លោក អេនឌី ប្រោវ៉ឺ (Andy Brouwer) ជាអ្នកស្រាវជ្រាវឯករាជ្យមកពីចក្រភពអង់គ្លេស។ លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងនាខែវិច្ឆិកា ឆ្នាំ១៩៩៤ ហើយមករស់នៅទីនេះ តាំងពីឆ្នាំ២០០៧។ លោកមានបទពិសោធន៍ធ្វើការងារក្នុងវិស័យធនាគារជាង៣០ឆ្នាំ មុនពេលចូលបម្រើការក្នុងក្រុមហ៊ុនហនុមានហ្វីម (Hanuman Films)។
នេះជាបទសម្ភាសរវាងលោក អេនឌី ប្រោវ៉ឺ (Andy Brouwer) ជាមួយលោក ហុង សេងលី សិក្ខាកាមញូសន៍រូមខេមបូឌា (Newsroom Cambodia) អំពីបទពិសោធន៍៣០ឆ្នាំក្នុងប្រទេសកម្ពុជា ។
Q: ជម្រាបសួរលោក អេនឌី ប្រោវ៉ឺ!
A: បាទជម្រាបសួរ!!
Q: តើលោកអាចរំឮកបានទេនៅពេលដែលលោកមកដល់ប្រទេសកម្ពុជាដំបូងកាលពី៣០ឆ្នាំមុន?
A: ខ្ញុំមានគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយូរមកហើយ។ ខ្ញុំបានដឹងពីកម្ពុជាដំបូងក្នុងឆ្នាំ១៩៧៩ ពេលខ្ញុំបានទស្សនាឯកសារមានឈ្មោះថា «ឆ្នាំសូន្យ» របស់អ្នកកាសែត ឆន ហ្វីលធី (Jonh Pilger)។ អំឡុងទសវត្សឆ្នាំ១៩៨០ ខ្ញុំបានដឹងពីកម្ពុជាកាន់តែច្រើនឡើង។ ខ្ញុំធ្លាប់ចូលរួមក្នុងក្រុមហៅថា Action Cambodia និង Friend of Cambodia ពេលអង្គការសហប្រជាជាតិ (UN) ចូលមកកាន់កម្ពុជា និងរៀបចំការបោះឆ្នោតក្នុងឆ្នាំ១៩៩៣។
ឆ្នាំ១៩៩៤ ទើបខ្ញុំមានទំនុកចិត្តនឹងមកកម្ពុជាដោយខ្លួនឯង។ ការមកកម្ពុជាដំបូងមានរយៈពេល៥ថ្ងៃ ដោយ២ថ្ងៃនៅទីក្រុងភ្នំពេញ និង៣ថ្ងៃនៅខេត្តសៀមរាប។ ខ្ញុំមិនដឹងថា ខ្ញុំមានសេចក្តីរំពឹងបែបណានោះទេ ពីព្រោះតែខ្ញុំមិនដែលមកទ្វីបអាស៊ីពីមុនទេ។ ខ្ញុំធ្លាប់តែធ្វើដំណើរនៅក្នុងអ៊ឺរ៉ុប។ អ្វីដែលខ្ញុំបានធ្វើមុនពេលមកដល់ទីនេះ ខ្ញុំកក់ការធ្វើដំណើរ សណ្ឋាគារ មគ្គុទ្ទេសក៍ទេសចរណ៍ដោយខ្លួនឯងពីអង់គ្លេស តាមរយៈសំបុត្រ មិនមែនតាមរយៈទូរស័ព្ទ មិនមែនតាមរយៈអ៊ីម៉ែល។
ពេលខ្ញុំមកដល់ព្រលានយន្តហោះនៅភ្នំពេញ វាមានសភាពវឹកវរ។ មនុស្សទាំងអស់ចុះចេញពីយន្តហោះ រួចដើរទៅកាន់អគារតូចមួយ។ ពួកគេទទួលបានកាបូប ហើយចេញពីអគារនោះ។ តែខ្ញុំនៅតែស្ថិតក្នុងអគារនោះ ហើយព្យាយាមនិយាយទៅកាន់អ្នកនៅទីនោះថា «កាបូបខ្ញុំ កាបូបខ្ញុំ»។ ខ្ញុំមិនដឹងថា នឹងត្រូវធ្វើបែបណាទេ ដូច្នេះខ្ញុំក៏ដើរចេញពីអាគារនោះ។ ពេលចេញមកក្រៅពីអគារនោះ ខ្ញុំបានឃើញមនុស្សសំឡឹងមករកខ្ញុំ។
ខ្ញុំបានឃើញបុរសម្នាក់ ជាមួយនឹងក្រដាសតួចមួយសរសេរថា «លោក អេនឌី»។ គាត់មកចាំទទួលខ្ញុំនៅព្រលានយន្តហោះ។ យើងធ្វើដំណើរតាមដងផ្លូវនាទីក្រុងភ្នំពេញ ដែលនៅពេលនោះ ផ្លូវមិនត្រូវបានគេចាក់កៅស៊ូនៅឡើយ។ វាពិតជាឆ្គួតមែន។
Q: លោកបានបង្ហោះមាតិកាជាច្រើនពាក់ព័ន្ធនឹងប្រាសាទបុរាណ វប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា។ តើមកពីមូលហេតុអ្វីដែលជំរុញឱ្យលោកចាប់អារម្មណ៍លើរឿងទាំងនេះ?
A: ខ្ញុំតែងតែចូលចិត្តប្រវតិ្តសាស្ត្រ។ ខ្ញុំពេលធ្វើដំណើរទៅកាន់កន្លែផ្សេងៗក្នុងពិភពលោក ខ្ញុំតែងតែទៅកាន់សារមន្ទីរ និងប្រវត្តិសាស្ត្រ ពីព្រោះវាជាចំនុចពិសេសនៃប្រទេសមួយៗ។
ពេលខ្ញុំបានដឹងថា កម្ពុជាមានប្រវត្តិសាស្ត្រដ៏អស្ចារ្យ បានជំរុញឱ្យខ្ញុំព្យាយាមស្វែងយល់ពីកម្ពុជា ប៉ុន្តែស្វែងរកអ្វីពីកម្ពុជា។ ដូច្នេះការមកកម្ពុជារបស់ខ្ញុំ ដើម្បីស្វែងយល់ពីប្រាសាទបុរាណ និងប្រវត្តិសាស្ត្រខ្មែរ។
កាលនោះ វាជាដំណើរផ្សងព្រេង ដើម្បីទៅដល់ប្រាសាទបុរាណនោះ និងឃើញថាមានអ្វីនៅសេសសល់ រួចបន្តដំណើរទៅកាន់ប្រាសាទផ្សេងទៀត។ ខ្ញុំគិតថា ប្រជាជនជាអ្វីដែលទាក់ទាញសម្រាប់ខ្ញុំ ពីព្រោះពួកគេរីករាយនឹងឃើញខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំទៅដល់។ ពួកគេរីករាយនឹងប្រាស្រ័យទាក់ទងនឹងខ្ញុំ។
Q: ខ្ញុំចូលចិត្តមើលមាតិកាពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់កន្លែងឆ្ងាយក្នុងស្រុកខ្មែរ ដូចជាកោះកេរនាដើមទសវត្សឆ្នាំ២០០០។ តើលោកអាចពណ៌នាពីការធ្វើដំណើរនៅក្នុងអំឡុងពេលនោះយ៉ាងណា?
A: ខ្ញុំចាប់ផ្តើមធ្វើដំណើរចេញឆ្ងាយពីក្រុងភ្នំពេញ និងសៀមរាប ទៅកាន់ទីជនបទឆ្ងាយៗ។ ការធ្វើដំណើរបែបនេះ ខ្ញុំត្រូវការនរណានាំខ្ញុំទៅកាន់ទីនោះ ដោយមិនចំណាយប្រាក់ច្រើនពេក។ វិធីសាស្ត្រងាយស្រួលបំផុត គឺម៉ូតូ។ នៅសៀមរាប ភ្នំពេញ កំពង់ធំ បាត់ដំបង ខ្ញុំបានចងមិត្តភាពជាមួយនឹងម៉ូតូឌុបណា ដែលអាចនិយាយភាសាអង់គ្លេសបានខ្លះ។ ខ្ញុំនឹងទៅកំពង់ធំ ដែលជាទីកន្លែងគោល ដើម្បីធ្វើដំណើរទៅកាន់ព្រះវិហារ កោះកេរ និងព្រះខ័ន កំពង់ស្វាយជាដើម។
ការណ៍សំខាន់នៃការបង្កើតមិត្តភាពនោះ ខ្ញុំទៅហូបបាយជាមួយនឹងគ្រួសារពួកគេ។ ខ្ញុំនាំពួកគេទៅកាន់ភោជនីយដ្ឋាន ហើយមកដល់បច្ចុប្បន្ននេះ ពួកគេនៅតែជាមិត្តភក្តិខ្ញុំ។
ខ្ញុំមានមិត្តភក្តិផ្សេងៗក្នុងតំបន់ផ្សេងៗគ្នា។ ពួកយើងនឹងទៅស្វែងរកប្រាសាទបុរាណ ដែលបាក់បែក តែវាជាដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ។ ខ្ញុំមិនចេះជិះម៉ូតូទេ ខ្ញុំជិះនៅពីក្រោយ ហើយពួកយើងនឹងធ្វើដំណើរជាច្រើនថ្ងៃ នៅក្នុងផ្ទះប្រជាជន ឬក៏ក្នុងផ្ទះសំណាក់។ ដោយសង្ឃឹមថា នឹងជួបប្រាសាទបុរាណជាច្រើនក្នុងព្រៃ។
ជាមួយនឹងអារម្មណ៍ថា ជាមនុស្សអឺរ៉ុបដំបូង បានមកដល់ប្រាសាទទាំងនេះ ក្នុងរយៈពេលជាង១០០ឆ្នំា។ សម្រាប់ខ្ញុំជាភាពរីករាយ ប៉ុន្តែវាឱកាសជួបប្រជាជនខ្មែរផ្សេងៗគ្នា។ ក្នុងភូមិខ្លះ ពួកគេមិនដែលឃើញជនជាតិបរទេសទេ។ កូនក្មេងនឹងពួន ឬរត់ចេញពេលជួបខ្ញុំ។ វាជាអ្វីដែលធ្វើឱ្យខ្ញុំបានស្គាល់ពីកម្ពុជា។
ខ្ញុំភ្លេចប្រាប់ពីការធ្វើដំណើរ គឺពិបាកណាស់។ វាអាចចាយពេល ៧ ម៉ោង ពីកំពង់ធំទៅត្បែងមានជ័យក្នុងខេត្តព្រះវិហារលើផ្លួវគ្រួសក្រហម។ ប៉ុន្តែខ្ញុំព្យាយាមឈប់សម្រាកឱ្យបានច្រើនដង ដើម្បីនិយាយទៅមនុស្សរស់នៅទីនោះ។
Q: នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខ្ញុំបានឃើញមាតិកាជាច្រើនពី «រឿងវាលពិឃាត»។ តើភាពយន្តនេះមានអត្ថន័យបែបណាដែរចំពោះរូបលោកផ្ទាល់?
A: ភាពយន្តនេះ ផលិតក្នុងឆ្នាំ១៩៨៤ និងចេញជាផ្លូវការនាចុងឆ្នាំ១៩៨៤។ ឆ្នាំ១៩៨៥ ខ្ញុំបានទស្សនារឿងវាលពិឃាតនេះ។ វាជាការជ្រួតជ្រាប ឬស្វែងយល់ពីអ្វីកើតឡើងក្នុងអំឡុងពេលនោះ។ ខ្ញុំមិនចាំថា មានសៀវភៅនិយាយពីខ្មែរក្រហមច្រើនក្នុងអំឡុងពេលនោះ ព្រោះត្រឹមតែប៉ុន្មានឆ្នាំតែប៉ុណ្ណោះ។ ភាពយន្តនេះ បង្ហាញពីវិនាសកម្មកើតក្នុងអំឡុងខ្មែរក្រហម។
តាមរយៈភាពយន្តនេះ មានភាពងាយស្រួលសម្រាប់ខ្ញុំជាអ្នករស់នៅលោកខាងលិច ដែលមិនបានដឹងថាមានអ្វីកើតឡើងនៅអាស៊ី។ ភាពយន្តនោះ ធ្វើឱ្យយើងស្វែងយល់ និងកោតសរសើរពីអ្វីដែលប្រជាជនកម្ពុជាបានឆ្លងកាត់។ ប៉ុន្តែវាក៏ពិបាកនឹងយល់ពីព្រោះហេតុការណ៍នេះ កើតឡើងរវាងខ្មែរ និងខ្មែរ។ វាពិបាកយល់ហេតុការណ៍នេះ ប៉ុន្តែរឿងវាលពិឃាត ជាផ្នែកសំខាន់សម្រាប់ខ្ញុំ ដើម្បីស្វែងយល់ពីប្រទេសកម្ពុជា។
ខ្ញុំពិតជាសំណាង ដែលបានជួបនឹងអ្នកដឹកនាំរឿង និងតួអង្គមួយចំនួនទៀត [ក្នុងរឿងវាលពិឃាត]។ រឿងនេះជះឥទ្ធិពលខ្លាំងមកលើរូបខ្ញុំ ដូច្នេះខ្ញុំនៅតែសរសេរពីវា ហើយចុងឆ្នាំនេះ ជាខួបទី៤០នៃរឿងវាលពិឃាតនេះ។
Q: នៅលើវេបសាយរបស់លោកបានសរសេរពីរឿងរ៉ាវចាប់ជម្រិតគ្រីសស្កូហ្វឺ ហៅវ៍ (Christopher Howes) ដែលជាអ្នកកំចាត់មីនជនជាតិអង់គ្លេស។ តើរឿងរ៉ាវរបស់គាត់មានឥទ្ធិពលបែបណាចំពោះរូបលោក?
A: តើអ្នកដឹងថាមានផ្លូវមួយមានឈ្មោះថា គ្រីសស្កូហ្វឺ ហៅវ៍? វាសិ្ថតនៅមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។
គ្រីសស្កូហ្វឺ ហៅវ៍ ជាវីរបុរសអង់គ្លេសមួយរួប។ គាត់មកពីប្រីសថល (Bristol) មិនឆ្ងាយពីកន្លែងខ្ញុំធ្លាប់រស់នៅទេ។ នេះរឿងមួយដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍រឿងនេះ។ តាមពិតបន្ទាប់ពីការស្លាប់ ហើយរកឃើញសាកសពរបស់គាត់ជាច្រើនឆ្នាំកន្លងមកនោះ ឪពុករបស់គាត់បានអញ្ជើញសំបុត្រខ្ញុំចូលរួមពិធីបុណ្យសព ប៉ុន្តែខ្ញុំមិនបានទៅចូលរួមទេ។
ពេលខ្ញុំបានមករស់នៅស្រុកខ្មែរ តុលាការបានកាត់ក្តីឃាតករសម្លាប់ គ្រីសស្កូហ្វឺ ហៅវ៍។ ខ្ញុំទៅចូលរួមសង្កេតមើលការកាត់ទោសនេះរាល់ថ្ងៃ ដោយខ្ញុំគិតជាវាសំខាន់សម្រាប់ខ្ញុំ។ គាត់មកកម្ពុជា ដើម្បីដោះមីនចេញ ដើម្បីឱ្យដីសម្រាប់ជនជាតិខ្មែររស់នៅចិញ្ចឹមជីវិត និងបង្កបង្កើនផលបាន។ ការងារជាអ្នកដោះមីននោះគ្រោះថ្នាក់ហើយ តែបែរជាត្រូវបានខ្មែរក្រហមដ៏អាក្រក់ចាប់ជម្រិតទៀត។
រឿងរ៉ាវកើតឡើងនៅពេលនោះ ក្រុមអ្នកដោះមីនរបស់គាត់ត្រូវបានកាក់ឈប់ដោយខ្មែរក្រហមក្នុងតំបន់ដាច់ស្រយាលមួយ។ ខ្មែរក្រហមប្រាប់ទៅលោកគ្រីសស្កូហ្វឺ ហៅវ៍ ឱ្យត្រលប់ទៅវិញ ដោយសារតែគាត់ជាជនជាតិបរទេស ដើម្បីយកលុយត្រលប់មកវិញ ទុកក្រុមការងារផ្សេងទៀតនៅទីនេះ។ ប៉ុន្តែគាត់សុខចិត្តនៅជាមួយនឹងខ្មែរក្រហម ហើយទុកឱ្យអ្នកផ្សេងទៀតត្រលប់ទៅយកលុយមករំដោះរូបគាត់។
គាត់បានយកខ្លួនគាត់ជាអ្នកត្រូវរងគ្រោះជាជាងក្រុមការងាររបស់ខ្លួន។ នេះជាឥរិយាបទ វីរជនអង់គ្លេស។ ជាអកុសលប៉ុន្មានថ្ងៃក្រោយមក មេបញ្ជាការខ្មែរក្រហមនៅអន្លង់វែងបានបញ្ជាឱ្យសម្លាប់លោក គ្រីសស្កូហ្វឺ ហៅវ៍។
ប៉ូលីសអង់គ្លេសបានមកកម្ពុជាដើម្បីស៊ើបអង្កេត និងចាប់ខ្លួនអ្នកពាក់ព័ន្ធក្នុងរឿងនេះ។ ប្រហែលជា១០ឆ្នាំ តុលាការបានកាត់ទោសមេបញ្ជាការខ្មែរក្រហមឈ្មោះ ខឹម ងួន ឱ្យជាប់ពន្ធនាគារ។
ទំព័រអត្ថបទពីរឿងរ៉ាវលើវែបសាយនោះ ដើម្បីរំឮកដល់ គ្រីសស្កូហ្វឺ ហៅវ៍ ពីព្រោះតែគាត់មានលក្ខណៈសម្បត្តិគ្រាប់យ៉ាងជាវីវជនអង់គ្លេស ដែលបានជួបប្រទេសខ្ញុំស្រឡាញ់។
Q: លោកបានលើកជាច្រើនលើទំព័រហ្វេសប៊ុក ជុំវិញអ្នករត់ពន្ធរូបចម្លាក់ខុសច្បាប់ លោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford) ។ តើគាត់ផ្លាស់ប្តូរប្រវត្តិសាស្ត្រកម្ពុជាយ៉ាងណាដែរ?
A: រឿងនេះកំពុងតែស្ថិតនៅក្នុងការចាប់អារម្មណ៍។ ជាច្រើនទសវត្សមកនេះ ឌូគ្លីស ឡាតហ្វដ បានរក្សាទុកវត្ថុបុរាណខ្មែរ និងលក់ទៅកាន់កន្លែងផ្សេង តាមរយៈការបង់ប្រាក់ទៅកាន់អ្នកនៅកម្ពុជា ដើម្បីលួចវត្តុបុរាណនេះចេញទៅក្រៅប្រទេស។ គាត់បានធ្វើសកម្មភាពនេះជាង៥០ឆ្នាំមកហើយ។ គាត់បានយករូបចម្លាក់ចេញពីកម្ពុជាជាច្រើនពាន់ និងផ្តល់ឱ្យជនជាតិខ្មែរដែលលួចរូបចម្លាក់នោះ នូវប្រាក់តិចតួច។ ហើយ ឌូគ្លីស ឡាតហ្វដ នឹងលក់វត្តុបុរាណនេះក្នុងតម្លៃរាបរយពាន់លានដុល្លារ ដែលគាត់ទទួលបានកម្រៃជាច្រើនលានដុល្លារពីសកម្មភាពនេះ។ មនុស្សទាំងអស់គិតថា ដាក់ឡាស ឡេនហ្វត ជាមនុស្សល្អ តាមរយៈផ្តល់ថវិការជំនួយសារមន្ទីរ ដើម្បីកែប្រែពន្លឺពណ៌ ឬផ្តល់នូវវត្ថុបុរាណមួយចំនួន។ គាត់នឹងមានរូបភាពថា ជាមនុស្សល្អ។
ឌូគ្លីស ឡាតហ្វដ នាំនូវសេចក្តីអាប់ឱនដល់ចក្រភពអង់គ្លេស ដោយសារតែអំពើរបស់គាត់មកលើប្រទេសកម្ពុជា។ ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានបង្ហោះពីរឿងរ៉ាវ និងសកម្មភាព ឌូគ្លីស ឡាតហ្វដ ក៏ដូចជារូបចម្លាក់បុរាណគាត់មានក្នុងដៃ ដើម្បីទាមទារត្រលប់មកវិញនូវអ្វីដែលបានបាត់។
ការបង្ហោះសារជាច្រើនក្នុងបណ្តាយទំនាក់ទំនងសង្គមហ្វេសប៊ុកនេះ ពីព្រោះជនជាតិខ្មែរប្រើប្រាស់ហ្វេសប៊ុកច្រើន ហើយខ្ញុំចង់ឱ្យខ្មែរបានអានពីរឿងនេះ ទោះបីជាខ្ញុំសរសេរវាជាភាសាអង់គ្លេស។ ខ្ញុំចង់ឱ្យខ្មែរដឹងពីវប្បធម៌របស់ខ្លួន ដែលកំពុងស្ថិតនៅសារមន្ទីរក្រៅប្រទេសនានា ឬត្រូវបានយកចេញដោយបុគ្គល ដូចជា ឌូគ្លីស ឡាតហ្វដ។
មូលហេតុសំខាន់នោះ យើងត្រូវដឹងពីសមត្ថភាព ទេពកោសល្យរបស់ខ្មែរនាសម័យអង្គរ ក៏ដូចជាកំឡុងពេលនោះ ពីភាពសមត្ថភាពផលិតរូបចម្លាក់ល្អៗ ដែលត្រូវបានយកចេញពីកម្ពុជា។ ប៉ុន្តែយើងអាចទៅមើលបាននៅទីក្រុងឡុង ញូវយ៉ក អូស្ត្រាលី ឬសារមន្ទីរគីមេ (Guimet Museum) នៅក្នុងប្រទេសបារាំង។ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងបំពេញការងារយ៉ាងល្អ ដើម្បីនាំត្រលប់មកវិញនូវរូបចម្លាក់ដែលលួចចេញ ហើយប្រទេសផ្សេងកំពុងតែកោតសរសើរលើរឿងនេះ។
Q: ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុននេះ ជាគម្រប់៣ទសវត្សនៃការមកដល់កម្ពុជារបស់លោក។ តើលោកបានឃើញការផ្លាស់ប្តូរសំខាន់អ្វីខ្លះដែរ?
A: អ្វីដែលផ្លាស់ប្តូរច្រើនជាងគេ គឺការសាងសង់អគារនៅខេត្តសៀមរាប និងទីក្រុងភ្នំពេញ។ ខ្ញុំរស់នៅបឹងកេងកងអស់រយៈពេល១៦ឆ្នាំហើយ ពេលមករស់នៅទីនេះដំបូងគ្មានអគារខុនដូខ្ពស់ មានតែវីឡា។
ផ្លូវថ្នល់ មានការប្រសើរឡើង។ ខ្ញុំចាំបានថា ផ្លូវពិបាកធ្វើដំណើរ ហើយឥលូវនេះ យើងអាចធ្វើដំណើរទៅកាន់តំបន់សំខាន់ជាមួយនឹងផ្លូវដែលល្អប្រសើរសមគួរ ហើយព្រលានយន្តហោះក៏ប្រសើរឡើងដែរ។ វាជាអ្វីដែលប្រសើរឡើង តែប្រជាជនកម្ពុជានៅតែដែរ។ នេះជាចំណុចពិសេសនៃកម្ពុជា។ ខ្ញុំគិតថាពួកគេនៅតែស្វាមគន៍ និងរីករាយពេលឃើញខ្លួនដូចដើម។ យើងអាចនិយាយបានថា ប្រជាជនជាអ្នកបង្កើតប្រទេស។
Q: អរគុណលោក អេនឌី ប្រោវ៉ឺ សម្រាប់ការផ្តល់សម្ភាសន៍។
A: បាទ អរគុណ៕
(បទសម្ភាសនេះ ធ្វើឡើងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរ)