ប្រធានគណបក្សប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​យល់ព្រម​ទទួល​យកការ​សុំអភ័យទោស​ពី លោក ជា ប៉ូច អតីត​មន្ត្រីជាន់ខ្ពស់នៃអតីត​​គណបក្ស​សង្គ្រោះជាតិ ហើយ​លោក​នឹង​​ឱ្យមេធាវីរបស់លោក ដក​ពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីឱ្យបានឆាប់។

យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បាន​លើក​ឡើង​ថា ក្រោយ​ទទួលបានលិខិត​រួច លោក​យល់ព្រមទទួលយកការសុំអភ័យទោស​ ពីលោក ជា ប៉ូច ហើយ​លោកនឹង​ឱ្យ​មេធាវី​ដកពាក្យបណ្តឹងចេញពីតុលាការ ដើម្បីបញ្ចប់​រឿងក្តីនេះឱ្យបានឆាប់។

លោកបន្តថា រូបលោកនឹងទទួលយកការសុំទោស និងលើកលែងទោស​ចំពោះ​​មនុស្ស​​ផ្សេងទៀត ដែលទទួលកំហុស និង​ប្រកាសផ្តាច់ខ្លួន​ជនក្បត់បីជំនាន់​ (ទំន​ងជាសំដៅទៅមេដឹកនាំ​នយោបាយប្រឆាំង លោកសម រង្ស៊ី) ប៉ុន្តែ​លោក​នឹង​អត់ឱនឱ្យជនណា ឬក្រុមណាដែលបន្តដើរ​តាមជនក្បត់បីជំនាន់នោះឡើយ។

ក្នុងសំណេរដដែលនោះ លោក ហ៊ុន សែន បានបញ្ជាក់​ថា៖ «យើងនឹង​បន្តប្រើផ្លូវច្បាប់ ដើម្បីចាត់​កា​រ​លើ​ក្រុមណា ឬបុគ្គលណា ដែល​ជេរប្រមាថមួលបង្កាច់មកលើគណបក្ស ឬមកលើខ្ញុំ​តទៅទៀត ដោយគ្មានការលើកលែង។ យើងមិនអាចអត់ឱនឱ្យ​​បានទេ ចំពោះ​ជន​​ណា​ឬ​ក្រុមណា​ក៏ដោយ មិនថាខ្មែរ ឬបរទេស ដែលចង់ដុតផ្ទះយើង ដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»។

ប្រធានក្រុមមេធាវីរដ្ឋាភិបាល និងជាមេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា​​ លោក គី​​ តិច​ មានប្រសាសន៍នៅថ្ងៃទី២៤ ខែមេសានេះថា រូបលោកបានទទួលការណែនាំពីប្រធានគណបក្ស​រួចហើយ ហើយ​បាននិងកំពុងរៀបចំនីតិវិធី​ក្នុងកា​រដកពាក្យបណ្តឹង​ពីតុលាការ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំបានទទួលការណែនាំ ចំណាត់ការតាមផ្លូវច្បាប់ បាននិងកំពុងអនុវត្ត»

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ លោក ជា ប៉ូច អតីត​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និងកំពត​នៃអតីត​គណបក្ស​សង្គ្រោះជាតិ បានផ្ញើជូនលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយ​បង្ហាញពីការសោកស្តាយ​ចំពោះ​សកម្ម​ភាព​ និងការប្រើ​ប្រាស់ពាក្យពេចន៍មួយចំនួន​របស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការ​អភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ​នានារបស់រដ្ឋាភិបាល ជាពិសេសធ្វើឱ្យប៉ះពាល់ដល់លោក ហ៊ុន សែន។

លិខិតដដែលរបស់លោក ជា ប៉ូច បានលើកឡើង​​បន្តថា រូបលោក បានសម្រេច​ចិត្តផ្តាច់ខ្លួន​ចេញ​ពីលោក សម រង្ស៊ី និងឈប់ធ្វើសកម្មភាពនយោបាយ​ជាមួយ​ក្រុមអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រមទាំងគណបក្ស​ភ្លើងទៀន និងគណបក្ស​ដែលមាននិន្នាការ​ប្រឆាំង​ផងដែរ។

លោក ជា ប៉ូច បានបញ្ជាក់ក្នុងលិខិតថា៖ «ខ្ញុំបាទសូម​គោរពស្នើសុំសម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការ​លើកលែង​ការចោទប្រកាន់ដល់រូបខ្ញុំបាទ ចំពោះទង្វើដែល​ខ្ញុំបាទ​បានប្រព្រឹត្តខុសក្នុងរយៈពេល​កន្លងទៅ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីលោក ជា ប៉ូច បាននោះទេ។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា យល់ថា របថនយោបាយ​នៅកម្ពុជា ដែលឈានដល់ដំណាក់កាលនេះ អាចបណ្តាលមកពីអ្នកនយោបាយ​ទាំង២ប៉ូល រវាង​លោក ហ៊ុន សែន និងលោក សម រង្ស៊ី មិនអាចរកចំណុចរួមគ្នាបាន ទើបឈាន​ដល់​ការអនុវត្ត​​យន្តការធ្វើឱ្យភាគីម្ខាង​ទាល់ច្រក និងរកមធ្យោបាយ​ចុះចូល។ 

លោកថ្លែង​ថា៖ «ខ្ញុំគិតថា ការយល់​ព្រមរបស់​លោក ហ៊ុន សែន ពាក់ព័ន្ធនឹងអតីតគណបក្សប្រឆាំង​ហ្នឹង គឺជាយន្ត​ការនៃការអនុវត្ត​​នយោបាយ IF (Isolate and Finish) មានន័យថា ធើ្វឯកោ​ហើយបញ្ចប់ លោក សម រង្សី យន្តការហ្នឹងមានប៉ុន្នឹង ធ្វើឱ្យ​ក្រុមនយោបាយគណបក្សប្រឆាំង គាត់ទល់ដៃទល់ជើង ដើម្បីរកមធ្យោបាយចុះចូល នេះជាយន្តការដែលយើងមើលឃើញ​នៅក្រៅឆាក ប៉ុន្តែ​នៅពីក្រោយឆាក​ប្រហែលជាមាន​រឿងរ៉ាវពិបាកជាងហ្នឹង បានជាអ្នក​នយោបាយទំាងអស់នេះ ដែលកន្លងមកសុទ្ធតែជា​អ្នកស្រួចស្រាវខាងជាមួយ​ លោក សម រង្សី សុំចុះចូលនេះ»។

តែយ៉ាងណា លោកថា ការអនុវត្ត​នយោបាយ​បែបនេះ មិនមែនជាគំរូល្អដល់​អ្នកនយោបាយ​ជំនាន់​ក្រោយ​នោះទេ។

លោកថា៖ «ខ្ញុំគិតថា នយោបាយនេះ គឺ​ដោយសារតែអ្នកនយោបាយពីប៉ូល គឺ​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន មកដល់របថនេះ ប្រហែលរកចំណុចមួយ​មិនអាចរកចំណុចរួមគ្នាបាន​ហើយ​ ចឹង​ការធើ្វនយោបាយផ្តាច់ផ្តិលនេះ គឺ​ជានយោបាយទឹកឡើងត្រីស៊ីស្រមោច វាមិនជាទម្លាប់ ឬក៏គំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយទេ»។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង​ មាន​ប្រសាសន៍​​​ថា បញ្ហានយោបាយ​នៅ​កម្ពុជា ត្រូវបានគេ​មើលឃើញថាមានភាពស្មុគស្មាញ ​និង​​ពិបាក​ទស្សន៍ទាយ​ជាមុនបាន។ តែយ៉ាងណា លោកយល់ថា ជារឿងល្អមួយ​ដែលអ្នកនយោ​បាយ​​មានការ​យោគយល់​គ្នា និងសម្របសម្រួលគ្នា ដើម្បី​ឱ្យ​មានភាពចម្រុះ​ខាងនយោ​បាយ​នៅក្នុងសង្គមកម្ពុជា។ ​

លោកបន្តថា៖ «យើងដឹងហើយថា ទោះបីជាអ្នកដែលមានគំនិតខុសគ្នាក៏ដោយ ក៏មានគោលដៅតែមួយគត់ គឺដើម្បីគិតអំពីផលប្រយោជន៍ស្រុកទេស បានន័យថា អ្នកដែលមានគំនិតខុសគ្នា គឺជាទូទៅនៅក្នុងនយោបាយប្រជាធិបតេយ្យ គេមិនចាត់ទុកគ្នាជាសត្រូវទេ គេចាត់ទុកជាមិត្ត ប៉ុន្តែគ្រាន់តែទាស់គ្នាលើសំដី លើទស្សន: ប៉ុន្តែមិនមែនទាស់គ្នា ចាត់​ទុកគ្នាជាសត្រូវ​​ដែលមិនអាចជួបមុខគ្នា ធើ្វការជាមួយគ្នាបាននោះ​ទេ។​ ចឹង​ការឆ្លើយឆ្លងតាមលិខិត ការមានការយោគ​យល់​ស្រុះ​ស្រួល​នេះ ខ្ញុំថាជារឿងមានសំខាន់ សង្ឃឹមថា អាចនឹងមានការផ្តល់នូវការអធ្យាស្រ័យសំរាប់​សកម្មជន និង​​អ្នកនយោបាយផ្សេងៗទៀត ដើម្បីធើ្វឱ្យ​​មានភាពចម្រុះកាន់តែរស់រវើកនៃ​នយោបាយកម្ពុជា នាថ្ងៃអនាគត»

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ជា ប៉ូច ធ្លាប់​បាន​ចេញលិខិត​សុំទោស​ទៅ​លោក ហ៊ុន សែន ជាសាធារណៈម្តងរួចហើយ ដោយ​លោកទទួលស្គាល់កំហុស​នូវអ្វីដែល​លោក​បាននិយាយថា «គោលដៅ​ខ្ញុំ​គឺ​ទម្លាក់​លោក​ ហ៊ុន សែន ឱ្យ​បាន​»។ ក្នុងលិខិត​នោះ លោក ​ជា ប៉ូច​ ​បានពន្យល់​លោក​ ហ៊ុន​ សែន ​ថា​ ការថ្លែង​របស់​លោកកាល​ពី​អំឡុង​ខែ​មីនា​ ឆ្នាំ​ ២០២៣​ ក្នុង​កិច្ច​ប្រជុំ​ពង្រឹង​សកម្មជន​នៅ​ទី​ស្នាក់ការ​គណបក្ស​ភ្លើង​ទៀន​ រាជធានី​ភ្នំពេញ​នោះ​ គឺ​ខ្វះការ​ពិចារណា​ និង​និយាយ​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ​។ តែយ៉ាងណា ភ្លាម​ៗ​ក្រោយ​ពី​ទទួល​បាន​លិខិត​របស់​លោក​ ជា ប៉ូច នាអំឡុង​ពេល​​នោះ​ លោក​ ហ៊ុន សែន​ បាន​ច្រានចោល​​មិន​ទទួ​ល​ការ​សុំទោស​ពី​អ្នក​នយោបាយ​ជំទាស់រូប​នោះ​​ឡើយ​ ដោយ​​ផ្តល់​​ហេតុផលថា​ លោក​ ជា ប៉ូច ជា​មនុស្ស​មិន​សូវ​មានភាព​ស្មោះត្រង់ ហើយ​នៅ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​ជន​ក្បត់​ជាតិបីជំនាន់៕