លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងឱ្យ​ដឹងថា រាជរដ្ឋាភិបាល បានចំណាយថវិកាជាតិប្រមាណ​ជាង ៣០០ លាន​ដុល្លារអាមេរិក សម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅតាមទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធលូពីតូច​ទៅ​ធំ និងជីកប្រព័ន្ធលូថ្មីបន្ថែមទៀត។

ក្នុងឱកាសបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ត្រូវ​តែដោះស្រាយឱ្យ​បានទាន់ពេលវេលា ដោយត្រូវបង្កើន​ឧបករណ៍​បន្ថែម ជាពិសេស​គឺ​ស្ថានីយ៍​បូម​ទឹក ដើម្បី​បញ្ជៀសទឹកកុំឱ្យបុកចូលក្នុងរាជធានី និង​ដោះ​ស្រាយ​ប្រព័ន្ធទឹក​នៅក្នុងរាជធានីដែលមានស្រាប់ ពោលគឺ​ស្តារប្រព័ន្ធលូ ដោយ​លូ​ណា​ចាស់ និង​តូចត្រូវផ្លាស់ប្តូរថ្មី។

លោក​មានប្រសាសន៍ថា៖ «នៅដើមអាណត្តិនេះ នៅក្នុងរាជធានីភ្នំពេញនេះ ខ្ញុំបានអនុម័តនូវគម្រោងមួយ​ ខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅក្នុងភ្នំពេញ​យើង អនុម័តគម្រោងជាង៣០០​លាន​ដុល្លារ ដែលបានអនុវត្តបណ្តើរៗហើយ។ […] គម្រោងនេះ គឺបុកផ្តោតទៅលើពីរមុខព្រួញ ទី១ គឺការបញ្ជៀសទឹក​កុំឱ្យបុកមកភ្នំពេញ ទី២ គឺដោះស្រាយប្រព័ន្ធរំដោះទឹកដែលមានស្រាប់នៅក្នុងភ្នំពេញ»។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរ​ថា ស្ថាប័នដែលមានទំនួលខុសត្រូវទៅលើកិច្ចការដោះស្រាយ​ប្រព័ន្ធទឹកដែលមានស្រាប់នៅក្នុងរាជធានីភ្នំពេញរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងសាលារាជធានីភ្នំពេញ ដែលស្ថាប័នទាំង៣នេះ ធ្វើការទៅលើតំបន់ផ្សេងៗគ្នា ខណៈផែនការនេះ បានចាប់ផ្តើមបណ្តើរហើយ ដោយ​ក្រុមការងារកំពុងសិក្សាអំពីផលប៉ះពាល់ដែលអាច​កើត​មាន​ឡើង និងរិះរកដំណោះស្រាយដែលសមស្រប ដើម្បីឱ្យ​គម្រោងនេះអាចបន្តដំណើរទៅមុខបានយ៉ាងរលូន។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «កិច្ចការនេះ ផ្តោតទៅលើការរៀបចំកាយប្រឡាយរំដោះទឺក ការរៀបចំស្តារប្រព័ន្ធលូ ដាក់លូថ្មី ហើយលូចាស់ៗដែលពីមុនមកតូច យើងកាយហើយយើងដាក់ថ្មី បណ្តោះ​ធំ។ […] យើងក៏ត្រូវរៀបចំបន្ថែមស្ថានីយ៍បូមទឹក និងបង្កើនសមត្ថភាពស្ថានីយ៍បូមទឹកនៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណា កុំឱ្យ​ទឹកច្រើនពេកនៅក្នុងរដូវវស្សា និងខ្វះទឹកនៅក្នុងរដូវប្រាំង»។

លោកនាយករដ្ឋមន្ត្រីបន្ថែម​ថា៖ «ការរំដោះទឹកជំនន់នៅភ្នំពេញនេះ​ គឺយើងដោះទាំងនៅក្នុង និងបញ្ជៀសទឹកប្រព័ន្ធក្រៅ ធ្វើយ៉ាងណាកាត់បន្ថយនូវបញ្ហា។ […] ជាធម្មតា ការលិចលង់វាផ្អែកទៅលើកត្តាច្រើន កត្តាភ្លៀងធ្លាក់ បរិមាណនៃភ្លៀងធ្លាក់ក្នុងមួយនាទី សូម្បីតែប្រទេសមហាអំណាច បើភ្លៀងលើសពីចំនួនក៏មានការលិចដែរ។​ អីដែលសំខាន់គឺទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើង យើងមិនអាចបញ្ជាភ្លៀងឱ្យ​ធ្លាក់ប៉ុន្មានទេ តែយើងអាចខិតខំដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធឲ្យអស់លទ្ធភាព ប្រើប្រាស់បច្ចេកវិទ្យាដែលយើងអាចមាន»។  

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Newsroom Cambodia ថា គម្រោងរំដោះទឹកជំនន់នេះ បាននិងកំពុងបន្តដំណើរការ ហើយលោករំពឹងថាគម្រោងនេះនឹងជួយកាត់បន្ថយបរិមាណទឹកដល់តំបន់ងាយរងទឹកជំនន់ផ្សេងៗ។​

លោកថា៖ «ចាប់ផ្តើមដំណើរការតាមលទ្ធភាព គឺតាមលទ្ធភាពដែលយើងដោះស្រាយផលប៉ះពាល់បាន ព្រោះគម្រោងវាមានជាផលប៉ះពាល់ដល់ប្រជាជន ដូចជាបញ្ហាដីធ្លី។ […] យើងកំពុងដំណើរការធ្វើ និងដោះស្រាយឱ្យអស់ពីលទ្ធភាពដែលយើងអាចធ្វើបាន។ យើងសង្ឃឹមថា គម្រោងនេះ នឹង​ជួយដោះទឹក​ជំនន់​បានមួយភាគធំ ប៉ុន្តែមិនអាចបាន ១០០%ទេ បើប្រៀបធៀបជាមួយនឹងធម្មជាតិ»។

លោក​​ក៏បានសំណូមពរឱ្យ​មានការចូលរួមពីសំណាក់សាធារណជន ក្នុង​ការជួយ​សម្របសម្រួលបញ្ហា​ផ្សេងៗ ដើម្បីឱ្យ​ការដោះស្រាយបញ្ហា​ជំនន់ទឹកភ្លៀង​នៅរដូវវស្សានេះ មានប្រសិទ្ធិភាព។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ លោក យង់ គិមអេង បានកត់សម្គាល់ថា គម្រោង​នេះ ជាជំហានវិជ្ជមាន តែនៅត្រូវការឱ្យ​មានការអភិវឌ្ឍបន្ថែមទៀត ជាពិសេសទៅលើការជីកប្រឡាយមេ។

លោកថា៖ «ខ្ញុំយល់ថា គម្រោងរំដោះទឹកនេះ ជាជំហានវិជ្ជមានមួយនៅក្នុងការរំដោះការ​ជន់​លិច​មួយភាគ តែ​នៅក្នុងរាជធានីភ្នំពេញ ខ្ញុំគិតថា មិនអាចជួយបានទាំងអស់ទេ ទាល់តែយើងអភិវឌ្ឍន៍ប្រឡាយ​មេ​ឱ្យ​​បាន​ច្រើន​ខ្សែ​បន្ថែម​ទៀត​ ទើបអាចទៅរួច។ […] យើងមានប្រឡាយមេក៏ពិតមែន ប៉ុន្តែវានៅតូចពេក បើយើងទៅមើលប្រឡាយនៅស្រុកជិតខាង គឺប្រឡាយមេគេធំៗណាស់»។

លោកបន្តថា ការរក្សាទុកនូវបឹងផ្សេងៗ ក៏នឹងអាចក្លាយជាមធ្យោបាយមួយដែរនៅក្នុងការរំដោះទឹក កុំ​ឱ្យ​លិច​តំបន់ខ្លះនៅរាជធានីភ្នំពេញ នារដូវវស្សា។

លោកបន្ថែម​ថា៖ «ធ្វើម៉េចដើម្បីឱ្យ​រំដោះទឹកបាន យើងមិនអាចពឹងតែទៅលើប្រឡាយតូចមួយហ្នឹងទេ ទាល់តែមានបឹងមានអីជួយរំដោះ បើមិនអ៊ីចឹងទេ យើងមិនអាចរំដោះទឹកភ្លៀងបានទេ។ […] បើជាទឹកជំនន់ យើងអាចធ្វើជាក្រវ៉ាត់ក្រុងអីចឹងទៅ ទំនប់ក្រវ៉ាត់ក្រុងអីវាអាចទប់ការជោរជន់បានខ្លះ»។

ពាក់ព័ន្ធនឹងរឿងនេះ កាលពីខែមករាកន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏​បានដឹក​នាំ​កិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួង លើការងារដោះស្រាយផលប៉ះពាល់គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ។ នាឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ កើតឡើងក្នុងតំបន់ទំនាបលិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សា រាជធានីភ្នំពេញ​តែងប្រឈមនឹង​បញ្ហា​លិច​លង់ បើ​ទោះបីយើងប្រឹងប្រែងក្នុងការដោះស្រាយយ៉ាង​ណាក្តី​។

យោងតាម​របាយ​ការណ៍​​របស់​​មន្ទីរ​សាធារណការ​ និង​​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ការដោះស្រាយ​បញ្ហា​លិចលង់​​ដោយ​ជំនន់​ទឹក​ភ្លៀង គិត​មកដល់​ពេល​នេះ ​គឺ​បាន​​ស្ថាបនា​ប្រព័ន្ធ​​លូ​បាន​​ជាង​ ៩២៤​គីឡូម៉ែត្រ។

ប្រភពដដែល បន្តថា នៅក្នុងរាជធានីភ្នំពេញ មាន​ស្ថានីយ​បូមទឹក​ជាង ​១០​កន្លែង ត្រូវបាន​ដំឡើង និង​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បូម​រំដោះ​ទឹក ​ដើម្បី​ដោះស្រាយ​បញ្ហា​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​៕