របាយការណ៍​​ក្រសួង​ការបរទេសសហរដ្ឋអាមេរិក បានលើកឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០២៣ គ្មានអ្វីផ្លាស់ប្តូរ ឬល្អប្រសើរជាងមុននោះទេ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល​កម្ពុជា ថាស្ថានភាពសិទ្ធិមនុស្សមានភាពប្រសើរឡើង​។

យោង​តាម​របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ការអនុវត្ត​សិទ្ធិមនុស្សប្រចាំឆ្នាំ២០២៣ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បាន​បង្ហាញ​ថា ស្ថាន​ភាពសិទ្ធិមនុស្សនៅកម្ពុជាគ្មានអ្វីល្អប្រសើរឡើយ ទាំងស្ថាន​ភាពនៅពន្ធនាគារ សិទ្ធិទទួលបានព័ត៌មាន សេរីភាពនៅក្នុងការបញ្ចេញមតិ និង​​សេរីភាពនៅក្នុងការចូលរួមសកម្មភាពនយោបាយជាដើម។​

របាយការណ៍ដដែលនេះ បន្តថា​​ ស្ថានភាពពន្ធនាគារនៅទូទាំងប្រទេសនៅតែមាន​សភាពធ្ងន់​ធ្ងរ​ ដោយសារភាពចង្អៀតណែន​នៅ​តែ​ជា​បញ្ហា ការរំលោភបំពានលើរាងកាយ អនាម័យ​អាហារ​មិន​គ្រប់​គ្រាន់ កង្វះទឹកស្អាត និងមាន​អំពើពុករលួយជាដើម។

ក្រៅពីការលើកឡើងអំពីស្ថានភាពមិនប្រសើរឡើងនៅពន្ធនាគារ របាយការណ៍នេះ ក៏​​បានរំលេចអំពីការគំរាមកំហែង​ផ្នែកសេរីភាព​សារព័ត៌មានផងដែរ ដោយថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាយ៉ាងហោចណាស់ឧប្បត្តិហេតុយាយីចំនួន៨ ទៅ​​លើអ្នក​សារ​ព័ត៌​មាន។

របាយការណ៍ដដែល បន្ថែមថា រដ្ឋាភិបាលបានរឹតត្បិតយ៉ាងខ្លាំងនូវការបញ្ចេញមតិដោយសេរី រួម​ទាំង​តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និង​សំឡេងប្រឆាំងផ្សេងទៀត ខណៈ​បុគ្គល និងស្ថាប័នជាច្រើន បានរឹតត្បិតខ្លួនឯងដោយមិន​ហ៊ាននិយាយ ឬបញ្ចេញមតិ​ ជាពិសេស​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

របាយការណ៍នោះ បានលើកឡើងថា៖ «រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ ឬ​ចំណាត់ការ​គួរ​ឱ្យ​ទុក​ចិត្ត​ក្នុង​ការ​កំណត់​អត្តសញ្ញាណ និង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ដែល​​អាច​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ»។

ទន្ទឹមនឹងនេះ ក្រសួងការ​បរទេស​​អាមេរិក ក៏បានអំពាវនាវ​ឱ្យរដ្ឋាភិបាលកម្ពុជា​ លើកកម្ពស់ និង​គោរព​សិទ្ធិមនុស្ស និង​ការទទួលខុសត្រូវចំពោះយុត្តិធម៌ សម្រាប់មនុស្សគ្រប់រូប ដោយគ្មាន​ការ​រើសអើង ហើយគោរពតាមការប្តេជ្ញាចិត្ត និងកាតព្វកិច្ចរបស់ពួកគេក្នុងផ្នែកសិទ្ធិមនុស្ស។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតបឡើយ។ ចំណែក លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​ បានបដិសេធ​ឆ្លើយ​តប​ ដោយលោក​បង្វែរ​សំនួរ​ទៅ​កាន់​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា ច្រាន​ចោល​ការលើកឡើងក្នុងរបាយការណ៍នោះ ដោយថា សិទ្ធិ​មនុស្ស​នៅកម្ពុជា មានស្ថានភាពល្អប្រសើរ​ ព្រោះកម្ពុជាមានច្បាប់ដែលចែងអំពីសិទ្ធិមនុស្ស ជាពិសេសរដ្ឋធម្មនុញ្ញ​ ហើយ​សូម្បី​សេរីភាពក្នុងការបញ្ចេញមតិ ក៏កម្ពុជាបាន​បើកទូលាយផងដែរ។

លោក​ថ្លែងថា៖ «ចំពោះសេរីភាពបញ្ចេញមតិនៅកម្ពុជា មានភាពទូលំទូលាយ ដូចបានដឹងស្រាប់ហើយ ចំនួនអ្នក​ប្រើប្រាស់បណ្តាញសង្គម ជាពិសេសគឺ Facebook មានចំនួន១៣លាននាក់ នេះមិនទាន់រាប់បញ្ចូលទាំងប្រព័ន្ធ Telegram, Line, Instagram,Tik Tok ផ្សេងៗផង។ ម្យ៉ាងវិញទៀត អង្គភាពស្ថាប័នសារព័ត៌មាន​មាន​ចំនួនជាង​ ២ ០០០ ហើយអ្នកសារព័ត៌មានរាប់ម៉ឺននាក់។ ម្យ៉ាងវិញទៀត យើងអត់មានការត្រួតពិនិត្យជាមុនទេ នូវរាល់ការបោះពុម្ភផ្សាយ ប៉ុន្តែយើងត្រូវដឹងថា ការបញ្ចេញមតិត្រូវរួមមកជាមួយការទទួលខុសត្រូវ»។

នាយក​ទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិកនេះ មិនខុសពីរបាយការណ៍ឆ្នាំមុនៗដែរ គឺនៅតែលើកឡើងពីការរំលោភសិទ្ធិ និង​សេរីភាពជាមូលដ្ឋានរបស់​ពលរដ្ឋ​។

លោកថា កន្លងមក សមាគម និងអង្គការដែលធ្វើការលើវិស័យសិទ្ធិមនុស្ស សិទ្ធិការងារ និង​ការ​ងារ​សង្គមជាដើមនោះ​ ក៏បាន​មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សក្នុង​ឆ្នាំ​២០២៣ មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ទេ បើធៀបនឹងឆ្នាំ២០២២ និងប៉ុន្មានឆ្នាំមុនៗមក។

លោកមានប្រសាសន៍ថា៖ «របាយការណ៍របស់អង្គការជាតិ អង្គការអន្តរជាតិ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលលើកឡើងពីស្ថានភាពសិទ្ធិមនុស្សមិនមានអ្វីផ្លាស់ប្តូរ និងស្ថានភាពសិទ្ធិមនុស្សធ្លាក់ចុះ តែងតែត្រូវបានបដិសេធ និងច្រានចោលដោយតំណាងរាជរដ្ឋាភិបាល» ។

លោក អំ សំអាត យល់​ថា ការច្រានចោល និងបដិសេធចោលទាំងស្រុង នៃរបាយការណ៍ ឬសេចក្តីថ្លែងការណ៍ទាំងអស់នោះ មិនអាចកែលំអរស្ថានភាពសិទ្ធិមនុស្សឱ្យល្អប្រសើរបាន​ទេ។ ករណីនេះ លោកបានជំរុញ​ឱ្យរដ្ឋាភិបាល​កម្ពុជា គួរពិនិត្យមើលនូវចំណុចខ្វះខាត និង​ខ្វះចន្លោះដែលមិនទាន់បានបំពេញ យកមកកែលំអរឱ្យមានភាពល្អប្រសើរ ដែលនេះជាផលចំណេញសម្រាប់កម្ពុជា និងជាការលើកកម្ពស់សិទ្ធិមនុស្ស។ របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅ​កម្ពុជា ឆ្នាំ២០២២ របស់ក្រសួងការបរទេស​អាមេរិក បានបង្ហាញ​ពីទិដ្ឋភាព​ទីកន្លែងឃុំខ្លួនដែលមានភាពកកកុញ និងគ្មានការកែលម្អផ្នែករដ្ឋបាល ហើយជួនកាល​ការសហការពីអាជ្ញាធរដែនដីនៅមានកម្រិត ដែលជាការធ្វើឱ្យមានការលំបាក​ចូលជួបអ្នកជាប់ឃុំដែលមិនទាន់ទទួលការជំនុំជម្រះក្តី។ របាយការណ៍ដដែលនោះ​ បានយោងតាមការរាយការណ៍ពីអង្គការសង្គមស៊ីវិល ដែលធ្វើការលើផ្នែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងអង្គការសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត៕