តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​​សម្រេចចោទប្រកាន់លោក កើត សារ៉ាយ ប្រធាន​សមាគមនិស្សិតបញ្ញវន្តខ្មែរ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ករណីមិនរាងចាល ក្រោយលោកចុះទៅជួបពលរដ្ឋ​ដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន លោក កើត សារ៉ាយ ខណៈលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន ទៅតាម​ដីកា​បញ្ជាឱ្យចូលខ្លួន​របស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែមេសា។​

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែមេសា បាន​ឱ្យដឹងថា ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេច​ចោទប្រកាន់លើជនសង្ស័យ ឈ្មោះ កើត សារ៉ាយ និងគូកន ពីបទ មិនរាងចាល​ក្នុងបទមជ្ឈិម​បន្ទាប់ពីការ​ផ្តន្ទាទោស​បទមជ្ឈិម និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ ដែលជាបទល្មើសព្រហ្មទណ្ឌ។

ប្រភពដដែល​ បន្តថា ការចោទប្រកាន់ទៅលើ​ លោក កើត​ ​សារ៉ាយ បានកើតឡើងដោយសារ​តែ​លោក​​បាន​រៀប​ចំ​ផែន​ការ​អូសទាញប្រជាពលរដ្ឋនៅ​ខេត្តព្រះវិហារ​ ឱ្យប្រព្រឹត្ត​អំពើ​កាប់ទ​ន្ទ្រាន​កាន់​កាប់​ដី​ខុស​ច្បាប់ និងចេញតតាំងប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំង​បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ មានការភ័យខ្លាចរត់ភៀសខ្លួន​ចូល​ព្រៃ កាលពីអំឡុងខែមីនា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា៖ «មិនតែប៉ុណ្ណោះ ក្រុមជនសង្ស័យបានបញ្ជូន​រូបភាព​ឱ្យ​បណ្តាញផ្សព្វ​ផ្សាយ​ក្រៅ​ប្រទេស ដើម្បី​ឱ្យ​សាធារណជនក្នុង និង​ក្រៅប្រទេស មានការភ័ន្តច្រលំ ចំពោះ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមប្រឆាំងរាជរដ្ឋាភិបាល»។

បើតាមទំព័រហ្វេសប៊ុករបស់លោក កើត សារ៉ាយ គឺ​​កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រូប​​​លោកបាន​ដឹក​នាំ​យុវជន​សិទ្ធិ​មនុស្ស ចំនួន៤នាក់ ចូលទៅជួបប្រជាពលរដ្ឋនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលរត់ចូលក្នុងព្រៃ និងបាន​ធ្វើប​ទ​សម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងថតពីសកម្មភាពការរស់នៅរបស់ពលរដ្ឋទាំងនោះ​ផងដែរ។

ករណីនេះ សេចក្តីប្រកាសព័ត៌មាន​របស់​តំណាងអយ្យការ បានចាត់ទុកការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​របស់ លោក កើត សារ៉ាយ នេះ​ថា​ជាការបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។

ប្រជា​ពលរដ្ឋនៅឃុំស្រយង់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បានអះអាងនៅថ្ងៃទី០៨ ខែមេសានេះថា កាលដែល​​រូបគាត់​ និងពលរដ្ឋមួយចំនួនទៀត ​រត់​ទៅសំងំលាក់ខ្លួននៅ​ក្នុងព្រៃ ដោយសារ​តែការភ័យខ្លាចថាអាជ្ញាធរ​នឹងចាប់ខ្លួនពួកគាត់ មិនមែន​ធ្វើឡើង​ក្រោមការ​អូស​ទាញ​របស់​​លោក កើត សារ៉ាយ នោះឡើយ។  

អ្នកស្រីថា៖ «ចំណុចណាដែលគេចោទគាត់អីចឹង គាត់មានទៅអូសទាញអ្នកណា ខ្ញុំខ្វះខាតមានតែស្រែករកគេជួយ គាត់មាន​តែ​ជំនួយ​បាយ​ទឹក​ឱ្យពួកខ្ញុំ ម៉េច​ទៅ​ជាចោទគាត់អីចឹង​ទៅវិញ […] អ្នកចោទចេះតែចោទគាត់ គ្មាន​គោល​ដៅច្បាស់​លាស់​ ចោទ​គ្នា ព្រោះពីមុន​ លោក សារ៉ាយ គាត់​មិន​ដែល​ទៅ​ដ​ល់​​កន្លែង​កើត​ហេតុហ្នឹង​ផង គាត់ទៅអូសទាញ[ពលរដ្ឋ​​] កាប់​ទន្ទ្រាន​[ដី]យ៉ាង​​ម៉េច ពួកខ្ញុំសុទ្ធតែទិញតើ មានដីប្លង់ភូមិឃុំតើ ខ្ញុំបញ្ចាំដល់ធនាគារទៀត»។

នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់ថា ការ​ចោទ​​ប្រកាន់ និង​​ការ​ឃុំខ្លួនលោក កើត សារ៉ាយ នេះ ហាក់ដូចជាមិនមានភស្តុតាង​គ្រប់​គ្រាន់នៅឡើយ ខណៈ​​លោក កើត សារ៉ាយ គ្រាន់តែ​ឈឺឆ្អាលលើវិវាទដីធ្លីនៅខេត្តព្រះវិហារ និង​ធ្វើការផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយចំនួនលើករណីនេះ ក្នុងគោលបំណងស្វែងរកដំណោះសម្រាប់អ្នកដែលមានវិវាទដីធ្លីប៉ុណ្ណោះ។

លោកបន្ត​ថា ការ​ចោទ​ប្រកាន់ និ​ង​ការឃុំខ្លួន លោក កើត សារ៉ាយ គឺមិនបានជួយអ្វីដល់សង្គមទេ តែ​ផ្ទុយទៅ​វិញ បាន​ធ្វើឱ្យប៉ះពាល់ដល់ស្មារតី និង​អារម្មណ៍​យុវជន សកម្មជន​ការពា​រ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន ដែលកំពុងធ្វើការងារ​ជួយសង្គមទៅវិញ។

លោក​ថា៖ «សេរីភាពក្នុងការបង្កើតសមាគមមានភាពរឹតត្បិត ព្រោះសកម្មភាពរបស់លោក កើត សារ៉ាយ ធ្វើក្នុងនាមសមា​គម​មួយ តែត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។ ម្យ៉ាងវិញទៀត ការ​ចោទប្រកាន់ និង​ការ​ឃុំ​ខ្លួន​ លោក កើត សារ៉ាយ ក៏អាចជាសារមួយបំភិតបំភ័យដល់យុវជន សកម្មជនសិទ្ធិមនុស្ស សកម្មជន​បរិស្ថាន ដែល​កំពុង​បំពេញការងារលើវិស័យនេះ»។

លោក អំ សំអាត បាន​ស្នើឱ្យតុលាការ​ពិចារណាឡើង​វិញ ក្នុងការ​​ទម្លាក់​បទ​ចោទ​ប្រកាន់ និងដោះលែង លោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ ដើម្បីឱ្យ​លោកបានចូលរួមចំណែកក្នុងការការ​ពារ​សិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិបន្តទៀត។

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះដែរ ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និង​អង្គការមិនមែនរដ្ឋាភិបាលចំនួន៥៤ បាន​ចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការសោក​ស្តាយ ចំពោះការចាប់ខ្លួន លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិត​បញ្ញវន្ត​ខ្មែរ និងជាអ្នកការពារសិទ្ធិមនុស្ស​ដ៏សកម្ម​មួយរូប។

សេចក្តីថ្លែងការណ៍រួម​ បានលើកឡើង​ទៀត​ថា ការឃាត់ខ្លួន និងឃុំខ្លួន លោក កើត​ សារ៉ាយ ជាការ​បន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ​ និងបង្ក្រាបទៅលើសកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន ដែលជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន​ដែលធានា​ដោយ​រដ្ឋ​ធម្មនុញ្ញកម្ពុជា។

សេចក្តីថ្លែងការណ៍រួម បាន​អំពាវនាវថា៖ «សូមសាលាដំបូងរាជធានីភ្នំពេញ មេត្តាទម្លាក់ចោល​បទចោទ និងដោះលែងសកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងបើកចំហសេរីភាពក្នុងការបញ្ចេញ​មតិ ឱ្យបានពេញលេញដល់ពលរដ្ឋ ដែលខ្វល់ខ្វាយពីបញ្ហាសង្គម»។

គេហទំព័រ Newsroom Cambodia មិនអាច​សុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ​ នៅ​រសៀលថ្ងៃចន្ទនេះ។

បើតាម​សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កើត សារ៉ាយ ធ្លាប់ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និង​ពិន័យជា​ប្រាក់​ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារ​ចំនួន ១៤​ខែ ខណៈ​ទោស​សល់ពីនេះត្រូវព្យួរសាកល្បង​រយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្ម​ចុះថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២១៕