សិស្សនិស្សិត ជាយុវជនដែលពោរពេញដោយថាមពល និងគំនិតច្នៃប្រឌិតប្រកបដោយសក្ដានុពល។ ការចងក្រងជាក្រុមបណ្ដាញរបស់សិស្សនិស្សិត ជាការបង្កើតជាក្រុម ក្នុងគោលបំណងលើកគុណភាពនៃការអប់រំ សិទ្ធិអំណាច ផលប្រយោជន៍ និងការពារសិទ្ធិស្របច្បាប់របស់ពួកគេដែលត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
ខាងក្រោមនេះ ជាបទសម្ភាសន៍រវាងលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ជាមួយនឹងកញ្ញា ជា បញ្ញា សិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ជម្រាបសួរ លោក!
A: បាទ! ជម្រាបសួរ
Q: លោកយល់យ៉ាងណាទៅលើការចងក្រងជាក្រុមបណ្ដាញរបស់សិស្សនិស្សិត ដើម្បីទទួលបានដំណោះស្រាយផ្សេងៗពាក់ព័ន្ធនឹងបញ្ហារបស់យុវជន?
A: ខ្ញុំយល់ឃើញថា មានចំណុចបីដែលជាបញ្ហា។ ចំណុចទីមួយ តាមពិតបញ្ហានេះ វាអត់ទាន់កើតចំ មិនទាន់ចំជាសមូហភាពកន្លែងរបស់ពួកគាត់(សិស្សនិស្សិត)តែម្ដង។ ទីពីរ យើងដឹងហើយ នៅក្នុងសាលារៀនគេរឹតបន្តឹងខ្លាំង។ សូម្បីតែការនិយាយពីនិន្នាការនយោបាយ និន្នាការដែលប៉ះពាល់ដល់អាជ្ញាធររដ្ឋ គ្រាន់តែប៉ះដល់នាយកសាលា គេតែងហាមឃាត់ គំរាមគំហែង។ ទីបី សេរីភាពនៃការសម្ដែងមតិនៅទីសាធារណៈ គឺរដ្ឋាភិបាលរឹតបន្តឹងមែនទែន ជាពិសេសអាជ្ញាធររដ្ឋដើរតួនាទីជាអ្នកចាប់ខ្លួនដាក់ពន្ធនាគារជាដើម។ អាហ្នឹងហើយ ជាការបំផ្លាញការចងក្រងសិស្សនិស្សិត។
ហើយបើនិយាយពីការធ្វើឱ្យសិស្សនិស្សិតមានការចងក្រងគ្នាដើម្បីធ្វើកិច្ចការសង្គម តស៊ូមតិហ្នឹង ខ្ញុំមើលឃើញមធ្យោបាយតែមួយទេ គឺឱ្យតែមានអ្នកមេគំនិតចាប់ផ្ដើមមានទស្សនៈវិស័យ គោលការណ៍ វត្ថុបំណងច្បាស់លាស់ ហើយទំនាក់ទំនងជាមួយសិស្សនិស្សិត។ ខ្ញុំជឿជាក់ថា ក៏នៅមានសិស្សនិស្សិតចង់ចូលរួមតស៊ូមតិលើរឿងអយុត្តិធម៌សង្គម រឿងអំពើអយុត្តិធម៌ណាមួយនៅក្នុងសង្គមដែរ។
Q: តើការចងក្រងជាបណ្ដាញ ឬសមាគមរបស់សិស្សនិស្សិតនៅតាមសាលារៀន និងសាកលវិទ្យាល័យ មានស្ថានភាពយ៉ាងណាដែរ?
A: ខ្ញុំមើលមិនឃើញអំពីរបៀបនៃការចងក្រង បើយើងមើល វាមានមែន គេបង្កើតឱ្យមានជាសមាគម ក្រុមនិស្សិត ក្រុមនិស្សិតច្បាប់ ក្រុមនិស្សិតនីតិរដ្ឋ ក្រុមនិស្សិតទស្សនៈវិជ្ជាអីចឹងទៅ។ ប៉ុន្តែសិស្សនិស្សិតទាំងអស់ហ្នឹង គឺគាត់អនុលោមទៅតាមតែគោលការណ៍ ការណែនាំរបស់សាលាទេ។ យើងមើលឃើញថា គាត់មិនអាចមានលទ្ធភាពធ្វើអ្វីដែលមានវិសាលភាពជាទំហំហួសពីការកំណត់របស់សាលាទេ។ អាហ្នឹងហើយយើងមើលឃើញថា លទ្ធភាពនៃការចងក្រងហ្នឹង វាអត់អាចក្លាយទៅជាចលករមួយក្នុងការចូលរួមដោះស្រាយបញ្ហាអយុត្តិធម៌ក្នុងសង្គមទេ។
Q: បើតាមស្ថានភាពនៃប្រព័ន្ធអប់រំកម្ពុជាសព្វថ្ងៃ តើការចងក្រងសិស្សនិស្សិតសំខាន់ដែរឬទេ? ហេតុអ្វី?
A: វាសំខាន់! ហេតុអ្វីបានថាសំខាន់?! នៅបរទេស ការឱ្យសិស្សនិស្សិតរៀនធ្វើការជាមួយគ្នាជាក្រុម គេបណ្ដុះតាំងពីក្មេង។ នៅពេលវិស្សមកាល គេដឹកនាំសិស្សនិស្សិតទៅបោះតង់ មានការគេង ការលេងជាមួយគ្នា។ វាជារឿងសំខាន់ណាស់ នៅក្នុងសាលារៀន តាមសាកលវិទ្យាល័យអីជាដើម គេធ្វើយ៉ាងណាត្រូវបង្រៀនសិស្សបង្កើតជាក្រុម ឱ្យគាត់រៀនសហការគ្នាជាក្រុម។ អាចថាក្រុមរបស់ពួកគាត់ហ្នឹងមិនត្រឹមតែវិវឌ្ឍធ្វើកិច្ចការជាក្រុមទេ នៅក្លាយទៅជាអ្នកចូលទៅបម្រើកិច្ចការសង្គមទៀត។ ជាពិសេសគាត់អាចរៀនពីរបៀបធ្វើការងារ ការអត់ធ្មត់ ចេះយោគយល់ និងចេះអធ្យាស្រ័យគា្ន។
Q: តើរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរមានការគាំទ្របែបណាខ្លះដែរទេ? ហេតុអ្វី? បើគាំទ្រ ក្នុងរូបភាពបែបណាខ្លះ?
A: តាមពិតទៅ កន្លងមករដ្ឋាភិបាលជាអ្នកគាំទ្រ។ ពីព្រោះអាហ្នឹងរដ្ឋាភិបាលជាអ្នកបានធ្វើសច្ចាប័ននៅអង្គការសហប្រជាជាតិ។ បើនិយាយឱ្យមែនទែនទៅ រដ្ឋាភិបាលមានតួនាទីជាអ្នកលើកទឹកចិត្ត និងការពារ ហើយមានយន្តការណ៍ក្នុងការជំរុញ ធ្វើយ៉ាងណាឱ្យទៅបានយ៉ាងរលូន ដោយមិនស្មុគស្មាញពេកទេ ដោយមិនលំបាកពេកទេ។ ប៉ុន្តែរដ្ឋាភិបាលរាងប្រាសចាក ដោយសារតែឥឡូវនេះ អាជ្ញាធររដ្ឋ ពិសេសរដ្ឋាភិបាលដើរតួនាទីទៅជាអ្នករារាំង ទៅជាអ្នកធ្វើឱ្យលទ្ធភាពទាំងអស់ហ្នឹងស្មុគស្មាញ។
Q: ជាចុងក្រោយ តើលោកមានសារ ឬសំណូមពរអ្វីដែរ?
A: ខ្ញុំមានសំណូមពរទៅកាន់និស្សិតថា យើងត្រូវមានសុទិដ្ឋិនិយម ប្រសិនបើយើងចង់ធ្វើអ្វីឱ្យមានប្រសិទ្ធភាពក្នុងសង្គម យើងត្រូវចងក្រងគ្នាជាក្រុម។ សម្លេងយើងកាន់តែច្រើន ធ្វើឱ្យប្រសិទ្ធភាពជំរុញទៅរកការដោះស្រាយកាន់តែមានប្រសិទ្ធភាពដែរ។ ចង់ជួយសង្គមជាតិ មិនអាចធ្វើតែម្នាក់ឯងទេ។ ត្រូវចងក្រងគ្នា គិតគូរចំណុចពីណាក៏បាន។ បង្កើតគ្នាទៅជាក្រុម ហើយសាកធ្វើអ្វីដែលអ្នកចង់ធ្វើ។ នេះជារបៀប ដែលដើរទៅរកការចូលរួមព្យាបាលជម្ងឺសង្គម។
Q: អរគុណលោក កើត សារ៉ាយ!
A: បាទ! អរគុណ៕