ពលរដ្ឋដែលបម្លាស់ទីទៅតាំងទីនៅលំថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកត្អូញត្អែរថាពួកគេត្រូវជួបផលវិបាកក្នុងការធ្វើដំណើរព្រោះតែចំណត់ឡានក្រុងនៅឆ្ងាយពីតំបន់ដែលពួកគេបំពេញការងារ ខណៈអ្នកភូមិស្នើឱ្យបង្កើតការងារនៅក្នុងមូលដ្ឋាននៃរុនតាឯកផ្ទាល់ ដើម្បីងាយស្រួលរកចំណូលប្រចាំថ្ងៃ។
មានវ័យ ៥៥ ឆ្នាំ លោក មុត ខន ជាពលរដ្ឋរស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឱ្យដឹងថា តាំងពីមករស់នៅរុនតាឯកជាងមួយឆ្នាំលោកមានជីវភាពយ៉ាប់យ៉ឺនជាងមុន ព្រោះលោកមិនមានការងារធ្វើខណៈពេលលោកនៅតំបន់អង្គរលោកគឺជាជាងសំណង់។ក្រៅពីជួបផលលំបាកទាំងនេះហើយ លោក មុខ ខន ត្អូញត្អែរថារាល់ថ្ងៃនេះឡានក្រុងជួយសម្រួលការលំបាកខ្លះដែរ តែមិនទាំងស្រុងទេព្រោះចំណតរថយន្តក្រុងនៅឆ្ងាយពីកន្លែងធ្វើការ។
លោកមានប្រសាសន៍ថា៖ «និយាយទៅគាត់អត់បានដាក់យើងនៅតាមគោលដៅទេ ដាក់នៅត្រឹមចំណត អញ្ជឹងទៅដល់ត្រូវជិះម៉ូតូឌុបដដែលនឹង ម្យ៉ាងការងារសំណង់មិនទៀងថាកន្លែងណានៅកន្លែងនោះឱ្យពិតប្រាកដទេ បើជិះម៉ូត៉ូឌុប១០០០រៀលជិះអត់ដល់គោលដៅទេ ខ្លះ៣០០០៛ ខ្លះ៥០០០៛ ខ្លះដល់ទៅ៧០០០ ទៅ១០០០០រៀល អញ្ជឹងខ្លះគាត់សុខចិត្តដេកនោះ ខ្លះធ្វើដំណើរមកវិញប៉ុន្តែមិនបានជិះឡាននោះទេ »។
តំបន់អភិវឌ្ឍន៍រុនតាឯក ដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចំងាយជិត៥០គីឡូម៉ែត្រ(៤៧.៤៦)ពីទីរួមខេត្ត។
ស្រដៀងគ្នានេះដែរ អ្នកស្រី អេង សាវង្ស ជាអ្នកលក់ទឹកអំពៅ លើកឡើងថា អ្នកស្រីរកចំណូលបានប្រហាក់ហែលគ្នានឹងការរស់នៅតំបន់អង្គរដែរ តែសម្រាប់ប្តី និងកូនរបស់អ្នកស្រីមានការលំបាក ព្រោះប្តីរបស់អ្នកស្រីត្រូវធ្វើដំណើរទៅធ្វើការនៅទីរួមខេត្តសៀមរាប ដែលនាំឱ្យមានការបង្កើនការចំណាយចំពោះការធ្វើដំណើរ ហើយកូនរបស់អ្នកស្រីវិញ ខានរៀនគួរ និងមិនបានរៀនភាសាអង់គ្លេសព្រោះនៅតំបន់រុនតាឯកមិនទាន់មានបើកបង្រៀនគួរ ឬថ្នាក់ភាសាបរទេសនៅឡើយ។
អ្នកស្រីមានប្រសាសន៍ថា៖ « សម្រាប់ខ្ញុំមិនអីទេ តែប្តីខ្ញុំចុះសាំងបន្តិចព្រោះគាត់ជិះម៉ូតូខ្លួនឯង សម្រាប់ខ្ញុំស្នើឱ្យរាជរដ្ឋាភិបាល បង្កើតឱ្យមានរោងចក្រ ឬការងារអ្វីក៏បាននៅក្នុងតំបន់រុនតាឯក ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើក្នុងតំបន់[…] កូនបានរៀនរដ្ឋធម្មតា តែរៀនគួរអត់មាន ចង់សំណូមពរថាបើសិនមានអង្គការណាចង់ចុះមកជួយនៅខាងតំបន់រុនតាឯកនេះ សូមឱ្យរដ្ឋាភិបាលឱ្យពួកគាត់មក ដើម្បីឱ្យក្មេងៗដូចកូនខ្ញុំអញ្ជឹងមកនេះ អត់មានសាលារៀនគួរ សាលាអង់គ្លេសទេ »។
មិនមែនមានតែអ្នកស្រី អេង សាវាង្ស និងលោក មុត ខន ទេដែលត្អូញត្អែរពីផលលំបាកនេះ។លោក អូន ឡង ដែលមានវ័យ៧០ទៅហើយ ក៏លើកឡើងដែរថាខ្លួនមិនធ្លាប់ដែលធ្វើដំណើរតាមរថយន្តក្រុងទេពីមុនមក។បន្ថែមពីលើនេះលោកអះអាងថាណាមួយវ័យរបស់លោកកាន់តែជរាផង និងម្យ៉ាងទៀតមិនមានការងារត្រូវធ្វើដូចពលរដ្ឋដទៃទៀតផង ហេតុនេះទម្លាប់ធ្វើដំណើរដោយរថយន្តក្រុង មិនមែនជាក្តីប្រាថ្នារបស់មនុស្សវ័យចំណាស់ដូចលោកទេ។ប៉ុន្តែគ្រាន់តែដឹងថាអ្នកដែលប្រើសេវារថយន្តសាធារណៈរបស់រដ្ឋនេះ ពិតជាត្រូវជួបផលលំបាកពិតមែន ព្រោះចំណតឆ្ងាយពីកន្លែងធ្វើការ គឺពួកគេត្រូវជិះម៉ូតូឌុបមួយតង់ទៀត ទម្រាំទៅដល់កន្លែងធ្វើការ។
លោកបន្តថា៖ «បើតាមអ៊ំធ្លាប់ស្តាប់ ប្រជាជនអ្នកដែលបានជិះមិនមានបញ្ហាអ្វីទេ ក៏ប៉ុន្តែចំណតចុះឆ្ងាយ ខ្លះដើទៅយឺតម៉ោង ខ្លះជួលម៉ូតូជិះដដែល ហើយបើជិះម៉ូត៉ូខ្លួនឯងទៅអាចជិះទៅណេះទៅណោះបាន តែបើជិះឡានទៅ អត់បានទេ បើគោលដៅនៅឆ្ងាយព្រោះធ្វើការគោលដៅវាច្រើន »។
ក្រៅពីនេះ លោក អូន ឡង ការរស់នៅតំបន់អង្គរលោកធ្វើស្រែ ដាំដំណាំ និងមានរបរលក់ដូរគ្រឿងហូបចុកប្រចាំថ្ងៃ។ចំពោះចំណូលដែលបានពីមុខរបរនេះអាចជួយឱ្យគ្រួសាររបស់លោកទទួលបានប្រាក់កម្រៃប្រចាំថ្ងៃចន្លោះពី២០ ០០០ ទៅ៣០ ០០០រៀលដែរក្នុងមួយថ្ងៃៗ។
បើតាមលោក អូន ឡង ដើម្បីជួយសម្រួលការលំបាកនេះ លោកស្នើឱ្យភាគីពាក់ព័ន្ធ និងអាជ្ញាធរជួយបង្កើតការងារសម្រាប់អ្នកភូមិបានធ្វើផង ព្រោះតាំងពីបម្លាស់ទីពួកគេមក គឺតំបន់អភិវឌ្ឍន៍នេះ មិនមានការងារដែលអាចជួយឱ្យពលរដ្ឋមានការងារធ្វើ និងរកចំណូលបាននៅឡើយទេ។ហេតុនេះធ្វើឱ្យលោកមានការព្រួយបារម្ភ និងខ្វល់ខ្វាយអំពីជីវភាពរស់នៅប្រចាំថ្ងៃ។
លោកបន្តថា៖ «ដីវាតូចពេកដីវាចង្អៀត វាអត់មានដីធំគ្រាន់នឹងដាំ យើងដាំដូង ស្វាយ វាចង្អៀតបាត់ហើយ អត់មានអីទុកដាំសម្រាប់ជារបររាល់ថ្ងៃ ដីដាំដំណាំក៏គ្នាន ដីធ្វើស្រូវក៏គ្មាន[…]ចង់ឱ្យរដ្ឋាភិបាលបង្កើតមុខរបដូចជារោងចក្រ អ្វីៗដែលអាចមានកម្មករ ប្រជាពលរដ្ឋធ្វើការបាន មានចំណូលចូលផ្ទះ បើមិនអញ្ជឺងទេមិនរស់ទេ»។
ឆ្លើយតបរឿងនេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប ឱ្យដឹងថាបច្ចុប្បន្ននេះចំណតឡានក្រុងមានតែនៅទីប្រជុំជន ប៉ុន្តែទៅថ្ងៃខាងមុខគឺអាចនឹងមាននៅតាមទីតាំងដូចដែលពលរដ្ឋត្រូវការ។
លោកថ្លែងថា៖ «ខ្ញុំគិតថា អនាគតទៅថ្ងៃមុខទៀត យើងកំពុងតែសិក្សាអំពីរថយន្តក្រុង ដែលរត់នៅក្រុងសៀមរាប ដោយសារមានការណែនាំពីថ្នាក់ដឹកនាំ អនាគតយើងនឹងអាចមានប្រសិនបើជាឱ្យទៅគ្រប់កន្លែងដែលគាត់ធ្វើការងារគឺមិនអាចទៅរួចទេ » ។
ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាបអះអាងថាក្រោយពីមានការផ្លាស់ប្តូរប្រជាពលរដ្ឋមករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ រដ្ឋាភិបាលតែងតែគិតគួរឱ្យប្រជាពលរដ្ឋមានការងារធ្វើ ហើយក្រសួងការងារកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋនៅរុនតាឯកដែរ។
ជាមួយគ្នានេះ លោក ច័ន្ទ សុខុមចិន្ដា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប លើកឡើងថាបច្ចុប្បន្នរចនាសម្ព័ន្ធផ្លូវថ្នល់នេះ កំពុងដំណើរការ ប៉ុន្តែមិនទាន់ច្បាស់ថានៅពេលណានឹងរួចរាល់នោះទេ។
លោកថ្លែងថា៖ «រុនតាឯកជាទីក្រុងថ្មី ហើយរដ្ឋាភិបាលកំពុងតែស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ហើយអាជ្ញាធរខណ្ឌ ក៏គាត់បានយកចិត្តទុកដាក់នៅក្នុងកិច្ចការងាររៀនបចំសហគ្រាស គ្រឹះស្ថាន ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករនៅទៅនោះមានការងារធ្វើគ្រប់ផ្ទះ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធនឹងកំពុងតែដំណើរការមិនទាន់ដឹងថាថ្ងៃណាមួយមានការងារនៅហ្នឹងហើយ »។
យ៉ាងនេះក្តីប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង ឱ្យដឹងថា បញ្ហានេះ រដ្ឋអាចបង្កើតចំណតឡានក្រុងបន្ថែម ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរមួយកម្រិត។ប៉ុន្តែប្រសិនបើអ្នកទទួលសេវា មិនទាន់អាចឆ្លើយតបពីតម្រូវការជាក់ស្តែងទេ វាក៏ជាលំបាកមួយដែរសម្រាប់សេវារថយន្តក្រុងនេះ។
លោកថ្លែងថា៖ « បើចង់ឱ្យវាមានភាពងាយស្រួល មានឡានក្រុងឆ្លាស់គ្នាឱ្យច្រើនបន្តិចបានទៅរួច កាលណាឡានក្រុងមានចំនួនតិច ចំណតវាត្រូវទៅនៅឆ្ងាយ អីចឹងហើយ ម្យ៉ាងវិញទៀតបើមានមនុស្សជិះច្រើន គឺអាចពង្រីកសេវាឡានក្រុងមានច្រើន តែមនុស្សជិះតិចពេក តែបើពង្រីកក៏អត់មនុស្សជិះដែរ ដែលជាបញ្ហា »។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ រដ្ឋបាលខេត្តសៀមរាបបានចាប់ផ្ដើមដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដែលគោលដៅចេញពីក្រុងរុនតាឯកតេជោសែនមកក្រុងសៀមរាប និងចេញពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ពេលវេលាចេញដំណើររថយន្តក្រុងដឹកជញ្ជូនសាធារណៈនៅត្រង់សួនច្បារហាត់ប្រាណមាត់ស្ទឹង សៀមរាបដែលចេញដំណើរចាប់ពីម៉ោង ០៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច និងចេញដំណើរពីរុនតាឯកនូវម៉ោង ០៦ ព្រឹក និងបញ្ចប់ទៅវិញនូវម៉ោង ៦ល្ងាច៕