សង្គមស៊ីវិលមួយចំនួន នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាឆបោកតាមអនឡាញ ដោយពួកគេស្នើឱ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពចំពោះបទល្មើសទាំងនោះ។
ការលើកឡើងនេះ ក្រោយពីអាជ្ញាធរកម្ពុជា បានបណ្ដេញជនជាតិវៀតណាមជាច្រើននាក់ ដែលប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅលើទឹកដីកម្ពុជា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២២ ខែមេសានេះថា អំពើឆបោកតាមអនឡាញ ជាបញ្ហាប្រឈមធំមួយរបស់កម្ពុជា ដែលអាចនាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគពីក្រៅប្រទេស ព្រមទាំងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ។ ករណីនេះ លោកស្នើឱ្យរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ចំពោះបទល្មើសឆបោកតាមអនឡាញ ដោយមិនមានការយោគយល់ឡើយ ខណៈលោកថា អាចមានអំពើពុករលួយកើតឡើងក្នុងចំណោមមន្ត្រីដែលនាំឱ្យបទល្មើសនៅបន្តកើតមានឡើង។
លោកថ្លែងថា៖ «អំពើឆបោកតាមអនឡាញ ត្រូវធ្វើឱ្យក្តៅខ្លាំងដូចគ្នា បានទៅរួច បើសិនជាមានការយោគយល់ការ មិនអនុវត្តឱ្យបានតឹងរ៉ឹង ឱ្យបានក្តៅទេ គឺទង្វើឆបោកនេះនឹងនៅតែជាបញ្ហារបស់កម្ពុជា ហើយក៏នឹងអាចរីកកាន់តែខ្លាំងទៀត ពីព្រោះថាអាចមន្ត្រីខ្លះដែលឆ្លៀតឱកាសយកតួនាទីបុណ្យស័ក្ដិទៅប្រព្រឹត្តអំពើពុករលួយហ្នឹង អាចនឹងជួយសម្រួលឱ្យក្រុមឆបោកតាមអនឡាញហ្នឹង អាចជ្រកក្រោមផ្លាកនៃការរកស៊ីផ្សេងៗនៅក្នុងប្រទេសកម្ពុជា ហើយបន្តសកម្មភាពបោកប្រាស់របស់ពួកគេបន្តទៅទៀត។ អ៊ីចឹងអាជ្ញាធរត្រូវតែចាត់វិធានការ ផងដែរទៅដល់អ្នកដែលពាក់ព័ន្ធទៅដល់មន្ត្រីដែលជាប់ពាក់ព័ន្ធហ្នឹង កុំឱ្យមានការរួចខ្លួនអាហ្នឹងបានទៅរួច»។
ជាមួយគ្នានេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏សង្កេតឃើញថា ស្ថានភាពនៃអំពើឆបោក និងការចាប់ជំរិតតាមអនឡាញ ជាបញ្ហាគួរឱ្យព្រួយបារម្ភផងដែរ ក្រោយមានការបង្ក្រាបជាបន្តបន្ទាប់ទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ដែលជនល្មើសភាគច្រើនជាជនជាតិចិន ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាមជាដើម។
លោកបន្តថា បញ្ហាឆបោក និងការចាប់ជំរិតតានអនឡាញនេះ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ហើយក៏ជះឥទ្ធិពលអាក្រក់ដល់វិស័យផ្សេងៗក្នុងប្រទេស រួមទាំងសេដ្ឋកិច្ចជាតិផងដែរ ខណៈលោកសង្កេតឃើញថា វិធានការបង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ច ហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
លោកថា៖ «កន្លងមកខ្ញុំសង្កេតឃើញមានការបង្ក្រាបអីជាហូរហែរដែរ ប៉ុន្តែបើទោះបីជាមានសកម្មភាពបង្ហាញពីការបង្ក្រាប ការចាប់បញ្ជូនជនបរទេសទាំងអស់នោះត្រឡប់ទៅស្រុកគេក្ដី ប៉ុន្តែសកម្មភាពនៃការឆបោកហាក់បីដូចជានៅមានបន្តបន្ទាប់ដែលឆ្លុះបញ្ចាំងឱ្យឃើញថា អន្តរាគមន៏របស់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាក់ទងនឹងការបង្ក្រាប និងទប់ស្កាត់ការឆបោកអនឡាញ និងការចាប់ជំរិតតាមអនឡាញអីជាដើម ដូចជាមិនសូវមានប្រសិទ្ធភាពទេ»។
លោក ប៉ា ច័ន្ទរឿន ជំរុញដល់រដ្ឋាភិបាលត្រូវមានឆន្ទៈនយោបាយ លុបបំបាត់អំពើពុករលួយ និងមានការសហការជាមួយប្រទេសពាក់ព័ន្ធ ទើបអាចដោះស្រាយបញ្ហាឆបោកតាមអនឡាញនេះមានប្រសិទ្ធភាព។
លោកបន្ថែមថា៖ «រឿងទប់ស្កាត់នេះខ្ញុំគិតថា រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធហ្នឹងបានដឹងឮ និងបានចាត់វិធានការជាហូរហែរមកហើយ ប៉ុន្តែរឿងការឆបោកអនឡាញនេះ វាជារឿងស្មុគស្មាញមួយដែរ ពីព្រោះវាប្រើទាំងបច្ចេកវិទ្យា វាប្រើទាំងធនធានមនុស្សផ្ទាល់ ដូច្នេះយុទ្ធនាការអន្តរាគមន៍នៅក្នុងការទប់ស្កាត់ និងការលុបបំបាត់ការឆបោកអនឡាញហ្នឹង ទាមទារឱ្យមាន ទី១ ឆន្ទៈនយោបាយនៅក្នុងការលុបបំបាត់ និងទី២ ត្រូវលុបបំបាត់ដំបូងគេហ្នឹង គឺអំពើពុករលួយពាក់ព័ន្ធនឹងការផ្ដល់សិទ្ធិការផ្ដល់ការការពារដល់ក្រុមដែលរកស៊ី ឬក៏លួចបើកនូវធ្វើសកម្មភាពឆបោកអនឡាញ និងទី៣ ត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធដទៃទៀត ជាពិសេសប្រទេសជាមួយនិងប្រទេស»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ យល់ដូចគ្នាថា ទោះជាមានការបង្ក្រាបទៅលើជនឆបោកអនឡាញក៏ដោយ ក៏ប៉ុន្តែបញ្ហានេះនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ ដោយលោកចង់ឱ្យអាជ្ញាធរកំណត់មុខសញ្ញាជនឆបោក និងទប់ស្កាត់ពួកគេកុំឱ្យចូលមកប្រទេសកម្ពុជា។
លោកបន្តថា៖ «ទោះបីថាការឆបោកតាមប្រព័ន្ធអនឡាញ ជាបទល្មើសឧក្រិដ្ឋកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ រវាងជនបរទេសនិងជនបរទេស ប៉ុន្តែប្រព្រឹត្តនៅប្រទេសកម្ពុជា វាប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាយើង ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការវិនិយោគទុន ទេសចរណ៍ និងការអភិវឌ្ឍប្រទេសផ្សេងៗទៀតសម្រាប់កម្ពុជាយើង»។
លោក អំ សំអាត បន្ថែមថា៖ «ទន្ទឹមនឹងការគាំទ្រដល់ការបង្ក្រាបការទប់ស្កាត់ហ្នឹង នៅតែទទូចសុំឱ្យមានការពង្រឹងបន្ថែមទៀតទៅលើការបង្កា្របនិងការទប់ស្កាត់ដើម្បីឱ្យមានប្រសិទ្ធភាព[…] មានន័យថា ទោះបីជាមានអ្នកពាក់ព័ន្ធជាមួយនឹងបញ្ហាឆបោក ឬក៏អ្នកនៅពីក្រោយមានឋានន្តរស័ក្ត ឬក៏មានអំណាចប៉ុណ្ណាក៏ដោយ ត្រូវអនុវត្តតាមផ្លូវច្បាប់ឱ្យខានតែបាន»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ទទួលស្គាល់ថា បញ្ហាឆបោកតាមអនឡាញនៅកម្ពុជាបច្ចុប្បន្ន ជាបញ្ហាគួរឱ្យព្រួយបារម្ភ ដោយគ្រួសារលោកស្រីផ្ទាល់បានជួបប្រទះ។ តែលោកស្រីថា បញ្ហានេះ មិនមែនកើតឡើងតែនៅកម្ពុជាទេ។
លោកស្រីមានប្រសាសន៍ថា៖ «ការព្រួយបារម្ភហ្នឹងត្រូវហើយៗ ក៏មិនមែនមានតែនៅកម្ពុជាដែរ ពីព្រោះព្រឹកមិញនេះថ្មីៗហ្នឹងក្នុងគ្រួសារខ្ញុំតែម្ដងហ្នឹងគឺមានគេ Hack […]ហើយឆបោករឿងខ្ចីលុយ ចង់និយាយថា វាគ្រាន់តែជារឿងមួយក្នុងចំណោមរឿងអនឡាញ[…] អញ្ចឹងខ្ញុំសុំឯកភាពថាខាងសង្គមស៊ីវិលក៏ដូចជារដ្ឋាភិបាល ក៏ដូចជាយើងគ្រប់គ្នាដែរ មានការបារម្ភដោយសារតែរឿងនេះវានៅតែបន្ដកើតមាន»។
តែយ៉ាងណា លោកស្រីថា ក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច មិនបានព្រងើយកន្តើយនឹងបញ្ហានេះឡើយ ហើយនឹងបន្តខិតខំក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព។ លោកស្រីបានអំពាវនាវឱ្យសង្គមស៊ីវិល សហការដោយរាយការណ៍ពីបញ្ហាឆបោកតាមអនឡាញ និងអំពើពុករលួយណាមួយក្នុងករណីឆបោកនេះ បើសិនជាមានភស្តុតាងច្បាស់លាស់។
លោកស្រីក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ តាមរយៈទូរស័ព្ទ កុំព្យូទ័រ ឬកម្មវិធីផ្សេងៗក្តី ត្រូវមានការប្រុងប្រយ័ត្នពីការឆបោក ដោយត្រូវបង្ការខ្លួនជាមុន ជាជាងការដោះស្រាយក្រោយពេលរងគ្រោះ។
លោកស្រី ជូ ប៊ុនអេង ថ្លែងថា៖ «មានពេលខ្លះ វាមិនមែនសុទ្ធតែជាព័ត៌មានគួរឱ្យស្វាគមន៍ទេ ហើយយើងក៏បានដឹងដែរថា មកដល់រាល់ថ្ងៃនេះ វាមានការអូសទាញ វាមានការឆបោកភូតភរ ហើយប្រសិនឃើញព័ត៌មានណាមិនទំនងទេ គឺចាំពិគ្រោះគ្នាឬផ្ដល់ព័ត៌មានឱ្យអ្នកដែលគេមានលទ្ធភាពនៅក្នុងការពិនិត្យលើសារអីហ្នឹង ដើម្បីជួយបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ បើមិនអញ្ចឹងទេ យើងចេះតែសំងំទំនាក់ទំនងស្ងាត់ៗទៅ ទីបំផុតជឿតាមការអូសទាញ ប៉ុន្តែកុំភ្លេចថាការដែលយើងជួយសង្គ្រោះនៅពេលដែលមានបញ្ហាហើយ វាពិបាកជាងការបង្ការខ្លួនមិនឱ្យធ្លាក់ចូលនៅក្នុងភាពរងគ្រោះហ្នឹង»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ លោក សុខ ផល មានប្រសាសន៍ថា កន្លងមក អាជ្ញាធរបង្ក្រាបបានតែល្បែងអនឡាញ នៅនឹងកន្លែងលេងល្បែងខុសច្បាប់។
លោកមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាហ្នឹងទទួលស្គាល់ចេញអាជ្ញាប័ណ្ណឱ្យកាស៊ីណូមានច្បាប់ ហើយកាស៊ីណូមានច្បាប់ហ្នឹង គឺវាមានល្បែងអនឡាញនៅក្នុងហ្នឹង ជាប្រភេទទី១។ ប្រភេទទី២ ជាប្រភេទអនឡាញដែលអត់ច្បាប់។ អ៊ីចឹងយើងបង្ក្រាបហ្នឹងយើងបង្ក្រាបអាប្រភេទទី២នេះ ដល់អាទី១នេះយើងបង្ក្រាបមិនទាន់បានទេពីព្រោះអាជ្ញាប័ណ្ណរដ្ឋាភិបាលឱ្យច្បាប់កាស៊ីណូទាំងអស់ហ្នឹង គឺនៅជាប់គ្នានៅហ្នឹង[…]ការវែកញែកគ្នារវាងមានច្បាប់ និងអត់ច្បាប់ វាជាការសំខាន់ យើងមិនអាចទៅចាប់អ្នកមានច្បាប់ប្រឆាំងនឹងការចេញអាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលបានទេ»។
បើតាមលោក សុខ ផល ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤នេះ អាជ្ញាធរបានបើកប្រតិបត្តិការដោយបង្រ្កាបបានជនជាតិចិនប្រព្រឹត្តិបទល្មើសតាមអនឡាញចំនួន ១ ០៥៥នាក់ និងជនជាតិផ្សេងៗចំនួនប្រមាណ ៦ជនជាតិផ្សេងទៀត។ ដោយឡែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបណ្ដេញជនបរទេសចំនួន ៥១២លើក មានជនល្មើសចំនួន ២ ១៥៩នាក់ ចេញពីប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានប្រព្រឹត្តអំពើល្មើសច្បាប់ឆបោកតាមអនឡាញ៕