រដ្ឋបាលរាជធានី​ភ្នំពេញ​ត្រៀម​រថយន្តក្រុង​សាធារណៈ​​​ចំនួន​៤៥៥​គ្រឿង​ដើម្បី​ដឹក​​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើតក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុខ​នេះ ដោយ​មិនគិត​កម្រៃ។

សេចក្តី​ជូន​ដំណឹង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០២៤​ បញ្ជាក់​ថា រដ្ឋបាល​រាជធានី​នឹង​រៀប​ចំ​រថយន្ត​ក្រុង​ ៤៥៥​គ្រឿង​សម្រាប់​ផ្តល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់រយៈ​ពេល​ ៦ថ្ងៃ​ ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​២០២៤​ ដើម្បី​ សម្រួល​ដល់​ការ​ចំណាយ​របស់​​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅលេង​ស្រុក​កំណើត​​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ថែម​ថា៖ «សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​ ប្រើ​ប្រាស់​រថយន្ត​ក្រុង​ចំនួន​ ៦០គ្រឿង​។ សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​ និង​ពី​បណ្តា​ខេត្ត​ត្រ​ឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​ ៣៩៥គ្រឿង»។

ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​នេះ មាន​រយៈពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៤៕​