សមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនសមាជិករបស់បក្សឆន្ទៈខ្មែរចំនួន ៣រូប ដែលជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ស្រុក និងខេត្ត ពាក់​ព័ន្ធ​នឹង​ករណី​ក្លែងបន្លំឯកសារ ទៅតាម​ដីកាបង្គាប់​ឱ្យ​ចូល​ខ្លួន​របស់សាលាដំបូង​ខេត្ត។

ស្នងការនៃស្នងការ​ដ្ឋាន​នគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី បានឱ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះថា ការចាប់ខ្លួនសមាជិកគណបក្ស​ឆន្ទៈខ្មែរ​ ២រូប កាលពីថ្ងៃទី០៩ ខែមេសា​ នៅខេត្តកំពង់ចាម ធ្វើឡើងតាមដីកាបង្គាប់​ពីសាលាដំបូង​ខេត្ត​។ តែយ៉ាងណា លោកពុំបានបញ្ជាក់លម្អិតជុំវិញរឿងនេះទេ​ ដោយ​លោកប្រាប់អ្នកសារព័ត៌មានឱ្យសួរទៅតុលាការវិញ ក្រោមហេតុផលថា លោកកំពុងជាប់រវល់ប្រជុំ។

អ្នក​នាំពាក្យស្នងការនគរបាលរាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍​ថា សមត្ថកិច្ចរាជធានី​ភ្នំពេញ ក៏បា​ន​​ចាប់​ខ្លួនសមាជិក​គណបក្សឆន្ទៈខ្មែរ​មួយរូបទៀត​​ ឈ្មោះ​ សាន សឿង នៅរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការ​ខេត្តកំពង់ចាម​។

លោក​ថា៖ «សមត្ថកិច្ច​រាជធានីភ្នំពេញ​ សហការ​ជាមួយ​កម្លាំងសមត្ថកិច្ច​នៃខេត្តកំពង់ចាម និងកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តតាមបណ្តឹងរបស់អយ្យការនៃសាលាដំបូងខេត្តកំពង់ចាម​ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសាធារណៈផងដែរ អីចឹងឈ្មោះ សាន សឿង នេះ យើងបានបញ្ជូនទៅកាន់ខេត្តកំពង់ចាមដើម្បីអនុវត្តតាមនីតិវិធីហើយ»។

ចំណែក អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក តូច ឧត្តម ថ្លែង​ថា តំណាង​អយ្យការ​បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនពួកគេទាំង ៣រូប ជុំវិញករណីក្លែងបន្លំ​ឯកសារ។ តែយ៉ាងណា លោកថា គិតមកដល់ម៉ោង៣រសៀលនេះ​ សំណុំរឿងនេះនៅមិនទាន់ធ្លាក់ដល់ដៃអយ្យការ​ដែលទទួលបន្ទុករឿងនេះនៅឡើយ។

លោក​បញ្ជាក់​ថា៖ «ជាបឋម អាចបញ្ជាក់បានត្រឹមថា សំណុំរឿងជនសង្ស័យមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ទើបអយ្យការបានចេញដីកាបញ្ជាឱ្យ​ចូលខ្លួន»។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ឱ្យដឹងថា សមាជិកបក្សទាំង ៣រូប ដែលសមត្ថកិច្ចបាន​ចាប់ខ្លួន​នោះ រួមមាន លោក សាន​ សឿង ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៥ សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត, លោក ស្រ៊ី មាន និងលោក យិន ភាន បេក្ខ​ជន​លេខ​រៀង​ទី​៤ និង​ទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ស្រុក​ស្ទឹង​ត្រង់។ តែយ៉ាងណា លោកថា គណបក្សនេះ នៅមិនទាន់ពីមូលហេតុនៃ​​ការ​ចាប់ខ្លួន​សមាជិកបក្ស​ទាំង​៣រូបនោះនៅឡើយ។

លោក គង់​ មុនីកា យល់ថា ការចាប់ខ្លួនសមាជិក​គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ជាប​ន្ត​បន្ទាប់នេះ​ ជារូបភាពនៃការបំភិតបំភ័យ និងបង្កឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់​តែ​អាប់អួ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅចុងខែឧសភា ខាងមុខនេះ។

លោក​​បានអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័ន​តុលាការ​​ ដោះលែង និងទម្លាក់បទចោទលើសកម្ម​ជន​នយោបាយ ដើម្បីឱ្យពួកគេមានឱកាសបានជួបជុំបងប្អូនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកនិយាយថា៖ «យើងមានការព្រួយបារម្ភថា នេះជាការបង្កឱ្យមានភាពអាប់អួ​​ផ្នែកបរិយាកាសនយោបាយ ជាពិសេស​មុន​ការ​បោះឆ្នោតក្រុមប្រឹក្សា»។

នាយកទទួលបន្ទុកចាត់ការទូទៅ​នៃ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត​ សង្កេតឃើញ​ថា ការប្ដឹង ការចោទប្រកាន់ និង​ការចាប់ខ្លួនលើសមាជិកគណបក្សនយោបាយ​​ បាន​កើតមាន​ជារឿយៗ នៅមុនការបោះឆ្នោត​សកល និងអសកល ដែលនាំ​ឱ្យ​មាន​ការ​រិះគន់ និង​ការចោទ​ពី​សំណាក់ម​ជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ការបោះឆ្នោតមានភាពអាប់អួរ និង​មិន​ល្អប្រសើរ។

លោកមានប្រសាសន៍​ថា៖ «ខ្ញុំយល់ថា អ្នកនយោបាយទាំងអស់ ត្រូវតម្កល់នូវឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ។ ការបោះឆ្នោត យើងធ្វើម៉េចការ​ប្រកួតប្រជែង​ធ្វើឡើងដោយតម្លាភាព ហើយការបោះឆ្នោតមាន​ភាពត្រឹមត្រូវ ច្បាស់លាស់ និងយុត្តិធម៌»។

បើតាមអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ គិត​មកដល់ថ្ងៃទី០៩ ខែមេសា ម្សិលមិញ មាន​សមា​ជិក​គណបក្សនេះចំនួន ៤រូបហើយ ដែល​ត្រូវបាន​ចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ​​ បន្ទាប់ពីគណបក្សនេះ​ចាប់ផ្ដើមធ្វើសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ កាលពីចុងខែមករា ឆ្នាំ២០២៤។ កាលពីថ្ងៃអាទិត្យ សាលាដំបូងរាជធានីភ្នំពេញ ក៏​បានចោទប្រកាន់ និងឃុំខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួន ៣រូប​ នៅពន្ធនាគារ​ជាបណ្តោះអាសន្ន​ផងដែរ ក្នុងនោះក៏ការចោទប្រកាន់ ពាក់ព័ន្ធនឹង​​បទក្លែងបន្លំឯកសារសាធារណៈផងដែរ៕