ចាប់តាំងពី​មានការ​រីករាលដាលជំងឺកូវីដ​១៩ ធនាគារអេឡិចត្រូនិច ឬ E-Banking ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងក្នុងការធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់ ជាពិសេសការ​ទិញ​ទំនិញ​ដោយ​​មិនប្រើប្រាស់​ក្រដាសប្រាក់។ 

Newsroom Cambodia បាន​​សម្ភាសន៍ប្រជាពលរដ្ឋចំនួន​៥នាក់​​ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ ជុំវិញការយល់ឃើញចំពោះការប្រើប្រាស់ ធនាគារអេឡិចត្រូនិច ឬ E-Banking៖

លោក​ វ៉ា ឃីម​ អាយុ​២៤​ឆ្នាំ​ ជាអ្នកលក់បន្លែ​ យល់ថា ការប្រើប្រាស់ Qr code មាន​ភាព​ងាយស្រួល ហើយ​រហ័ស និងមិនពិបាកទូទាត់ជាសាច់ប្រាក់​សុទ្ធ។​

លោកនិយាយ​ថា៖ «ស្រួលហើយលឿនរហ័ស កុំពិបាកទូទាត់លុយសុទ្ធ យើងប្រើតាម QR Code លឿន ស្រួលក្នុង​ការទូទាត់ ចំណេញពេលវេលា​នៅ​ពេល​យើង​ឆ្ងាយ​ពី​គ្នា គឺ​យើង​អាច​បាញ់​ឱ្យ​គ្នា»។​

លោក​ វ៉ា ឃីម​ អាយុ​២៤​ឆ្នាំ​ ជាអ្នកលក់បន្លែ​

លោក ផាន់ណា អ្នកលក់ទឹកអំពៅ​ រស់នៅទឹកថ្លា​ មានអាយុ៣៥​ និយាយថា ការប្រើប្រាស់​​ទូរស័ព្ទ​ដើម្បី​ទូទាត់​ការ​ទិញ និង​លក់​ចេញ ​ងាយស្រួល​ជាងការប្រើប្រាស់​ក្រដាសប្រាក់។

លោកបន្ថែមថា៖ «ការប្រើវាស្រួល។ ភាគច្រើន​ពេល​យើង​ដាក់​លុយ​នៅ​ហោ​ប៉ៅ​វា​ពិបាក ដាក់​តាម​ទូរស័ព្ទ​ដើរ​ទៅ​ណា​ឆ្ងាយ​វា​ងាយ​ស្រួល។ គុណសម្បិត្តិ ពេល​យើង​ដើរ​ទៅ​ណាឆ្ងាយ​អត់​ព្រួយបារម្ភ យើង​ដាក់​ក្នុង​ធនាគារមានសុវត្ថិភាពជាង»។

លោក ផាន់ណា អ្នកលក់ទឹកអំពៅ​

អ្នកស្រី ស្រីមុំ​ អាយុ៤១​ អ្នកលក់នំបុ័ងសាច់​ យល់ឃើញថា អ្នកស្រី​ចូលចិត្ត​ប្រើ QR Code ក្នុងការ​ប្រកប​របរ​។

អ្នកស្រីបន្ថែម​ថា៖ «នៅពេលគេអត់មានលុយទិញនំប័ង គេស្កេន QR Code ស្រួល។​ ពេលខ្លះគាត់​អត់​មាន​​លុយ​តាម​ខ្លួនមកទិញ សួរអ៊ី [មីង] មាន QR Code អ៊ីថាមាន ដូច្នេះស្រួលបាញ់ អ៊ីចឹងក៏​គាត់​បាញ់​មក»។

លោក គឹម រឿន អាយុ ៥៤ឆ្នាំ​ ជា​អ្នកយាមម៉ូតូ​នៅអន្តេវាសិកដ្ឋាន​និស្សិត យល់ថា ការប្រើប្រាស់​ធនាគារអេឡិចត្រូនិចមាន​ប្រយោជន៍ទាំង​សម្រាប់ផ្ទេរលុយ​ចេញ និងចូល។

លោកបន្ថែមថា៖ «មានប្រយោជន៍​សម្រាប់​ដាក់​លុយ​បាញ់​ចូល និង​បាញ់​ចេញ។ គុណវិបត្តិ​របស់​វា​ជួនកាល​វា​អត់​ដំណើរការ វាគាំង ដើរយឺតវាជាការលំបាក»។

លោក គឹម រឿន អ្នកយាមម៉ូតូ​នៅអន្តេវាសិកដ្ឋាន​និស្សិត

កញ្ញា ចរិយា អាយុ៣៤ ជា​អ្នកលក់ម្ជូរ និងទឹកអំពៅ និយាយ​ថា បច្ចុប្បន្ននេះការស្កេន QR Code​ងាយស្រួលមិនចាំបាច់អាប់លុយទៅវិញទៅមក និងមានសុវត្ថិភាព។

កញ្ញា​បញ្ជាក់ថា៖ «ការស្កេន​វាងាយស្រួល ដែល​មិន​ចាំបាច់​អាប់​លុយ​មក ដោយសារ​បាញ់​ទៅ​វា​មាន​​​សុវត្ថិភាព​ផង ហើយ​បច្ចេកវិទ្យា​ឥឡូវ​វា​ជឿនលឿន​ផង។​ អ្នកខ្លះ​គេ​អត់​សូវ​ប្រើ​លុយ​ផ្ទាល់​ទេ គេ​អត់​ដាក់​តាមខ្លួនផ្ទាល់ទេ ដូច្នេះគេប្រើ QR Code ចឹងអ្នក​ប្រើ QR Code មានសុវត្ថិភាព​ ទាំង​អ្នក​លក់ និង​​អ្នកទិញវាងាយស្រួល»៕​