ប្រជា​ពលរដ្ឋប្រមាណ ៥០នាក់ ​ដែលមានបញ្ហាដីធ្លីនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានប្រមូល​ផ្ដុំគ្នា​ជាថ្មី នៅ​មុខ​សាលារាជធានីភ្នំពេញនៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ២០២៤​នេះ ដើម្បីសុំអន្តរាគមន៍​ពីអភិ​បាល​រាជធានីភ្នំពេញ ឱ្យផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគេ ក្រោយពីអាជ្ញាធរខណ្ឌមិនឱ្យប្លង់ពួកគាត់ ដោយ​សារ​មានក្រុម​ហ៊ុន​ឯក​ជន​មួយ​បាន​ប្ដឹង​ទប់​ស្កាត់។

លោក សឿន សុខុន អាយុ៤២ឆ្នាំ អះអាងជា​ប្រជាពលរដ្ឋ​មក​ពី​ភូមិដំណាក់សង្កែ មាន​ប្រសាសន៍ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរ​ខណ្ឌ បានចែក​ប្លង់រឹងជូនប្រជាពលរដ្ឋ​នៅក្នុងសង្កាត់ព្រែកកំពឹសនេះ លើកលែងតែរូបគាត់ និងពលរដ្ឋ​ផ្សេងទៀតសរុប ៥៧គ្រួសារ ដែលមានទំហំដីសរុបជាង ៦ ០០០ម៉ែត្រការ៉េ នៅ​មិនទាន់​បាន​ប្លង់​នៅឡើយ ដោយសារ​តែ​​មាន​ក្រុម​ហ៊ុន​ឯកជន​មួយ ប្តឹងទប់ស្កាត់។ ​

លោកបន្តថា ករណីនេះហើយ បានជាប្រជាពលរដ្ឋ​​នាំគ្នា​ទៅ​​ប្រមូលផ្តុំនៅមុខសាលា​រាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យ​អភិបាលរាជធានីភ្នំពេញ ជួយ​​​អន្តរាគមន៍ដោយផ្ដល់ប្លង់រឹងជូនពួក​គាត់ ដូចប្រជាពលរដ្ឋ​ផ្សេងទៀត ដោយ​សារ​ពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​សម្រាប់ជីវភាពប្រចាំថ្ងៃ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមកនេះ ដើម្បីមកសុំឱ្យតែអាជ្ញាធរសម្រេចឱ្យប្លង់រឹងពួកខ្ញុំវិញ ព្រោះពួកខ្ញុំមានប្លង់កម្មសិទ្ធិមានអីគ្រប់សព្វបែបយ៉ាង ហើយមានទាំងបង្កាន់ដៃ ដែលក្រុមអាជ្ញាធរចុះបញ្ជីជាប្រព័ន្ធក្បាលដីនេះ ហើយ​មានទាំងបង្កាន់ដៃ ទៅដកប្លង់រឹង បែរជាថ្ងៃទៅដកហ្នឹង គាត់ផ្អឹបមិនចេញប្លង់រឹងឱ្យពួកខ្ញុំ […] អត់បាច់ចាំត្រូវសិក្សាយូរផងការងារហ្នឹង ព្រោះពួកខ្ញុំមានប្លង់ហើយតើ ហើយក្រុមហ៊ុនអត់មានឯកសារគ្រប់គ្រាន់នៅក្នុងដាក់បណ្ដឹង​ពួកខ្ញុំផង បែរជាអាជ្ញាធរទទួលពាក្យបណ្ដឹងពួកគេ ហើយ​មកផ្អឹបប្លង់របស់ពួកខ្ញុំ»។

បុរសដែលមានសមាជិកគ្រួសារ៤នាក់រូបនេះបានឱ្យដឹងថា លោកបានមករស់នៅលើដីរបស់លោកនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ តាំងពីឆ្នាំ២០១៤មកម៉្លេះ ដោយកាលនោះលោកបានទិញដីដែលគេពុះឡូត៍លក់ ហើយលោកមានឯកសារស្របច្បាប់ទាំងអស់ដូចជាឯកសារបញ្ជាក់កម្មសិទ្ធិទាំងឃុំ សង្កាត់ និងខណ្ឌដែលលោកកំពុងរស់នៅ។

ចំណែកប្រជា​ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឌី ពៅមាលា អាយុ៤៨ឆ្នាំ បានប្រាប់ថា អ្នកស្រីមានដីចំនួន២ឡូត៍នៅភូមិដំណាក់សង្កែ ដោយគាត់បានទិញដីនោះតពីពលរដ្ឋម្នាក់ កាលពីឆ្នាំ២០១៥ ប៉ុន្តែបែរ​​ជា​ក្រុមហ៊ុនអេកូមេហ្គា​ប៉ូលីសប្តឹង​ជំទាស់ ដោយថាដីនោះជាដីរបស់ក្រុមហ៊ុនទៅវិញ ខណៈដែលការទិញដីនោះមានការបញ្ជាក់ទទួល​ស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ករណីនេះ អ្នកស្រីបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ហាវិវាទដីធ្លីនេះ និងផ្តល់​ប័ណ្ណកម្មសិទ្ធិប្រជាពលរដ្ឋ។

អ្នកស្រីបានបន្តថា៖ «យើងមិនត្រូវការពន្យល់អីទេ យើងអត់ត្រូវការបំភ្លឺអីទេ យើងក៏អត់ត្រូវការចង់ដឹងថាមូលហេតុអីបានជាគេមិនចេញប័ណ្ណឱ្យយើងទេ គឺយើងឡើងទៅនេះ[សាលារាជធានីភ្នំពេញ] គឺ​យើង​ចង់​បាន​ឱ្យអាជ្ញាធរ​ចេញ​ប័ណ្ណឱ្យ​យើង ពីព្រោះដីហ្នឹង គឺជាដីស្របច្បាប់ទទួលស្គាល់ដោយអាជ្ញាធរខណ្ឌមុនហ្នឹង​ពេលធ្វើការវាស់វែងដី»។

ជុំវិញរឿងនេះ Newsroom Cambodia មិនអាចទាក់ទងលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និង​​អ្នកស្រី លឹម លីណា តំណាងក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក ដើម្បីសុំការអត្ថាធិប្បាយ​បានទេ។

ប៉ុន្តែ​តាមរយៈពាក្យបណ្ដឹងទប់ស្កាត់ ទៅប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមវាលទី៦ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អ្នកស្រី លឹម លីណា តំណាងក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក បានបញ្ជាក់ថា ក្បាលដីចំនួន៥១ នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានចុះបញ្ជីធ្វើប្លង់ដីជាន់​​លើដីរ​បស់​ក្រុមហ៊ុន​អ្នក​ស្រី ដែល​មានទំហំសរុប​​ ២០ ៧២១ ម៉ែត្រការ៉េ។

នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់ថា អាជ្ញាធរគួរស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងផ្ដល់យុត្តិធម៌ដល់​ភាគីដែលរងគ្រោះ និងស្នើឱ្យអាជ្ញាធរពន្លឿនការដោះស្រាយជូនពលរដ្ឋចៀសវាងការបង្កការតវ៉ាទាមទារយូរទៅមុខទៀត។

លោកថា៖ «អាជ្ញាធរដែលពាក់ព័ន្ធហ្នឹង ត្រូវធ្វើការស៊ើបអង្កេតទៅលើរឿងហ្នឹង ហើយនិងផ្ដល់យុត្តិធម៌មិនមែន​តែភាគី​ណា​មួយ​ទេ ផ្ដល់យុត្តិធម៌សម្រាប់ភាគីទាំងសង្ខាង​ ហើយ​រក​ឃើញ​ថា ភាគីណាមួយរំលោភបំពាន អាហ្នឹងត្រូវ​ដោះស្រា​យ​ឱ្យបានត្រឹមត្រូវ ជាពិសេសយើងឃើញថា​ ពលរដ្ឋលោកអះអាងថាលោកបានកាន់កាប់តាំងពីឆ្នាំ៩០ជាងនោះ»។

បើតាមការ​អះអាងរបស់ក្រុមប្រជាពលរដ្ឋ​ នេះជាលើកទី២ហើយដែលពួកគាត់នាំគ្នា​​ទៅ​ប្រមូលផ្ដុំគ្នា នៅ​​មុខសា​លា​រា​​ជ​ធានីភ្នំពេញ សុំការអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញ​​ ក្រោយពីការតវ៉ាលើកទី១ បានធ្វើឡើង​​កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដែលពេលនោះ អាជ្ញាធររាជធានីភ្នំពេញ សន្យា​ដោះស្រាយ​នៅ ២សប្ដាហ៍បន្ទាប់ តែមកដល់ពេលនេះ នៅពុំទាន់​ដំណោះស្រាយ​នៅឡើយ ទើបពលរដ្ឋ​ទាំងនោះទៅ​ប្រមូលផ្តុំទាមទារជាថ្មីទៀត​៕