មន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងរយៈពេលជិត ១ខែ នៃយុទ្ធនាការ​បង្ក្រាបបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយ​ធំ នៅខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចចម្រុះ​​បានឃ្លុំដីរដ្ឋ​មកវិញ បានជាង ១ម៉ឺនហិកតា ពីការទន្ទ្រានដីរដ្ឋ​យកធ្វើ​កម្ម​សិទ្ធិ​​ និងបានឃាត់​ខ្លួន​មនុស្សជិត ៥០នាក់ ក្នុងនោះបញ្ជូនសំណុំរឿង​ទៅតុលាការជាង ១០ករណី។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះថា ការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៤៨នាក់ និងបញ្ជូនទៅតុលាការចំនួន ១៦ករណី ដោយក្នុងប្រតិបត្តិការនោះអាជ្ញាធរឃ្លុំដីបានមកវិញ​ចំនួន ១០ ៤៤៤ហិកតា គិតត្រឹមថ្ងៃទី៧ ខែមេសា ម្សិលមិញនេះ។

ក្រៅពីការឃ្លុំយកដីមកវិញ និងការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ លោក ខ្វៃ អាទិត្យា បានឱ្យដឹងទៀត​​ថា អាជ្ញាធរ​បានអប់រំពលរដ្ឋបានប្រមាណ ១០០នាក់ ដែលចាញ់បោកគេហើយ​ទៅទន្ទ្រាន​ដីរដ្ឋ​​ខុស​​ច្បាប់ និងពលរដ្ឋ​នៅជុំវិញតំបន់នោះ។

លោកថា៖ «ប្រជាពលរដ្ឋប្រមាណជា ១០០នាក់យើងបានអប់រំ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ដែលមានការរុករានដីព្រៃហ្នឹង ហើយនិងប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ឬក៏ចាញ់បោកគេមកបម្រើការនៅក្នុងដីដែល​ជនល្មើសកាប់រុករានទន្ទ្រានខុសច្បាប់»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពី លោក ហេង ដូនីន អនុប្រធានលេខាធិការ​ដ្ឋាន​នៃសាលាដំបូងខេត្តពោធិ៍សាត់បានទេ នៅរសៀលថ្ងៃចន្ទនេះ។

នាយករងរដ្ឋបាល​ខេត្តពោធិ៍សាត់ លោក សួង សារាវុធ បានឱ្យដឹងថា បទល្មើសធនធានធម្មជាតិ ដែល​ប្រព្រឹត្តដោយ​ប្រជាពលរដ្ឋភាគច្រើន និង​មានមន្ត្រីផងដែរនោះ​ មានការកើនឡើង​ជាបន្តបន្ទាប់ ដែលចាំបាច់​ត្រូវ​ចាត់​វិធាន​ការទប់ស្កាត់ឱ្យបាន​ទាន់ពេលវេលា។

លោកថា៖ «ដោយសារយើងពិនិត្យមើលទៅពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយខែទៅមួយខែ មានការកើនឡើង[បទល្មើស​ធនធានធម្មជាតិ] និយាយទៅ បើយើងពិនិត្យទៅស្រុកវាលវែង​យើងដឹងហើយ កាលណាខ្ញុំនិយាយតែខ្ញុំ យើង​មិន​ច្បាស់​ទេ បើសិនជាយើងចុះទៅស្រុកវាលវែងទាំងអស់គ្នា យើងដឹងហើយថានរណាកាប់រុករានទន្រានដីព្រៃហ្នឹង[…] ប៉ុន្តែសំខាន់បើយើងអត់មានវិធានការព្រៃនឹងអស់។ នៅពេលដែលអស់ព្រៃអាហ្នឹងហើយ ដែលយើងជួបផលវិបាក»។

លោក ​ហេង គឹមហុង ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN) មានប្រសាសន៍​ថា យុទ្ធនាការ​​​​បង្ក្រាប​បទ​ល្មើសធន​ធាន​ធម្មជាតិនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការការពារ និងអភិរក្ស​​ធនធានធម្មជាតិ។ លោក​បន្ដថា ប្រតិបត្តិការនេះ ធ្វើឡើងតែក្នុងផ្នែកមួយនៅកម្ពុជា ខណៈលោកចង់ឱ្យមានការពង្រីកវិសាលភាពទៅតំបន់ការពារធម្មជាតិ​ផ្សេងទៀតនៅទូទាំងប្រទេស​ ដើម្បីស្វែងរកអ្នកបំផ្លិច​បំផ្លាញ អ្នកកាប់ឈើ ឬ​ក៏បណ្ដាញ​ជួញ​ដូ​រ​ព្រៃ​ឈើ ឬក៏បណ្ដាញនៅខាងក្រោយការបំផ្លិច​បំផ្លាញ​ព្រៃឈើនៅ​កម្ពុជា។

លោកថា៖ «យើងស្នើសុំដែរឱ្យអាជ្ញាធរ មេត្តាពង្រីកវិធានការបន្ថែមទៀត​ក្នុងការទប់ស្កាត់កុំឱ្យមាន ជាពិសេសអ្នកដែលនៅពីខាងក្រោយនៃការជួញដូរធនធានធម្មជាតិទាំងអស់នោះ[…] តើនរណាជាអ្នកនៅពីក្រោយ បណ្ដាញ ឬក៏ផ្នែកដែលពាក់ព័ន្ធនិងការបំផ្លិច​បំផ្លាញធនធានធម្មជាតិទាំងអស់នេះ ដើម្បីធានាប្រសិទ្ធភាព​ និងការ​ពន្លឿននីតិវិធី​ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។

គួរជម្រាប​ជូន​ថា កាលពីទី១០ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន និងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រជុំដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន យុទ្ធនាការ​បង្ក្រាបនេះ បាន​ចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយ​ក្រុមការងារអនុគណៈកម្មការដែលចុះទៅបង្ក្រាបករណីទន្ទ្រានដី​​នេះ មានចំនួន ១០ក្រុម ក្នុងនោះមាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៥០នាក់ អគ្គស្នងការនគរបាលជាតិចំនួន ២៥០នាក់ និង​កម្លាំងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ៧៨៦នាក់៕