លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល បានចំណាយថវិកាជាតិប្រមាណជាង ៣០០ លានដុល្លារអាមេរិក សម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅតាមទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធលូពីតូចទៅធំ និងជីកប្រព័ន្ធលូថ្មីបន្ថែមទៀត។
ក្នុងឱកាសបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលា ដោយត្រូវបង្កើនឧបករណ៍បន្ថែម ជាពិសេសគឺស្ថានីយ៍បូមទឹក ដើម្បីបញ្ជៀសទឹកកុំឱ្យបុកចូលក្នុងរាជធានី និងដោះស្រាយប្រព័ន្ធទឹកនៅក្នុងរាជធានីដែលមានស្រាប់ ពោលគឺស្តារប្រព័ន្ធលូ ដោយលូណាចាស់ និងតូចត្រូវផ្លាស់ប្តូរថ្មី។
លោកមានប្រសាសន៍ថា៖ «នៅដើមអាណត្តិនេះ នៅក្នុងរាជធានីភ្នំពេញនេះ ខ្ញុំបានអនុម័តនូវគម្រោងមួយ ខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅក្នុងភ្នំពេញយើង អនុម័តគម្រោងជាង៣០០លានដុល្លារ ដែលបានអនុវត្តបណ្តើរៗហើយ។ […] គម្រោងនេះ គឺបុកផ្តោតទៅលើពីរមុខព្រួញ ទី១ គឺការបញ្ជៀសទឹកកុំឱ្យបុកមកភ្នំពេញ ទី២ គឺដោះស្រាយប្រព័ន្ធរំដោះទឹកដែលមានស្រាប់នៅក្នុងភ្នំពេញ»។
លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ស្ថាប័នដែលមានទំនួលខុសត្រូវទៅលើកិច្ចការដោះស្រាយប្រព័ន្ធទឹកដែលមានស្រាប់នៅក្នុងរាជធានីភ្នំពេញរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងសាលារាជធានីភ្នំពេញ ដែលស្ថាប័នទាំង៣នេះ ធ្វើការទៅលើតំបន់ផ្សេងៗគ្នា ខណៈផែនការនេះ បានចាប់ផ្តើមបណ្តើរហើយ ដោយក្រុមការងារកំពុងសិក្សាអំពីផលប៉ះពាល់ដែលអាចកើតមានឡើង និងរិះរកដំណោះស្រាយដែលសមស្រប ដើម្បីឱ្យគម្រោងនេះអាចបន្តដំណើរទៅមុខបានយ៉ាងរលូន។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «កិច្ចការនេះ ផ្តោតទៅលើការរៀបចំកាយប្រឡាយរំដោះទឺក ការរៀបចំស្តារប្រព័ន្ធលូ ដាក់លូថ្មី ហើយលូចាស់ៗដែលពីមុនមកតូច យើងកាយហើយយើងដាក់ថ្មី បណ្តោះធំ។ […] យើងក៏ត្រូវរៀបចំបន្ថែមស្ថានីយ៍បូមទឹក និងបង្កើនសមត្ថភាពស្ថានីយ៍បូមទឹកនៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណា កុំឱ្យទឹកច្រើនពេកនៅក្នុងរដូវវស្សា និងខ្វះទឹកនៅក្នុងរដូវប្រាំង»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ការរំដោះទឹកជំនន់នៅភ្នំពេញនេះ គឺយើងដោះទាំងនៅក្នុង និងបញ្ជៀសទឹកប្រព័ន្ធក្រៅ ធ្វើយ៉ាងណាកាត់បន្ថយនូវបញ្ហា។ […] ជាធម្មតា ការលិចលង់វាផ្អែកទៅលើកត្តាច្រើន កត្តាភ្លៀងធ្លាក់ បរិមាណនៃភ្លៀងធ្លាក់ក្នុងមួយនាទី សូម្បីតែប្រទេសមហាអំណាច បើភ្លៀងលើសពីចំនួនក៏មានការលិចដែរ។ អីដែលសំខាន់គឺទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើង យើងមិនអាចបញ្ជាភ្លៀងឱ្យធ្លាក់ប៉ុន្មានទេ តែយើងអាចខិតខំដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធឲ្យអស់លទ្ធភាព ប្រើប្រាស់បច្ចេកវិទ្យាដែលយើងអាចមាន»។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Newsroom Cambodia ថា គម្រោងរំដោះទឹកជំនន់នេះ បាននិងកំពុងបន្តដំណើរការ ហើយលោករំពឹងថាគម្រោងនេះនឹងជួយកាត់បន្ថយបរិមាណទឹកដល់តំបន់ងាយរងទឹកជំនន់ផ្សេងៗ។
លោកថា៖ «ចាប់ផ្តើមដំណើរការតាមលទ្ធភាព គឺតាមលទ្ធភាពដែលយើងដោះស្រាយផលប៉ះពាល់បាន ព្រោះគម្រោងវាមានជាផលប៉ះពាល់ដល់ប្រជាជន ដូចជាបញ្ហាដីធ្លី។ […] យើងកំពុងដំណើរការធ្វើ និងដោះស្រាយឱ្យអស់ពីលទ្ធភាពដែលយើងអាចធ្វើបាន។ យើងសង្ឃឹមថា គម្រោងនេះ នឹងជួយដោះទឹកជំនន់បានមួយភាគធំ ប៉ុន្តែមិនអាចបាន ១០០%ទេ បើប្រៀបធៀបជាមួយនឹងធម្មជាតិ»។
លោកក៏បានសំណូមពរឱ្យមានការចូលរួមពីសំណាក់សាធារណជន ក្នុងការជួយសម្របសម្រួលបញ្ហាផ្សេងៗ ដើម្បីឱ្យការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ មានប្រសិទ្ធិភាព។
នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ លោក យង់ គិមអេង បានកត់សម្គាល់ថា គម្រោងនេះ ជាជំហានវិជ្ជមាន តែនៅត្រូវការឱ្យមានការអភិវឌ្ឍបន្ថែមទៀត ជាពិសេសទៅលើការជីកប្រឡាយមេ។
លោកថា៖ «ខ្ញុំយល់ថា គម្រោងរំដោះទឹកនេះ ជាជំហានវិជ្ជមានមួយនៅក្នុងការរំដោះការជន់លិចមួយភាគ តែនៅក្នុងរាជធានីភ្នំពេញ ខ្ញុំគិតថា មិនអាចជួយបានទាំងអស់ទេ ទាល់តែយើងអភិវឌ្ឍន៍ប្រឡាយមេឱ្យបានច្រើនខ្សែបន្ថែមទៀត ទើបអាចទៅរួច។ […] យើងមានប្រឡាយមេក៏ពិតមែន ប៉ុន្តែវានៅតូចពេក បើយើងទៅមើលប្រឡាយនៅស្រុកជិតខាង គឺប្រឡាយមេគេធំៗណាស់»។
លោកបន្តថា ការរក្សាទុកនូវបឹងផ្សេងៗ ក៏នឹងអាចក្លាយជាមធ្យោបាយមួយដែរនៅក្នុងការរំដោះទឹក កុំឱ្យលិចតំបន់ខ្លះនៅរាជធានីភ្នំពេញ នារដូវវស្សា។
លោកបន្ថែមថា៖ «ធ្វើម៉េចដើម្បីឱ្យរំដោះទឹកបាន យើងមិនអាចពឹងតែទៅលើប្រឡាយតូចមួយហ្នឹងទេ ទាល់តែមានបឹងមានអីជួយរំដោះ បើមិនអ៊ីចឹងទេ យើងមិនអាចរំដោះទឹកភ្លៀងបានទេ។ […] បើជាទឹកជំនន់ យើងអាចធ្វើជាក្រវ៉ាត់ក្រុងអីចឹងទៅ ទំនប់ក្រវ៉ាត់ក្រុងអីវាអាចទប់ការជោរជន់បានខ្លះ»។
ពាក់ព័ន្ធនឹងរឿងនេះ កាលពីខែមករាកន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួង លើការងារដោះស្រាយផលប៉ះពាល់គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ។ នាឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ កើតឡើងក្នុងតំបន់ទំនាបលិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សា រាជធានីភ្នំពេញតែងប្រឈមនឹងបញ្ហាលិចលង់ បើទោះបីយើងប្រឹងប្រែងក្នុងការដោះស្រាយយ៉ាងណាក្តី។
យោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង គិតមកដល់ពេលនេះ គឺបានស្ថាបនាប្រព័ន្ធលូបានជាង ៩២៤គីឡូម៉ែត្រ។
ប្រភពដដែល បន្តថា នៅក្នុងរាជធានីភ្នំពេញ មានស្ថានីយបូមទឹកជាង ១០កន្លែង ត្រូវបានដំឡើង និងបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបូមរំដោះទឹក ដើម្បីដោះស្រាយបញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀង៕