សមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនសមាជិករបស់បក្សឆន្ទៈខ្មែរចំនួន ៣រូប ដែលជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ស្រុក និងខេត្ត ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសារ ទៅតាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់សាលាដំបូងខេត្ត។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី បានឱ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះថា ការចាប់ខ្លួនសមាជិកគណបក្សឆន្ទៈខ្មែរ ២រូប កាលពីថ្ងៃទី០៩ ខែមេសា នៅខេត្តកំពង់ចាម ធ្វើឡើងតាមដីកាបង្គាប់ពីសាលាដំបូងខេត្ត។ តែយ៉ាងណា លោកពុំបានបញ្ជាក់លម្អិតជុំវិញរឿងនេះទេ ដោយលោកប្រាប់អ្នកសារព័ត៌មានឱ្យសួរទៅតុលាការវិញ ក្រោមហេតុផលថា លោកកំពុងជាប់រវល់ប្រជុំ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍ថា សមត្ថកិច្ចរាជធានីភ្នំពេញ ក៏បានចាប់ខ្លួនសមាជិកគណបក្សឆន្ទៈខ្មែរមួយរូបទៀត ឈ្មោះ សាន សឿង នៅរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការខេត្តកំពង់ចាម។
លោកថា៖ «សមត្ថកិច្ចរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនៃខេត្តកំពង់ចាម និងកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តតាមបណ្តឹងរបស់អយ្យការនៃសាលាដំបូងខេត្តកំពង់ចាម ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសាធារណៈផងដែរ អីចឹងឈ្មោះ សាន សឿង នេះ យើងបានបញ្ជូនទៅកាន់ខេត្តកំពង់ចាមដើម្បីអនុវត្តតាមនីតិវិធីហើយ»។
ចំណែក អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក តូច ឧត្តម ថ្លែងថា តំណាងអយ្យការបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនពួកគេទាំង ៣រូប ជុំវិញករណីក្លែងបន្លំឯកសារ។ តែយ៉ាងណា លោកថា គិតមកដល់ម៉ោង៣រសៀលនេះ សំណុំរឿងនេះនៅមិនទាន់ធ្លាក់ដល់ដៃអយ្យការដែលទទួលបន្ទុករឿងនេះនៅឡើយ។
លោកបញ្ជាក់ថា៖ «ជាបឋម អាចបញ្ជាក់បានត្រឹមថា សំណុំរឿងជនសង្ស័យមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ទើបអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន»។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ឱ្យដឹងថា សមាជិកបក្សទាំង ៣រូប ដែលសមត្ថកិច្ចបានចាប់ខ្លួននោះ រួមមាន លោក សាន សឿង ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៥ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត, លោក ស្រ៊ី មាន និងលោក យិន ភាន បេក្ខជនលេខរៀងទី៤ និងទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ស្រុកស្ទឹងត្រង់។ តែយ៉ាងណា លោកថា គណបក្សនេះ នៅមិនទាន់ពីមូលហេតុនៃការចាប់ខ្លួនសមាជិកបក្សទាំង៣រូបនោះនៅឡើយ។
លោក គង់ មុនីកា យល់ថា ការចាប់ខ្លួនសមាជិកគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ជាបន្តបន្ទាប់នេះ ជារូបភាពនៃការបំភិតបំភ័យ និងបង្កឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់តែអាប់អួ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅចុងខែឧសភា ខាងមុខនេះ។
លោកបានអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័នតុលាការ ដោះលែង និងទម្លាក់បទចោទលើសកម្មជននយោបាយ ដើម្បីឱ្យពួកគេមានឱកាសបានជួបជុំបងប្អូនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកនិយាយថា៖ «យើងមានការព្រួយបារម្ភថា នេះជាការបង្កឱ្យមានភាពអាប់អួផ្នែកបរិយាកាសនយោបាយ ជាពិសេសមុនការបោះឆ្នោតក្រុមប្រឹក្សា»។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការប្ដឹង ការចោទប្រកាន់ និងការចាប់ខ្លួនលើសមាជិកគណបក្សនយោបាយ បានកើតមានជារឿយៗ នៅមុនការបោះឆ្នោតសកល និងអសកល ដែលនាំឱ្យមានការរិះគន់ និងការចោទពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ការបោះឆ្នោតមានភាពអាប់អួរ និងមិនល្អប្រសើរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា អ្នកនយោបាយទាំងអស់ ត្រូវតម្កល់នូវឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ។ ការបោះឆ្នោត យើងធ្វើម៉េចការប្រកួតប្រជែងធ្វើឡើងដោយតម្លាភាព ហើយការបោះឆ្នោតមានភាពត្រឹមត្រូវ ច្បាស់លាស់ និងយុត្តិធម៌»។
បើតាមអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ គិតមកដល់ថ្ងៃទី០៩ ខែមេសា ម្សិលមិញ មានសមាជិកគណបក្សនេះចំនួន ៤រូបហើយ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ បន្ទាប់ពីគណបក្សនេះចាប់ផ្ដើមធ្វើសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ កាលពីចុងខែមករា ឆ្នាំ២០២៤។ កាលពីថ្ងៃអាទិត្យ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចោទប្រកាន់ និងឃុំខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួន ៣រូប នៅពន្ធនាគារជាបណ្តោះអាសន្នផងដែរ ក្នុងនោះក៏ការចោទប្រកាន់ ពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈផងដែរ៕