ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ១៩ ធនាគារអេឡិចត្រូនិច ឬ E-Banking ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងការធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់ ជាពិសេសការទិញទំនិញដោយមិនប្រើប្រាស់ក្រដាសប្រាក់។
Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋចំនួន៥នាក់ដែលរស់នៅក្នុងរាជធានីភ្នំពេញ ជុំវិញការយល់ឃើញចំពោះការប្រើប្រាស់ ធនាគារអេឡិចត្រូនិច ឬ E-Banking៖
លោក វ៉ា ឃីម អាយុ២៤ឆ្នាំ ជាអ្នកលក់បន្លែ យល់ថា ការប្រើប្រាស់ Qr code មានភាពងាយស្រួល ហើយរហ័ស និងមិនពិបាកទូទាត់ជាសាច់ប្រាក់សុទ្ធ។
លោកនិយាយថា៖ «ស្រួលហើយលឿនរហ័ស កុំពិបាកទូទាត់លុយសុទ្ធ យើងប្រើតាម QR Code លឿន ស្រួលក្នុងការទូទាត់ ចំណេញពេលវេលានៅពេលយើងឆ្ងាយពីគ្នា គឺយើងអាចបាញ់ឱ្យគ្នា»។
លោក ផាន់ណា អ្នកលក់ទឹកអំពៅ រស់នៅទឹកថ្លា មានអាយុ៣៥ និយាយថា ការប្រើប្រាស់ទូរស័ព្ទដើម្បីទូទាត់ការទិញ និងលក់ចេញ ងាយស្រួលជាងការប្រើប្រាស់ក្រដាសប្រាក់។
លោកបន្ថែមថា៖ «ការប្រើវាស្រួល។ ភាគច្រើនពេលយើងដាក់លុយនៅហោប៉ៅវាពិបាក ដាក់តាមទូរស័ព្ទដើរទៅណាឆ្ងាយវាងាយស្រួល។ គុណសម្បិត្តិ ពេលយើងដើរទៅណាឆ្ងាយអត់ព្រួយបារម្ភ យើងដាក់ក្នុងធនាគារមានសុវត្ថិភាពជាង»។
អ្នកស្រី ស្រីមុំ អាយុ៤១ អ្នកលក់នំបុ័ងសាច់ យល់ឃើញថា អ្នកស្រីចូលចិត្តប្រើ QR Code ក្នុងការប្រកបរបរ។
អ្នកស្រីបន្ថែមថា៖ «នៅពេលគេអត់មានលុយទិញនំប័ង គេស្កេន QR Code ស្រួល។ ពេលខ្លះគាត់អត់មានលុយតាមខ្លួនមកទិញ សួរអ៊ី [មីង] មាន QR Code អ៊ីថាមាន ដូច្នេះស្រួលបាញ់ អ៊ីចឹងក៏គាត់បាញ់មក»។
លោក គឹម រឿន អាយុ ៥៤ឆ្នាំ ជាអ្នកយាមម៉ូតូនៅអន្តេវាសិកដ្ឋាននិស្សិត យល់ថា ការប្រើប្រាស់ធនាគារអេឡិចត្រូនិចមានប្រយោជន៍ទាំងសម្រាប់ផ្ទេរលុយចេញ និងចូល។
លោកបន្ថែមថា៖ «មានប្រយោជន៍សម្រាប់ដាក់លុយបាញ់ចូល និងបាញ់ចេញ។ គុណវិបត្តិរបស់វាជួនកាលវាអត់ដំណើរការ វាគាំង ដើរយឺតវាជាការលំបាក»។
កញ្ញា ចរិយា អាយុ៣៤ ជាអ្នកលក់ម្ជូរ និងទឹកអំពៅ និយាយថា បច្ចុប្បន្ននេះការស្កេន QR Codeងាយស្រួលមិនចាំបាច់អាប់លុយទៅវិញទៅមក និងមានសុវត្ថិភាព។
កញ្ញាបញ្ជាក់ថា៖ «ការស្កេនវាងាយស្រួល ដែលមិនចាំបាច់អាប់លុយមក ដោយសារបាញ់ទៅវាមានសុវត្ថិភាពផង ហើយបច្ចេកវិទ្យាឥឡូវវាជឿនលឿនផង។ អ្នកខ្លះគេអត់សូវប្រើលុយផ្ទាល់ទេ គេអត់ដាក់តាមខ្លួនផ្ទាល់ទេ ដូច្នេះគេប្រើ QR Code ចឹងអ្នកប្រើ QR Code មានសុវត្ថិភាព ទាំងអ្នកលក់ និងអ្នកទិញវាងាយស្រួល»៕