តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល ក្រោយលោកចុះទៅជួបពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ។
កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន លោក កើត សារ៉ាយ ខណៈលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន ទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែមេសា។
សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែមេសា បានឱ្យដឹងថា ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ ឈ្មោះ កើត សារ៉ាយ និងគូកន ពីបទ មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាបទល្មើសព្រហ្មទណ្ឌ។
ប្រភពដដែល បន្តថា ការចោទប្រកាន់ទៅលើ លោក កើត សារ៉ាយ បានកើតឡើងដោយសារតែលោកបានរៀបចំផែនការអូសទាញប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចេញតតាំងប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងបានបំផុសឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាចរត់ភៀសខ្លួនចូលព្រៃ កាលពីអំឡុងខែមីនា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា៖ «មិនតែប៉ុណ្ណោះ ក្រុមជនសង្ស័យបានបញ្ជូនរូបភាពឱ្យបណ្តាញផ្សព្វផ្សាយក្រៅប្រទេស ដើម្បីឱ្យសាធារណជនក្នុង និងក្រៅប្រទេស មានការភ័ន្តច្រលំ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមប្រឆាំងរាជរដ្ឋាភិបាល»។
បើតាមទំព័រហ្វេសប៊ុករបស់លោក កើត សារ៉ាយ គឺកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រូបលោកបានដឹកនាំយុវជនសិទ្ធិមនុស្ស ចំនួន៤នាក់ ចូលទៅជួបប្រជាពលរដ្ឋនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងថតពីសកម្មភាពការរស់នៅរបស់ពលរដ្ឋទាំងនោះផងដែរ។
ករណីនេះ សេចក្តីប្រកាសព័ត៌មានរបស់តំណាងអយ្យការ បានចាត់ទុកការផ្សព្វផ្សាយជាសាធារណៈរបស់ លោក កើត សារ៉ាយ នេះថាជាការបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋនៅឃុំស្រយង់ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បានអះអាងនៅថ្ងៃទី០៨ ខែមេសានេះថា កាលដែលរូបគាត់ និងពលរដ្ឋមួយចំនួនទៀត រត់ទៅសំងំលាក់ខ្លួននៅក្នុងព្រៃ ដោយសារតែការភ័យខ្លាចថាអាជ្ញាធរនឹងចាប់ខ្លួនពួកគាត់ មិនមែនធ្វើឡើងក្រោមការអូសទាញរបស់លោក កើត សារ៉ាយ នោះឡើយ។
អ្នកស្រីថា៖ «ចំណុចណាដែលគេចោទគាត់អីចឹង គាត់មានទៅអូសទាញអ្នកណា ខ្ញុំខ្វះខាតមានតែស្រែករកគេជួយ គាត់មានតែជំនួយបាយទឹកឱ្យពួកខ្ញុំ ម៉េចទៅជាចោទគាត់អីចឹងទៅវិញ […] អ្នកចោទចេះតែចោទគាត់ គ្មានគោលដៅច្បាស់លាស់ ចោទគ្នា ព្រោះពីមុន លោក សារ៉ាយ គាត់មិនដែលទៅដល់កន្លែងកើតហេតុហ្នឹងផង គាត់ទៅអូសទាញ[ពលរដ្ឋ] កាប់ទន្ទ្រាន[ដី]យ៉ាងម៉េច ពួកខ្ញុំសុទ្ធតែទិញតើ មានដីប្លង់ភូមិឃុំតើ ខ្ញុំបញ្ចាំដល់ធនាគារទៀត»។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការចោទប្រកាន់ និងការឃុំខ្លួនលោក កើត សារ៉ាយ នេះ ហាក់ដូចជាមិនមានភស្តុតាងគ្រប់គ្រាន់នៅឡើយ ខណៈលោក កើត សារ៉ាយ គ្រាន់តែឈឺឆ្អាលលើវិវាទដីធ្លីនៅខេត្តព្រះវិហារ និងធ្វើការផ្សព្វផ្សាយព័ត៌មានមួយចំនួនលើករណីនេះ ក្នុងគោលបំណងស្វែងរកដំណោះសម្រាប់អ្នកដែលមានវិវាទដីធ្លីប៉ុណ្ណោះ។
លោកបន្តថា ការចោទប្រកាន់ និងការឃុំខ្លួន លោក កើត សារ៉ាយ គឺមិនបានជួយអ្វីដល់សង្គមទេ តែផ្ទុយទៅវិញ បានធ្វើឱ្យប៉ះពាល់ដល់ស្មារតី និងអារម្មណ៍យុវជន សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ដែលកំពុងធ្វើការងារជួយសង្គមទៅវិញ។
លោកថា៖ «សេរីភាពក្នុងការបង្កើតសមាគមមានភាពរឹតត្បិត ព្រោះសកម្មភាពរបស់លោក កើត សារ៉ាយ ធ្វើក្នុងនាមសមាគមមួយ តែត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។ ម្យ៉ាងវិញទៀត ការចោទប្រកាន់ និងការឃុំខ្លួន លោក កើត សារ៉ាយ ក៏អាចជាសារមួយបំភិតបំភ័យដល់យុវជន សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ដែលកំពុងបំពេញការងារលើវិស័យនេះ»។
លោក អំ សំអាត បានស្នើឱ្យតុលាការពិចារណាឡើងវិញ ក្នុងការទម្លាក់បទចោទប្រកាន់ និងដោះលែង លោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ ដើម្បីឱ្យលោកបានចូលរួមចំណែកក្នុងការការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិបន្តទៀត។
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះដែរ ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៤ បានចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការសោកស្តាយ ចំពោះការចាប់ខ្លួន លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប។
សេចក្តីថ្លែងការណ៍រួម បានលើកឡើងទៀតថា ការឃាត់ខ្លួន និងឃុំខ្លួន លោក កើត សារ៉ាយ ជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបង្ក្រាបទៅលើសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
សេចក្តីថ្លែងការណ៍រួម បានអំពាវនាវថា៖ «សូមសាលាដំបូងរាជធានីភ្នំពេញ មេត្តាទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងបើកចំហសេរីភាពក្នុងការបញ្ចេញមតិ ឱ្យបានពេញលេញដល់ពលរដ្ឋ ដែលខ្វល់ខ្វាយពីបញ្ហាសង្គម»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅរសៀលថ្ងៃចន្ទនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កើត សារ៉ាយ ធ្លាប់ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារចំនួន ១៤ខែ ខណៈទោសសល់ពីនេះត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្មចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១៕