃអ្នកដោះស្រាយ ឈរលើគោលការណ៍ច្បាប់ អង្គហេតុនិងអង្គច្បាប់ដែលត្រូវយកមកប្រើប្រាស់ដូច្នេះខ្ញុំជឿថានៅក្នុងគណកម្មការនេះនឹងរួមចំណែកជួយឱ្យដំណោះស្រាយបានលឿននិងមានភាពងាយស្រួលហើយនិងចំណាយអស់តិចជាជាងទៅកាន់ប្រព័ន្ធតុលាការ អញ្ចឹងក៏ជាមធ្យោបាយមួយនៃការទាក់ទាញវិនិយោកិនពីក្រៅប្រទេសចូលរួមផងដែរប្រ​​សិនបើ​​តុលាការពាណិជ្ជកម្មមិនទាន់ត្រូវបានបង្កើតឡើង»

ការលើកឡើងដូចនេះ របស់អ្នកជំនាញផ្នែកសេដ្ឋកិច្ច ធ្វើឡើងក្រោយពេលមួយថ្ងៃ នៃការសម្រេចរបស់​​រដ្ឋាភិ​​បា​​ល​​នៅក្នុងអាណត្តិថ្មីនេះ។អនុក្រឹត្យដែលចេញកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គឺរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ក្នុងបុព្វហេតុដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជន លើទិដ្ឋភាពច្បាប់ បច្ចេកទេស និងបំពេញភារកិច្ចដទៃទៀត តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី។

មិនតែប៉ុណ្ណោះ គណៈកម្មធិការនេះមានសមាសភាពនាយករងខុទ្ទកាល័យ របស់​នាយករដ្ឋមន្រ្តីជាប្រធាន តំ​​ណាង​​ក្រ​​សួ​ង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងតំណាងគណៈកម្មាធិការវិនិយោគកម្ពុជាជាអនុប្រធាន និងសមាជិកជាច្រើ​​នរូបទៀត។

ហាក់មិនខុសគ្នាទេអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី យល់ឃើញថា បើមើលពីតួនាទី និង​​ភា​​រ​​កិច្ច គណៈកម្មាធិកា​​រនេះ​អា​ច​​នឹងរួមចំណែកជួយដល់វិស័យឯកជនបានច្រើន។លើសពីនេះទៀត វាក៏ជួយឱ្យវិស័​​យឯកជនមានទំនុកចិត្តពីការការពារផ្នែកច្បាប់ដែរ។

លោកមានប្រសាសន៍ថា៖«ខ្ញុំគិតថាគណៈកម្មការនេះវាអាចក្លាយទៅជាយន្តការមួយដែលសម្រាប់ធ្វើការបន្ទាន់ភ្លាមៗឬក៏ធ្វើការឆ្លើយតបភ្លាមៗទៅបញ្ហាដែលវាកើតឡើងមុននឹងរឿងហ្នឹងវារីកធំទៅដល់តុលាការដល់អី យើងដឹងហើយថាកាលណាទៅដល់តុលាការវាត្រូវប្រើពេលវេលាយូរ អ៊ីចឹងបើសិនជាមានគណកម្មការហ្នឹងអាចដោះស្រាយវិវាទហ្នឹងបានទាន់ពេលវេលានៅក្នុងកម្រិតណាមួយនោះអាហ្នឹងវាធ្វើឱ្យក្រុមខាងឯកជនហ្នឹងក៏មានទំនុកចិត្តហើយក៏គិតថាគាត់មានរឿងអីគឺពួកគាត់មានការការពារដោយច្បាប់ឬការពារដោយគណៈកម្មការអីចឹង»

ក្នុងនាមជាអ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវ លោកគាំទ្រការបង្កើតគណៈកម្មាធិការនេះ ក៏ប៉ុន្តែលោ​​ក​ស្នើឱ្យមានការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ខណៈវិស័យឯកជនកំពុងមានភាពរង្គោះរង្គោះមួយ​​រយៈពេល​​ចុ​ង​​​ក្រោយនេះ ដូចជាករណីឆបោ​​កប្រាក់ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារជាដើម។

លោកបន្តថា៖«រឿងអាស្រូវប៉ុន្មានខែកន្លងមកនេះ ខ្ញុំមិនទាន់ហ៊ានថាជាការបោកប្រាស់ទេតែវាមានការចោទប្រ​​កា​ន់​អញ្ចឹង។ អាហ្នឹងផលប៉ះពាល់ធ្ងន់ណាស់ទៅលើសេដ្ឋកិច្ចប្រទេសមួយ កាលណាបើសិនជារដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ហើយរកមធ្យោបាយការពារទេ។ខ្ញុំគាំទ្រឱ្យមានគណកម្មការហ្នឹងឡើងហើយ ប៉ុន្តែកុំឱ្យវាមានច្រើ​នតែគណៈកម្មការប៉ុន្តែវាអត់មានប្រសិទ្ធភាពដូចដែលយើងធ្លាប់ឃើញពីមុនៗ[..]បើសិនជាយើងមើលអំពីតួនាទី ខ្ញុំគិតថាយើងអាចធ្វើបាន ដូចពាក្យថា «ខ្មែរអាចធ្វើបាន» ប៉ុន្តែខ្លាចតែខ្មែរមិនព្រមធ្វើ »

ផ្ទុយទៅវិញលោកបណ្ឌិត មាស នី មើលឃើញថាក្នុងដំណើរវែងឆ្ងាយទៀត គណៈកម្មាធិការនេះ អាចនឹងត្រូវប្រ​​ឈ​ម​​​​មុខបញ្ហាធំៗមួយចំនួនដូចជាប្រសិនបើបញ្ហាប៉ះចំឈ្មួយរកស៊ីដែលមានខ្នងក្រាស់មានងាជាឧកញ៉ា ឬជា​​ម​ន្រ្តី​​​​​​នយោបាយជាន់ខ្ពស់ក្នុងរដ្ឋាភិបាលជាដើម អាចនឹងជួបផលវិបាកស្វែងរកដំណោះស្រាយ។

លោកបន្តថា៖ «ហើយសំខាន់ទៀតគឺសមាសភាពរបស់គណៈកម្មការជានរណាខ្លះ បើសមាសភាពគណៈកម្មការហ្នឹងវាមិនមែនជាអ្នកមានឥទ្ធិពលទេក៏ខ្ញុំគិតថាធ្វើរឿងបញ្ហាទំនាស់នៅក្នុងវិស័យឯកជនហ្នឹងវាចំឈ្មួញខ្លះចំឧកញ៉ាខ្លះហ្នឹងក៏គណៈកម្មការពិបាកនឹងធ្វើដែរ។ ប៉ុន្តែបើសិនជាគណៈកម្មការហ្នឹងវាមកពីសមាសភាពសុទ្ធតែអ្នកមានអំណាចអ្នកជំនួញធំៗ អាហ្នឹងក៏ជួនកាលវាមានទំនាស់ផលប្រយោជន៍ដែរ មានន័យថាធ្វើការសម្រេចចិត្តដោយការសម្របសម្រួលណាមួយ »

គេសង្កេតឃើញថា បច្ចុប្បន្ននេះមានហេតុផលមួយចំនួនបានបង្កើត​ភាពស្មុគស្មាញនៅក្នុងសង្គម។ប្រជាពលរដ្ឋ​ក្រៅ​ពីជាប់បំណុលធនាគារហើយ នៅមានករណីឆបោកក្រោមហេតុផលវិនិយោគទុន ទទួលបានការប្រាក់ខ្ពស់​ដែ​​ល​​​ពួកគេសុទ្ធ​​តែមាន​​ងា​​ជាឧកញ៉ា ឬជាមន្រ្តីជាន់ខ្ពស់ជាដើម។ហើយលំហូរសាច់ប្រាក់ទាំងនោះ នៅតែស្ថិ​​តក្នុ​ង​​ភា​​ព​​អាថ៍កំបាំងនៅឡើយ។

ជាមួយគ្នានេះលោក វន់ ពៅ ប្រធានសមាគមន៍ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(Idea) លើក​​ឡើ​ង​​ថាការបង្កើតគណៈកម្មធិការនេះជារឿងល្អដោយអាចដោះស្រាយបញ្ហាផ្សេងៗដែលកំពុងកើតឡើងរបស់វិស័យឯកជននៅកម្ពុជាដែលកំពុងមានភាពចម្រូងចម្រាស់។បន្ថែមពីលើនេះ បើគណៈកម្មាធិការនេះអនុវត្តការងារដោ​​យ​​មានប្រសិទ្ធិភាពវានឹងផ្ដល់ផលប្រយោជន៍ជាច្រើនរួមមានធ្វើឱ្យមានការជឿជាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបា​​លដោយទាក់ទាញបាននូវអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស បញ្ឈប់ការឆបោក និងមានសមធម៌ទាំងក្នុងអា​​ជី​​វកម្មខា្នតតូច និងមធ្យម។បើទោះបែបណា សម្រាប់លោក វន់ ពៅ រដ្ឋាភិបាលគួរបង្កើតឱ្យមានតុលាការពាណិជ្ជកម្មដើ​​ម្បីរួមចំណែក​​ដោះស្រាយបញ្ហានៅក្នុងវិស័យឯកជន។

លោកបន្តថា៖«វាជារឿងល្អមួយហើយដែលរដ្ឋាភិបាលបានបង្កើតគណៈកម្មការដើម្បីដោះស្រាយរឿងវិស័យឯកជន។ វាជាជំហានថ្មីមួយដែលមានគណៈកម្មការដើម្បីដោះស្រាយរាល់បញ្ហាទាំងឡាយរបស់វស័យឯកជនដែលកំពុ​ង​តែមានរឿងចម្រូងចម្រាស់ច្រើននៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសរឿងការប្រមូលលុយធ្វើជាភាគហ៊ុនអីផ្សេ​​ង​​ៗឃើញថាកំពុងតែចម្រូងចម្រាស់ខ្លាំងហើយបង្កើតបែបនេះគឺជាការឆ្លើយតបមួយផងដែរ[…]វិស័យឯកជនមួ​យចំនួនក៏មានបញ្ហាច្រើនជាមួយប្រជាពលរដ្ឋដែរ។ អាហ្នឹងខ្ញុំគិតថាវាអាចដំណោះស្រាយមួយ »

លោកបន្ថែមថា៖«ប៉ុន្តែដើម្បីឱ្យមានប្រសិទ្ធភាព ខ្ញុំគិតគួរតែបង្កើតតុលាការពាណិជ្ជកម្មតែម្ដងទៅដើម្បីដោះស្រា​​យ​រឿងធំៗឱ្យមានការទទួលកាតព្វកិច្ចនៅពេលដែលចៅក្រមតុលាការពាណិជ្ជកម្មកាត់ទៅគឺភាគីពាក់ព័ន្ធត្រូវតែគោរពតាមអាហ្នឹងខ្ញុំគិតថាកាន់តែប្រសើរថែមទៀត »

ទាក់ទិនភាពចម្រូងចម្រាស់នេះ ក្រុមហ៊ុន​ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) រង់ការចោទ​​ប្រ​​កា​ន់ថា​បាន​បោក​ប្រាស់​យក​ប្រាក់ពី​អ្នកវិនិ​យោគិន​ ដែល​បានបោះទុន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​មួយនេះរាប់ពាន់​​លា​ន​​ដុល្លារ។ប៉ុន្តែកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន CIC បានច្រានចោលការចោទប្រកាន់ទាំងនោះដោយថាវាជាវិបត្តិសេដ្ឋកិច្ចសកល និងភាព​ខ្វះចន្លោះ​ក្នុងការ​ត្រៀម​ខ្លួន​របស់​ក្រុមហ៊ុន​ មិនមែនជាការឆបោកទេ។

ករណីដាច់ដោយឡែកមួយទៀត អ្នកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ប្រ៊ីលានស៊ីធី ដែលរង់ការ​​ចោទប្រ​កាន់ថា​បា​នឆបោកប្រាក់ពីក្រោមហេតុផលវិនិយោគបានការប្រាក់ខ្ពស់ប្រមាណ៣០០លានដុល្លារ ពីពលរដ្ឋជា​ង១ម៉ឺន​នា​ក់​​​​​។ភាពចម្រូងចម្រាស់នេះ ត្រូវបង្ខំចិត្តឱ្យតុលាការខេត្តសៀបរាបចេញដីកាចោទប្រកាន់ អគ្គនាយិកាក្រុមហ៊ុននេះ​​ក្រោ​​មបទចោទ «ឆបោក ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ និងបទសម្អាត់ប្រាក់ »៕