រដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈចំនួន៤៥៥គ្រឿងដើម្បីដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយមិនគិតកម្រៃ។
សេចក្តីជូនដំណឹងដោយរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បញ្ជាក់ថា រដ្ឋបាលរាជធានីនឹងរៀបចំរថយន្តក្រុង ៤៥៥គ្រឿងសម្រាប់ផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយមិនតម្រូវឱ្យបង់ប្រាក់រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បី សម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។
រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា៖ «សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញប្រើប្រាស់រថយន្តក្រុង ៣៩៥គ្រឿង»។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕