ក្រុមសកម្មជនចលនាមាតាធម្មជាតិ ឱ្យដឹង​ថា មេធាវីការពារក្តីរបស់ពួកគេ​ បានដាក់លិខិ​ត​ទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើ​សុំពន្យាពេលក្នុងការចូលរួមសវនការ លើសំណុំរឿង​ ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ­­­­ក្រោមហេតុផលថា ពួកគេ​​មិនទាន់ត្រៀមខ្លួនរួចរាល់ដោយសារ​ទើបតែទទួលបាន​លិខិត​អញ្ជើញ។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចេញលិខិត​អញ្ជើញលោក សំ ចំរើន មេធាវីការសិទ្ធិឱ្យ​សកម្មជន​ចលនាមាតាធម្មជាតិចំនួន ៧រូប ឱ្យ​ចូល​ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីការពារសិទ្ធិឱ្យកូនក្តីរបស់ខ្លួនក្នុងសវនាការ លើសំណុំរឿង ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ។ ប៉ុន្តែបើតាមក្រុមសកម្មជនចលនាមាតាធម្មជាតិ មេធាវីរបស់ពួកគេ​ទើប​តែ​ទទួល​បាន​លិខិត​អញ្ជើញនោះ នៅថ្ងៃទី២២ ខែមេសា។

សកម្មជនចលនាមាតាធម្មជាតិទាំង ៧រូបនោះ រួមមាន កញ្ញា ស៊ុន រដ្ឋា, កញ្ញា ឡុង គន្ធា, លោក យឹម លាងហ៊ី, លោក ថុន​ រដ្ឋា,​ កញ្ញា ភួន កែវរស្មី, លោក លី ចាន់ដារ៉ាវុត និង​លោក​ អេឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិសសិន ដែលជាស្ថាបនិកអង្គការចលនាមាតាធម្មជាតិ។​

លោក ថុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិ បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសានេះ​ថា​ មេធាវី​ការ​ពារ​ក្តីឱ្យ​សកម្មជនទាំង៧រូប បានដាក់ពាក្យស្នើសុំទៅ​ចៅក្រមជំនុំជម្រះ កាលពីថ្ងៃទី​២២ ខែមេសា ដើម្បីសុំ​ពន្យាពេលសវនាការ ដោយ​សារតែ​ពួកគេទើប​តែឃើញលិខិត​អញ្ជើញ​នោះនៅថ្ងៃម្សិលមិញ ហើយ​មក​​ដល់​ពេល​នេះ​ពួក​គេ​នៅមិនទាន់ទទួលបានលិខិតនោះផ្ទាល់នៅឡើយ។

លោកមានប្រសាសន៍ថា៖ «ស្អែកនេះ[ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤]ពួកខ្ញុំទាំង ៦នាក់ ដែលមាន[ឈ្មោះ​]នៅក្នុងដីកានេះ ទាំង​មេធាវី​របស់ពួកយើង គឹពួកយើងមិនទៅ​សវនាការជំនុំជម្រះនោះទេ ដោយសារតែយើងមិនទាន់បានរៀបចំខ្លួនរួចរាល់នៅក្នុងការចូលរួម។ មួយវិញទៀត ក្នុងនាមជាជនត្រូវចោទ ក៏មិនទាន់ទទួលបានដីកាផ្ទាល់ដៃដែរ អីចឹងយើងអត់ទៅចូលរួមសវនាការនោះទេ»។

ករណីនេះ លោកស្នើឱ្យតុលាការ​ផ្តល់ពេលវេលាគ្រប់គ្រាន់​សម្រាប់ពួកគាត់ ក្នុងកា​រចូលរួមសវនាការ​​ ជាជាង​ចេញ​លិខិត​អញ្ជើញ​​មក ប៉ុន្តែមិនបានបញ្ជូនមកកាន់ពួកគេ ដែលធ្វើឱ្យពួកគេមិនអាចជជែកជាមួយមេធាវី និង​​ត្រៀម​ខ្លួន​ជាមុន​​បា​ន។

ជាមួយគ្នានេះដែរ លោក ថុន រដ្ឋា យល់ថា ការដែលតុលាការនៅបន្តចោទប្រកាន់ពួក​គេ​បែបនេះ​ ជាការ​រំលោភ​សិទ្ធិសេរីភាពរបស់ពួកគេ​​យ៉ាង​ធ្ងន់​ធ្ងរ និង​មិនមានអ្វីចំណេញអ្វី​មកកាន់ជាតិ និង​រដ្ឋា​ភិបាល​នោះ​ទេ។

ចំណែក ​លោក យឹម លាងហ៊ី ជាសកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត បាន​លើក​ឡើង​​​ថា ដំណើការនីតិវិធីនៅតុលាការ ដែលនៅបន្តចោទប្រកាន់ពួកគេនេះ ជារូបភាពមួយគំរាម​​គំហែង និង​ជា​ការ​​បន្លាចដ​ល់មនសិកា និង​ស្មារតីរបស់​សកម្មជន និងយុវជនផ្សេងៗ​ទៀតដែលធ្វើសកម្ម​ភាព​ការ​ពារបរិស្ថា​ន។

លោកថ្លែងថា៖ «តិចឬច្រើនចំពោះដំណើរការនៃនីតិវិធីតុលាការនេះ វានៅតែជាការបង្ហាញពីការបិទសេរីភាពលំហការ​ងារ​សង្គម​ស៊ីវិល ការ​ងារ​សកម្មជនសិទ្ធិមនុស្ស បរិស្ថាន។ រដ្ឋាភិបាលកម្ពុជា មានការរិតត្បិត»។

លោកបន្ថែមថា៖ «មែនទែនទៅពិភពលោកហាក់ទទួលស្គាល់ទៅអំពីភាពសកម្ម នៃការងារដើម្បីបរិស្ថានរបស់សកម្មជនយុវជនមាតាធម្មជាតិ ដូច្នេះទេអាជ្ញាធរ ឬតុលាការគួរតែទម្លាក់បទចោទទាំងអស់ ដែលមានលើសកម្មជនមាតាធម្មជាតិ[…] ដើម្បីបង្ហាញថា រដ្ឋាភិបាលកម្ពុជាក៏មានការលើកទឹកចិត្ត ចំពោះយុវជនដែលចូលរួមការងារសង្គមជាតិ ការងារបរិស្ថាន​ដែរ»។

លោកមេធាវី សំ ចំរើន និងលោក សាម សុគន្ធា ដែលជាមេធាវីការពារក្តីឱ្យ​សកម្មជន​មាតាធម្មជាតិ បាន​​​បដិសេធអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ។​

Newsroom Cambodia ក៏​មិនអាចសុំការឆ្លើយតប​ពី​​អ្នកនាំពាក្យ​​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ​ នៅថ្ងៃអង្គារនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បានឱ្យដឹងថា ​មេធាវីដែលការពារក្តីឱ្យ​សកម្មជនទាំងនោះ បានដាក់ពាក្យសុំពន្យាពេល ដោយសារ​ពួកគាត់ជាប់​ភារកិច្ចផ្សេងនៅថ្ងៃសវនាការនោះ។ ជាមួយគ្នានេះដែរ លោកបានស្នើឱ្យតុលាការ​ពិនិត្យ​ឡើងវិញ ដើម្បីធានាថាដីកាកោះ​របស់តុលាការ គឺប្រើនីតិវិធីក្នុងការបញ្ជូនទៅអ្នកពាក់ព័ន្ធក្នុងសំណុំរឿង​បាន​លឿន និង​មានពេលវេលាគ្រប់គ្រាន់សម្រាប់​ជនជាប់ចោទ និងមេធាវីការពារ​ក្តីរបស់ពួកគេ អាច​ត្រៀមខ្លួនចូលរួម​ទៅ​តាមនីតិវិធីរបស់តុលាការ ។

លោកថ្លែងថា៖ «សវនាការនេះ​ជិតដល់ថ្ងៃហើយ យុវជនទាំង៦នាក់ មិនទាន់បានទទួលដីកាកោះ ចំណែក​មេធាវី​ទើបទទួល​លិខិតអញ្ជើញ ដូច្នេះពេលវេលានេះមិនគ្រប់គ្រាន់សម្រាប់យុវជនទាំង ៦នាក់ និងមេធាវី ដើម្បីត្រៀមខ្លួនចូលរួមសវនាការ​ទេ ដូច្នេះតុលាការ​គួរពិនិត្យឡើងវិញលើនីតិវិធី និងមធ្យោបាយក្នុងការបញ្ជូនដីកា ដើម្បីឱ្យយុវជនទាំង ៦​នាក់ និងមេធាវីទទួលដីកាបាននូវពេលវេលាសមស្របមួយ ក៏ដូចជាសំណុំរឿងផ្សេងៗទៀតផងដែរ»។

កាលពីខែមិថុនា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន កញ្ញា ស៊ុន រដ្ឋា និង​​លោក យីម លាងហ៊ី ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថចំពោះអង្គ​​ព្រះមហាក្សត្រ ខណៈ​​លោក លី ចាន់ដារ៉ាវុត ត្រូវ​បាន​តុលាការ​​ចោទ​ពី​បទ «រួមគំនិតក្បត់» និង «ប្រមាថ​អង្គ​ព្រះមហាក្សត្រ» ដែរ ក្រោយ​​​ធ្វើ​វីដេអូ​​ទាមទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​​លើ​​សកម្មជន​​បរិស្ថាន។ ក្នុង​សំណុំរឿង​ក្ដី​នេះ​ដែរ កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក ថុន រដ្ឋា ក្នុង​​ពេល​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ តុលាការ​ក៏​បាន​ចោទ​ប្រកាន់​ពួក​គាត់​មួយ​បទ​ល្មើស​​ទៀត គឺ​បទ​រួម​គំនិត​ក្បត់ បន្ថែម​លើ​បទ​ចោទ​ញុះញង់ ដែល​ពួក​គាត់​ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០២០។

អង្គការចលនា​មាតាធម្មជាតិ ដែលមានទីតាំងនៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងដឹកនាំដោយ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសសម្រេចលុប​ចោល​ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា។ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពមួយចំនួនប្រឆាំងទៅនឹងគម្រោង​សាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង និង​​ប្រឆាំង​ការ​បូម​ខ្សាច់​នៅក្នុងខេត្តកោះកុង ដែលអាជ្ញាធរអះអាងថាល្មើសច្បាប់នៅកម្ពុជា៕