មេធាវីការពារសិទ្ធិឱ្យប្រធានគណបក្សភ្លើងទៀន ដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំពន្យាពេលក្នុងការចូលបំភ្លឺ ជុំវិញបណ្ដឹងរបស់មេធាវីរាជរដ្ឋាភិបាល ក្រោមហេតុផលថា កូនក្តីរបស់លោកកំពុងជាប់ធុរៈនៅឯបរទេស។
កាលពីថ្ងៃទី២១ ខែមីនា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ត្រូវបានព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បង្គាប់ឱ្យលោកចូលបំភ្លឺនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទសម្ភាសន៍របស់លោកជាមួយសារព័ត៌មានកាលពីដើមខែកុម្ភៈ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល។
យោងតាមពាក្យសុំពន្យាពេលការចូលបំភ្លឺរបស់លោក ជូង ជូងី ជាមេធាវីការពារសិទ្ធិឱ្យលោក ទាវ វណ្ណុល ដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសានេះ បានលើកឡើងថា លោក ទាវ វណ្ណុល កំពុងមានភារកិច្ចនៅក្រៅប្រទេស មិនទាន់វិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឡើយ ដែលករណីនេះ លោក ទាវ វណ្ណុល មិនអាចចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តល់ការឆ្លើយបំភ្លឺបានទេ។
ពាក្យសុំដដែល បានបញ្ជាក់ថា៖ «សូមឯកឧត្តម[អយ្យការអមសាលាដំបូង] ពន្យាពេលការចូលឆ្លើយបំភ្លឺ លោក ទាវ វណ្ណុល ទៅកាលបរិច្ឆេទលើកក្រោយ»។
អគ្គលេខាធិការគណប្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន លោក ទាវ វណ្ណុល កំពុងស្នាក់នៅសហរដ្ឋអាមេរិក ហើយលោកគ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ នៅចុងខែមេសានេះ។ លោកអះអាងថា លោក វណ្ណុល នឹងមិនគេចវេះចំពោះការឆ្លើយបំភ្លឺក្នុងករណីនេះទេ។
លោកថា៖ «បើគាត់[លោក វណ្ណុល] ពន្យារពេលចូលតុលាការ គឺមានន័យថាគាត់ចូលហើយ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេនៅថ្ងៃអង្គារនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការសុំពន្យាពេលនេះ ប្រសិនបើខុសនឹងនីតិវិធីច្បាប់ តុលាការនឹងមានចំណាត់ការផ្សេងទៀតទៅលើលោក ទាវ វណ្ណុល។
លោកបញ្ជាក់ថា៖ «តែបើសិនការស្នើមិនស្របតាមនីតិវិធីនៃច្បាប់ទេ តុលាការនឹងមាននីតិវិធីផ្សេងទៀត ដើម្បីចាត់ការបន្តលើសាមីជននោះ»។
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា បរិយាកាសនយោបាយនៅកម្ពុជា មានភាពចង្អៀតសម្រាប់អ្នកនយោបាយដែលមិនមែនមកពីបក្សកាន់អំណាច។ លោកមើលឃើញថា នយោបាយនៅកម្ពុជា មិនទាន់មានសញ្ញាណាមួយបង្ហាញថា មានភាពល្អប្រសើរជាងនេះនៅឡើយ។
លោកថា៖ «បរិយាកាសនយោបាយចង្អៀត អត់ទាន់ឃើញមានសញ្ញាណាមួយថាបានធូរស្រាល»។
កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ គណបក្សភ្លើងទៀនបានបញ្ជាក់ថា មេធាវីរដ្ឋាភិបាលបានប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសន៍របស់លោកជាមួយនឹងកាសែត Nikkei Asia និង វិទ្យុបារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែងថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រងលើគូប្រជែង និងចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននិងកំពុងដើរថយក្រោយចាប់តាំងពី លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបាន«ឃ្លាំមើល ដោយកាមេរ៉ា ២៤ម៉ោង»។
ឆ្លើយតបចំពោះការលើកឡើងនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយច្រានចោលការអះអាងរបស់លោក វណ្ណុល ហើយចាត់ទុកថា ការលើកឡើងរបស់លោក មានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល។
អង្គភាពនេះ បានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយដែលបញ្ជាក់ពីការបញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។
បើតាមរបាយការណ៍ពី លោក លី សុធារ៉ាយុទ្ធ ឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ខែមេសា ឆ្នាំ២០២៤ មានមន្រ្តីគណបក្សភ្លើងទៀន ចំនួន ១៧នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ៕