ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជា​ពលរដ្ឋ ជាពិសេស មនុស្សចាស់ កុមារ ទារក​ ស្រ្តីមានផ្ទៃពោះ អ្នក​ធ្វើការ​នៅលម្ហខាងក្រៅ និងអ្នកមានប្រព័ន្ធរាងកាយខ្សោយ មានការ​ប្រុងប្រយ័ត្ន និង​​​ថែរក្សាសុខភាព អំឡុងពេលអាកាសធាតុក្តៅ​ខ្លាំង។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានលើកឡើង​ថា ស្ថានភាពនៃ​ការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យ​មានអាកាសធាតុក្តៅខ្លាំង ទាំងនៅកម្ពុជា និង​បណ្តាប្រទេស​ជាច្រើនទៀត ដែល​អាចបណ្តាលឱ្យ​បុគ្គល​គ្រប់រូប ធ្លាក់ខ្លួន​ឈឺដោយសារកម្តៅ ជាពិសេស​បុគ្គលដែលមានហានិភ័យខ្ពស់ គឺមនុស្ស​ចាស់ កុមារ ទារក ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារ​នៅលម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពារ​រាង​កាយ​ខ្សោយ​ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

ករណីនេះ ក្រសួង​បាន​អំពាវនាវ និង​ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខ​ភាព​ផ្ទាល់​ខ្លួន និងក្រុមគ្រួសារ ដោយពិសារទឹកឱ្យបានច្រើននិង​ញឹក​ញាប់ លើសពី២លីត្រក្នុ​ង​មួយ​ថ្ងៃ ទោះបីជាមិន​ស្រេកទឹកក៏ដោយ ប៉ុន្តែពលរដ្ឋគួរចៀសវាងការ​ពិសារជាតិ​អាល់​កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។ 

សេចក្តីជូនព័ត៌មានដដែល ក៏បានរំលឹកឱ្យពលរដ្ឋបង្ការជំងឺ​រាគរូស និង​ជំងឺ​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​ជាតិទឹក​ក្នុង​រាង​កាយ ដោយរក្សាអនាម័យ​ខ្លួនប្រាណ អនាម័យ​ម្ហូបអាហារ និងពិសាទឹកឆ្អិន ឬទឹកចម្រោះ ព្រមទាំងត្រូវ​ផ្លាស់​ទី​ទៅកន្លែង​ត្រជាក់ សម្រាក និង​ពិសារភេសជ្ជៈ​យឺត​ៗ​ ​ប្រសិនបើ​មានរោគសញ្ញា ដូចជា វិល​មុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួល​ក្រពើ ដែលជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ហើយ​ត្រូ​វ​​ចៀសវាង​ដាច់ខាតនូវការចោមរោមជុំជិត​អ្នកដែលមានបញ្ហាសុខភាពជាដើម។

ក្រសួង​ក៏បានណែនាំឱ្យ​ស្វែង​រកការព្យាបាល​ភ្លាមៗ នៅ​មណ្ឌល​​សុខភាព ឬមន្ទីរពេទ្យ​ដែលនៅជិតផ្ទះ ប្រសិនបើ​មិនធូរស្រាល។ 

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា ការប្រែប្រួលអាកាសធាតុនេះ កើតមានជាយូរមក​ហើយ​​ទៅលើប្រទេសផ្សេងៗលើពិភពលោក ដោយឡែកប្រទេសកម្ពុជាទើបតែជួបប្រទះបញ្ហា​អាកាសធាតុ​ក្តៅ​ខ្លាំង នាប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ តែយ៉ាងណា លោកថា រដ្ឋាភិបាល បាន​ធ្វើការ​​​ផ្សព្វផ្សាយ និងក្រើនរំលឹកទៅ​​ប្រជាពលរដ្ឋជាបន្តបន្ទាប់ ​​​ដើម្បីបាន​យល់ដឹងពីបញ្ហា​អាកាសធាតុ ​និងការ​​ការ​ពារ​ទុក​ជា​មុន។ 


លោក​ថា៖ «ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក គេប្រកាសយូរហើយតើ គ្រាន់ថាស្រុកយើងជាសំណាង អត់​សូវដែរប៉ះរឿងហ្នឹងទេ […] ក្តៅប៉ុន្មានថ្ងៃនេះ ដោយសារយើងបង្ការមុនតើ​ បើសិនកុំនិយាយ បងប្អូនខ្លះ គាត់ អត់​ចាប់អារម្មណ៍ផងហ្នឹង ប៉ុន្តែយើងត្រូវនាំគ្នាបង្ការក្នុងនាមសុខាភិបាល»។ 

ជាមួយគ្នានេះ លោក​​ថា ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងគ្រូពេទ្យធ្វើការតាមសហគមន៍នានា បានដាក់វេនគ្នា​​ប្រចាំការ និង​ត្រៀមទុកជាមុននូវថ្នាំសង្កូវ និង​ឧបករណ៍ផ្សេងៗ ដើម្បីជួយ​ដល់​ប្រជាពលរដ្ឋដែលមានបញ្ហា​សុខភាព។

លោក វ៉ាន់នី បានថ្លែង​ថា៖ «ពួកគាត់មានគ្រប់មធ្យោបាយ ឧទាហរណ៍​ថ្នាំរាគ សេរ៉ូម​ ការដាក់សេរ៉ូមក្រែងលោបាត់ជាតិ​ទឹក ជំងឺឆ្លង […] ចឹងហើយបានឥឡូយើងអត់សូវឃើញទម្រង់​ដែលឈឺធ្ងន់​អីបញ្ជូនមកភ្នំពេញទេ ដោយ​សារពួក​គាត់ធ្វើនៅកម្រិតសហគមន៍ហ្នឹង គឺគាត់ធ្វើបានល្អ»។ 
 

ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនេះដែរ ​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួងធនធានទឹក និងឧតុនិយម លោក ​ចាន់ យុត្ថា ​បានឱ្យដឹងថា មូលហេតុដែលកម្ពុជាមានសីតុណ្ហភាពក្ដៅខ្លាំង ដោយសាររងនូវឥទ្ធិពលពីបាតុភូតិ អែល​នីណូ (El Nino) ហើយនៅបណ្តាប្រទេសមួយចំនួនទៀត ក៏​មានសីតុណ្ហភាពក្ដៅបែបនេះដែរ។ 

លោកថា៖ «ក្ដៅជាងគេហ្នឹង គឺតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ផ្នែកខ្លះនៃពោធិ៍សាត់ ហើយនិងតំបន់ខ្ពង់រាបភាគខាងជើង ដូចជា នៅឧត្តរមានជ័យ ព្រះវិហារ​អីហ្នឹងក៏រាងក្ដៅជាងគេ[…]ទាំង​នេះ ដោយសារតែយើងនៅតែបន្តទទួលរងឥទ្ធិពលពីបាតុភូតិ អែល​នីណូ (El Nino) នៅឡើយ ហើយរហូតដល់ចូលខែ៥ ពាក់កណ្ដាលខែ៥ ទើបមាននិន្នាការថយចុះ ចាប់ផ្ដើមថយ​ចុះហើយរហូតទៅដល់សប្ដាហ៍ទី៣នៃខែ៧ ទើបយើងទទួលរងនូវឥទ្ធិពលឡានីណា (La Nina)វិញ[…] ពេលហ្នឹង​គឺភ្លៀងក៏ច្រើន ហើយសីតុណ្ហភាព​ក៏ចុះទាបដែរ»។ 

លោក ចាន់ យុត្ថា បន្តថា ​សីតុណ្ហភាព​ក្តៅ​ខ្លាំងនៅតំបន់មួយចំនួន​ នឹងនៅ​ចន្លោះពី​ ៣៨អង្សាសេ ដល់​ ៤១អង្សារសេ នាពេល​ថ្ងៃត្រង់​។ ​

លោកថា៖ «ជាទូទៅ សីតុណ្ហភាពអតិបរមា យើងគិតថាមធ្យម​​ក្នុងរង្វង់ ៣៨អង្សាសេ ក្ដៅណាស់។ ក្នុងរង្វង់ ៣៨ នេះ គឺសីតុណ្ហភាពអតិបរមាមធ្យម[…] ប៉ុន្តែនៅក្នុងចន្លោះពេលមួយ ជាពិសេសចាប់ពីម៉ោង១១កន្លះព្រឹក​រហូតទៅដល់ម៉ោង២កន្លះរសៀល​​ គឺសីតុណ្ហភាពខ្ពស់ណាស់ក្នុងចន្លោះម៉ោងនេះអាចឡើងដល់ ៤១ ឬ ៤១កន្លះ គ្រាន់តែវាមិនឡើងយូរ ក្នុងមួយ​រយៈខ្លីហ្នឹង វាអាចឈានទៅដល់ហ្នឹង[…] ហើយរហូតថ្ងៃបាក់រសៀលបន្ដិច ចាប់ពីម៉ោង៣ បានសីតុណ្ហភាពចាប់ផ្ដើមថយចុះវិញ»។ 

គួរបញ្ជាក់ថា​ ប្រទេសកម្ពុជាកំពុងទទួលរងការប្រែប្រួលអាកាសធាតុខ្លាំងក្នុងរដូវប្រាំងឆ្នាំ​២០២៤ នេះ ដែលសីតុណ្ហភាពកើនឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំកន្លងមក និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាព​មធ្យមអតិបរមា ៣៧°C និង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។ នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជាមានសីតុណ្ហភាពក្ដៅដូច្នេះ។ តែយ៉ាងណា ​បញ្ហានេះ មិនទាន់បណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់ មានបញ្ហាសុខភាព ឬស្លាប់ដោយសារការឡើងកម្ដៅនេះឡើយ៕