រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវជាថ្មីឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃ របស់រដ្ឋដោយខុសច្បាប់ ខណៈរាជរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី ការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ នេះបើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
ក្នុងសិក្ខាសាលានោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា រដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់។ លោកបន្តថា ជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។
លោកបានគូសបញ្ជាក់ថា៖ «សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ។ […] យើងរួមគ្នាឆ្ពោះទៅមុខ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០ ហើយយើងទាំងអស់គ្នាអាចធ្វើបាន»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍នៅថ្ងៃទី២៣ ខែមេសានេះថា កាគ្រប់គ្រង ការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានព្រៃរបស់រដ្ឋនេះ ជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងបាននិងកំពុងអនុវត្ត។ លោក បន្តថា កន្លងមក រដ្ឋាភិបាលបានដាក់ចេញនូវយន្តការចម្បងចំនួន៤ រួមមាន ការអនុវត្តច្បាប់ ១០០ភាគរយដោយមិនលើកលែងចំពោះជនល្មើសដែលបំពានធនធានធម្មជាតិ, ពង្រឹងការការពារធនធានធម្មជាតិជាមួយថ្នាក់ខេត្ត, សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងកងរាជអាវុធហត្ថ ដើម្បីពង្រឹងការគ្រប់គ្រង និងជំរុញឱ្យមានការដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឡើងវិញ។
លោកបានគូសបញ្ជាក់ថា៖ «កន្លងមក កម្ពុជារបស់យើង មានការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនេះ បានល្អប្រសើរ ជាពិសេសយើងបានមើលឃើញការកើនឡើងនៃតំបន់ការពារធម្មជាតិរបស់យើង ដែលនៅក្នុងឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ គឺកើនឡើងពី ២៣កន្លែងទៅ ៧៣កន្លែង ហើយនៅក្នុងនោះផ្ទៃដីរបស់យើងគឺមានទៅដល់ ៧លានហិកតាជាង ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស»។
នាយកប្រតិបត្តិអង្គការបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង សង្កេតឃើញថា តំបន់ការពារព្រៃធម្មជាតិ ក្នុងប្រទេសកម្ពុជា នៅតែបន្តប្រឈមនឹងការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីរដ្ឋដោយខុសច្បាប់។
លោកថា៖ «យើងឃើញថា ស្ថានភាពតំបន់អភិរក្សនៅក្នុងប្រទេសកម្ពុជា នៅតែរងការគំរាមកំហែងពីការកាប់បំផ្លាញ ជាពិសេសព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ រួមមាន ព្រៃឡង់ ព្រៃព្រះរកា និងព្រៃនៅភាគឥសាននៃប្រទេសកម្ពុជា គឺស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរ ដែលយើងមានការព្រួយបារម្ភ»។
ករណីនេះ លោកបានជំរុញឱ្យក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ជាជាងការអំពាវនាវឱ្យបញ្ឈប់ការទន្ទ្រានដីរដ្ឋ។
លោកថ្លែងថា៖ «យើងមានច្បាប់ មានទម្លាប់ យើងមានច្បាប់តំបន់ការពារ យើងមានក្រមបរិស្ថាន អនាគតដែលនឹងអនុវត្តនៅពេលដ៏ខ្លី មានវិធានការពាក់ព័ន្ធផ្សេងៗទៀតជាច្រើន អញ្ចឹងបើសិនជាយើងគ្រាន់តែអំពាវនាវ គឺធ្វើឡើងច្រើនឆ្នាំមកហើយ តែដីរដ្ឋ ដីអីហ្នឹងអស់ហើយ។ […] អញ្ចឹងហើយមានតែការអនុវត្តច្បាប់ទេ យកច្បាប់យកទៅអនុវត្តទៅ ទប់ស្កាត់ទៅ បើសិនជាអ្នកណាពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវតែទទួលខុសត្រូវដូចគ្នាហ្នឹង ទាំងអ្នកទន្រ្ទាន ទាំងអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាន មិនអាចឱ្យអ្នកណាម្នាក់រួចផុតពីការទទួលខុសត្រូវ»។
កាលពីអំឡុងចុងខែមីនា ឆ្នាំ២០២៤នេះ ក្នុងទិវាព្រៃឈើពិភពលោកខួបលើកទី១៣ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យបរិស្ថានចំនួន ៧ស្ថាប័ន ក៏បានចេញសេចក្តីថ្លែងការណ៍រួម ដោយលើកឡើងថា និន្នាការនៃការទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិឯកជន ដោយខុសច្បាប់ បានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប និងព្រៃសហគមន៍។
ករណីនេះ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាល បើកលំហសេរីភាពឡើងវិញ ឱ្យពលរដ្ឋនៅតាមសហគមន៍ ក៏ដូចជាអង្គការសង្គមស៊ីវិល អាចចូលល្បាតព្រៃឡើងវិញដោយ «សេរី និងគ្មានការគំរាមកំហែង និងបំភិតបំភ័យក្នុងគ្រប់រូបភាព» ដើម្បីការពារព្រៃឈើ ដីព្រៃ និងធនធានធម្មជាតិ៕