របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០២៣ គ្មានអ្វីផ្លាស់ប្តូរ ឬល្អប្រសើរជាងមុននោះទេ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជា ថាស្ថានភាពសិទ្ធិមនុស្សមានភាពប្រសើរឡើង។
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ការអនុវត្តសិទ្ធិមនុស្សប្រចាំឆ្នាំ២០២៣ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគ្មានអ្វីល្អប្រសើរឡើយ ទាំងស្ថានភាពនៅពន្ធនាគារ សិទ្ធិទទួលបានព័ត៌មាន សេរីភាពនៅក្នុងការបញ្ចេញមតិ និងសេរីភាពនៅក្នុងការចូលរួមសកម្មភាពនយោបាយជាដើម។
របាយការណ៍ដដែលនេះ បន្តថា ស្ថានភាពពន្ធនាគារនៅទូទាំងប្រទេសនៅតែមានសភាពធ្ងន់ធ្ងរ ដោយសារភាពចង្អៀតណែននៅតែជាបញ្ហា ការរំលោភបំពានលើរាងកាយ អនាម័យអាហារមិនគ្រប់គ្រាន់ កង្វះទឹកស្អាត និងមានអំពើពុករលួយជាដើម។
ក្រៅពីការលើកឡើងអំពីស្ថានភាពមិនប្រសើរឡើងនៅពន្ធនាគារ របាយការណ៍នេះ ក៏បានរំលេចអំពីការគំរាមកំហែងផ្នែកសេរីភាពសារព័ត៌មានផងដែរ ដោយថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាយ៉ាងហោចណាស់ឧប្បត្តិហេតុយាយីចំនួន៨ ទៅលើអ្នកសារព័ត៌មាន។
របាយការណ៍ដដែល បន្ថែមថា រដ្ឋាភិបាលបានរឹតត្បិតយ៉ាងខ្លាំងនូវការបញ្ចេញមតិដោយសេរី រួមទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងសំឡេងប្រឆាំងផ្សេងទៀត ខណៈបុគ្គល និងស្ថាប័នជាច្រើន បានរឹតត្បិតខ្លួនឯងដោយមិនហ៊ាននិយាយ ឬបញ្ចេញមតិ ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
របាយការណ៍នោះ បានលើកឡើងថា៖ «រដ្ឋាភិបាលមិនបានចាត់វិធានការ ឬចំណាត់ការគួរឱ្យទុកចិត្តក្នុងការកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មមន្ត្រីដែលអាចប្រព្រឹត្តការរំលោភសិទ្ធិមនុស្សនោះទេ»។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសអាមេរិក ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ និងគោរពសិទ្ធិមនុស្ស និងការទទួលខុសត្រូវចំពោះយុត្តិធម៌ សម្រាប់មនុស្សគ្រប់រូប ដោយគ្មានការរើសអើង ហើយគោរពតាមការប្តេជ្ញាចិត្ត និងកាតព្វកិច្ចរបស់ពួកគេក្នុងផ្នែកសិទ្ធិមនុស្ស។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតបឡើយ។ ចំណែក លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបដិសេធឆ្លើយតប ដោយលោកបង្វែរសំនួរទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា ច្រានចោលការលើកឡើងក្នុងរបាយការណ៍នោះ ដោយថា សិទ្ធិមនុស្សនៅកម្ពុជា មានស្ថានភាពល្អប្រសើរ ព្រោះកម្ពុជាមានច្បាប់ដែលចែងអំពីសិទ្ធិមនុស្ស ជាពិសេសរដ្ឋធម្មនុញ្ញ ហើយសូម្បីសេរីភាពក្នុងការបញ្ចេញមតិ ក៏កម្ពុជាបានបើកទូលាយផងដែរ។
លោកថ្លែងថា៖ «ចំពោះសេរីភាពបញ្ចេញមតិនៅកម្ពុជា មានភាពទូលំទូលាយ ដូចបានដឹងស្រាប់ហើយ ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសគឺ Facebook មានចំនួន១៣លាននាក់ នេះមិនទាន់រាប់បញ្ចូលទាំងប្រព័ន្ធ Telegram, Line, Instagram,Tik Tok ផ្សេងៗផង។ ម្យ៉ាងវិញទៀត អង្គភាពស្ថាប័នសារព័ត៌មានមានចំនួនជាង ២ ០០០ ហើយអ្នកសារព័ត៌មានរាប់ម៉ឺននាក់។ ម្យ៉ាងវិញទៀត យើងអត់មានការត្រួតពិនិត្យជាមុនទេ នូវរាល់ការបោះពុម្ភផ្សាយ ប៉ុន្តែយើងត្រូវដឹងថា ការបញ្ចេញមតិត្រូវរួមមកជាមួយការទទួលខុសត្រូវ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ មិនខុសពីរបាយការណ៍ឆ្នាំមុនៗដែរ គឺនៅតែលើកឡើងពីការរំលោភសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
លោកថា កន្លងមក សមាគម និងអង្គការដែលធ្វើការលើវិស័យសិទ្ធិមនុស្ស សិទ្ធិការងារ និងការងារសង្គមជាដើមនោះ ក៏បានមើលឃើញថា ស្ថានភាពសិទ្ធិមនុស្សក្នុងឆ្នាំ២០២៣ មិនមានអ្វីផ្លាស់ប្តូរទេ បើធៀបនឹងឆ្នាំ២០២២ និងប៉ុន្មានឆ្នាំមុនៗមក។
លោកមានប្រសាសន៍ថា៖ «របាយការណ៍របស់អង្គការជាតិ អង្គការអន្តរជាតិ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលលើកឡើងពីស្ថានភាពសិទ្ធិមនុស្សមិនមានអ្វីផ្លាស់ប្តូរ និងស្ថានភាពសិទ្ធិមនុស្សធ្លាក់ចុះ តែងតែត្រូវបានបដិសេធ និងច្រានចោលដោយតំណាងរាជរដ្ឋាភិបាល» ។
លោក អំ សំអាត យល់ថា ការច្រានចោល និងបដិសេធចោលទាំងស្រុង នៃរបាយការណ៍ ឬសេចក្តីថ្លែងការណ៍ទាំងអស់នោះ មិនអាចកែលំអរស្ថានភាពសិទ្ធិមនុស្សឱ្យល្អប្រសើរបានទេ។ ករណីនេះ លោកបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គួរពិនិត្យមើលនូវចំណុចខ្វះខាត និងខ្វះចន្លោះដែលមិនទាន់បានបំពេញ យកមកកែលំអរឱ្យមានភាពល្អប្រសើរ ដែលនេះជាផលចំណេញសម្រាប់កម្ពុជា និងជាការលើកកម្ពស់សិទ្ធិមនុស្ស។ របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក បានបង្ហាញពីទិដ្ឋភាពទីកន្លែងឃុំខ្លួនដែលមានភាពកកកុញ និងគ្មានការកែលម្អផ្នែករដ្ឋបាល ហើយជួនកាលការសហការពីអាជ្ញាធរដែនដីនៅមានកម្រិត ដែលជាការធ្វើឱ្យមានការលំបាកចូលជួបអ្នកជាប់ឃុំដែលមិនទាន់ទទួលការជំនុំជម្រះក្តី។ របាយការណ៍ដដែលនោះ បានយោងតាមការរាយការណ៍ពីអង្គការសង្គមស៊ីវិល ដែលធ្វើការលើផ្នែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងអង្គការសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត៕