មេធាវីការពារសិទ្ធិ​ឱ្យ​​​ប្រធានគណបក្សភ្លើងទៀន ដាក់លិខិ​ត​ទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើ​សុំពន្យាពេលក្នុងការចូលបំភ្លឺ ជុំវិញបណ្ដឹងរបស់មេធាវីរាជរដ្ឋាភិបាល ក្រោមហេតុផលថា កូនក្តីរបស់លោក​​កំពុងជាប់ធុរៈនៅឯបរទេស។

កាលពីថ្ងៃទី២១ ខែមីនា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ត្រូវ​បាន​ព្រះរា​ជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​​ លោក ប្លង់ សុផល បង្គាប់ឱ្យ​លោក​ចូល​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យ​ការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៤​ ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍​របស់​លោក​ជាមួយសារព័ត៌មានកាលពីដើមខែកុម្ភៈ ធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយស​រាជរដ្ឋាភិបាល។

យោងតាមពាក្យសុំពន្យាពេលការចូលបំភ្លឺរបស់លោក ជូង ជូងី ជាមេធាវីការពារសិទ្ធិឱ្យ​លោក ទាវ វណ្ណុល ដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសានេះ បានលើកឡើង​ថា លោក ទាវ វណ្ណុល ​កំពុងមានភារកិច្ច​នៅក្រៅប្រទេស មិនទាន់វិលត្រឡប់មក​ប្រ​ទេស​កម្ពុជា​វិញនៅឡើយ ដែលករណីនេះ លោក ទាវ វណ្ណុល មិនអាចចូលទៅអយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បីផ្តល់ការឆ្លើយបំភ្លឺបានទេ។  

ពាក្យសុំដដែល បានបញ្ជាក់ថា៖ «សូមឯកឧត្តម[អយ្យការអមសាលាដំបូង] ពន្យាពេល​ការចូលឆ្លើយបំភ្លឺ លោក ទាវ វណ្ណុល ទៅកាលបរិច្ឆេទលើកក្រោយ»។

អគ្គលេខាធិការគណប្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន លោក ទាវ វណ្ណុល កំពុងស្នាក់នៅសហរដ្ឋអាមេរិក ហើយលោកគ្រោងនឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅចុងខែមេសានេះ។ លោក​​អះអាងថា លោក វណ្ណុល នឹងមិនគេចវេះចំពោះការឆ្លើយ​បំភ្លឺ​ក្នុងករណី​នេះ​​ទេ។

លោកថា៖ «បើគាត់[លោក វណ្ណុល] ពន្យារពេលចូលតុលាការ គឺមានន័យថាគាត់ចូលហើយ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយ​ពី​​អ្នកនាំពាក្យ​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេនៅថ្ងៃអង្គារនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការសុំពន្យាពេលនេះ ប្រសិន​បើខុស​នឹង​នីតិ​វិធី​ច្បាប់ តុលាការ​នឹង​មាន​ចំណាត់ការផ្សេងទៀតទៅលើលោក ទាវ វណ្ណុល។

លោកបញ្ជាក់ថា៖ «តែបើសិនការស្នើមិនស្របតាមនីតិវិធីនៃច្បាប់ទេ តុលាការនឹងមាននីតិវិធីផ្សេងទៀត ដើម្បី​ចាត់ការ​បន្តលើសាមីជន​នោះ»។

អ្នក​វិភាគ និង​ជាអ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​​សង្គម លោកបណ្ឌិត មាស នី​ មាន​ប្រសាសន៍​ថា បរិយា​កាស​នយោបាយ​នៅកម្ពុជា មានភាពចង្អៀតសម្រាប់អ្នកនយោបាយដែល​មិនមែន​មក​ពីបក្ស​កាន់​​អំណាច។ លោក​មើលឃើញថា នយោបាយនៅ​កម្ពុជា មិនទាន់មានសញ្ញាណាមួយបង្ហាញ​ថា មានភាពល្អប្រសើរជាងនេះនៅ​ឡើយ។ 

លោកថា៖ «បរិយាកាសនយោបាយចង្អៀត អត់ទាន់ឃើញមានសញ្ញាណាមួយថាបានធូរស្រាល»។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤​ គណបក្សភ្លើងទៀន​បានបញ្ជាក់​ថា មេធាវីរដ្ឋាភិបាល​បាន​​ប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសន៍​របស់លោក​​ជាមួយនឹងកាសែត Nikkei Asia និង វិទ្យុ​បារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែង​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រង​លើ​គូប្រជែង និង​ចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ​បាន​និងកំពុង​ដើរ​ថយ​ក្រោយ​ចាប់​តាំង​ពី​ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក​បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបាន«ឃ្លាំមើល ដោយកាមេរ៉ា ២៤ម៉ោង​»។

ឆ្លើយតបចំពោះការលើកឡើងនេះ អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានចេញសេច​ក្ដី​ថ្លែង​ការណ៍ ដោយ​ច្រានចោល​​ការ​អះអាងរបស់លោក​ វណ្ណុល ហើយចាត់ទុកថា ការលើកឡើង​របស់លោក​ មានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរ​បស់​រាជរដ្ឋាភិបាល។

អង្គភាពនេះ បានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយ​ដែលបញ្ជាក់ពី​ការ​បញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ហាម​ឃាត់។

បើតាម​របាយការណ៍ពី លោក លី សុធារ៉ាយុទ្ធ ឱ្យដឹងថា​ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់​ខែមេសា ឆ្នាំ២០២៤ មានមន្រ្តីគណបក្សភ្លើងទៀន ចំនួន ១៧នាក់ ត្រូវបានចាប់ខ្លួន និង​ឃុំខ្លួននៅពន្ធនាគារ៕