មន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងរយៈពេលជិត ១ខែ នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ នៅខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចចម្រុះបានឃ្លុំដីរដ្ឋមកវិញ បានជាង ១ម៉ឺនហិកតា ពីការទន្ទ្រានដីរដ្ឋយកធ្វើកម្មសិទ្ធិ និងបានឃាត់ខ្លួនមនុស្សជិត ៥០នាក់ ក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការជាង ១០ករណី។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះថា ការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៤៨នាក់ និងបញ្ជូនទៅតុលាការចំនួន ១៦ករណី ដោយក្នុងប្រតិបត្តិការនោះអាជ្ញាធរឃ្លុំដីបានមកវិញចំនួន ១០ ៤៤៤ហិកតា គិតត្រឹមថ្ងៃទី៧ ខែមេសា ម្សិលមិញនេះ។
ក្រៅពីការឃ្លុំយកដីមកវិញ និងការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ លោក ខ្វៃ អាទិត្យា បានឱ្យដឹងទៀតថា អាជ្ញាធរបានអប់រំពលរដ្ឋបានប្រមាណ ១០០នាក់ ដែលចាញ់បោកគេហើយទៅទន្ទ្រានដីរដ្ឋខុសច្បាប់ និងពលរដ្ឋនៅជុំវិញតំបន់នោះ។
លោកថា៖ «ប្រជាពលរដ្ឋប្រមាណជា ១០០នាក់យើងបានអប់រំ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ដែលមានការរុករានដីព្រៃហ្នឹង ហើយនិងប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ឬក៏ចាញ់បោកគេមកបម្រើការនៅក្នុងដីដែលជនល្មើសកាប់រុករានទន្ទ្រានខុសច្បាប់»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពី លោក ហេង ដូនីន អនុប្រធានលេខាធិការដ្ឋាននៃសាលាដំបូងខេត្តពោធិ៍សាត់បានទេ នៅរសៀលថ្ងៃចន្ទនេះ។
នាយករងរដ្ឋបាលខេត្តពោធិ៍សាត់ លោក សួង សារាវុធ បានឱ្យដឹងថា បទល្មើសធនធានធម្មជាតិ ដែលប្រព្រឹត្តដោយប្រជាពលរដ្ឋភាគច្រើន និងមានមន្ត្រីផងដែរនោះ មានការកើនឡើងជាបន្តបន្ទាប់ ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
លោកថា៖ «ដោយសារយើងពិនិត្យមើលទៅពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយខែទៅមួយខែ មានការកើនឡើង[បទល្មើសធនធានធម្មជាតិ] និយាយទៅ បើយើងពិនិត្យទៅស្រុកវាលវែងយើងដឹងហើយ កាលណាខ្ញុំនិយាយតែខ្ញុំ យើងមិនច្បាស់ទេ បើសិនជាយើងចុះទៅស្រុកវាលវែងទាំងអស់គ្នា យើងដឹងហើយថានរណាកាប់រុករានទន្រានដីព្រៃហ្នឹង[…] ប៉ុន្តែសំខាន់បើយើងអត់មានវិធានការព្រៃនឹងអស់។ នៅពេលដែលអស់ព្រៃអាហ្នឹងហើយ ដែលយើងជួបផលវិបាក»។
លោក ហេង គឹមហុង ប្រធានសមាគមបណ្តាញយុវជនកម្ពុជា(CYN) មានប្រសាសន៍ថា យុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ លោកបន្ដថា ប្រតិបត្តិការនេះ ធ្វើឡើងតែក្នុងផ្នែកមួយនៅកម្ពុជា ខណៈលោកចង់ឱ្យមានការពង្រីកវិសាលភាពទៅតំបន់ការពារធម្មជាតិផ្សេងទៀតនៅទូទាំងប្រទេស ដើម្បីស្វែងរកអ្នកបំផ្លិចបំផ្លាញ អ្នកកាប់ឈើ ឬក៏បណ្ដាញជួញដូរព្រៃឈើ ឬក៏បណ្ដាញនៅខាងក្រោយការបំផ្លិចបំផ្លាញព្រៃឈើនៅកម្ពុជា។
លោកថា៖ «យើងស្នើសុំដែរឱ្យអាជ្ញាធរ មេត្តាពង្រីកវិធានការបន្ថែមទៀតក្នុងការទប់ស្កាត់កុំឱ្យមាន ជាពិសេសអ្នកដែលនៅពីខាងក្រោយនៃការជួញដូរធនធានធម្មជាតិទាំងអស់នោះ[…] តើនរណាជាអ្នកនៅពីក្រោយ បណ្ដាញ ឬក៏ផ្នែកដែលពាក់ព័ន្ធនិងការបំផ្លិចបំផ្លាញធនធានធម្មជាតិទាំងអស់នេះ ដើម្បីធានាប្រសិទ្ធភាព និងការពន្លឿននីតិវិធីឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។
គួរជម្រាបជូនថា កាលពីទី១០ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន និងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រជុំដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន យុទ្ធនាការបង្ក្រាបនេះ បានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយក្រុមការងារអនុគណៈកម្មការដែលចុះទៅបង្ក្រាបករណីទន្ទ្រានដីនេះ មានចំនួន ១០ក្រុម ក្នុងនោះមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៥០នាក់ អគ្គស្នងការនគរបាលជាតិចំនួន ២៥០នាក់ និងកម្លាំងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ៧៨៦នាក់៕