ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា ប្រចាំ​នៅទីក្រុងហ្សឺណែវ បាន​បដិសេធ និង​ច្រាន​ចោលទាំង​ស្រុង ចំពោះក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(UN) ដែលចោទប្រកាន់កម្ពុជាថា ធ្វើទុក្ខបុកម្នេញទៅលើ​អ្នកការពារសិទ្ធិមនុស្ស។

ការឆ្លើយតបបដិសេធបែបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួម​មួយរបស់ក្រុមអ្នកជំនាញអង្គ​ការ​សហប្រជាជាតិ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បាន​ចោទប្រកាន់កម្ពុជាថា «មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស» ក្រោយ​មាន​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ។

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជានៅទីក្រុងហ្សឺណែវ ចេញផ្សាយ​នៅថ្ងៃទី២០​ ខែមេសា ឆ្នាំ២០២៤ បាន​គូសបញ្ជាក់ថា ការចោទប្រកាន់ថា កម្ពុជាបំពានសិទ្ធិសេរី​ភាព​បញ្ចេញ​មតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវីធី ដូចដែលត្រូវបានធានាដោយកតិកាសញ្ញាអន្តរជាតិស្តីពី «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)» គឺជាការភន្តច្រឡំដែលនាំឱ្យមានការយល់ខុសទាំងស្រុង ព្រមទាំង​មិនបាន​ឆ្លុះបញ្ចាំងពីតថភាពលម្ហពលរដ្ឋ និងនយោបាយនៅកម្ពុជា។

សេចក្តីថ្លែងការណ៍ដដែល បន្តថា៖ «សិទ្ធិមនុស្ស រួមទាំងសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី មិនមែនជាសិទ្ធិដាច់ខាតនោះទេ។ សិទ្ធិសេរីភាពទាំងអស់នេះ ត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវ និងដែនកំណត់ចែងដោយច្បាប់ ដូចមានកំណត់នៅក្នុងបញ្ញត្តិមាត្រា១៩(៣) មាត្រា ២១ និងមាត្រា២២(២) នៃសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស»។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តសិទ្ធិ និងសេរីភាព​តាមបែបប្រជាធិបតេយ្យ មិនអាចផ្តាច់ចេញពីនីតិរដ្ឋ ហើយគោលការណ៍នេះ ត្រូវអនុវត្តដោយស្មើភាពចំពោះប្រជាពលរដ្ឋ​ទាំង​អស់។ ​ប្រភពដដែល បន្តទៀតថា សិទ្ធិមនុស្សនៅកម្ពុជា កំពុងមានការវិវត្ត ហើយរាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សបន្ថែម​ទៀត ក្នុងព្រំដែននីតិរដ្ឋ និងស្ថាប័នទទួលខុសត្រូវ។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានចេញរបាយការណ៍​មួយ ដោយ​អំពាវនាវឱ្យ​កម្ពុជាបញ្ចប់​រាល់​ទង្វើ​នៃ​ការ​យាយី និងការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជន សង្គមស៊ីវិល ដោយអនុញ្ញាតឱ្យ​​ពួកគេអនុវត្តសិទ្ធិស៊ីវិល និងនយោបាយរបស់ពួកគេដោយសេរី។

ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីពួកគេសង្កេតឃើញថា ក្នុងមួយរយៈពេលចុងក្រោយនេះ សកម្មជន​នយោបាយ សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សមួយចំនួន ត្រូវបានអាជ្ញាធរកោះហៅ ឬចាប់ខ្លួនពីបទចោទនានា ពាក់ព័ន្ធនឹងកិច្ចការងារដែលពួកគេធ្វើ។

ជាក់ស្តែងដូចជាការចាប់ខ្លួនប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ពីបទញុះញង់ បង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទមជ្ឈឹម ដែលត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ​ចាប់ខ្លួន​​ក្រោយលោក​បញ្ចេញមតិការពារ​ពលរដ្ឋរឿងវិវាទ​ដីធ្លីនៅខេត្ត​ព្រះវិហារ។

ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ​ លើកឡើង​ទៀត​​ថា៖ «យើងឃើញមានការអនុវត្តដែលបំពានយ៉ាងច្បាស់លើសិទ្ធិសេរីភាពបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធីដូចដែលបានធានានៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)»។

ពួកគេបន្តថា៖ «ការដែលអនុវត្តបែបនេះ នឹងបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចការងារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ហើយអាចរារាំងមនុស្សជាច្រើនពីការចូលរួមក្នុងបញ្ហាសិទ្ធិមនុស្ស»។

ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ ក៏​បានទទូចឱ្យ​អាជ្ញាធរកម្ពុជា​ «លុបចោលនូវច្បាប់ជាតិ ជាពិសេសក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមិនស្របតាមស្តង់ដារអន្តរជាតិ» និងចូលរួមសន្ទនាជា​មួយគណបក្សប្រឆាំង សង្គមស៊ីវិល គោរពតាមភាពចម្រុះនៃមតិ និងធានាថាច្បាប់របស់ប្រទេសស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។

ទាក់ទងនឹងករណីនេះដែរ តាមរយៈសំណេរមួយរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅព្រឹកថ្ងៃទី២១ ខែមេសានេះ បានឱ្យ​ដឹងថា នៅកម្ពុជា អ្នកតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សមួយចំនួន មិនដែលលើកយកដែនកំណត់ និងការទទួលខុសត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ មកនិយាយម្តងណាឡើយ ពោលគឺពួកគេនិយាយ​តែពីសិទ្ធិសេរីភាពគ្មានព្រំដែន។

លោកបានសរសេរបន្ថែមទៀតថា៖ «ការមិនព្រមលើកយកការទទួលខុសត្រូវ និងដែលកំណត់ដោយច្បាប់ និងដោយកតិកាសញ្ញាអន្តរជាតិមកនិយាយ គឺជាចេតនាមិនល្អដើម្បីទុកចន្លោះកេងចំណេញបម្រើឱ្យរបៀបវារៈនយោបាយ ដែលលាក់នៅពីក្រោយខ្នង ដែលធ្វើឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលនៅពេលមានចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលបំពានច្បាប់»។

លោកក៏បានអំពាវនាវឱ្យ​អ្នកធ្វើការខាងសិទ្ធិមនុស្សទាំងឡាយ មានសេចក្តីក្លាហានក្នុងការនិយាយពីការទទួលខុសត្រូវក្នុងការបញ្ចេញមតិ ដែលកំណត់ដោយច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីលើកតម្លៃប្រជាធិបតេយ្យនិងនីតិរដ្ឋ ក៏ដូចជាលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកប​ដោយ​សីល​ធម៌ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ។

លោកបានបញ្ជាក់ថា៖ «ការលាក់បាំងការពិត និងព្យាយាមការពារអ្នកប្រព្រឹត្តខុសច្បាប់ មិនត្រឹមតែមិនបានផ្តល់ប្រយោជន៍ដល់ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាការលើកទឹកចិត្តឱ្យមានការបំពានច្បាប់ និងបំពានសិទ្ធិអ្នកដទៃដែលជាប្រភពនៃភាពអនាធិបតេយ្យក្នុងសង្គមទៅវិញទេ»។

ជុំវិញករណីនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia ថា ស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជា នៅតែមិនទាន់មានភាពប្រសើរឡើង ខណៈកម្ពុជាតែងតែច្រានចោលនូវការរិះគន់ទាំងឡាយពីសំណាក់អ្នកជំនាញនានា។

លោក​មានប្រសាសន៍ថា៖ «ជាធម្មតា ខ្ញុំតែងតែសង្កេតឃើញថាជាទម្លាប់ទៅហើយ នៅពេលដែលមានការរិះគន់ និងការលើកឡើងអំពីការរឹតត្បឹតសិទ្ធិសេរីភាពជាមូលដ្ឋានក្តី ការធ្លាក់ចុះនៃសេរីភាព និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្តី ភាគីកម្ពុជាតែងតែធ្វើការច្រានចោល និងបដិសេធ។ […] ខ្ញុំនៅតែមើលឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែមានចន្លោះប្រហោង និងមានបញ្ហាច្រើន ហើយក្នុងភាពមួយដែលថា សេរីភាពជាមូលដ្ឋាននៅតែមានការរឹតត្បិត ការជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពសារព័ត៌មានជាដើម»។

លោកបានបន្តថា ការចោទប្រកាន់ និងការច្រានចោលទាំងឡាយ មិនមែនជាដំណោះស្រាយដែលល្អនោះទេ ហើយ​លោក​ទទូចឱ្យ​ភាគីកម្ពុជាគួរតែមើលនូវអ្វីដែលជាចំណុចខ្វះខាត និងធ្វើការកែលម្អដើម្បី​ទទួលបានផលប្រយោជន៍ច្រើន៕​