សង្គម​ស៊ីវិលមួយចំនួន នៅតែបង្ហាញការព្រួយបារម្ភ​ចំពោះបញ្ហាឆបោកតាមអនឡាញ ដោយពួកគេស្នើឱ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ចំពោះបទល្មើសទាំងនោះ។

ការលើកឡើងនេះ ក្រោយពី​អាជ្ញាធរកម្ពុជា បានបណ្ដេញជនជាតិវៀតណាមជាច្រើននាក់ ដែលប្រព្រឹត្តបទល្មើសឆបោក​តាមអនឡាញ​នៅលើទឹកដីកម្ពុជា។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២២ ខែមេសានេះថា អំពើឆបោក​តាមអនឡាញ​ ជា​បញ្ហាប្រឈមធំមួយរបស់កម្ពុជា ដែលអាចនាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគពីក្រៅប្រទេស ព្រមទាំងប៉ះពាល់​ដល់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជាជនរង​គ្រោះ។​ ករណីនេះ លោក​ស្នើឱ្យ​រដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ចំពោះបទល្មើសឆបោកតាម​អនឡាញ ដោយ​មិន​មាន​ការយោគយល់ឡើយ ខណៈលោកថា អាចមានអំពើពុករលួយកើតឡើងក្នុងចំណោមមន្ត្រីដែលនាំឱ្យបទល្មើសនៅបន្ត​កើតមាន​​ឡើង។

លោកថ្លែងថា៖ «អំពើឆបោកតាមអនឡាញ ត្រូវធ្វើឱ្យ​ក្តៅខ្លាំងដូចគ្នា បានទៅរួច បើសិនជាមានការយោគយល់ការ មិនអនុវត្តឱ្យ​បានតឹងរ៉ឹង ឱ្យ​បានក្តៅទេ គឺ​ទង្វើឆបោកនេះនឹងនៅតែជាបញ្ហារបស់កម្ពុជា ហើយក៏នឹងអាច​​រីកកាន់​តែខ្លាំង​ទៀត ពីព្រោះថាអាចមន្ត្រីខ្លះដែលឆ្លៀតឱកាសយកតួនាទីបុណ្យស័ក្ដិទៅប្រព្រឹត្តអំពើពុករលួយហ្នឹង​ អាចនឹងជួយសម្រួលឱ្យ​​ក្រុមឆបោកតាមអនឡាញហ្នឹង អាច​ជ្រកក្រោមផ្លាកនៃ​ការរកស៊ីផ្សេងៗ​នៅ​ក្នុងប្រទេស​កម្ពុជា ហើយបន្តសកម្មភាពបោកប្រាស់របស់ពួកគេបន្តទៅទៀត។ អ៊ីចឹងអាជ្ញាធរត្រូវតែចាត់វិធានការ ផង​ដែរ​ទៅ​ដល់​អ្នក​ដែល​ពាក់ព័ន្ធទៅដល់មន្ត្រីដែលជាប់ពាក់ព័ន្ធហ្នឹង កុំឱ្យ​មានការរួចខ្លួនអាហ្នឹងបានទៅរួច»

ជាមួយគ្នានេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏សង្កេតឃើញថា ស្ថានភាពនៃអំពើឆបោក និងការចាប់ជំរិត​​តាមអនឡាញ ជា​បញ្ហាគួរឱ្យព្រួយបារម្ភផង​ដែរ ក្រោយមានការបង្ក្រាបជាបន្តបន្ទាប់ទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ដែលជនល្មើស​ភាគច្រើនជា​ជន​ជាតិ​ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាមជាដើម។

លោកបន្តថា បញ្ហាឆបោក និងការចាប់ជំរិតតាន​អនឡាញនេះ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា ហើយ​ក៏ជះឥទ្ធិពលអាក្រក់ដល់វិស័យផ្សេងៗក្នុងប្រទេស រួមទាំងសេដ្ឋកិច្ចជាតិផងដែរ ខណៈ​លោក​សង្កេតឃើញ​ថា វិធានការ​បង្ក្រាប​របស់​អាជ្ញាធរមានសមត្ថកិច្ច ហាក់នៅ​មិនទាន់​មានប្រសិទ្ធភាពនៅ​ឡើយ។

លោកថា៖ «កន្លងមកខ្ញុំសង្កេតឃើញមានការបង្ក្រាបអីជាហូរហែរដែរ ប៉ុន្តែ​បើទោះបីជាមានសកម្មភាពបង្ហាញពីការ​បង្ក្រាប ការចាប់បញ្ជូនជនបរទេសទាំងអស់នោះត្រឡប់ទៅ​ស្រុកគេក្ដី ប៉ុន្តែសកម្មភាពនៃការឆបោកហាក់បី​ដូច​ជា​នៅ​មាន​បន្ត​បន្ទាប់​ដែលឆ្លុះបញ្ចាំងឱ្យឃើញថា អន្តរាគមន៏របស់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាក់ទងនឹងការបង្ក្រាប និងទប់ស្កាត់ការឆបោកអនឡាញ និងការចាប់ជំរិត​តាម​អនឡាញ​អីជាដើម ដូច​ជា​មិន​សូវ​មានប្រសិទ្ធភាពទេ»

លោក ប៉ា ច័ន្ទរឿន ជំរុញដល់​រដ្ឋាភិបាលត្រូវមានឆន្ទៈនយោបាយ លុបបំបាត់អំពើពុករលួយ និងមានការសហការជាមួយ​ប្រទេស​ពាក់ព័ន្ធ ទើបអាចដោះស្រាយបញ្ហាឆបោកតាមអនឡាញនេះមានប្រសិទ្ធភាព។

‌លោកបន្ថែមថា៖ «រឿងទប់ស្កាត់នេះខ្ញុំគិតថា រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរ​ពាក់ព័ន្ធហ្នឹង​បានដឹងឮ និង​បានចាត់វិធាន​ការ​ជាហូរហែរមកហើយ ប៉ុន្តែរឿងការឆបោកអនឡាញនេះ វាជារឿងស្មុគស្មាញមួយដែរ ពីព្រោះវាប្រើទាំងបច្ចេក​វិទ្យា វាប្រើទាំងធនធានមនុស្សផ្ទាល់ ដូច្នេះយុទ្ធនាការអន្តរាគមន៍នៅក្នុងការទប់ស្កាត់ និងការលុបបំបាត់ការឆបោកអនឡាញហ្នឹង ទាមទារឱ្យមាន ទី១ ឆន្ទៈនយោបាយ​នៅក្នុងការលុបបំបាត់ និងទី២ ត្រូវ​លុបបំបាត់ដំបូង​គេ​ហ្នឹង គឺអំពើពុករលួយពាក់ព័ន្ធនឹងការផ្ដល់សិទ្ធិការផ្ដល់ការការពារដល់ក្រុម​​ដែលរកស៊ី ឬក៏លួចបើកនូវធ្វើសកម្មភាពឆបោកអនឡាញ និងទី៣ ត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធដទៃទៀត ជាពិសេស​ប្រទេស​​ជាមួយ​និងប្រទេស»

លោក អំ សំអាត ​នាយក​ទទួល​​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ យល់ដូច​គ្នា​ថា ទោះជាមានការបង្ក្រាប​ទៅលើជនឆបោកអនឡាញក៏ដោយ ក៏ប៉ុន្តែបញ្ហានេះនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ ដោយ​លោកចង់ឱ្យអាជ្ញាធរ​កំណត់មុខសញ្ញាជនឆបោក និងទប់ស្កាត់ពួកគេកុំឱ្យចូលមកប្រទេសកម្ពុជា។

លោកបន្ត​ថា៖ «ទោះបីថាការឆបោកតាមប្រព័ន្ធអនឡាញ ជាបទល្មើសឧក្រិដ្ឋកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ​ រវាងជនបរទេស​និងជនបរទេស ប៉ុន្តែប្រព្រឹត្តនៅប្រទេសកម្ពុជា វាប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាយើង ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការវិនិយោគទុន ទេសចរណ៍ និងការអភិវឌ្ឍ​ប្រទេសផ្សេងៗទៀតសម្រាប់កម្ពុជាយើង»

លោក អំ សំអាត បន្ថែមថា៖​ «ទន្ទឹមនឹងការគាំទ្រដល់ការបង្ក្រាបការទប់ស្កាត់ហ្នឹង នៅតែទទូចសុំឱ្យមានការពង្រឹងបន្ថែមទៀតទៅលើការបង្កា្របនិងការទប់​ស្កាត់ដើម្បីឱ្យមានប្រសិទ្ធភាព[…] មានន័យថា ទោះបីជាមានអ្នកពាក់ព័ន្ធជាមួយនឹង​បញ្ហាឆបោក ឬក៏អ្នកនៅពីក្រោយមានឋានន្តរស័ក្ត ឬក៏មានអំណាចប៉ុណ្ណាក៏ដោយ ត្រូវអនុវត្តតាមផ្លូវច្បាប់ឱ្យខានតែបាន»

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ទទួលស្គាល់ថា បញ្ហាឆបោកតាមអនឡាញ​នៅ​កម្ពុជា​បច្ចុប្បន្ន​​ ជាបញ្ហាគួរឱ្យព្រួយបារម្ភ ដោយ​គ្រួសារ​លោកស្រីផ្ទាល់បានជួបប្រទះ។ តែលោកស្រីថា បញ្ហានេះ មិនមែន​កើត​ឡើងតែនៅ​កម្ពុជាទេ។

លោកស្រីមានប្រសាសន៍​ថា៖ «ការព្រួយបារម្ភហ្នឹងត្រូវហើយៗ ក៏មិនមែនមានតែនៅកម្ពុជាដែរ ពីព្រោះព្រឹកមិញនេះថ្មីៗហ្នឹងក្នុងគ្រួសារខ្ញុំតែម្ដងហ្នឹងគឺមានគេ Hack […]ហើយឆបោករឿងខ្ចីលុយ ចង់និយាយថា វាគ្រាន់តែជារឿងមួយក្នុងចំណោមរឿងអនឡាញ[…] អញ្ចឹងខ្ញុំសុំឯកភាពថា​ខាងសង្គមស៊ីវិលក៏ដូចជារដ្ឋាភិបាល ក៏ដូចជាយើង​គ្រប់គ្នាដែរ មានការបារម្ភដោយសារតែរឿងនេះវានៅ​តែបន្ដកើតមាន»

តែយ៉ាងណា លោកស្រីថា ក្រសួងមហាផ្ទៃ ក៏ដូច​ជា​អាជ្ញាធរមានសមត្ថកិច្ច មិន​បានព្រងើយកន្តើយនឹងបញ្ហានេះឡើយ ហើយនឹងបន្តខិតខំក្នុងការ​ទប់ស្កាត់ និងបង្ក្រាប​ឱ្យមានប្រសិទ្ធភាព។ លោកស្រីបាន​អំពាវនាវឱ្យសង្គមស៊ីវិល សហការដោយរាយការណ៍ពីបញ្ហាឆបោកតាមអនឡាញ និងអំពើពុករលួយណាមួយ​ក្នុងករណីឆបោក​នេះ បើសិនជាមានភស្តុតាងច្បាស់លាស់​។

លោកស្រីក៏បាន​​អំពាវនាវ​ដល់​អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ តាមរយៈទូរស័ព្ទ កុំព្យូទ័រ ឬកម្មវិធីផ្សេងៗក្តី ត្រូវមានការប្រុងប្រយ័ត្នពីការឆបោក ដោយត្រូវបង្ការខ្លួនជាមុន ជាជាងការដោះស្រាយក្រោយពេលរងគ្រោះ។

លោកស្រី ជូ ប៊ុនអេង ថ្លែងថា៖ «មានពេលខ្លះ វាមិនមែនសុទ្ធតែជាព័ត៌មានគួរឱ្យស្វាគមន៍ទេ ហើយយើងក៏បានដឹងដែរថា មកដល់រាល់ថ្ងៃនេះ វាមានការអូសទាញ វាមានការឆបោកភូតភរ ហើយ​ប្រសិនឃើញព័ត៌មានណាមិនទំនងទេ គឺចាំពិគ្រោះគ្នាឬផ្ដល់ព័ត៌មានឱ្យអ្នកដែលគេមានលទ្ធភាពនៅក្នុងការពិនិត្យលើសារអីហ្នឹង ដើម្បីជួយបង្ការ​ទប់​ស្កាត់​ឱ្យបា​ន​ទាន់​ពេលវេលា។ បើមិនអញ្ចឹងទេ យើងចេះតែសំងំទំនាក់ទំនងស្ងាត់ៗទៅ ទីបំផុតជឿតាមការអូសទាញ ប៉ុន្តែកុំភ្លេចថាការដែលយើងជួយសង្គ្រោះនៅពេលដែលមានបញ្ហាហើយ វាពិបាកជាងការបង្ការខ្លួនមិន​ឱ្យធ្លាក់ចូលនៅក្នុងភាពរងគ្រោះហ្នឹង»។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ លោក សុខ ផល មានប្រសាសន៍ថា កន្លងមក ​អាជ្ញាធរបង្ក្រាបបាន​តែ​ល្បែង​​អន​ឡាញ​ ​នៅនឹង​​កន្លែង​លេង​ល្បែង​ខុសច្បាប់។

លោកមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាហ្នឹងទទួលស្គាល់ចេញអាជ្ញាប័ណ្ណឱ្យកាស៊ីណូមានច្បាប់ ហើយកាស៊ីណូមានច្បាប់ហ្នឹង គឺវាមានល្បែងអនឡាញនៅក្នុងហ្នឹង ជាប្រភេទទី១។ ប្រភេទទី២ ជាប្រភេទអនឡាញដែលអត់​ច្បាប់។ អ៊ីចឹងយើងបង្ក្រាបហ្នឹងយើងបង្ក្រាបអាប្រភេទទី២នេះ ដល់អាទី១នេះយើងបង្ក្រាបមិនទាន់បានទេពីព្រោះអាជ្ញាប័ណ្ណរដ្ឋាភិបាលឱ្យច្បាប់កាស៊ីណូទាំងអស់ហ្នឹង គឺនៅជាប់គ្នានៅហ្នឹង[…]ការវែកញែកគ្នា​រវាង​មានច្បាប់​ និងអត់ច្បាប់ វាជាការសំខាន់ យើងមិនអាចទៅចាប់អ្នកមានច្បាប់ប្រឆាំងនឹងការចេញអាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលបានទេ»។

បើតាមលោក សុខ ផល​​ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤នេះ អាជ្ញាធរ​បានបើកប្រតិបត្តិការដោយបង្រ្កាបបានជនជាតិចិនប្រព្រឹត្តិបទល្មើសតាមអនឡាញ​​ចំនួន ១ ០៥៥នាក់ និងជនជាតិផ្សេងៗចំនួនប្រមាណ ៦ជនជាតិផ្សេងទៀត។ ដោយឡែកតាមរបាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បានឱ្យ​ដឹង​​ថា ក្នុង​​ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនបរទេស​ចំនួន ៥១២លើក មាន​ជនល្មើស​ចំនួន ២ ១៥៩នាក់​ ចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ឆបោកតាមអនឡាញ៕