លោកនាយករដ្ឋមន្រ្តី ជំរុញឱ្យស្ថាប័នរដ្ឋរបស់ត្រូវពិនិត្យមើលឡើងវិញទៅលើវិស័យកសិកម្មតាមរយៈការបង្កើនការដាំដុះ និងចិញ្ចឹមសត្វដោយភាពច្នៃប្រឌិត ក្នុងន័យដើម្បីលើកកម្ពស់វិស័យមួយនេះ ឱ្យមានសក្កានុពល ខណៈវិស័យកសិកម្មក្នុងរយៈពេលចុងក្រោយនេះ រង់ការរិះគន់ថាមិនអាចជួយឱ្យអ្នកផលិតរស់បាន និងមិនមានទីផ្សារសម្រាប់ផ្គត់ផ្គង់កសិផលរបស់កសិករ ក្រោយប្រមូលផលបាន។

ការថ្លែងដូចនេះរបស់នាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ គឺចំពេលដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ត្រូវបានរៀបចំឡើងក្រោមប្រធាបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាពចលនាភូមិ១ផលិតផល១ »លើកទី៧ នៅក្នុងឆ្នាំ២០២៤នេះ។

បើតាមលោក ហ៊ុន ម៉ាណែត ការផ្ញើសារនេះ គឺការពង្រឹងឡើងវិញឱ្យស្ថាប័នរបស់រដ្ឋ ត្រូវពិនិត្យមើល និងជួ​យ​ជំរុញឱ្យវិស័យកសិកម្មនេះ មានស្ទុះ និងដំណើរការដែលអាចជួយឱ្យវិស័យកសិកម្ម ត្រូវតែធានាបាននូវការផ្គត់ផ្គង់ និងមានទីផ្សារសម្រាប់នាំចេញ។បន្ថែមពីលើនេះទៀត គ្រប់ស្ថាប័នត្រូវបំផុសឱ្យមានសកម្មភា​ព​ដាំ​ដុះ ចិញ្ចឹមសត្វ និងអភិវឌ្ឍផលិតផលគ្រប់ប្រភេទ នៅតាមសហគមន៍ និងគ្រួសារ ធ្វើយ៉ាងណាមិនត្រឹមតែជាការផ្គត់ផ្គង់ក្នុងស្រុកទេ ថែមទាំងអាចនាំចេញទៅក្រៅស្រុកថែមទៀតផង។

លោកបន្តថា៖«គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ និងផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីជំរុញ និងបំផុសចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើក កម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង » ។

ទាក់ទងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល សម្រាប់បង្កើនគុណភាព និងបរិមាណទៅលើវិស័យកសិកម្មនេះ ហា​​ក់មិនទទួលបានការសាទរពីកសិករប៉ុន្មានទេ។ពួកគាត់ចាត់ទុកថា វិស័យកសិកម្មសព្វថ្ងៃនេះ ត្រូវរស់ទាំងត្រ​​ដាប់​ត្រដួស។មួយវិញទៀត ថ្លៃដើមទិញចូលក្នុងកម្រិតមួយខ្ពស់ តែផលិតផលសម្រេចត្រូវបង្ខំចិត្តលក់ចេញក្នុងតម្លៃទាប ឬពេលខ្លះគ្មានទីផ្សារក៏មានដែរ។

លោក ឈុន​ ចាន់ដា តំណាងបណ្តោញកសិករដើម្បីកសិករ ខេត្តប៉ៃលិន លើកឡើងថា លោកហាក់មិនជឿលើការអះអាងរបស់រដ្ឋាភិបាលទេ។លោកចង់ឃើញការអនុវត្តជាក់ស្តែងច្រើនជាងសារនយោបាយ។លើសពីនេះទៀត បញ្ហាធំរបស់កសិករសព្វថ្ងៃនេះ គឺផលិតបានកសិផលហើយ ប៉ុន្តែគ្មានទីផ្សារនាំចេញ។

បើតាមលោក ឈុន ចាន់ដា មិនថាដំណាំប្រភេទណាទេ នៅពេលដាំដុះបានផលហើយ តម្លៃនៅលើទីផ្សារធ្លាក់ថ្លៃភ្លាមដែរឬពេលខ្លះគ្មានទីផ្សារនាំចេញក៏មានដែរ។ក្នុងនាមជាអ្នកជួយលើកស្ទុយវិស័យកសិកម្ម លោ​​​​​កក៏ចង់ឃើញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើកនេះ អាចជឿទុកចិត្ត និងអនុវត្តដោយតម្លាភាពដែរ។

លោកបន្តថា៖ «ខ្ញុំជឿថាប្រជាពលរដ្ឋនិងមានសង្ឃឹមលើរាជរដ្ឋាភិបាល កន្លងមកយើងដឹងហើយអ្វីប្រជាព​​ល​រដ្ឋធើ្វ ហើយវាអត់ពិតប្រាកដ ហើយយើងបានតែធើ្វខ្ញុំគាំទ្រគោលការបណ៍របស់រាជរដ្ឋាភិបាល ខ្ញុំសង្ឃឹមព្រោះរាជរដ្ឋាភិបាលមានតួនាទីច្រើនណាស់ដែលអាចជួយប្រជាពលរដ្ឋបានតែបើសិនជាគាត់ធើ្វពិត ខ្ញុំស​​ង្ឃឹ​មធើ្វពិត ខ្ញុំជឿថាគាត់ធើ្វបានតែគ្រាន់តែគាត់ថា ខ្ញុំមិនទាន់មានជំនឿមួយរយភាគរយនៅឡើយទេ បើគា​ត់​ធើ្វដឹងតែបាន បើគាត់មិនធើ្វដឹងតែអត់ហើយ»

មិនមែនមានតែលោក ឈុន ចាន់ដា ម្នាក់ទេដែលយល់ឃើញថា វិស័យកសិកម្មមិនទាន់​​អាចបម្រើ​​ឱ្យសេ​ច​ក្តី​​ត្រូវការពិតប្រាកដរបស់កសិករបាន។

ចំណែក​លោក ពេជ្រ បូរ៉ាត ជាកសិករជាអ្នកផលិតវត្ថុធាតុដើមប្រេងស្លឹកគ្រៃ រស់នៅខេត្តពោធិ៍សាត់ លើក​ឡើ​ងដែរថា រាល់ថ្ងៃនេះក្នុងនាមជាកសិករម្នាក់ ក្នុងចំណោមកសិករផ្សេងទៀត លោកពិតជាប្រឹងប្រែង​​លើ​ស​ពី​សមត្ថភាព ប៉ុន្តែវិស័យមួយនេះនៅតែមិនទាន់អាចឆ្លើយតប ដូចការលះបង់របស់​​ខ្លួនបានៅ​​ឡើ​​យ​ទេ។​មិ​​នតែប៉ុណ្ណោះ កសិផលដែលផលិតបានហើយ មានពេលខ្លះ​​​ត្រូវ​ប្រឈម​​មុខគ្មា​​នទីផ្សារនាំ​​ចេញ​​ថែម​ទៀ​ត​ក៏​​មានដែរ។ហើយលោកក៏មិនមានសង្ឃឹមថា ការប្តេជ្ញាចិត្តនៅពេលនេះ របស់រដ្ឋាភិបាលអាចជួ​យឱ្យវិស័​យ​កសិ​​​​កម្មដើរទៅមុខបានណាស់ដែរ។

លោកបន្ថែមថា៖ «ខ្ញុំថារាល់ថ្ងៃ វាប៉ះពេលវេលាខ្លួនឯង​ ហើយប្រឹប្រែងខ្លួនឯងមិចក៏ទៅមិនរួចដែលបើមិនប្រឹងខ្លួនឯង​ទៅមិនរួចទេដាច់បាយហើយរាល់ថ្ងៃ និយាយតាមមើលឃើញផលិតផលរបស់ខ្ញុំធើ្វខ្លួនឯង​ល​​ក់ចេញអត់បានទេ យើងប្រើដង្ហើមរស់ខ្លួនឯង​បានៗ ខ្ខុំមិនជឿថារដ្ឋាភិបាលលើវិស័យកសិកម្មអាចធើ្វបានទេ​​ព្រោះកសិកម្មរបស់ខ្ញុំពិបាកទៅមុខណាស់»

រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បញ្ញត្តិមាត្រា ៦៣ ចែងថារដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួ​យ​ឱ្យជីវភាពរស់នៅប្រជាពលរដ្ឋ មានក្រិតសមរម្យ។

បើទោះជាយ៉ាងនេះក្តី ពលរដ្ឋលើកឡើងថា សព្វថ្ងៃនេះវិស័យកសិកម្មបើ​ពឹងលើរដ្ឋាភិបាលជួ​​យដោះ​ស្រា​​យ ប្រហែលរស់មិនបានទេ។ពួកគេបន្តថា គោលការណ៍ច្បាប់ចែងល្អ ប៉ុន្តែការអនុវត្តហាក់មិនបាន​ឆ្លើយ​ត​ប​ដូ​ចខ្លឹមសារនៃច្បាប់នៅឡើយទេ។

ទាក់ទិនរឿងនេះ គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺបាន​ទេពីអ្នកនាំពាក្យ​ក្រ​​សួង​​ក​​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺកញ្ញា អ៊ឹម រចនា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។

យ៉ាងនេះក្តី លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ឃើញថា នៅ​ចំ​ពោះមុខនេះ កម្ពុជាមានអំណោយផលរួចហើយ ក្នុងរឿងវិស័យកសិកម្មនេះ ប៉ុន្តែគ្រាន់តែទាមទា​រនីតិវិ​​ធី​ជា​ក់លាក់ក្នុងការអនុវត្ត និងពង្រឹងឱ្យស្របទៅតាមគោលនយោបាយកសិកម្មទេ។លើសពីនេះទៀត ដើម្បីឱ្យ​​ប្រា​កដថាវិស័យកសិកម្មនេះអាចដើរទៅមុខបាន រដ្ឋត្រូវពិនិត្យមើលទៅទុនកម្ចីខ្នាតតូច និងមធ្យមបន្ថែម​ទៀត នោះ​វិស័យនេះអាចនឹងមានដំណើរការល្អ។

លោកបន្តថា៖«កម្ពុជាមានឱកាសប៉ុន្តែយើងត្រូវការគោលការណ៍មួយជាក់លាក់ទៅលើការដោះស្រាយប​​ញ្ហា​​​គឺទីមួយ លើកទឹកចិត្តនឹងជំរុញអោយមានការវិនិយោគខ្លាំងទៅលើ ការកែច្នៃ និងផលិតផលវិស័យ​​​សិម្ម ទីពីគឺផ្តល់នូវការបណ្តុះបណ្តាល ក៏ដូចជាផ្តល់នូវប្រភពធនធាននៅក្នុងការកម្ចីដល់កសិករខ្នាតតូ​​​​ទៅអ្នកដាំដោះ អ្នកផលិត អ្នកនាំចេញជាដើមហ្នឹង» ។ បើទោះបែបជាប្រទេសកម្ពុជា ចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យ​​សំ​​ណ​ង់​និ​​ងវិស័យផ្សេងទៀតក្តី គេសង្កេតឃើញថាកសិករនៅតែប្រឈមមុខក្នុងការផលិត ថ្លៃដើមខ្ពស់ គ្មានបច្ចេ​​​ក​ទេ​​​សក្នុងការផលិត។ក្រោយផលិតបាន កសិករពិបាករកទីផ្សារដើម្បីនាំចេញ ជាពិសេសតម្លៃ​​​កសិផល មាន​​ពេ​លខ្លះ​ស្ថិ​ត​នៅ​​​លើ​មាត់ឈ្មួយជាអ្នកកំណត់ក៏មានដែរ៕