លោកនាយករដ្ឋមន្រ្តី ជំរុញឱ្យស្ថាប័នរដ្ឋរបស់ត្រូវពិនិត្យមើលឡើងវិញទៅលើវិស័យកសិកម្មតាមរយៈការបង្កើនការដាំដុះ និងចិញ្ចឹមសត្វដោយភាពច្នៃប្រឌិត ក្នុងន័យដើម្បីលើកកម្ពស់វិស័យមួយនេះ ឱ្យមានសក្កានុពល ខណៈវិស័យកសិកម្មក្នុងរយៈពេលចុងក្រោយនេះ រង់ការរិះគន់ថាមិនអាចជួយឱ្យអ្នកផលិតរស់បាន និងមិនមានទីផ្សារសម្រាប់ផ្គត់ផ្គង់កសិផលរបស់កសិករ ក្រោយប្រមូលផលបាន។
ការថ្លែងដូចនេះរបស់នាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ គឺចំពេលដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ត្រូវបានរៀបចំឡើងក្រោមប្រធាបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាពចលនាភូមិ១ផលិតផល១ »លើកទី៧ នៅក្នុងឆ្នាំ២០២៤នេះ។
បើតាមលោក ហ៊ុន ម៉ាណែត ការផ្ញើសារនេះ គឺការពង្រឹងឡើងវិញឱ្យស្ថាប័នរបស់រដ្ឋ ត្រូវពិនិត្យមើល និងជួយជំរុញឱ្យវិស័យកសិកម្មនេះ មានស្ទុះ និងដំណើរការដែលអាចជួយឱ្យវិស័យកសិកម្ម ត្រូវតែធានាបាននូវការផ្គត់ផ្គង់ និងមានទីផ្សារសម្រាប់នាំចេញ។បន្ថែមពីលើនេះទៀត គ្រប់ស្ថាប័នត្រូវបំផុសឱ្យមានសកម្មភាពដាំដុះ ចិញ្ចឹមសត្វ និងអភិវឌ្ឍផលិតផលគ្រប់ប្រភេទ នៅតាមសហគមន៍ និងគ្រួសារ ធ្វើយ៉ាងណាមិនត្រឹមតែជាការផ្គត់ផ្គង់ក្នុងស្រុកទេ ថែមទាំងអាចនាំចេញទៅក្រៅស្រុកថែមទៀតផង។
លោកបន្តថា៖«គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ និងផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីជំរុញ និងបំផុសចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើក កម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង » ។
ទាក់ទងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល សម្រាប់បង្កើនគុណភាព និងបរិមាណទៅលើវិស័យកសិកម្មនេះ ហាក់មិនទទួលបានការសាទរពីកសិករប៉ុន្មានទេ។ពួកគាត់ចាត់ទុកថា វិស័យកសិកម្មសព្វថ្ងៃនេះ ត្រូវរស់ទាំងត្រដាប់ត្រដួស។មួយវិញទៀត ថ្លៃដើមទិញចូលក្នុងកម្រិតមួយខ្ពស់ តែផលិតផលសម្រេចត្រូវបង្ខំចិត្តលក់ចេញក្នុងតម្លៃទាប ឬពេលខ្លះគ្មានទីផ្សារក៏មានដែរ។
លោក ឈុន ចាន់ដា តំណាងបណ្តោញកសិករដើម្បីកសិករ ខេត្តប៉ៃលិន លើកឡើងថា លោកហាក់មិនជឿលើការអះអាងរបស់រដ្ឋាភិបាលទេ។លោកចង់ឃើញការអនុវត្តជាក់ស្តែងច្រើនជាងសារនយោបាយ។លើសពីនេះទៀត បញ្ហាធំរបស់កសិករសព្វថ្ងៃនេះ គឺផលិតបានកសិផលហើយ ប៉ុន្តែគ្មានទីផ្សារនាំចេញ។
បើតាមលោក ឈុន ចាន់ដា មិនថាដំណាំប្រភេទណាទេ នៅពេលដាំដុះបានផលហើយ តម្លៃនៅលើទីផ្សារធ្លាក់ថ្លៃភ្លាមដែរឬពេលខ្លះគ្មានទីផ្សារនាំចេញក៏មានដែរ។ក្នុងនាមជាអ្នកជួយលើកស្ទុយវិស័យកសិកម្ម លោកក៏ចង់ឃើញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើកនេះ អាចជឿទុកចិត្ត និងអនុវត្តដោយតម្លាភាពដែរ។
លោកបន្តថា៖ «ខ្ញុំជឿថាប្រជាពលរដ្ឋនិងមានសង្ឃឹមលើរាជរដ្ឋាភិបាល កន្លងមកយើងដឹងហើយអ្វីប្រជាពលរដ្ឋធើ្វ ហើយវាអត់ពិតប្រាកដ ហើយយើងបានតែធើ្វខ្ញុំគាំទ្រគោលការបណ៍របស់រាជរដ្ឋាភិបាល ខ្ញុំសង្ឃឹមព្រោះរាជរដ្ឋាភិបាលមានតួនាទីច្រើនណាស់ដែលអាចជួយប្រជាពលរដ្ឋបានតែបើសិនជាគាត់ធើ្វពិត ខ្ញុំសង្ឃឹមធើ្វពិត ខ្ញុំជឿថាគាត់ធើ្វបានតែគ្រាន់តែគាត់ថា ខ្ញុំមិនទាន់មានជំនឿមួយរយភាគរយនៅឡើយទេ បើគាត់ធើ្វដឹងតែបាន បើគាត់មិនធើ្វដឹងតែអត់ហើយ» ។
មិនមែនមានតែលោក ឈុន ចាន់ដា ម្នាក់ទេដែលយល់ឃើញថា វិស័យកសិកម្មមិនទាន់អាចបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់កសិករបាន។
ចំណែកលោក ពេជ្រ បូរ៉ាត ជាកសិករជាអ្នកផលិតវត្ថុធាតុដើមប្រេងស្លឹកគ្រៃ រស់នៅខេត្តពោធិ៍សាត់ លើកឡើងដែរថា រាល់ថ្ងៃនេះក្នុងនាមជាកសិករម្នាក់ ក្នុងចំណោមកសិករផ្សេងទៀត លោកពិតជាប្រឹងប្រែងលើសពីសមត្ថភាព ប៉ុន្តែវិស័យមួយនេះនៅតែមិនទាន់អាចឆ្លើយតប ដូចការលះបង់របស់ខ្លួនបានៅឡើយទេ។មិនតែប៉ុណ្ណោះ កសិផលដែលផលិតបានហើយ មានពេលខ្លះត្រូវប្រឈមមុខគ្មានទីផ្សារនាំចេញថែមទៀតក៏មានដែរ។ហើយលោកក៏មិនមានសង្ឃឹមថា ការប្តេជ្ញាចិត្តនៅពេលនេះ របស់រដ្ឋាភិបាលអាចជួយឱ្យវិស័យកសិកម្មដើរទៅមុខបានណាស់ដែរ។
លោកបន្ថែមថា៖ «ខ្ញុំថារាល់ថ្ងៃ វាប៉ះពេលវេលាខ្លួនឯង ហើយប្រឹប្រែងខ្លួនឯងមិចក៏ទៅមិនរួចដែលបើមិនប្រឹងខ្លួនឯងទៅមិនរួចទេដាច់បាយហើយរាល់ថ្ងៃ និយាយតាមមើលឃើញផលិតផលរបស់ខ្ញុំធើ្វខ្លួនឯងលក់ចេញអត់បានទេ យើងប្រើដង្ហើមរស់ខ្លួនឯងបានៗ ខ្ខុំមិនជឿថារដ្ឋាភិបាលលើវិស័យកសិកម្មអាចធើ្វបានទេព្រោះកសិកម្មរបស់ខ្ញុំពិបាកទៅមុខណាស់» ។
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បញ្ញត្តិមាត្រា ៦៣ ចែងថារដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅប្រជាពលរដ្ឋ មានក្រិតសមរម្យ។
បើទោះជាយ៉ាងនេះក្តី ពលរដ្ឋលើកឡើងថា សព្វថ្ងៃនេះវិស័យកសិកម្មបើពឹងលើរដ្ឋាភិបាលជួយដោះស្រាយ ប្រហែលរស់មិនបានទេ។ពួកគេបន្តថា គោលការណ៍ច្បាប់ចែងល្អ ប៉ុន្តែការអនុវត្តហាក់មិនបានឆ្លើយតបដូចខ្លឹមសារនៃច្បាប់នៅឡើយទេ។
ទាក់ទិនរឿងនេះ គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺបានទេពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺកញ្ញា អ៊ឹម រចនា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។
យ៉ាងនេះក្តី លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ឃើញថា នៅចំពោះមុខនេះ កម្ពុជាមានអំណោយផលរួចហើយ ក្នុងរឿងវិស័យកសិកម្មនេះ ប៉ុន្តែគ្រាន់តែទាមទារនីតិវិធីជាក់លាក់ក្នុងការអនុវត្ត និងពង្រឹងឱ្យស្របទៅតាមគោលនយោបាយកសិកម្មទេ។លើសពីនេះទៀត ដើម្បីឱ្យប្រាកដថាវិស័យកសិកម្មនេះអាចដើរទៅមុខបាន រដ្ឋត្រូវពិនិត្យមើលទៅទុនកម្ចីខ្នាតតូច និងមធ្យមបន្ថែមទៀត នោះវិស័យនេះអាចនឹងមានដំណើរការល្អ។
លោកបន្តថា៖«កម្ពុជាមានឱកាសប៉ុន្តែយើងត្រូវការគោលការណ៍មួយជាក់លាក់ទៅលើការដោះស្រាយបញ្ហាគឺទីមួយ លើកទឹកចិត្តនឹងជំរុញអោយមានការវិនិយោគខ្លាំងទៅលើ ការកែច្នៃ និងផលិតផលវិស័យកសិកម្ម ទីពីគឺផ្តល់នូវការបណ្តុះបណ្តាល ក៏ដូចជាផ្តល់នូវប្រភពធនធាននៅក្នុងការកម្ចីដល់កសិករខ្នាតតូចទៅអ្នកដាំដោះ អ្នកផលិត អ្នកនាំចេញជាដើមហ្នឹង» ។ បើទោះបែបជាប្រទេសកម្ពុជា ចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំណង់និងវិស័យផ្សេងទៀតក្តី គេសង្កេតឃើញថាកសិករនៅតែប្រឈមមុខក្នុងការផលិត ថ្លៃដើមខ្ពស់ គ្មានបច្ចេកទេសក្នុងការផលិត។ក្រោយផលិតបាន កសិករពិបាករកទីផ្សារដើម្បីនាំចេញ ជាពិសេសតម្លៃកសិផល មានពេលខ្លះស្ថិតនៅលើមាត់ឈ្មួយជាអ្នកកំណត់ក៏មានដែរ៕