លោក សេង ផល្លី គឺជាសមាជិកសហគមន៍បណ្ដាញព្រៃឡង់នៅខេត្តកំពង់ធំ និងជាគណៈកម្មការព្រៃសហគមន៍ក្បាលខ្លា។ លោកបានចូលរួមយ៉ាងសកម្មក្នុងការល្បាតព្រៃ ឃាត់បទល្មើសកាប់បំផ្លាញព្រៃឈើ ដាំដើមឈើ កសាងហេដ្ឋារចនាសម្ព័ន្ធទាំងនៅព្រៃឡង់ និងព្រៃសហគមន៍ក្បាលខ្លា។
នៅថ្ងៃទី៥ ថ្ងៃសុក្រ ខែមេសា ឆ្នាំ២០២៤ សិក្ខាកាមសារព័ត៌មាន Newsroom Cambodia សម្ភាស៍ លោក សេងផល្លី អំពីសកម្មភាព និងបទពិសោធន៍របស់លោកពាក់ព័ន្ធនឹងការការពារព្រៃឈើ៖
Q: ជម្រាបសួរលោក សេង ផល្លី!
A: បាទ ជម្រាបសួរ!
Q: ជាដំបូងនាងខ្ញុំចង់ដឹងថា ហេតុអ្វីបានជាលោកសម្រេចចិត្តចូលរួមក្នុងសកម្មភាព ការពារបរិស្ថាន និងព្រៃឈើដោយផ្ទាល់?
A: បាទ! ដោយសារតែខ្ញុំសម្រេចចិត្តការពារធនធានធម្មជាតិ ដូចជាបរិស្ថាន ដូចជាព្រៃឈើ ព្រោះខ្ញុំមើលឃើញថា ព្រៃឈើវាមានសារៈប្រយោជន៍សំខាន់ដូចជាពួកខ្ញុំដែលរស់នៅជាប់នឹងព្រៃឈើ គឺយើងបានទទួលផលអនុផលពីព្រៃឈើ ទាំងបោចវល្លិ៍ រើសជ័រអីផ្សេងៗ ហើយនិងថ្នាំឱសថបុរាណមួយចំនួនដែលយើងអាចយកមកដាំហូបបាន។ ហើយមួយទៀត ឈើបានផ្ដល់ផលប្រយោជន៍ឱ្យយើងច្រើន គឺវាផ្ដល់ទាំងអុកស៊ីហ្សែន ហើយវាផ្ដល់ទាំងប្រភពទឹកឱ្យយើងប្រើប្រាស់ធ្វើកសិកម្មដែរ នៅជុំវិញសហគមន៍របស់ខ្ញុំ។
Q: ក្នុងនាមលោកជាសកម្មជនការពារព្រៃឈើ តើលោកបានធ្វើសកម្មភាពអ្វីខ្លះក្នុងការការពារបរិស្ថាន?
A: បាទនៅក្នុងសហគមន៍របស់ខ្ញុំ ដូចជានៅក្នុងដែនជម្រកព្រៃឡង់ ភាគច្រើនខ្ញុំចូលរួមល្បាតយ៉ាងតិចក៏១ខែ ៣ដង សម្រាប់ការល្បាតព្រៃ ហើយមួយទៀតយើងបានដាំដើមឈើបន្ថែម នៅពេលមានរដូវភ្លៀងធ្លាក់គឺជារៀងរាល់ឆ្នាំ។ អរគុណ ។
Q: តើលោក ប្រឈមនឹងបញ្ហាអ្វីខ្លះក្នុងនាមជាសកម្មជនការពារព្រៃឈើ?
A: សកម្មជនព្រៃឈើគឺយើងប្រឈមច្រើន ទី១ប្រឈមនឹងបទល្មើសដែលគាត់មានអាវុធកែច្នៃនៅក្នុងព្រៃ ទី២ប្រឈមទៅលើបញ្ហាផ្លូវច្បាប់ ព្រោះយើងយល់ឃើញថា យើងមើលមករាល់ថ្ងៃវាហាក់បីដូចជាអ្នកការពារព្រៃឈើ វាមានសម្ពាធជាងអ្នកទៅកាប់ព្រៃឈើ ហេតុអីបានយើងលើកឡើងមកចឹង ព្រោះដោយសារសកម្មជនការពារព្រៃឈើ រាល់ថ្ងៃដូចជាការពារព្រៃឡង់ ហើយក្រសួងបរិស្ថានគាត់ព្យាយាមមិនឲ្យសហគមន៍ព្រៃឡង់ចូលទៅក្នុងព្រៃឡង់ទេ ហើយហេតុអីបានអត់ឱ្យចូល ព្រោះយើងចង់ចូលទៅនឹងក្នុងព្រៃឡង់មានការកាប់បំផ្លាញព្រៃឈើ ឬអត់ ទីពីរយើងមើលឃើញថា ការដឹកជញ្ជូនឈើចេញពីព្រៃឡង់នៅតែមាន ដល់ពេលសហគមន៍ចូលគាត់អត់ឱ្យចូល ចឹងហើយបានថាបទល្មើសកាប់ឈើវាងាយស្រួលចូលជាងសកម្មជនការពារព្រៃឈើ ។
Q: តើកត្តាអ្វីដែលធ្វើឱ្យលោកនៅតែបន្តធ្វើការងារនេះ ទាំងដែលលោករងនូវការគំរាមគំហែង និងការបំបាក់ទឹកចិត្ត?
A: កត្តាដែលជំរុញឱ្យខ្ញុំធ្វើបែបនឹង ព្រោះខ្ញុំមើលឃើញថា ខ្ញុំស្រលាញ់ធនធានធម្មជាតិ ពួកយើងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ ពួកយើងថាអ្វីដែលយើងអត់ធនធានធម្មជាតិគឺអត់បាន បើធនធានធម្មជាតិអត់យើងបាន។ ហើយមួយទៀតព្រោះព្រៃវាផ្ដល់សារៈសំខាន់ខ្លាំងមែនទែន ព្រោះវាអាចដូចអ្វីដែលខ្ញុំនិយាយខាងដើមមិញ វាអាចបញ្ចេញអុកស៊ីហ្សែនឱ្យយើងដកដង្ហើមស្រួល វាអាចជាអាងស្តុបទឹកដោយស្វ័យប្រវត្តិឱ្យមានទឹកប្រើប្រាស់ធ្វើកសិកម្ម […] ចឹងហើយបានធ្វើឲ្យខ្ញុំមានការស្រលាញ់ព្រៃឈើ ចង់ចូលរួមការពារវា និងអភិរក្សវាឲ្យនៅគង់វង្ស។
Q: តើរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជួយដោះស្រាយតាមរយៈការអនុវត្តរបស់លោក កន្លងមកដែរឬទេ?
A: ខ្ញុំគិតថារឿងនឹងវាមាន២ ពេលខ្លះដែលយើងចាប់បានបទល្មើស គឺគាត់បានអនុវត្តទៅតាមផែនការច្បាប់មួយចំនួនដែរ ពេលខ្លះក៏គាត់មួយចំនួនទៀតបើកដៃឱ្យឈ្មួញនៅតែហ៊ានកាប់ឈើ ។ ហេតុអីបានយើងនិយាយថារាជរដ្ឋាភិបាលបើកដៃឱ្យឈ្មួញកាប់ឈើ ព្រោះយើងមើលឃើញថា ការដឹកចេញឈើវាជារូបភាពទ្រង់ទ្រាយធំមែនទែន ។ ហើយហេតុអ្វីបានជាដឹកកាត់ទីរួមស្រុក ដឹកកាត់ទីប្រជុំជន នៅតែអត់មានការខ្នាក់ខ្នាញ់ពីអាជ្ញាធរ ពេលខ្លះមានការសម្រួលពីអាជ្ញាធរទៀត ឱ្យមានការដឹកចេញទៅដល់ខ្លាំង ឬក៏ដេប៉ូផ្សេងៗ ។
Q: ជាចុងក្រោយ តើលោកមានអ្វីជាសារ ឬសំណូមពរទៅដល់យុវជនជំនាន់នេះ និងជំនាន់ក្រោយពាក់ព័ន្ធនឹងការការពារព្រៃឈើ?
A: បាទ! ជាកិច្ចបន្ទាប់ខ្ញុំក៏សូមស្នើសុំបងប្អូននៅក្នុងស្រុក ឬក្រៅស្រុក ឲ្យមានការចូលរួម ទោះមិនបានចូលរួមផ្ទាល់ក៏ចូលរួមប្រយោល ហើយជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ឲ្យគាត់មានការរៀនទៅថ្នាក់បណ្ឌិត ឬក៏ថ្នាក់សាលាផ្សេងៗ ឬក៏រៀនជំនាញទៅលើព្រៃឈើ ទៅលើបរិស្ថានផ្សេងៗ ឱ្យគាត់ផ្ដោតសំខាន់ទៅលើចុះមកមូលដ្ឋានដើម្បីស្រាវជ្រាវចង់ដឹងថាតើឈើនៅក្នុងតំបន់មូលដ្ឋាន ឬក៏តំបន់ព្រៃឡង់ ឬក៏តំបន់ព្រៃផ្សេងៗនឹង តើវាមានការកាប់រានខ្លាំងអត់។ ហើយចង់ឱ្យគាត់ចូលរួមដើម្បីកាត់បន្ថយក្នុងការកាប់បំផ្លាញព្រៃឈើនោះផងដែរ ។
Q: អរគុណច្រើនសម្រាប់ការផ្ដល់បទសម្ភាស!
A: បាទ! អរគុណ៕