លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡាបង្កើនម៉ោងសិក្សានៅថ្នាក់បឋមសិក្សាបន្ថែមទៀត ដើម្បីឱ្យស្របតាមបណ្តាប្រទេសជឿនលឿន។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាដើម្បីឱ្យការអប់រំទទួលបានលទ្ធផលល្អ ត្រូវតែពង្រឹងមូលដ្ឋានគ្រឹះមកថ្នាក់បឋមមក ដែលចាំបាច់ត្រូវបង្កើនម៉ោងសិក្សាបន្ថែមទៀត ដើម្បីឱ្យសិស្សទទួលបានការបំប៉ននិងមានគុណភាពល្អជាមុន។
លោកថ្លែងថា៖«អ្វីដែលជាមូលដ្ឋាននៅក្នុងការធានាគុណភាពរបស់មនុស្ស របស់ធនធានរបស់យើងគឺការអប់រំ ជាពិសេស នៅមូលដ្ឋានគ្រឹះតែម្តង […] យើងចុះស្ទង់រួចហើយ គឺចង់បានដូចគ្នា ចង់បានសាលាឱ្យកូនរៀនល្អ មូលដ្ឋានគ្រឹះរឹងមាំ ចង់បានវិន័យ ចង់បានម៉ោងកុំឱ្យកូនទំនេរច្រើនពេក ខ្លាចវាខូច ម៉ែឪរវល់ ចង់ឱ្យកូននៅសាលាឱ្យបានច្រើន »។
លោកក៏បានផ្តល់អនុសាសន៍ឱ្យក្រសួងអប់រំបន្តពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា រួមទាំងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់អ្នកសិក្សា ដូចជាចាប់ផ្តើមអនុវត្តការសិក្សាពេញមួយថ្ងៃ និងកែលម្អសៀវភៅសិក្សាគោល ដើម្បីឱ្យស្របគ្នា ជាមួយបណ្តាប្រទេសជឿនលឿន។
ទាក់ទិនរឿងនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុង បានថ្លែងក្នុងពិធីបិទសន្និបាតកាលពីថ្ងៃអង្គារនេះថា ក្រសួងនឹងរៀបចំកែទម្រង់កម្មវិធីសិក្សា ពីការរៀនមួយពេលទៅការរៀន និងបង្រៀនពេញមួយថ្ងៃ ដើម្បីពង្រឹងគុណភាព នៅកម្រិតបឋមសិក្សា។
លោកមានប្រសាសន៍ថា៖«ក្រសួងកំពុងពិចារណាដើម្បីបង្កើនម៉ោងបង្រៀនតាមតម្រូវការដើម្បីឈានជាបណ្តើរៗ ទៅរៀនពេញមួយថ្ងៃ ដោយសារតែប្រទេសក្នុងតំបន់ទាំងអស់សុទ្ធតែរៀនពេញមួយថ្ងៃ ដូច្នេះប្រសិនបើកម្ពុជារៀនតែពាក់កណ្តាលថ្ងៃ គឺយើងមិនអាចប្រណាំងប្រជែងជាមួយគេបានទេ ក៏ប៉ុន្តែយើងត្រូវតែមានយុទ្ធសាស្ត្រឱ្យបានសមស្របក្នុងគោលដៅដាក់ឱ្យអនុវត្តជាបណ្តើរៗ នៃការរៀនពេញមួយថ្ងៃនេះ » ។
ក្រសួងបានដាក់ឱ្យអនុវត្តការរៀន និងបង្រៀនពេញមួយថ្ងៃ ដោយប្រើមូលនិធិសមធម៌ នៅតាមសាលាបឋមសិក្សាចំនួន ២០កន្លែង។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា លើកឡើងថាដើម្បីអនុវត្តនូវអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តីដែលដាក់ចេញកាលពីថ្ងៃអង្គារនេះ ក្រសួងអប់រំនឹងសិក្សាលម្អិតអំពីសាលាគោលដៅ ដើម្បីពង្រីក និងអាចអនុវត្តបាននៅក្នុងពេលឆាប់ៗខាងមុខនេះ។
មិនតែប៉ុណ្ណោះ ការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ ឬការបន្ថែមពីរម៉ោងនៅកម្រិតបឋមសិក្សា កន្លងមកក្រសួងអប់រំយុជន និងកីឡាបានសាកល្បងអនុវត្តនៅតាមសាលារៀនចំនួន២០កន្លែងរួចមកហើយ ដោយប្រើប្រាស់មូលនិធិសមធម៌នៅតាមសាលារៀន។
លោកស្រីថ្លែងបន្តថា ៖ « តាមរយៈការសាកល្បងកន្លងមកនេះគឺក្រសួងអប់រំ យុជន និងកីឡាបានមើលឃើញថា ការរៀនពេញមួយថ្ងៃនេះ គឺធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ទាំងផ្នែកអំណាន ក៏ដូចជាគណិតវិទ្យា ហើយការសិក្សាពេញមួយថ្ងៃនេះក៏នឹងអាចជំរុញឱ្យសិស្សានុសិស្សមានពេលបន្ថែមទៀតនៅក្នុងការធ្វើការស្វ័យសិក្សា ឬក៏ចូលរួមនៅក្នុងក្លិបសិក្សានានាដែលសាលានឹងរៀបចំឡើង ហើយលើសពីហ្នឹងទៀតក៏ជាឱកាសមួយនៅក្នុងការចូលរួមនៅក្នុងកម្មវិធីក្រៅម៉ោងសិក្សា តាមទាន់មិត្តភក្តិរបស់គាត់នឹងមកចូលរួមសកម្មភាព រៀនអំពីបច្ចេកវិទ្យា ភាសាបរទេស សិល្បៈ កីឡា ឬក៏សកម្មភាពស្ម័គ្រចិត្តនានា »។
អ្នកស្រីបន្តថាការចូលរួមនៅក្នុងការសិក្សាពេញមួយថ្ងៃនេះ ក៏នឹងអាចកាត់បន្ថយការកើតមាន នៅសិស្សដែលទៅប្រព្រឹត្តរឿងខុសឆ្គង ឬដើរលេងជាក្រុម មានដូចជាក្រុមបងតូចបងធំនេះជាដើម។
ដោយឡែក ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី យល់ឃើញថាកំណែទម្រង់នេះអាចសម្រេចបាន ប៉ុន្តែត្រូវបន្ថែមប្រាក់បៀវត្សរ៍ឱ្យគ្រូបង្រៀនទ្វេដងដែរ ព្រោះគ្រូធ្វើការសព្វថ្ងៃគឺដើម្បីដោះស្រាយជីវភាពខ្លួនឯងសឹងមិនចង់រួច។ក្រៅពីនេះ ដើម្បីបង្កើនគុណភាពអប់រំឱ្យល្អប្រសើរ ពោលមានតែលើកទឹកចិត្តគ្រូតាមរយៈការបង្កើនប្រាក់ខែឱ្យបានសមរម្យ។ លោកស្រីមានជំនឿនថា គុណភាពអប់រំនៅតាមគ្រឹះស្ថានសិក្សារដ្ឋនឹងបានល្អ ហើយក៏កាត់បន្ថយការចំណាយរបស់ឱពុកម្តាយនៅតាមសាលាឯកជនដែរ។
លោកស្រីថ្លែងថា៖ « បើគាត់លះបង់ហើយអត់អីពិសារគាត់ក៏អត់មានកម្លាំងទៅបង្រៀនពីរពេលនឹងដែរ ព្រោះបង្រៀនពីមួយព្រឹកទៅមួយថ្ងៃ វិលល្ងាចទាល់តែប្រាក់បៀវត្សរ៍គុណនឹងពីរ អ្វីដែលខ្ញុំនិយាយហ្នឹងដោយសារតែយើងឃើញហើយ ថាលោកគ្រូអ្នកគ្រូយើងមួយចំនួនគាត់ទៅបង្រៀននៅសាលាឯកជន អញ្ជឹងប៉ះពាល់ដល់ចំណូលរបស់ពួកគាត់ អ៊ីចឹងអ្វីដែលខ្ញុំលើកយកមកនិយាយនេះគឺត្រូវតែទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងសព្វថ្ងៃហ្នឹង »។
អង្គការតម្លាភាពអន្តរជាតិ កាលពីឆ្នាំ២០២១ បានចេញរបាយការណ៍ដោយបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ាន គឺកម្ពុជាឈរលំដាប់លេខរៀងទី១ ដែលមានអំពើពុករលួយខ្ពស់ជាងគេ។ប្រព័ន្ធអប់រំកម្ពុជាក៏រង់ការរិះគន់ថា មានអំពើពុករលួយដែរ តាមរយៈគ្រូលក់មេរៀនឱ្យសិស្សក្នុងម៉ោងសិក្សាតាមរយៈការទិញព្រូយ៉ុងប្រចាំថ្ងៃជាថ្នូរនឹងទទួលបានមេរៀន និងគ្រូត្រូវបង្ខំចិត្តបង្រៀនគួរក្រៅម៉ោងសិក្សាដោយសារប្រាក់ខែគោលមិនអាចឆ្លើយតបតម្រូវការចំណាយគ្រប់គ្រាន់៕